ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ថាន​បេសកកម្ម​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ប្រចាំ​អ.ស.ប.​​គ្រោង​រៀបចំ​កិច្ច​ពិភាក្សា​អំពី​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

  • សុខ ខេមរា

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​សកម្ពុជា​​ថ្លែង​សុន្ទរកថា​នៅ​​​ឯ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ស្តី​អំពី​ការ​អភិវឌ្ឍ​ដោយ​ចិរភាព​ឆ្នាំ​២០១៥ នៅ​ទី​ស្នាក់ការ​​អង្គការ​សហប្រជាជាតិ​ក្នុង​បុរីញូវយ៉ក កាល​ពីថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។ (R

អ.ស.ប.​​ធ្លាប់​​បាន​​​ដាក់​អាសនៈ​របស់​​ប្រទេស​កម្ពុជា​ឲ្យ​នៅ​ទំនេរ​​កាលពី​ឆ្នាំ​១៩៩៧​ ក្រោយពី​មាន​រដ្ឋ​ប្រហារ​​ដោយ​លោក ហ៊ុន សែន​ បណ្តេញ​ព្រះអង្គ​ម្ចាស់ ​នរោត្តម​ រណ​ឫទ្ធិ​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី១​ចេញ​ពី​អំណាច។​

ស្ថាន​បេសកកម្ម​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ប្រចាំ​អ.ស.ប.​គ្រោង​រៀបចំ​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​ធ្លាក់ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដែល​គណបក្ស​ជំទាស់​ត្រូវ​រំលាយ​ ​មេដឹកនាំ​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ ហើយ​មន្ត្រី​មួយ​ចំនួន​កំពុង​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​ ​វេទិកានេះ​កើត​ឡើង​ចំ​ពេល​ដែល​អគ្គលេខាធិការ​អ.ស.ប.​មាន​ក្តី​បារម្ភ​ចំពោះ​ស្ថាន​ការណ៍​កម្ពុជា​ ជាពិសេស​ទៅលើ​លំហ​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​រង​ការ​ដាក់​អាសនៈ​នៅ​អ.ស.ប.ឲ្យ​នៅ​ទំនេរ​ កាលពី​ឆ្នាំ​១៩៩៧​ម្តង​ហើយ។​ ​

ក្រុម​ឯក​អគ្គរដ្ឋទូត​អាមេរិក​និង​អឺរ៉ុប​ប្រចាំ​នៅ​អ.ស.ប.នឹង​ទទួល​រៀបចំ​ឲ្យ​មាន​ការ​ពិភាក្សា​វេទិកា​សាធារណៈ​មួយ​ក្នុង​បុរី​ញូវយ៉ក​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​ដើម្បី​ពិភាក្សា​អំពី​ដំណើរការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​មុន​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ២០១៨​ខាងមុខ។

នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ក្នុង​បុរី​ញូវយ៉ក​ដែល​រៀបចំ​ដោយ​ស្ថាន​បេសកកម្ម អាមេរិក​និង​អឺរ៉ុប​ប្រចាំ​អ.ស.ប​ បាន​និយាយ​ថា​ វេទិកា​នេះ​នឹង​មាន​ការ​ពិភាក្សា អំពី​ស្ថានការណ៍​បច្ចុប្បន្ន​ក្នុង​ប្រទេស​កម្ពុជា។​ សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី អំពី​វេទិកា​នេះ ​បាន​បញ្ជាក់​ថា​ដោយសារ​ការបោះឆ្នោត​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ធ្វើ​នៅ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៨​ វា​ជា​រឿង​សំខាន់​ដែលត្រូវ​ធានា​ថា​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបប្រជុំ ​សិទ្ធិ​ប្រមូល​ផ្តុំ​ជា​មូលដ្ឋាន​ ហើយ​នឹង​សេរីភាព​អ្នក​សារព័ត៌មាន​ត្រូវ​បាន​គោរព ​ហើយ​ការ​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់​ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពហុបក្ស​ត្រូវ​គេ​មើល​ឃើញ​ថា ​គឺ​ជា​រឿង​ដ៏​ចាំបាច់​ថា ត្រូវ​តែ​កើត​ឡើង។

