ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​នៅ​​​សមុទ្រ​ចិន​ខាង​ត្បូង​ត្រូវ​បានបន្ទោស​​មួយ​ផ្នែកចំពោះ​​ការ​ធ្លាក់​ចុះ​ធនធាន​ត្រី


ផែនទី​សមុទ្រ​ចិន​ខាងត្បូង
ផែនទី​សមុទ្រ​ចិន​ខាងត្បូង

ប្រទេស​ចិន​និង​ហ្វីលីពីន​បាន​ប្រកាសអំពីការ​ហាមឃាត់​ជា​បណ្តោះ​អាសន្ន​ចំពោះការ​នេសាទនៅក្នុង​តំបន់​សមុទ្រចិនខាងត្បូង(South China Sea) ​ដែលប្រទេស​ទាំង​ពីរ​កំពុង​ទាមទារ​ថា​ជា​ដែន​អធិបតេយ្យភាពរបស់​ខ្លួន។ ការ​ហាម​ឃាត់នេះ​អាច​ជួយ​បន្ធូរ​បន្ថយភាព​តានតឹង​ បន្ទាប់ពី​នាវា​របស់​ភាគី​ទាំងពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពីខែមេសា។ ប៉ុន្តែ ក្រុមអ្នកវិភាគនយោបាយនិយាយថា ដំណោះស្រាយ​អចិន្ត្រៃយ៍​ច្រើន​ថែមទៀត​ ត្រូវ​ការចាំ​បាច់​ដើម្បី​ដោះស្រាយ​ជម្លោះ​នេះ ដែល​មួយ​ផ្នែក​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​ធនធានត្រី។

ជារៀងរាល់ឆ្នាំ ប្រទេស​ចិនដាក់​បម្រាមដល់ការ​នេសាទអស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​ នៅភាគខាងជើង​នៃ​សមុទ្រ​ចិន​ខាងត្បូង។

រដ្ឋាភិបាលទីក្រុងប៉េកាំង​ ថ្លែងថា ​ការ​រឹត​បន្តឹង​នេះ ដែល​ត្រូវ​បាន​អនុវត្ត​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ អនុញ្ញាត​ឲ្យ​ធនធាន​ត្រីកកើត​ឡើង​វិញ​ហើយ។

ខណៈដែល​ហ្វីលីពីន​និង​វៀតណាម​ត្អូញត្អែរថា វា​គ្រាន់តែជា​មធ្យោបាយ​មួយ​ទៀត​របស់ចិនដើម្បី​អះអាង​អំពី​ការ​ទាមទារ​របស់​ខ្លួន​លើ​ដែនសមុទ្រ​ដែលប្រទេស​ទាំងពីរក៏​កំពុង​មាន​ជម្លោះ​តែប៉ុណ្ណោះ​។

លោក អៀន ស្តូរី (Ian Storey) ធ្វើការ​នៅ​ឯ​វិទ្យាស្ថានសម្រាប់ការ​សិក្សាអំពី​តំបន់​អាស៊ី​អាគ្នេយ៍ (Institute of Southeast Asian Studies) នៅប្រទេស​សឹង្ហបូរី(Singapore)។ លោកថ្លែងថា ​ខណៈដែល​ការ​ហាមឃាត់​ប្រចាំឆ្នាំរបស់​រដ្ឋាភិបាលទីក្រុង​ប៉េកាំងទៅ​លើ​ការ​នេសាទ​ ហាក់​ដូច​ជា​គំនិត​ដ៏ល្អ​មួយសម្រាប់ធនធានត្រី ដែល​លោកយល់ស្រប​ថា​ ការ​ហាម​ឃាត់​បែបនេះ អាចមាន​បុព្វហេតុ​អាថ៌​កំបាំង។

«ខ្ញុំ​គិត​ថា​ មូលហេតុ​ចម្បង​ដើម្បី​ហាម​ឃាត់​ការនេសាទ​នេះ គឺ​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រទេស​ចិនមាន​លទ្ធភាព​បង្ហាញថា​ខ្លួន​មានសិទ្ធិ​លើអធិបតេយ្យភាព​ដែលកំពុងទាមទារនេះ​នៅក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង។»

