រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរុស្ស៊ីនឹងរៀបចំពិធីមួយនៅថ្ងៃសុក្រស្អែកដើម្បីដាក់បញ្ចូលជាផ្លូវការនូវតំបន់ ៤ នៃប្រទេសអ៊ុយក្រែនជាផ្នែកមួយនៃប្រទេសរុស្ស៊ី ដែលនេះគឺជាដំណើរការមួយដែលប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តរបស់ខ្លួនបានច្រានចោលថាខុសច្បាប់។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកកាសែតនៅថ្ងៃព្រហស្បតិ៍នេះថា ពិធីនេះនឹងមានវត្តមានចូលរួមពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំដែលតែងតាំងដោយរុស្ស៊ី នៃតំបន់ទាំង ៤ នោះ។
តំបន់ទាំង ៤ នោះគឺតំបន់ Donetsk តំបន់ Kherson តំបន់ Luhansk និងតំបន់ Zaporizhzhia ដែលតំបន់ទាំង ៤ នេះមានទំហំស្មើនឹងប្រមាណ ១៥% នៃផ្ទៃដីសរុបរបស់ប្រទេសអ៊ុយក្រែន។
រដ្ឋាភិបាលរុស្ស៊ីបានត្រួសត្រាយឱ្យមានការធ្វើប្រជាមតិនៃតំបន់ទាំង ៤ នេះដើម្បីដាក់បញ្ចូលជាផ្នែកមួយនៃប្រទេសរុស្ស៊ី ដែលការធ្វើប្រជាមតិនេះបានបញ្ចប់ទៅកាលពីថ្ងៃអង្គារ ដោយក្នុងនោះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី គេឃើញថាសំឡេងភាគច្រើនបានគាំទ្រឱ្យមានការដាក់បញ្ចូលនេះ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានសរសេរនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍នេះថា លោកបានធានាចំពោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថា ប្រទេសអាល្លឺម៉ង់នឹងមិនទទួលស្គាល់ «លទ្ធផល [នៃការធ្វើប្រជាមតិ]» នេះទេ។
លោក Scholz បានបញ្ជាក់ដូច្នេះថា៖ «ការធ្វើប្រជាមតិក្លែងក្លាយដែលធ្វើឡើងដោយលោក Putin នៅក្នុងតំបន់ដែលត្រួតត្រាខុសច្បាប់ក្នុងប្រទេសអ៊ុយក្រែនទាំងនេះគឺគ្មានន័យអ្វីទាំងអស់»។
អ្នកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានប្រធានាធិបតីអាមេរិក បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិករំពឹងថារុស្ស៊ី «នឹងប្រើការធ្វើប្រជាមតិក្លែងក្លាយទាំងនេះជាលេសមិនត្រឹមត្រូវដើម្បីព្យាយាមភ្ជាប់យកដែនដីរបស់អ៊ុយក្រែនដោយរំលោភយ៉ាងជាក់ស្ដែងលើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
អ្នកស្រីបានបន្ថែមថា មិនថារុស្ស៊ីអះអាងយ៉ាងណានោះទេ តំបន់ទាំងនោះនៅតែជាដែនដីរបស់អ៊ុយក្រែនដដែល។
អ្នកស្រី Jean-Pierre បានបញ្ជាក់ដូច្នេះថា៖ «ដើម្បីជាការឆ្លើយតប យើងនឹងធ្វើការជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូរបស់យើងដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមលើប្រទេសរុស្ស៊ីនិងបុគ្គលនិងអង្គភាពទាំងនៅក្នុងនិងនៅក្រៅប្រទេសរុស្ស៊ីដែលផ្ដល់ការគាំទ្រដល់ទង្វើនេះ»។
ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងត្រៀមឆ្លើយតបដោយ «ដាក់ការហាមឃាត់ថ្មីទាំងស្រុងលើការនាំចូលផលិតផលពីប្រទេសរុស្ស៊ី» និងកំពុងត្រៀមពង្រីកការហាមឃាត់របស់ខ្លួនលើការនាំចេញ «ដើម្បីធ្វើឱ្យយោធារុស្ស៊ីខ្សោះអស់បច្ចេកវិទ្យាសំខាន់ៗ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។