វេទិកា​នេះ​នឹង​ធ្វើ​នៅ​ក្នុង​ស្ថាន​បេសកកម្ម​របស់​ស.រ.អា.​ប្រចាំ​អ.ស.ប.​ នៅថ្ងៃ​អង្គារ​ចាប់ពី​ម៉ោង​១១: ៣០​នាទីព្រឹក​ដល់​ម៉ោង​១២:៣០​នាទី​ថ្ងៃត្រង់​ ដែល​មាន​ការ​សម្រប​សម្រួល​ដោយ​ Kelly Eckels-Curries ​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ទទួល​បន្ទុក​សេដ្ឋកិច្ច​ និង​សង្គម​ហើយ​នឹង​មាន​ការ​ថ្លែង​បើក​សន្ទរកថា​ដោយ​ឯក​អគ្គរដ្ឋទូត​ Joanne Adamson ​ជា​អនុប្រធាន​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​ប្រចាំ​អ.ស.ប.។​ ដោយ​ឡែក​វាគ្មិន​នៃ​កិច្ច​ពិភាក្សា​នោះ​មាន​កញ្ញា​ កឹម មនោវិទ្យា​ ជា​អគ្គ​នាយក​ រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជាកូន​ស្រី​លោក​ កឹម សុខា​ ​លោក​ប៉ា ងួនទៀង​ នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​លោក John Sifton​ នាយក​ផ្នែក​តស៊ូ​មតិ​ក្នុង​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights​ Watch។​

គេ​មិន​ទាន់​ដឹង​ថា តើ​នឹង​មាន​មន្ត្រី​ស្ថាន​បេសកកម្ម​របស់​កម្ពុជា​ប្រចាំ​អ.ស.ប.​និងមន្ត្រី​ប្រទេស​ណា​ទៀត​ក្នុង​ចំណោម​ប្រទេស​ជាង​១៩០​ដែល​មាន​ស្ថានបេសក​កម្ម​របស់​ខ្លួន​នៅ​អ.ស.ប.​ ​នឹង​ចូលរួម​ដែរ​នោះ​ទេ។​

ស.រ.អា.​ត្រូវ​គេ​ដឹង​ថា​ ធ្លាប់​គៀងគរ​ឲ្យ​មាន​ការ​ដាក់​អាសនៈ​កម្ពុជា​ឲ្យ​នៅ​ទំនេរ​ ក្រោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំ១៩៩៧​ និង​មាន​ការ​ផ្តាច់​ជំនួយ​រយៈ​ពេល​វែង​ផង​ដែរ​ ​ដែល​ជំនួយ​ពី​ប្រទេស​ខ្លះត្រូវ​ពន្យារ​ពេល​រហូត​ទាល់​តែ​មាន​ការ​បោះ​ឆ្នោត​ ហើយ​រដ្ឋាភិបាល​ថ្មី​ចេញ​ពី​ការ​បោះឆ្នោត​បាន​កើត​ឡើង។​

តុលាការ​កំពូល​របស់​ប្រទេស​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ពាក់​កណ្តាល​ខែ​មុន​បាន​សម្រេច​រំលាយ​គណបក្ស​ជំទាស់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ប្រធាន​គណបក្ស​នេះ​កំពុង​ជាប់​ពន្ធនាគារ​ពី​បទ​ ដែល​រដ្ឋាភិបាល​ចោទ​ថា​ ក្បត់ជាតិ​ និង​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាលដោយ​មាន​ស.រ.អា.​នៅ​ពី​ក្រោយ។​ តែ​ការ​ចោទ​ប្រកាន់​នោះត្រូវ​បាន​បដិសេធ​និង​ចាត់​ទុក​ថា ​គ្មាន​ហេតុផល។​

