ខណៈដែលលោក កឹម សុខា ប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ កំពុងត្រូវបានបន្តឃុំខ្លួនអស់រយៈពេលជាង៨ខែ មកហើយនោះ នៅថ្ងៃពុធនេះ អង្គការអន្តរជាតិធំមួយ បានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងរូបលោកជាបន្ទាន់ ដោយថា ការឃុំខ្លួននេះ ជាការបំពានលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងអន្តរជាតិ។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាចយល់ថា ការលើកឡើងរបស់អង្គការអន្តរជាតិទាំងនេះ ធ្វើឡើងដោយមានភាពលម្អៀង និងផ្ទុយពីការពិត។
ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន និងអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បានហៅការចាប់ឃុំខ្លួនលោក កឹម សុខា ថាជាទង្វើដែលគួរឲ្យអាម៉ាស់ និងអមនុស្សធម៌ ព្រមទាំងបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកជាបន្ទាន់។ ពួកគេថា ការឃុំខ្លួននេះ ជាការបំពានលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនិងកិច្ចព្រមព្រៀងអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) ដែលចេញនៅថ្ងៃពុធនេះ បញ្ជាក់ថា ក្រុមការងារនៃអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន (The UN Working Group on Arbitrary Detention) បានបើកសវនាការកាលពីចុងខែមេសា ឆ្នាំ២០១៨ ដោយបានសន្មតថា ការចាប់ខ្លួនលោក កឹម សុខា គឺជាការបំពានលើសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងអន្តរជាតិ។
ស្ថាប័នអង្គការសហប្រជាជាតិមួយនេះ ក៏បានទាមទារឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងស្នើឲ្យអាជ្ញាធរកម្ពុជាសងជំងឺចិត្ត និងការប៉ះប៉ូវផ្សេងៗទៀតដល់រូបលោក។
សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន ក៏បានរកឃើញថា បទដ្ឋានអន្តរជាតិទាក់ទងនឹងសិទ្ធិរបស់លោក កឹម សុខា ក្នុងការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ មិនត្រូវបានគេគោរព។ ខណៈដែលក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន បានសង្កត់ធ្ងន់លើការពិតដែលថា លោក កឹម សុខា មិនគួរត្រូវបានជំនុំជម្រះដោយសារតែការឃុំឃាំងរបស់គាត់គឺខុសច្បាប់ តែផ្ទុយទៅវិញមាត្រា៩ចំណុច៣ និងមាត្រា១៤ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) របស់គាត់ ត្រូវបានរំលោភបំពាន»។
សេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សដដែល បានបន្ថែមថា អង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់លោក កឹម សុខា ដែលទទួលរងការឈឺចាប់ជាទម្ងន់ពីឆ្អឹងគាបសរសៃលើស្មា ក៏ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ អង្គការនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធានាឲ្យលោក កឹម សុខា ទទួលបានការព្យាបាលត្រឹមត្រូវ ឲ្យបានឆាប់រហ័ស តាមស្តង់ដារអន្តរជាតិ។
អ្នកស្រី ដេប៊ី ស្តថាដ Debbie Stothard អគ្គលេខាធិការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មាននោះក្នុងសម្រង់ន័យដើមថា៖
«ការឃុំខ្លួនលោក កឹម សុខា ជាបណ្ដោះអាសន្នអស់រយៈពេល៨ខែ មិនមែនត្រឹមតែជាគំនិតផ្ដេសផ្ដាសនោះទេ ប៉ុន្តែវាគួរឲ្យអាម៉ាស់ និងអមនុស្សធម៌។ លោក កឹម សុខា មិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយទេហើយត្រូវបានផ្ដន្ទាទោសដាច់ខាតចំពោះការប្រយុទ្ធប្រឆាំងឥតឈប់ឈររបស់លោកដើម្បីប្រជាធិបតេយ្យ។ គាត់ត្រូវតែត្រូវបានដោះលែងភ្លាមៗរួមជាមួយសមាជិកនិងអ្នកគាំទ្រគណបក្សប្រឆាំងដទៃទៀតទាំងអស់»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានទេ រហូតដល់ល្ងាចថ្ងៃពុធនេះ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ការលើកឡើងរបស់អង្គការ និងស្ថាប័នអន្តរជាតិទាំងនោះ ធ្វើឡើងដោយមានភាពលម្អៀង និងផ្ទុយពីការពិត។
លោកបន្ថែមថា ការចាប់ខ្លួនលោក កឹម សុខា ទាំងយប់យកទៅដាក់ឃុំក្នុងពន្ធនាគារ ធ្វើឡើងទៅតាមច្បាប់ដែលមានចែងប៉ុណ្ណោះ ហើយលោកថា ស្ថាប័នអន្តរជាតិទាំងនោះ ក៏មិនមានឥទ្ធិពលណាមួយអាចធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាបានដែរ។
លោក សុខ ឥសាន មានប្រសាសន៍ថា៖
«ខ្ញុំយល់ថានេះវាជាលម្អៀងខាងមនោគមវិជ្ជានិន្នាការនយោបាយហើយ។ យើងដឹងហើយថាតើ កឹម សុខា គាត់យកផែនការរបស់រដ្ឋាភិបាលអាមេរិក យកមកអនុវត្តនៅកម្ពុជានោះ តើមានច្បាប់ឯណាដែលថាយកផែនការមកអនុវត្ត ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសមួយដែលឯករាជ្យ និងអធិបតេយ្យនោះ?»។
ក្រៅតែពីក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន និងសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស កន្លងមកក៏មានស្ថាប័ន និងអង្គការអន្តរជាតិធំៗជាច្រើនទៀត រួមមាន សហគមន៍អឺរ៉ុប អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ព្រមទាំងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនទៀត ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ ដើម្បីធានាពីការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ ប្រកបដោយភាពសេរី និងយុត្តិធម៌ពិតប្រាកដ។
ថ្លែងក្នុងជំនួបជាមួយកម្មករ-កម្មការិនីរោងចក្រនៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ជាថ្មីម្ដងទៀតថា លោកនឹងមិនលើកលែងទោសឲ្យមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនោះទេ ដោយលោកលើកមិនចំឈ្មោះថាមេបក្សរូបនោះធ្លាប់បានដឹកនាំបាតុកម្មផ្ដួលរំលំរបបដឹកនាំស្របច្បាប់របស់លោក។
កម្ពុជាកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ និងជ្រើសរើសមេដឹកនាំប្រទេសសម្រាប់អាណត្តិថ្មី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ខណៈគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំកន្លងទៅ មិនទាន់អាចរកច្រករស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតបាននៅឡើយ។ ការណ៍នេះធ្វើឲ្យសហគមន៍អន្តរជាតិមួយចំនួន រិះគន់រដ្ឋាភិបាលកម្ពុជា និងបានបង្ហាញការបារម្ភថា ដំណើរការបោះឆ្នោតដោយគ្មានការចូលរួមពីគណបក្សប្រឆាំង នឹងក្លាយជាដំណើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយលើកឡើងថា ការប្រតិកម្មជារឿយៗ និងបន្តបន្ទាប់របស់ស្ថាប័នអន្តរជាតិធំៗលើការចាប់ឃុំខ្លួនលោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំ កំពុងធ្វើឲ្យកម្ពុជាប្រឈមនឹងការប៉ះពាល់មុខមាត់លើឆាកអន្តរជាតិ និងអាចប្រឈមនឹងការដាក់ទណ្ឌកម្មផ្សេងៗ។
លោកមានប្រសាសន៍ថា៖
«កាលណាលើកឡើងកាន់តែច្រើន ធ្វើឲ្យកិត្តិយសប្រទេសយើងលើឆាកអន្តរជាតិហ្នឹងក៏កាន់តែពិបាកមើលដែរ។ អញ្ចឹងទាំងអស់ហ្នឹងខ្ញុំសង្ឃឹមថានឹងផ្ដល់មេរៀនបន្ថែមផ្ទួនៗទៀតដើម្បីឲ្យអ្នកដឹកនាំនយោបាយខ្មែរយើងហ្នឹងចាប់ផ្ដើមមើលឡើងវិញ អំពីការយកមកវិញនូវឯកភាពជាតិ ហើយខ្ញុំចង់ឃើញនយោបាយឈ្នះៗដែលរដ្ឋាភិបាលតែងតែអះអាង មានមោទនភាពហ្នឹង ចង់ឲ្យយកនយោបាយឈ្នះមកប្រើវិញទៅកុំឲ្យប្រើនយោបាយមានចាញ់មានឈ្នះ មានអ្នកទឹកភ្នែក មានអ្នកសប្បាយ ហើយស្គាល់តែពីការជេរប្រទេចគ្នារាល់ថ្ងៃរវាងអ្នកនយោបាយហ្នឹង»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកពីបទ «ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដែលជាខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។
រហូតមកដល់ពេលនេះ លោកត្រូវបានឃុំខ្លួនអស់រយៈពេលជាង៨ខែ ដោយមិនត្រូវបានអនុញ្ញាតឲ្យមានការចូលសួរសុខទុក្ខ ក្រៅតែពីមេធាវី និងក្រុមគ្រួសាររបស់លោកនោះទេ។
ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានដាក់បណ្ដឹងតាមការស្នើរបស់លោក កឹម សុខា ទៅតុលាការគ្រប់ជាន់ថ្នាក់ជាបន្តបន្ទាប់ ដើម្បីសុំឲ្យលោកបាននៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីព្យាបាលជំងឺ ដោយមានភ្ជាប់ជាមួយវេជ្ជបញ្ជារបស់គ្រូពេទ្យពីប្រទេសសិង្ហបុរី ឲ្យលោក កឹម សុខា ទៅវះកាត់ និងព្យាបាលជំងឺផង។
ប៉ុន្តែតុលាការទាំងនោះ បានច្រានចោលសំណើរបស់ក្រុមមេធាវី ដោយលើកមូលហេតុផលថា ការបន្តឃុំខ្លួនលោក កឹម សុខា គឺដើម្បីបង្ការកុំឲ្យកើតមានបទល្មើសថ្មី និងរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។ ចំណែកការព្យាបាល តុលាការអះអាងថា ពន្ធនាគារធ្វើតាមលទ្ធភាពដែលមាន និងមិនអាចអនុញ្ញាតឲ្យលោក កឹម សុខា ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសបាននោះទេ៕