ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អសប​អំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អេហ្ស៊ីប


លោក​ស្រី​ ​ណាវី ​ពីឡៃ ជា​អគ្គ​ស្នងការអង្គការសហប្រជាជាតិ​​ ​ទទួល​បន្ទុក​ខាង​កិច្ច​ការ​សិទ្ធិ​មនុស្ស​។
លោក​ស្រី​ ​ណាវី ​ពីឡៃ ជា​អគ្គ​ស្នងការអង្គការសហប្រជាជាតិ​​ ​ទទួល​បន្ទុក​ខាង​កិច្ច​ការ​សិទ្ធិ​មនុស្ស​។

ហ្សឺណែវ៖ ​អគ្គ​ស្នងការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ខាង​កិច្ច​ការ​សិទ្ធិ​មនុស្ស​ លោក​ស្រី​ ​ណាវី ​ពីឡៃ ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិ​បាល​ ​អេហ្ស៊ីប​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ដែលនាំឲ្យ​មាន​បទ​រំលោភមក​លើ​សិទ្ធិនុស្ស​ដ៏​រីក​រាល​ដាល។

លោក​ស្រី​មានប្រសាសន៍​ថា ​លោក​ស្រី​តក់​ស្លុត​ដោយឃើញ​ចំនួន​មនុស្ស​រង​គ្រោះកាន់​តែ​ច្រើន ហើយ​លោក​ស្រី ​អំពាវ​នាវ​ដល់​យោធា ​និង​ប៉ូលិស​ សុំ​បន្ធូរ​កម្លាំង​ នៅ​ក្នុង​បាតុកម្ម​ដើរ​តវ៉ា​កាល​ពី​ថ្ងៃ​អង្គារ។ លោក​ស្រី​ថ្លែង​ទៀត​ថា​ ការិយាល័យ​របស់​លោក​ស្រី​បាន​ទទួល​សេចក្ដីរាយកាណ៍​ក្រៅ​ផ្លូវ​ការ​ថា ​មនុស្ស​ប្រមាណ ​៣០០ ​នាក់​ បានស្លាប់​ដោយសារអំ​ពើ​ឃោរ​ឃៅ​ពាក់ព័ន្ធ​នឹង​បាតុកម្ម ​ហើយ​ជាង ​៣.០០០​នាក់​របួស​ និងច្រើន​រយ​នាក់​ទៀត​បាន​ត្រូវ​ចាប់​ឃុំ។

រូភើត​ ខូវិល (Rupert Colville)​ដែល​ជា ​អ្នក​នាំ​ពាក្យរបស់​លោក​ស្រី​អគ្គ​ស្នងការថ្លែង​ថា​ លោក​ស្រី​អគ្គស្នង​ការ​ថ្កោល​ទោស​ការ​ប្រើ​ប្រាស់​កម្លាំង​ហួស​ហេតុ ហើយ​លោក​ស្រី​អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មក​លើ​មុខ​នាទី​របស់​កង​កម្លាំង​សន្ដិសុខ​នៅ​ក្នុង​អំពើ​ឃោរ​ឃៅ​កើត​ឡើង​កាល​ពីបុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

លោក​ ខូវិល ថ្លែង​ថា ​ទុក្ខ​វេទ​នា​ដ៏​យូរ​អង្វែង​របស់​ពល​រដ្ឋ​អេហ្ស៊ីបជា​កត្ដា​ធំ​ នៅ​ក្នុង​ការ​តវ៉ា​បាតុកម្ម​នោះ។ លោក​បន្ត​ថា៖

«ប្រជាពល​រដ្ឋ​បាន​បដិសេធ​យ៉ាង​ច្បាស់​នូវ​ប្រព័ន្ធ​ដែល​ធ្វើ​ឲ្យ​គេ​គ្មាន​សិទ្ធិ​ជា​មូលដ្ឋាន​ ដែល​បាន​ប្រព្រឹត្ដ​បទ​រំលោភ​ដ៏​ធ្ងន់​ធ្ងរ​ជា​ច្រើន​ ដូច​ជា​ការ​ធ្វើ​ទារុណកម្ម​ជា​ដើម។ ​លោក​ស្រី​អគ្គ​ស្នង​ការ​មាន​ជំនឿ​ថា ​ដោយ​ទុក​ជា​ធរមាន​នូវ​ច្បាប់​ប្រទេស​មាន​គ្រា​អាសន្ន​ជាង​៣០ ​ឆ្នាំ ​ រដ្ឋាភិបាល​អេហ្ស៊ីប បាន​បង្ហាញ​ច្បាស់​ឲ្យ​ឃើញ​ថា សិទ្ធិ​មនុស្ស​ មិន​មែន​ជា​អាទិភាព​ចំបង ​របស់ខ្លួន​ទេ»។

ច្បាប់​ប្រទេស​មាន​គ្រាអាសន្ន​បាន​ត្រូវ​តាក់​តែង​ឡើង​នៅ​ឆ្នាំ​១៩៨១ ​ក្រោយ​ពី​មាន​ឃាតកម្ម​មក​លើ​ប្រធានា​ធិបតី​ អង់វ៉ា សាដាត។ ​ហើយ​ច្បាប់​នេះ​មិន​បាន​ត្រូវ​ដក​ចេញ​ទេ។ ​លោក ខូលវិល​ កត់​សម្គាល់ថា ច្បាប់​ប្រទេស​មាន​គ្រាអាសន្ន​បើក​ផ្លូវ​ឲ្យ​កង​កម្លាំង​ការ​ពារ​សន្ដិសុខ​ និង​ស្ថាប័ន​រដ្ឋ​ដទៃ​ ធ្វើ​ការ​រំលោភ​លើ​សិទ្ធិរបស់ប្រជា​ពល​រដ្ឋតាម​អំពើ​ចិត្ដ។

ប្រែ​សម្រួល​ដោយ ​អ៊ូ​ ​ធួក

XS
SM
MD
LG