ក្រុម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ជំទាស់​ចំនួន​១១៨​នាក់ត្រូវ​ជាប់​ក្នុង​ការ​ដក​ សិទ្ធិ​ធ្វើ​នយោបាយ​យ៉ាងតិច​៥​ឆ្នាំ​ នៅមុន​ពេល​បោះឆ្នោត​ជ្រើសរើស​សមាជិក​ ព្រឹទ្ធ​សភា​ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨។ ​ក្រុម​មន្ត្រី​ទាំង​នោះ​និង​មន្ត្រី មូលដ្ឋាន​ជាច្រើន​រូប​កំពុង​គេចខ្លួន​ចេញពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ ដោយ​គណបក្ស​គ្រប់គ្រង​ប្រទេស​ ដូចលោក​សម រង្ស៉ី​ដែរ​ ​ដែល​ជា​អតីត​ប្រធាន គណបក្ស​សង្គ្រោះជាតិ។​

ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ទណ្ឌកម្ម​មួយ​ចំនួន​ពី​ស.រ.អា.​និង​សហភាព​អឺរ៉ុប​ចំពោះ ការបិទ​ទិដ្ឋាការ​ និង​ជំនួយ​ផ្នែក​បោះឆ្នោត​ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​របស់​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៅតែ​ប្រឆាំង​នឹង​ការស្នើ​របស់​សហគមន៍​អន្តរ​ជាតិ​ឲ្យ​ដោះ​លែង​លោក ​កឹម សុខា ​ ​ឲ្យបញ្ចប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​ នយោបាយ​លើ​ក្រុម​ប្រឆាំង​ ​ អង្គការ​សង្គម​ស៊ីវិល ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ ជា​ដើម​នោះ។​

អ្នក​នាំ​ពាក្យ​រង​របស់​អ.ស.ប.​គឺលោក ​Farhan Haq ​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ សារ​អេឡិច​ត្រូនិច​ថា ​លោក​អគ្គលេខាធិការ​អ.ស.ប.​កំពុង​តាម​ដាន​ស្ថាន​ការណ៍​ ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ទទូច​ឲ្យ​ភាគី​នយោបាយមាន​កិច្ច​ពិភាក្សា​នយោបាយ ​ដើម្បី​ដោះស្រាយ​បញ្ហា។ ​លោក​បាន​អះអាង​ថា​ លោ​ក​អគ្គលេខាធិការ​អ.ស.ប.​ ​António Guterres​ សម្តែង​កង្វល់​របស់​លោក​ចំពោះ​ការ​រឹត​បន្តឹង​លំហ​ប្រជា​ធិបតេយ្យ​សម្រាប់​គណបក្ស​នយោបាយ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គម​ស៊ីវិល​ ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​

អ.ស.ប.ធ្លាប់បាន​ដាក់​អាសនៈ​របស់ប្រទេស​កម្ពុជា​ឲ្យ​នៅ​ទំនេរកាលពី​ឆ្នាំ​១៩៩៧​ ក្រោយពី​មាន​រដ្ឋ​ប្រហារដោយ​លោក ហ៊ុន សែន​ បណ្តេញ​ព្រះអង្គ​ម្ចាស់ ​នរោត្តម​ រណ​ឫទ្ធិ​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី១​ចេញ​ពី​អំណាច។​

លោក ​Farhan Haq ​បាន​អះអាង​ថា​ លោក​អគ្គលេខាធិការ​អ.ស.ប. ​គ្មាន​តួនាទី​ក្នុង​ការ​ផ្តល់​អាសនៈ​ ឬ​ដាក់​អាសនៈ​សមាជិក​អ.ស.ប.​ទេ។ ​លោក​ពន្យល់​ថា​ ការ​បណ្តេញ​ចេញ​សមាជិក​ណាមួយ​ពី​អ.ស.ប.​គឺ​សម្រេច​ដោយ​មហា​សន្និបាត​ អ.ស.ប.​ ដែល​មាន​ការ​ស្នើ​ដោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ ប្រសិន​បើ​សមាជិក​ អ.ស.ប.​ណាមួយ​រំលោភ​បំពាន​ឥត​ឈប់ឈរ​លើ​គោល​ការណ៍​ជាធរមាន​ក្នុង​ធម្មនុញ្ញ​អ.ស.ប.​បច្ចុប្បន្ន៕​

XS
SM
MD
LG