ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​អាជ្ញាកណ្តាល​គាំទ្រ​ដោយ​​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តីសម្រេច​ប្រឆាំង​នឹង​ចិន


ជនជាតិ​រៀតណាម​នាំគ្នា​ស្រែក​ហ៊ោ​អបអនៅ​ពេល​ដែល​ពួកគេ​កាន់​ផ្លាក​បង្ហាញ​នៅ​ក្នុង​ការ​ជួប​ប្រមូលផ្តុំ​មួយ​នៅ​ឆ្នេរទីក្រុង​ម៉ានីល​មុន​តុលាការ​មជ្ឈត្តវិនិច្ឆ័យអន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេប្រកាស​ពី​សេចក្តី​សម្រេចរបស់​ខ្លួន​លើ​សមុទ្រ​ចិន​ខាង​ត្បូងកាលពី​ថ្ងៃទី ១២ កក្កដា ២០១៦ ប្រទេស​ហ្វីលីពីន។

នៅ​ក្នុង​សេចក្តីសម្រេច​លក្ខណៈ​ប្រវត្តិសាស្រ្ត​មួយ តុលាការ​អាជ្ញាកណ្តាលអន្តរជាតិគាំទ្រ​ដោយអង្គការ​សហប្រជាជាតិ​ច្រានចោល​ការទាមទារ​ដែន​ទឹក​របស់​ចិន​នៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង ដោយ​និយាយ​ថា ចិន​គ្មាន​ប្រវត្តិ​ជា​ម្ចាស់​គ្រប់គ្រង​ដែនសមុទ្រ​ដ៏​ធំធេង​នោះ​ឡើយ។

សេចក្តីសម្រេច​របស់ តុលាការ​អាជ្ញាកណ្តាលអន្តរជាតិ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង ឡាអេ នៅ​ថ្ងៃ​អង្គារ​នេះ គឺ​ឆ្លើយតប​ទៅ​នឹង​ពាក្យ​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​២០១៣ ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ថាបានបំពាន​លើមហាសន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ហៅ​កាត់​ថា (UNCLOS) តាម​រយៈ​សកម្មភាព​ដ៏​គឃ្លើន​របស់​ខ្លួន​ទៅ​លើ​តំបន់​ថ្ម​ប៉ប្រះទឹក Scarborough Shoal ដែល​មាន​ចម្ងាយ​ប្រមាណ​២២៥​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ហ្វីលីពីន។

តុលាការ​អាជ្ញាកណ្តាលអន្តរជាតិនេះ​ក៏​បាន​ឲ្យ​ដឹង​ថា ការទាមទារ​អធិបតេយ្យភាព​ជាក់ស្តែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​មូល ដោយ​យោង​តាម​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា «បន្ទាត់​ប៉ះ​ទង្គិច​ទាំង​ ​៩» ដែល​លាតសន្ធឹង​ពី​ឆ្នេរ​សមុទ្រ​ប៉ែក​ត្បូង​របស់​ចិន​មក គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់ UNCLOS ដែល​កំណត់​ព្រំដែន​ផ្លូវទឹក​របស់​ប្រទេស​មួយ​មាន​ចម្ងាយ​ប្រមាណ​២២​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​របស់​ខ្លួន និង​ត្រួតត្រា​លើ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ចម្ងាយ​រហូត​ដល់​ត្រឹម​ប្រមាណ​៣៧០​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​។ ​

ចិន​បាន​រាន​យក​ដែនទឹក​មួយ​ភាគធំ ​និង​បាន​សាងសង់​កោះ​សិប្បនិម្មិត​ជាច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​អាច​ទប់​ទល់​នឹង​ការពង្រាយ​យោធា​នៅ​ទីនោះ ដោយមិន​អើពើ​ទៅ​នឹង​ការទាមទារ​ជាន់គ្នា​លើ​តំបន់​នេះ​ពីប្រទេស​ព្រុយណេ ម៉ាលេស៊ី វៀតណាម តៃវ៉ាន់ ក៏​ដូចជា​ហ្វីលីពីន។
តុលាការ​ក្រុង​ឡាអេ ក៏​បាន​ចេញ​សេចក្តីសម្រេច​ថា មិន​មាន​កោះ​ណា​មួយ​នៅ​ក្នុង​ប្រជុំកោះ Spratly ត្រូវ​បាន​ផ្តល់​ដល់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​នោះ​ទេ ហើយ​សកម្មភាព​សាងសង់​នៅ​លើ​ថ្ម​ប៉ប្រះទឹក Mischief បាន​បណ្តាល​ឲ្យមាន​ផល​ប៉ះពាល់ដោយ​មិន​អាច​ស្រោចស្រង់​វិញ​បាន ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ថ្មប៉ប្រះ​ទឹក​នោះ។ ​

ចិន​បាន​ធ្វើ​ពហិការមិន​ទទួល​ស្គាល់​នីតិវិធី​របស់​តុលាការ​នេះ ដោយ​និយាយ​ថា តុលាការ​នេះ​គ្មាន​យុត្តាធិការ​ទៅ​លើ​ជម្លោះ​នេះ​នោះ​ទេ ហើយ​បាន​ទទូច​ថា ខ្លួន​នឹង​មិន​ទទួល​យក ទទួល​ស្គាល់ ឬ​អនុវត្ត​ទៅ​តាម​សេចក្តីសម្រេច​ណាមួយ​របស់​តុលាការ​នេះ​ទៅ​លើ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ទេ បើ​ទោះ​បី​ជា​ចិន​គឺ​ជា​ប្រទេស​ចុះ​ហត្ថលេខី​ទៅ​លើ​ច្បាប់​របស់ UNCLOS ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន​ក៏​ដោយ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​តុលាការ​ក្រុង​ឡាអេ​បាន​ប្រកាស​អំពី​សេចក្តីសម្រេច​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​របស់​រដ្ឋ​ក្នុង​ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​ថា សាលាក្តី​ដែល​បំពាន​ច្បាប់​បាន​ចេញ​សេចក្តីសម្រេច​មិន​ផ្អែក​លើ​ការពិត៕​

XS
SM
MD
LG