ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ព្រមាន​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​កម្ពុជា​ជា​ការ​ឆ្លើយ​តប​នឹង​អាមេរិក


លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (ឆ្វេង) បាន​អញ្ជើញ​ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ទៅ​ទស្សនា​និង​ជួយដោះ​គ្រាប់​បែក​គីមី​នៅ​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុង​បរិបទ​នយោបាយតានតឹន​របស់​កម្ពុជា។

មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលាការ​កំពូល​បិទ​សិទ្ធិ​នយោបាយ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​​​ដើម្បី​ស្តារ​ស្ថានភាព​នយោបាយ​ឡើង​វិញ។​ ពួកគេ​សង្ឃឹម​ថា ​គណបក្ស​សង្រ្គោះជាតិ​នឹង​អាច​រស់​ឡើង​វិញ ​ក្រោយ​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​មុន។​ តែ​នៅ​ថ្ងៃ​នេះ ​លោក​ហ៊ុន សែន​បាន​ថ្លែង​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​មិន​អាច​រស់​ឡើង​វិញ​នោះ​ទេ ​ហើយ​ណែនាំ​ឲ្យ​មាន​ការ​បង្កើត​គណបក្ស​ថ្មី។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ លោក ​ហ៊ុន សែន ​ក៏​បាន​ព្រមាន​រឹតបន្តឹង​ទិដ្ឋាការ​ផង​ដែរ ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សហ​រដ្ឋ​អាមេរិក។​

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​នៅ​ថ្ងៃ​អាទិត្យ​ បាន​ព្រមាន​រឹតបន្តឹង​ទិដ្ឋាការ​ដូច​គ្នា​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ​លោក ដូណាល់ ត្រាំ ​(Donald Trump)​ ដែល​បាន​ព្រមាន​រឹតបន្តឹង​ការ​ចេញ​ទិដ្ឋាការ​សម្រាប់​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​ចូល​ទឹក​ដី​អាមេរិក​ ប្រសិនបើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ធូរស្រាល​ ​និង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​កាន់​តែ​ដុនដាប​ទៅៗ។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​បែប​នេះ​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កាត់ដេរ​រាប់​ពាន់​នាក់ ​ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ។​ លោក​ឲ្យដឹងថា​ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៦ ​ខែ​ធ្នូ ​ដោយ​ថា​ នឹង​រឹតបន្តឹងទិដ្ឋាការ​សម្រាប់​មន្ត្រី​កម្ពុជា​ដែល​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទន់​ខ្សោយ។ ​ក្រសួង​ការ​បរទេស​អាមេរិក​ក៏​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​អនុញ្ញាតិ​ឲ្យគណបក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ ​និង​ឲ្យការ​ដោះ​លែង​លោក កឹម សុខា ​មេដឹកនាំ​បក្ស​ប្រឆាំង។​

លោក​ ហ៊ុន សែន ​បាន​ថ្លែង​ថា ​លោក​មិន​ខ្វល់​ពី​គំនាប​អ្វី​ទាំង​អស់​ រួម​ទាំង​ការ​រឹត​បន្តឹង​ទិដ្ឋាការ ​និង​ការ​ព្រមាន​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​ជាន់​ខ្ពស់​របស់​លោក។ ​លោក​ក៏​បាន​ព្រមាន​តបវិញ​ថា​ រដ្ឋាភិបាល​របស់​លោកនឹង​រឹត​បន្តឹង​ទិដ្ឋាការ​ចូល​មក​ប្រទេស​កម្ពុជា​វិញ។​

លោក ​ហ៊ុន សែន​បាន​ថ្លែង​ថា៖​

«ពិភព​លោក​មាន​ទៅ ​មាន​មក។​ គេ​រឹត​បន្តឹង​វីហ្សា ​ទិដ្ឋាការ ​សូម​អញ្ជើញ។​ វា​ចំណេញ​លុយ​ខ្មែរ​ផង ​មិន​ចាំបាច់។ ​ប៉ុន្តែ​កុំ​ភ្លេច​ថា ​គេ​ក៏​ត្រូវ​ការ​ចូល​ស្រុក​យើង​ដែរ ​ហើយ​យើង​បន្តឹង​វិញ​ទៅ ​វា​មាន​ស្អី? ​វា​មាន​អី​ខុស​ អាហ្នឹង!​ វា​អត់​នេះ​ផង!​ សុំ​ទិដ្ឋាការ​ យើង​មិន​ឲ្យ​វិញ​ទៅ ​ធ្វើ​បាន​តើ។​ វា​អត់​មាន​អី​ខុស​ផង។ ​ហើយ​ប្រទេស​ខ្មែរ​មិន​មែន​មាន​ទំនាក់​ទំនង​ត្រឹម​តែ​ប្រទេស​ប៉ុន្មាន​ហ្នឹង​ឯ​ណា​ មាន​ទំនាក់ទំនង​យ៉ាងច្រើន»។