លោក ស្តូរី និយាយ​ថា ​ប្រសិនបើ​ជម្លោះនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ រដ្ឋាភិបាលទីក្រុងប៉េកាំង​អាច​លើកឡើង​ពីការ​ដាក់បម្រាមនេះថាជា​ឧទាហរណ៍មួយសម្រាប់​ការ​អនុវត្តយុត្តាធិការជា​បន្ត​បន្ទាប់និងប្រកប​ដោយប្រសិទ្ធភាព​ ដើម្បី​គាំទ្រ​ដល់​ការ​ទាមទារយកដែនសមុទ្រ​របស់​ខ្លួន។

លោក គីម បឺគម៉ាន់ (Kim Bergmann) ជា​អ្នកកែសម្រួល​អត្ថបទរបស់​សារព័ត៌មាន​ឈ្មោះ​«​អ្នក​រាយការណ៍​ស្តីពី​ការ​ការពារជាតិ​អាស៊ីប៉ាស៊ីហ្វិក» (Asia-Pacific Defense Reporter) និង«​ការ​ពិនិត្យមើល​លើវិស័យ​ការពារជាតិ​អាស៊ី» (Defense Review Asia)។ លោកប្រាប់​ VOA ថាការ​ហាមឃាត់​ជាឯកតោភាគី​នេះ បាន​ធ្វើ​ឲ្យចិន​និង​ហ្វីលីពីន ​ប្រឈមមុខដាក់គ្នា​។

«ប៉ុន្តែ ដោយ​ហេតុ​ថារដ្ឋាភិបាល​ក្រុង​ម៉ានីល (Manila) ក៏​បានលើកឡើង​អំពីការ​ហាមឃាត់របស់ខ្លួន​ផង​ដែរ ខ្ញុំគិតថា នេះ​ជា​មធ្យោបាយធ្វើ​ឱ្យ​ប្រាកដ ឫយ៉ាង​ហោចណាស់​ អាច​ជួយគាំទ្រដល់​ដំណើរការ​ចរចា។ ហើយ​បើ​តាម​យោបល់​ខ្ញុំ យ៉ាងហោច​ណាស់​ វា​ទំនង​ជា​ជួយ​បន្ធូរ​បន្ថយភាពតានតឹងក្នុង​រយៈពេល​ខ្លី​ដែរ ជា​ជាង​ធ្វើ​ឱ្យ​ស្ថានការណ៍កាន់តែធ្ងន់ធ្ងន់​ឡើង។»

នាវា​ហ្វីលីពីន​និង​ចិន​បាន​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ខែ​មុន ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ត្រីរបស់​ចិន នៅ​ប្រជុំកោះស្ការបូរ៉ាហ្វ (Scarborough Shoal) ដែល​ត្រូវ​បាន​ស្គាល់​ជាភាសា​ចិន​ថា កោះ ហ្វាងយ៉ាន (Huangyan Island)។

ភាព​តានតឹង​បាន​បណ្តាលឱ្យ​មាន​ការតវ៉ា​ពី​សំណាក់​ភាគី​ទាំង​សង​ខាង ដើម្បី​ឱ្យ​មាន​ការ​គោរព​ដែន​អធិបតេយ្យភាពរបស់​ពួកគេ។

ចិន​ទាមទារយកតំបន់​ភាគច្រើន​បំផុតនៅ​ក្នុងសមុទ្រ​ចិនខាងត្បូង​ ដោយបណ្តាល​ឲ្យ​ប្រទេស​នេះ​មានជម្លោះ​ជាមួយ​ការ​ទាមទារដែល​ប្រជែង​គ្នាដែរ ពី​សំណាក់​ប្រទេស​ព្រុយណេ(Brunei) ហ្វីលីពីន(Philippines) ម៉ាឡេស៊ី(Malaysia) តៃវ៉ាន់(Taiwan) និង​វៀតណាម(Vietnam)។

មូលហេតុ​ចំបងមួយ​សម្រាប់​ជម្លោះ​ក្នុង​សមុទ្រចិនខាងត្បូង​គឺ​ការប្រជែងគ្នា​ដើម្បីកាន់កាប់​តំបន់​ដែល​សម្បូរ​ធនធានរ៉ែ​និង​ត្រី។

