តុលាការកំពូលនៅព្រឹកថ្ងៃចន្ទនេះ បានសម្រេចច្រានចោលបណ្ដឹងមិនសុខចិត្តទៅនឹងការពន្យារពេលឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា សំណុំរឿងរបស់លោក កឹម សុខា គឺជាបទល្មើសឧក្រិដ្ឋ ដែលចាំបាច់ត្រូវឃុំខ្លួនដើម្បីស៊ើបសួរឲ្យបានហ្មត់ចត់។
ក្នុងសវនាការនោះ ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានស្នើឲ្យតុលាការលុបចោលការបន្តឃុំខ្លួន និងអនុញ្ញាតឲ្យកូនក្ដីរបស់ពួកគេ បាននៅក្រៅឃុំដើម្បីព្យាបាលជំងឺ ដោយបានលើកឡើងពីការធានាអះអាងថាលោក កឹម សុខា នឹងចូលរួមគ្រប់នីតិវិធីរបស់តុលាការ តម្កល់លិខិតឆ្លងដែន និងស្នើឲ្យមានការដាក់សមត្ថកិច្ចយាមកាមដើម្បីធានាថាលោក កឹម សុខា មិនអាចរត់គេចទៅណាជាដើម។
ទោះយ៉ាងណា ក្រោយសវនាការដែលមានការតស៊ូមតិរបស់មេធាវីរបស់លោក កឹម សុខា ចំនួន៣រូប ដោយគ្មានវត្តមានលោក កឹម សុខា អស់រយៈពេលជិតមួយម៉ោង លោក ឃឹម ប៉ុណ្ណ បានប្រកាសសាលដីកាដោយសម្រេចច្រានចោលបណ្ដឹងរបស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា និងសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយលើកឡើងថា ការបន្តឃុំខ្លួនលោក កឹម សុខា ធ្វើឡើងត្រឹមត្រូវតាមនីតិវិធីច្បាប់។
លោក ឃឹម ប៉ុណ្ណ បានប្រកាសក្នុងសម្រង់ន័យដើមដោយយោងលើមូលហេតុថា៖
«លោក កឹម សុខា បានប្រព្រឹត្តបទល្មើស សន្ទិដ្ឋភាពជាមួយបរទេស ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៧ […] ។ បទល្មើសនេះជាបទឧក្រិដ្ឋ ដូច្នេះការស៊ើបសួរត្រូវហ្មត់ចត់ត្រឹមត្រូវ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកពីបទ «ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
ចៅក្រមសាលាដំបូងរាជធានីកាលពីដើមខែមីនា បានបើកសវនាការនៅក្នុងពន្ធនាគារ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា បន្ថែមទៀត ក្រោយការឃុំខ្លួនបណ្ដោះអាសន្នរយៈពេល៦ខែបានបញ្ចប់ ដោយអះអាងថា ដើម្បីបង្ការកុំឲ្យកើតមានបទល្មើសថ្មី និងរក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធី។
រហូតមកដល់ពេលនេះ លោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជាង៨ខែមកហើយ។
លោក ផែង ហេង មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបដែលការពារក្ដីឲ្យលោក កឹម សុខា ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការនៅខាងក្រៅតុលាការថា សហមេធាវីបានសម្ដែងការសោកស្ដាយចំពោះការសម្រេចដោយមិនយោងលើសិទ្ធិមូលដ្ឋាននេះ។
លោកមានប្រសាសន៍ថា៖
«តុលាការនៅតែមិនបានពិចារណាទៅលើសិទ្ធិជាមូលដ្ឋាននៃសេរីភាព ដោយសារយើងបានបង្ហាញពីគោលការណ៍សេរីភាពដែលជនត្រូវចោទត្រូវតែមានសេរីភាព ក៏ប៉ុន្តែតុលាការមិនបានសម្រេចតាមការស្នើសុំ។ អញ្ចឹង មេធាវី ក៏ដូចជាសហមេធាវីទាំងអស់សម្ដែងការសោកស្ដាយចំពោះការសម្រេចនេះ»។
នេះមិនមែនជាលើកទីមួយទេដែលតុលាការទាត់ចោលបណ្ដឹងសុំនៅក្រៅឃុំ ឬបណ្ដឹងប្រឆាំងនឹងការសម្រេចផ្សេងៗរបស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា។
កន្លងមក ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានប្ដឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ទាំងកណ្ដាលយប់ ដោយអះអាងថា ការចាប់ឃុំឃាំងតំណាងរាស្ត្រទាំងមានអភ័យឯកសិទ្ធិសភា គឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា។
ក្រុមមេធាវីទាំងនោះ ក៏បានប្ដឹងទៅតុលាការគ្រប់ជាន់ថ្នាក់ សុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំដើម្បីព្យាបាលជំងឺលើសឈាម និងទឹកនោមផ្អែម ប៉ុន្តែបណ្ដឹងរបស់ពួកគេ ត្រូវបានតុលាការទាំងនោះច្រានចោល។
ក្រុមមន្ត្រីធ្វើការផ្នែកការពារសិទ្ធិមនុស្សមួយចំនួន បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញករណីនេះ ដោយលើកឡើងថា ថ្នាក់លើចេញបញ្ជាឲ្យផ្អាកការធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងបញ្ហានយោបាយនៅកម្ពុជា។
គេសង្កេតឃើញថានៅព្រឹកថ្ងៃចន្ទ មានការរៀបចំសមត្ថកិច្ច និងមន្ត្រីសន្តិសុខរាប់សិបនាក់យាមកាម និងបិទផ្លូវជុំវិញតុលាការកំពូលយ៉ាងតឹងរ៉ឹង បើទោះជាគ្មានវត្តមានរបស់លោក កឹម សុខា នៅសវនាការក៏ដោយ៕