កាល​ពី​ខែ​កញ្ញា ​លោក​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ ​បាន​ប្រកាស​ផ្អាក​បណ្តោះ​អាសន្ន​នូវ​ការ​ស្វែង​រក​អដ្ឋិធាតុ​របស់​កង​ទ័ព​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​ប្រទេស​កម្ពុជា ​ក្នុង​សម័យ​សង្រ្គាម​វៀតណាម។ ​នេះ​ជា​ការ​ឆ្លើយ​តប​របស់​លោក ​ហ៊ុន សែន ​ទៅ​នឹង​អាមេរិក​ដែល​បាន​សម្រេច​ឈប់​ចេញ​ទិដ្ឋាការ​ដល់​មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា ​ជា​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ដែល​ឆ្លើយ​តប​នឹង​ក្រុម​ប្រទេស​ដែល​មាន​ការ​យឺតយ៉ាវ​ ​ឬ​មិន​ព្រម​ទទួល​ជនជាតិ​របស់​ខ្លួន​ពី​សហ​រដ្ឋ​អាមេរិក​វិញ​ ក្រោយ​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស។​

VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ភ្លាមៗ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។​

លោក​ ហ៊ុន សែន ​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះថា ​កម្ពុជា​មាន​ឯករាជ្យ​ភាព ​និង​អធិបតេយ្យ​ភាព ​ដូច្នេះ​លោក​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​មួយ​នេះ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ប្រទេស​ណាមួយ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្វី​ក៏​ដោយ ​កត្តា​កំណត់​នៅ​ក្នុង​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ ​មិន​មែន​កត្តា​កំណត់​ស្ថិត​នៅ​លើ​ពួក​បរទេស​ទេ។ ​បើ​គង់់​តែ​ស្ថិត​នៅ​លើ​ពួក​បរទេស​ដដែល ​ខ្មែរ​គឺ​ជា​ឆ្កែ​សុទ្ធ ​ដែល​ថា​ នែ ​ដើរ​តាម​អញ បាន​អញ​ទម្លាក់​ឆ្អឹង​ឲ្យ​អ្ហែង​ស៊ី»។​

តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​ ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​តាមរយៈ​បដិវត្តន៍​ពណ៌ ​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហ​រដ្ឋ​អាមេរិក។ ​មេ​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ​លោក ​កឹម សុខា ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា ​ដោយចោទប្រកាន់​ថា​ ក្បត់​ជាតិ។ ​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ​ព្រម​ជាមួយ​ការ​សម្រេច​រំលាយ​នេះ​ ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​១១៨​រូប​ក៏​ត្រូវ​បាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​ចំនួន​៥​ឆ្នាំ​ផង​ដែរ។​

លោក ​ហ៊ុន សែន ​នៅថ្ងៃ​អាទិត្យ​ បាន​ផ្តល់​ជា​យោបល់​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ បង្កើត​គណបក្ស​ថ្មី​មួយ ​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សូម​ជូន​ជា​យោបល់​មួយ​ម៉ាត់ ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ​ត្រៀម​រៀបចំ​ខ្លួន​ដើម្បី​បោះឆ្នោត​ទៅ ​អាហ្នឹង​វា​ល្អ។​ តែ​អា​បក្ស​ចាស់​ហ្នឹង​ វា​មិន​រស់​ឡើង​វិញ​ទេ។​ សូម​ផ្តាំ​មួយ​ម៉ាត់​ទៅ ​ជួយ​ជា​យោបល់​ទៅ ​ក្រែង​លោក​វា​បាន​ជា​ផល​ប្រយោជន៍​អី​ខ្លះ។​ អាបក្ស​ចាស់​ហ្នឹង ​វា​មិន​រស់​ឡើង​វិញ​ទេ។​ វា​ងាប់​ហើយ។ ​ងាប់​ដោយ​សាលក្រម​តុលាការ ​បិទ​ផ្លូវ»។​