លោក បឺគម៉ាន់ និយាយ​ថា ក្រុមអ្នក​ភូគព្ភ​សាស្ត្រ​ជឿជាក់​ថា សមុទ្រចិនខាងត្បូង​មានធនធាន​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​បម្រុង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ដែល​ធនធានភាគច្រើនស្ថិតក្នុង​តំបន់មានជម្លោះតែ​ម្តង។

«បន្ថែមពីនេះទៀត សមុទ្រចិនខាងត្បូង​ទំនងជា​មានប្រេងបម្រុងប្រហែល​៨០​ភាគរយ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត (Saudi Arabia)ទៀត​ផង។ ដូច្នេះ យើងកំពុងតែនិយាយ​អំពី​ប្រេង​ចំនួន​រាប់​ពាន់​លាន​ធុង និង​ឧស្ម័ន​ធម្មជាតិ​រាប់​លានលាន​គូប។»

ភាព​តានតឹង​ដែល​កំពុង​បន្ត​នេះ បាន​រារាំង​ដល់ការ​សិក្សាស្រាវជ្រាវដ៏គ្រប់​ជ្រុងជ្រោយ​ទៅលើស្រទាប់​ប្រេងនិង​ឧស្ម័ន​។

ប៉ុន្តែ​នៅ​ពេល​និយាយអំពីការ​នេសាទ​វិញ សមុទ្រចិនខាងត្បូង​ត្រូវ​បាន​ដឹង​ថាសម្បូរខ្លាំង​ណាស់។

តំបន់​នេះ​ផ្តល់​ចំនួន​ប្រហែល​១០​ភាគរយ​នៃ​ត្រី​ដែលត្រូវ​បាន​នេសាទរបស់ពិភពលោក ប៉ុន្តែតម្រូវដែល​ចេះ​តែកើន​ឡើង​មាន​ន័យ​ថា ធនធាន​ត្រី​ ត្រូវថយ​ចុះ​យ៉ាង​ឆាប់​រហ័ស។

លោក ស្តូរី​ និយាយថា ​ការ​ប្រជែងគ្នា​ដើម្បីនេសាទ​ត្រី ក៏បាន​នាំ​ឱ្យ​មានជម្លោះ​នៅ ​សមុទ្រនេះដែរ។

«វា​ជាច្បាស់​ណាស់​ថា កប៉ាល់​នេសាទ​កំពុងតែ​ធ្វើ​ប្រតិបត្តិការ​កាន់តែ​ឆ្ងាយទៅៗ និង​កាន់តែ​មាន​រយៈ​ពេល​យូរជាង​មុន ដោយសារ​តែ​ធនធាន​ត្រី​កំពុង​តែ​ធ្លាក់ចុះ។ អ្វី​ដែល​ ​ត្រូវ​កើតឡើង​នោះគឺថា វាជា​ការ​ចាំបាច់​ដែល​ត្រូវ​មានកិច្ច​ព្រមព្រៀងមួយ​ក្នុង​ចំណោម​បណ្តា​ប្រទេសផ្សេង​ៗនៅតំបន់អាស៊ី​អាគ្នេយ៍​ ជាមួយ​ប្រទេសចិន​ដើម្បីព្យាយាម​ថែ​រក្សា​ធនធាន​ត្រី​ទាំងនោះ។ ប៉ុន្តែ ដោយសារតែ​ជម្លោះ​ដែនសមុទ្រ កិច្ច​ព្រមព្រៀង​នោះ​ពុំ​បាន​លេចចេញ​ជា​រូបរាងទេ។»

ការ​បញ្ឈប់​ការនេសាទ​របស់​ចិន​នឹង​បន្ត​រហូត​ដល់ថ្ងៃទី១ ខែសីហា ខណៈ​ពេល​ដែល​ហ្វីលីពីន​មិន​បាន​កំណត់​រយៈពេលសម្រាប់​ការ​ហាម​ឃាត់របស់​ខ្លួន​ទេ៕

ប្រែ​សម្រួល​ដោយ ឃួន ធារ៉ា

XS
SM
MD
LG