បញ្ហាជម្លោះនៃដែនសមុទ្រចិនខាងត្បូងបានឋិតនៅក្នុងរបៀបវារៈដ៏សំខាន់មួយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ដែលទើបនឹងបិទបញ្ចប់ក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ។
មេដឹកនាំបណ្តាប្រទេសសំខាន់ៗ ទាំង១០ មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានមកជួបប្រជុំគ្នារយៈពេលពីរថ្ងៃ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃអង្គារ រហូតមកដល់ថ្ងៃពុធ។
បញ្ហាសមុទ្រចិនខាងត្បូងមិនត្រូវបានលើកយកមកនៅក្នុងរបៀបវារៈកិច្ចប្រជុំកំពូលអាស៊ានដំបូងទេ។ ក៏ប៉ុន្តែដោយសារតែមានបណ្តាប្រទេសមួយចំនួន នៅក្នុងសមាគមអាស៊ាន គឺប្រទេសហ្វីលីពីន និងប្រទេសវៀតណាម បានលើកយកបញ្ហានេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន ទើបនៅនាទីចុងក្រោយកម្ពុជាបានសម្រេចដាក់របៀបវារៈចូលទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងប្រាប់នៅក្នុងអង្គសន្និសីទកាសែត ក្រោយពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃពុធនេះថា កម្ពុជាមិនបានទទួលឥទ្ធិពលពីប្រទេសចិន ក្នុងបញ្ហាជម្លោះនៃដែនសមុទ្រចិនខាងត្បូងទេ។ លោកបានមានប្រសាសន៍ថា បញ្ហាដែនសមុទ្រចិនខាងត្បូងគឺជាដំណើរការមួយ មិនមែននៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី ប្រ៊ុយនេ ហើយឥតមាននៅក្នុងប្រទេសកម្ពុជាទេ។ លោកបានមានប្រសាសន៍ថា របៀបវារៈនៃបញ្ហាសមុទ្រចិនខាងត្បូង ត្រូវមានជារៀងរហូត ដ៏រាបណា ដល់ដំណាក់កាលនៃការកំណត់ក្រមនីតិប្រតិបត្តិ ដែលហៅកាត់ថា COC។
«គ្មានការរារាំងណាមួយពីចិនអំពីការពិភាក្សាគ្នាលើបញ្ហានេះទេ។ អ្វីដែលជាក្របខណ្ឌនៃការពិភាក្សានោះឋិតនៅត្រង់កម្រិតប៉ុណ្ណេះ។ វេទិកាសមុទ្រចិនខាងត្បូងគឺជាវេទិការវាងអាស៊ាន និងចិន។ មិនមានវេទិកាណាមកជំនួសបានទេ»។
មុនពេលដែលកម្ពុជាបានបើកកិច្ចប្រជុំកំពូលអាស៊ាន លោកប្រធានាធិបតីចិន ហ៊្វូ ជីនតាវបានមកទសន្សកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលបួនថ្ងៃ ដោយបាននាំយកមកនូវជំនួយប្រមាណជិត៥០០លានយ៉ាន់ មកដល់ប្រទេសកម្ពុជា។ ប្រទេសចិន ក៏បានផ្តល់សម្ភារៈបច្ចេកទេសទំនើបៗដល់ប្រទេសកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានផងដែរ។
ការផ្តល់ថវិកា និងសម្ភារៈបច្ចេកទេសមកដល់ប្រទេសកម្ពុជាភ្លាមៗនេះ បានបង្កឲ្យមានការិះគន់ថា ទំនងជាសង្ស័យថា ការផ្តល់ជំនួយទាំងនេះ ជាថ្នូរមិនឲ្យកម្ពុជាដាក់របៀបវារៈ នៃជម្លោះដែនសមុទ្រចិនខាងត្បូង ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៍ទៀតថា អាស៊ានមិនទាន់ចុះសម្រុងគ្នាទៅលើបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយក៏មិនទាន់ដល់ចំណុចរួមនៃបញ្ហាដែលត្រូវជជែកគ្នាជាមួយចិនផងដែរ។
ប្រទេសចិនចង់ឲ្យដាក់បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងនៅក្នុងក្របខណ្ឌអាស៊ានចិនតែប៉ុណ្ណោះ ដោយមិនចង់ដោះស្រាយបញ្ហានេះនៅក្នុងក្របខណ្ឌអន្តរជាតិទេ។
លោក Surapomg Tonijakchaikul រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង គួរតែជជែកគ្នារវាងចិន និងបណ្តាប្រទេស ដែលមានតំបន់ត្រួតស៊ីគ្នា។ ដូច្នេះ គេគួរតែដោះស្រាយបញ្ហានេះក្រៅទ្វេភាគី។
លោក Albert Del Rosario រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនបានមានប្រសាសន៍ថា គោលដៅរបស់លោកចង់ឲ្យបញ្ចប់នូវសេចក្តីព្រាងនៃក្រមនីតិប្រតិបត្តិ COC ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជាលើកក្រោយ។
«ជាការណ៍ពិត គោលជំហររបស់យើង គឺចង់ឲ្យមានការដោះស្រាយដោយសន្តិភាព ក្នុងក្របខណ្ឌតុលាការ ក៏ដូចជាថ្នាក់តំបន់។ ហើយចំណុចសំខាន់ថ្មី ដែលយើងបានលើកយកមកបង្ហាញ គឺជាសេចក្តីព្រាងនៃCOC។ ហើយនេះក៏ជាការបញ្ចូលនូវចំណុចធំៗមួយចំនួនទៀត។ បញ្ហានេះ គេគួរត្រូវបានធ្វើឡើងដោយកិច្ចការផ្ទៃក្នុងអាស៊ានជាមុនសិនគឺនៅមុនការកោះអញ្ជើញភាគីចិនឲ្យចូលរួម»។
លោក ម៉ាទី ណាតេឡាហ្គាវ៉ា រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា ការជជែកគ្នាថ្ងៃនេះគឺឈានទៅដល់ចំណុចវិជ្ជមានមួយ ហើយនៅក្នុងការជជែកអំពីក្រមនីតិវិធីប្រតិបត្តិ COC។ ហើយលោកចង់ឲ្យមានការចូលរួមពីភាគីចិន។ លោកបានមានប្រសាសន៍ថា ការជជែកដំបូងគួរតែធ្វើឡើងក្នុងក្របខណ្ឌអាស៊ានជាមុនសិន រួចហើយទើបអញ្ជើញប្រទេសចិនមកចូលរួម៕