សហភាព​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​បាន​កាត់​ជំនួយ​ថវិកា​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.) ​ដោយសារ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ។ ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​ថា ​នឹង​មាន​ចំណាត់ការ​បន្ត​បន្ទាប់​ទៀត​ ប្រសិន​បើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើង។​ ចំណែក​សភា​សហភាព​អឺរ៉ុប​បាន​សម្រេច​បោះឆ្នោត​ឲ្យ​ពិចារណា​លើ​ការ​ព្យួរ​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​កម្ពុជា។​

គណបក្ស​សង្រ្គោះ​ជាតិ​បាន​និង​កំពុង​ធ្វើ​យុទ្ធនាការ​ការទូត​ជា​បន្ត​បន្ទាប់​នៅ​ខាង​ក្រៅ​ប្រទេស ​ដើម្បី​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា។​

កញ្ញា​ កឹម មនោវិទ្យា​ កូនស្រី​ច្បង​របស់​លោក​ កឹម សុខា ​និង​ជា​អគ្គ​នាយករង​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ គោល​ជំហរ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​បច្ចុប្បន្ន​នេះ​គឺ​ត្រូវការ​គណបក្ស​ឲ្យ​មាន​ដំណើរការ​ឡើង​វិញ ​និង​មាន​បរិយាកាស​នយោបាយល្អ​ ដោយ​មាន​ការ​ដោះ​លែង​លោក ​កឹម សុខា ​និង​ការ​អនុញ្ញាត​ឲ្យអង្គការ​សង្គម​ស៊ីវិល ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ដំណើរ​ការ​បាន​ធម្មតា​វិញ។​ កញ្ញា​បាន​បញ្ជាក់​ថា ​រដ្ឋាភិបាល​តែង​តែ​ធ្វើ​ទុក្ខ​បុកម្នេញ​គណបក្ស​សង្រ្គោះ​ជាតិ ​តាម​រយៈ​ការ​ធ្វើ​ច្បាប់ ​ដូច​ជា​ច្បាប់​បែង​ចែក​អាសនៈ​សភា ​និង​ក្រុម​ប្រឹក្សា​ឃុំសង្កាត់របស់​គណបក្ស​ប្រឆាំង​ជាដើម។​

កញ្ញា​បាន​បញ្ជាក់ថា៖​

«ត្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​លាស់ ​មិនមែន​ថា​ ២០១៨​បោះឆ្នោត​ហើយ​ ទោះ​ជា​ថា ត្រឹមត្រូវ​ក៏ដោយ ​នៅ​ពេល​ពួកខ្ញុំ​បាន​កៅអី​ច្រើន ​ឬ​ឈ្នះ ​មក​ប្លន់​យក​កៅអី​ទៅវិញ​ តើ​ពួកខ្ញុំ​អាច​ចូលរួម​បោះឆ្នោត​យ៉ាង​ម៉េច​កើត?​ អីចឹងបញ្ហា​ច្រើន​ណាស់ ​មិន​មែន​តែ​រឿង​ដំណើរ​ការ​គណបក្ស​ថ្មី​មួយ​ ឬ​គណបក្ស​ចាស់ ​មិន​មែន​តែ​ប៉ុណ្ណឹង​ទេ។​ បញ្ហា​ច្រើន​ណាស់​ដែល​ពួកខ្ញុំ​ត្រូវ​ការ​ឲ្យ​មាន​ការ​ដោះស្រាយ»។​

​កញ្ញា​មិន​អាច​បញ្ជាក់​ថា​ តើ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​ពិចារណា​អំពី​យោបល់​របស់​លោក ហ៊ុន សែន ​ឬ​យ៉ាងណា​នោះ​ទេ។​

កញ្ញា​ កឹម មនោវិទ្យា ​ដែល​ត្រូវ​បាន​កាត់សិទ្ធិ​នយោបាយ​៥​ឆ្នាំដែរ​នោះ ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ ​ ព្រោះ​គ្មាន​ពេលវេលា​មិន​គ្រប់គ្រាន់​សម្រាប់​គណបក្ស​រៀបចំ​ខ្លួន​ចូលរួម​ការ​បោះ​ឆ្នោត ​ប្រសិន​បើ​ស្ថាន​ការណ៍​នយោបាយ​ត្រឡប់​មក​ដូច​ដើម​វិញ។​

