អង្គការសហប្រជាជាតិបានបញ្ជាក់ថា ជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្វើឲ្យជនស៊ីវិលជិត ១៧០០នាក់ស្លាប់បាត់បង់ជីវិតនៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០១៨ នេះ ដែលនេះជាតួលេខដ៏ខ្ពស់បំផុតមួយនៅក្នុងរយៈពេលដូចគ្នានេះដែរក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
របាយការណ៍ពាក់កណ្ដាលឆ្នាំអំពីការស្លាប់ និងរងរបួសរបស់ជនស៊ីវិល ដែលបានផ្សព្វផ្សាយដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលហៅកាត់ថា UNAMA នៅថ្ងៃអាទិត្យនេះ បានបង្ហាញថា ជនស៊ីវិលជិត ៣៥០០នាក់ បានរងរបួសនៅក្នុងរយៈពេលដូចគ្នានេះដែរ។ ប៉ុន្តែ ចំនួនអ្នកស្លាប់និងរងរបួសជាទូទៅរបស់ជនស៊ីវិលមានការធ្លាក់ចុះចំនួន ៣ភាគរយ បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានេះដែរកាលពីឆ្នាំ២០១៧។
លោក Tadamichi Yamamoto ដែលជាប្រធានបេសកកម្មអង្គការសហប្រជាជាតិ UNAMA នេះ បាននិយាយថា៖ «យើងជំរុញឲ្យភាគីនានាក្ដាប់យកឱកាសទាំងអស់ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដែលនេះជាវិធីដ៏ប្រសើរបំផុតដែលពួកគេអាចការពារជនស៊ីវិលទាំងអស់បាន»។
របាយការណ៍នេះបានបញ្ជាក់ថា ជារួមទាំងការប្រើប្រាស់គ្រាប់បែកអត្តឃាត និងទាំងការប្រើប្រាស់គ្រាប់បែកមិនមែនអត្តឃាត ជាមូលហេតុដែលបានធ្វើឲ្យមានការស្លាប់ និងរងរបួសនៃជនស៊ីវិលចំនួនជិតពាក់កណ្ដាលនៃចំនួនខាងលើ។
នៅក្នុងរបាយការណ៍នេះដែរ បេសកកម្មអង្គការសហប្រជាជាតិ UNAMA ក៏បានកត់សម្គាល់ផងដែរថា មានការព្រួយបារម្ភអំពីការកើនឡើងនៃការវាយប្រហារលើសកម្មភាពនានាដែលពាក់ព័ន្ធនឹងការបោះឆ្នោតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅមុនការបោះឆ្នោតរដ្ឋសភា និងការបោះឆ្នោតឃុំសង្កាត់ចូលមកដល់នៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ៕