ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​ខាងជំនួយ​របស់​អ.ស.ប.ថា ​កិច្ចប្រតិបត្តិការជួយ​សង្គ្រោះ​នៅ​ស៊ីរី​មានច្រើន​លើសលប់


រូបឯកសារ៖ ក្បួនរថយន្តដឹកជំនួយកំពុងធ្វើដំណើរនៅក្រុង Madaya ប្រទេសស៊ីរី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
រូបឯកសារ៖ ក្បួនរថយន្តដឹកជំនួយកំពុងធ្វើដំណើរនៅក្រុង Madaya ប្រទេសស៊ីរី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។

​ប្រធាន​ខាងជំនួយ​របស់​អ.ស.ប.​បាននិយាយ​កាលពីថ្ងៃ​អង្គារ​ថា​ កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ខាងមនុស្សធម​៌មានច្រើនលើសលប់​សម្រាប់មនុស្ស​ជិតមួយលាននាក់​ដែលបានរត់គេចខ្លួនកាលពីពេល​ថ្មីៗនេះ​ពីអំពើ​ហិង្សានៅ​ក្នុង​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​ស៊ីរី​។

លោក​ Mark Lowcock អគ្គលេខាធិការ​រង​អ.ស.ប.បានធ្វើការស្ទង់ប្រមាណនេះ​នៅក្រោយ​លោកនិង​មន្ត្រី​អ.ស.ប.ឯទៀតៗ​ព្រម​ទាំង​ពួក​មន្ត្រី​អាមេរិកផង​បានទៅ​ទស្សនាខេត្តព្រំដែន​ Hatay នៃប្រទេស​តួកគីដើម្បីត្រួត​ពិនិត្យ​មើលកិច្ចខិតខំប្រឹង​ប្រែង​ជួយ​សង្គ្រោះ។

លោក​ Lowcock បាននិយាយ​នៅឯកន្លែង​ដឹក​ជញ្ជូនគ្រឿង​ផ្គត់ផ្គង់​មួយ​របស់​អ.ស.ប.នៅក្នុង​ស្រុក Rehyahli នៃ​ប្រទេស​តួកគីថា​ «...មានសេចក្តី​ត្រូវការគ្រប់បែបយ៉ាង»។

សហរដ្ឋអាមេរិកនិង​ប្រទេស​អង់គ្លេស​បានប្រកាស​អំពី​ការ​ផ្តល់ជំនួយ​បន្ថែមដើម្បី​ជួយ​ដោះស្រាយវិបត្តិមនុស្សធម​៌ធំបំផុតមួយ​ក្នុង​បណ្តា​វិបត្តិមនុស្សធ៌ម​នៅក្នុង​សង្គ្រាម​ស៊ីវិល​៩ឆ្នាំមក​ហើយក្នុងប្រទេសស៊ីរី។

លោកស្រី​ Kelly Craft ឯកអគ្គរដ្ឋទូត​អាមេរិកប្រចាំ​អ.ស.ប.ដែលបានពិនិត្យមើលជាថ្មីអំពី​កិច្ច​ខិតខំប្រឹងប្រែង​ខាងការ​ជួយ​សង្គ្រោះបានប្រកា​សអំពី​ការផ្តល់ជំនួយ​បន្ថែម​ចំនួន ១០៨លានដុល្លារ​សម្រាប់ការផ្តល់ម្ហូបអាហារ ទីជម្រក ការ​ថែ​រក្សាសុខភាពព្រមទាំងឥវ៉ាន់ និង​សេវាឯទៀតៗ​ផង​ដែរ។

លោកស្រី​ Craft បាននិយាយ​ប្រាប់ពួកអ្នកកាសែត​ថា «ជំនួយមនុស្ស​ធម៌ជា​ការ​ឆ្លើយ​តបតែ​មួយ​គត់​ក៏ប៉ុន្តែដំណោះស្រាយ​គឺ​ការ​ឈប់បាញ់គ្នា​ជា​បន្ទាន់មួយ។ យើង​សុំ​ដល់ប្រទេសឯទៀតៗ​ឱ្យ​បង្កើនកិច្ចខិតខំប្រឹង​ប្រែង​និងធ្វើវិភាគទាន»។

ប្រទេសអង់គ្លេស​បាននិយាយថា​ ខ្លួនផ្តល់ជំនួយបន្ថែមចំនួន ១១៤​លានដុល្លារដល់ប្រទេស​ស៊ីរី ដោយ​ផ្នែកខ្លះសម្រាប់តំបន់​ Idlib ដែលនៅទីនោះ​មានការប្រយុទ្ធគ្នា​ខ្លាំងកាលពីប៉ុន្មានថ្ងៃ​ថ្មីៗនេះ។

មនុស្ស​ប្រមាណ​៩សែន ៨ម៉ឺននាក់ដែល​ជាង​ពាក់កណ្តាល​ជាកុមារ​បានរត់គេចខ្លួនចេញ​ពីអំពើហិង្សា​កាលពីពេល​ថ្មីៗនេះនៅ​ Idlib ដែល​ជា​សំបុកចុងក្រោយ​របស់ពួកឧទ្ទាមនៅក្នុងប្រទេសស៊ីរី៕

XS
SM
MD
LG