កញ្ញា​បាន​ថ្លែង​ថា៖​

«ខ្ញុំ​សោកស្តាយ​ណាស់ ​ព្រោះ​ខ្ញុំ​មើល​ទៅ​ដូច​អស់​ពេល​វេលា​ហើយ ​ដូច​ជា​ខ្ញុំ​តែង​តែ​លើក​ឡើង​ជា​រឿយៗ។ ​ជិត​អស់​ពេល​វេលា​ហើយ​ ទោះជា​ស្ថានការណ៍​កែ​ក៏​ដោយ។ ​ទាល់តែ​កែ​លឿន​បំផុត​ បើ​មិន​អិចឹងទេ​ អស់​ពេល​វេលា​ដើម្បី​រៀបចំ​ខ្លួន​ ដើម្បី​រៀប​ចំ​បរិយាកាស» ។​

លោក ​មាស នី ​អ្នក​វិភាគ​នយោបាយ​ មាន​ប្រសាសន៍​ថា ​ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន​ឲ្យ​បង្កើត​គណបក្ស​ថ្មី​ជា«សញ្ញា​វិជ្ជមាន​មួយ»​ ហើយ​ជា​«ជម្រើស​ល្អ​មួយ»​សម្រាប់​ដំណោះស្រាយ​នយោបាយ​នា​ពេល​នេះ។ ​តែ​លោក​ថា ​ការ​ដោះ​ស្រាយ​ត្រូវ​ធ្វើ​ឡើង​ជា​កញ្ចប់​គឺ​ត្រូវ​មាន​ការ​អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស​ទាំង​១១៨​នាក់​ដែល​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​នោះ​ អាច​ចូលរួម​ធ្វើ​នយោបាយ​វិញ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«អានេះ​បើ​សិន​ជា​ចង់​ដោះស្រាយ​ទៅ​រក​បង្កើត​គណបក្ស​អីថ្មី​ទៀត ​លុះ​ត្រា​តែ​មាន​ដំណោះស្រាយ​ទាំងអស់​ បាន​ទៅ​រួច។​ បើ​សិន​ជា​គ្រាន់​តែ​ឲ្យ​សង្រ្គោះ​ជាតិ​ទៅ​បង្កើត​គណបក្ស​អី​ថ្មី​មួយ​ទៀត​ ហើយ​អ្នក​ទាំង​១១៨​នាក់​ហ្នឹង​មិន​បាន​លើក​លែង​គ្នា​អី​ទេ ​ខ្ញុំ​គិត​ថា ​ស្ថានភាព​ដូច​ជា​មិន​បាន​ធូរ​ទៅ​វិញ​អី​ប៉ុន្មាន​ទេ»។​

លោក​បញ្ជាក់បន្ថែមថា៖​

«ដំណោះ​ស្រាយ​ វា​ទាល់​តែ​ដំណោះស្រាយ​ទាំង​អស់​ហ្នឹង។​ អាហ្នឹង​បាន​វា​ដោះស្រាយ​រួច​ទាំង​ក្បាល ​ទាំង​កន្ទុយ។​ បើ​គ្រាន់​តែ​ឲ្យ​សង្រ្គោះ​ជាតិ​ទៅ​បង្កើត​បក្ស​ថ្មី ​តែ​មិន​ឲ្យ​អ្នក​ទាំង​១១៨​អាច​ចេញមកធ្វើ​នយោបាយ​វិញ​បាន​ទេ ​អាហ្នឹង​វា​ហាក់ដូច​ជា​រួច​តែ​ក្បាល​ តែ​កន្ទុយ​នៅ​ជាប់​ខ្នោះ​ដដែល»។​

លោក​ មាស នី​ ក៏​មាន​ការ​ព្រួយ​បារមុ្ភ​អំពី​គំនាប​ពេល​វេលា​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ការ​បង្កើត​គណបក្ស​ថ្មី ​និង​បារម្ភ​ថា ​ស្ថានភាព​នយោបាយនឹង​មិន​ធូរ​ស្រាល​ឡើង​វិញ​ទេ។​

អ្នក​វិភាគ​រូប​នោះ​លើក​ឡើង​ថា ​ការ​បោះឆ្នោត​ត្រូវ​មាន​ការ​ចូលរួម​ពីគណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្រ្គោះ​ជាតិ ​ទើប​មាន​ការ​ទទួលស្គាល់​ពី​សហគមន៍​អន្តរ​ជាតិ ​ហើយ​ដើម្បី​បញ្ចៀស​ភាពស្មុគស្មាញ ​ឬ​គំនាប​ពី​អន្តរជាតិ ​ដែល​អាច​កើត​ឡើង​ចំពោះ​រដ្ឋាភិបាល ​ក្រោយ​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០១៨។ ​លោក​បញ្ជាក់​ថា​ គំនាប​អន្តរ​ជាតិ​នេះ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ប្រជាជាតិ​កម្ពុជា ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ពិចារណា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG