ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​ក្ដី​របស់​លោក​ ​កឹម សុខា​ ​៤រូប​ក្នុង​ចំណោម៨​រូប​លាលែង​ចេញ​ពី​ក្រុម


រូបឯកសារ៖ លោក​ ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/ VOA)
រូបឯកសារ៖ លោក​ ជូង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទី១៨ ខែកក្កដា ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/ VOA)

មេធាវី​៤រូប​ ​ក្នុង​ចំណោម​៨​រូប​ ​ដែល​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ដាក់​ពាក្យ​​លាលែង​​ ធ្វើ​ជា​មេធាវី​របស់​លោក​ ​កឹម សុខា​ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​បញ្ជាក់​ថា​ ​ពួកគេ​ធ្វើ​ដូច្នេះ​ទៅ​តាម​ការ​ចង់​បាន​របស់​កូន​ក្ដី។​

មេធាវី៤​រូប​ក្នុង​ចំណោម​៨​រូបដែល​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​សំណុំ​រឿង​ក្ដី​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​ ​បាន​ដាក់​លិខិត​ទៅ​តុលាការ​ ​ស្នើ​សុំ​ឈប់​ធ្វើជា​មេធាវី​ តំណាង​ឱ្យអតីត​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​ពួកគេ​ធ្វើ​ដូច្នេះ ​ទៅ​តាម​ការ​ចង់​បាន​របស់​កូន​ក្តី។

មេធាវី​ទាំង៤​រូបដែលឈប់​ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​រួម​មាន​ ​លោក​ ​សំ សុគង់​ ​លោក កែត ឃី​ ​និង​លោក​ ហែម សុជាតិ​ ​និង​លោក​ ​ជូង ជូងី។

រូបឯកសារ៖ លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ចេញពី​ស្តាប់​ការប្រកាស​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ចេញពី​ស្តាប់​ការប្រកាស​សវនាការ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

ក្នុង​លិខិត​របស់​មេធាវី​ទាំង​៤រូប​ ​ដែល​បាន​ដាក់​ទៅប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ថ្ងៃអង្គារ​ ​បញ្ជាក់​ថា​ ​មូលហេតុ​នៃ​ការ​ស្នើ​សុំ​ឈប់​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​គឺ​ដោយសារលោក កឹម សុខា​ ​បាន​បញ្ឈប់មេធាវី​ទាំង​៤ ​ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ។

លិខិត​នោះ​ ត្រូវ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ត្រង់​ចំណុច​កម្មវត្ថុ​ថា៖​

«តាម​ការ​ប្រាប់​របស់​លោក​មេធាវី​ ​ចាន់ ចេន​ ​និង​លោក​មេធាវី​ ​ផាន់ ច័ន្ទសាក់​ ​ថា​ ​ឯកឧត្ដម​ ​កឹម សុខា​ បាន​បញ្ឈប់​យើង​ខ្ញុំ​ធ្វើ​ជា​មេធាវីការពារ​ក្ដី​ជូន​ឯកឧត្ដម​ទៀត​ហើយ»។

លោក​ ​ហែម សុជាតិ​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៤​រូប​ដែល​សុំ​ឈប់​ការពារ​ក្តី​ឲ្យ​លោក​ ​កឹម សុខា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ ​មេធាវី​ផ្សេង​ទៀត​បាន​ប្រាប់​លោក​ថា ​លោក​ ​កឹម សុខា​ ​ បាន​ផ្អាក​ពឹង​ពាក់​មេធាវី​ទាំង​៤​រូប​ឲ្យ​ការពារ​ក្ដីតទៅ​ទៀត​ ​តែ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ។

លោក​បន្ថែម​ថា​ ​នីតិវិធី​ក្នុង​សំណុំរឿង​របស់​លោក​ ​កឹម សុខា​ ​នៅ​ពេល​នេះ គឺ​ស្ថិត​ក្នុង​ពេល​វេលា​ដែល​ត្រូវ​ការ​មេធាវី​ ​ប៉ុន្តែលោក​ថា​ ​នេះ​ជា​សិទ្ធិ​សម្រេច​របស់​លោក​ ​កឹម សុខា​ ​ដែល​លោកមិន​មាន​យោបល់​ណាមួយ​លើ​ការ​ស្នើ​សុំ​បញ្ឈប់​ការពឹង​ពាក់​មេធាវី​នោះ​ទេ។

រូបឯកសារ៖ លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ការប្រកាសសាលដីកា​នៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​ឲ្យ​លោក អ៊ុំ សំអាន និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្រោយពី​ការប្រកាសសាលដីកា​នៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ហែម សុជាតិ អះអាង​ថា អំឡុង​ពេល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ឬ​គណបក្ស​ប្រឆាំង​កន្លង​មក លោក​តែង​ទទួល​បាន​ព័ត៌មាន​ក្រៅ​ផ្លូវការ​ពី​ការព្រមាន​ប្ដឹង​ផ្ដល់​ផ្សេងៗ ដែល​លោក​ថា​ ​នោះ​គឺ​ជា​សម្ពាធ​ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​ពិបាក​ក្នុង​ការ​បំពេញ​ភារកិច្ច។​ ​

ទោះយ៉ាង​ណា​លោក​ថា សម្ពាធ​នោះមិន​មាន​ពាក់ព័ន្ធ​ការ​លាឈប់​របស់​មេធាវី​ទាំង​៤រូប​នេះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«ចំពោះ​យើង​ជា​មេធាវី​ ​គឺ​យើង​គោរព​ទៅ​តាម​អ្វី​ដែល​កូន​ក្តី​ចង់​បាន។ ហើយ​កន្លង​មក​គឺ​មេធា​វី​តែងតែ​ទទួល​បាន​នូវ​ការ​ប្រាប់​ពី​ប្រភព​មិន​ផ្លូវការ​ខ្លះ​មួយ​ចំនួន​អំពី ដូច​ថា​ជា​សម្ពាធ​មួយ​ដែរមក​លើ​មេធាវី»។​

លោក​ ​កឹម សុខា​ ​មាន​មេធាវី​ការពារ​ក្ដី​ចំនួន​៨​រូប រួមមាន​ ​លោក​ ​ចាន់ ចេន​ លោក​ ​ផាន់ ច័ន្ទសាក់​ ​លោក​ ​ផែង ហេង ​អ្នកស្រី ម៉េង សុភារី លោក​ ​សំ សុគង់​ ​លោក​ ​ជូង ជូងី​ ​លោក​ ​ហែម សុជាតិ​ ​និង​លោក​ ​កែត ឃី។​

ក្រោយ​ការ​ស្នើ​បញ្ឈប់​មេធាវី​ចំនួន​៤រូប​ ​លោក​ ​កឹម សុខា​ ​នៅ​មានមេធាវី​៤​រូប​ទៀត សម្រាប់​ការពារ​ក្តី​សំណុំ​រឿង​ក្បត់ជាតិ ក្នុង​នីតិវិធី​បន្ត។​

លោក ផាន់ ច័ន្ទសាក់ មេធាវី​មួយ​រូប​ក្នុង​ចំនួន​៤​រូប​ទៀត​ដែល​នៅ​បន្ត​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ​ប្រាប់ VOA ថា លោក​ និង​លោក ចាន់ ចេន បាន​ចូល​ទៅ​ពន្ធនាគារ​ជួប លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ដោយ​លោក កឹម សុខា បាន​ផ្តាំ​ពី​ការ​ស្នើសុំ​ឈប់ឲ្យ​មេធាវី​ទាំង​៤រូបការពារ​ក្តី​លោក​បន្ត​ទៅ​ទៀត។

ទោះ​យ៉ាង​ណា​លោក ផាន់ ច័ន្ទសាក់ ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​មូល​ហេតុ​នៃ​ការ​សម្រេច​ចិត្ត​របស់​លោក កឹម សុខា ដោយ​ថា នេះ​ជា​វិជ្ជាជីវៈ​របស់​មេធាវី។​

លោក​បញ្ជាក់​ថា៖​

«នេះ​ជា​ប្រសាសន៍​ដែល​គាត់​គ្រាន់តែ​ផ្ដាំ​ផ្ញើ​ប៉ុណ្ណឹង​ ​ហើយ​សម្រាប់​ការ​អត្ថាធិប្បាយ​ផ្សេង​ ​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ ​ព្រោះ​យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លើ​ឆន្ទៈ​របស់​កូន​ក្តី​កើត។ ណា​មួយ​ទៀត​យើង​មាន​វិជ្ជាជីវៈ​ដូចគ្នា»។​

មេធាវី​ទាំង​៤រូប​ដែល​សុំ​ឈប់​ការពារ​ក្ដី​ឲ្យ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​គេ​ដឹង​ថា ជា​មេធាវី​ដែល​តែង​ការពារ​ក្ដីឲ្យមន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ ​និង​សកម្មជន​សិទ្ធិមនុស្ស​ផ្សេងៗ​។​

លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ​ ​កាលពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ​ដោយ​តុលាការ​ចោទ​លោក​ពី​បទ​ក្បត់ជាតិ។​ ​

លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុងក្នុង​ខេត្តត្បូង​ឃ្មុំ​ ​ជា​ខេត្ត​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​ ​នៅ​មុន​បន្តិច​នៃ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ​ថា ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​ការ​រៀប​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។

រហូត​មក​ដល់​ពេល​នេះ​ ​លោក កឹម សុខា ​ត្រូវ​បាន​ឃុំ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​៨​ខែ​មក​ហើយ។​ ​ក្នុង​រយៈពេល​នៃ​ការ​ឃុំ​ខ្លួន​នេះ​ ​ចៅក្រម​បាន​សាកសួរ​ ​និង​ជំនុំ​ជម្រះ​លោក​ទាំង​នៅ​ក្នុង​ពន្ធនាគារ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​កា​រ​សួរ​សុខទុក្ខ​ ​ក្រៅ​តែ​ពី​មេធាវី​ ​និង​គ្រួសារ​របស់​លោក​នោះ​ទេ។​

ក្រុម​មេធាវី​របស់​លោក​ ​កឹម សុខា​ ​បាន​ប្ដឹង​ទៅ​តុលាការ​គ្រប់​ជាន់​ថ្នាក់​សុំ​ឲ្យ​លោក​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ​កៀប​សរសៃ​ ​លើស​ឈាម​ ​និង​ទឹកនោម​ផ្អែម​ ​ប៉ុន្តែ​តុលា​ការ​ទាំងអស់​បាន​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ៕

XS
SM
MD
LG