កាលពីថ្ងៃសៅរ៍ម្សិលមិញ គ្រាប់បែករថយន្តអត្តឃាតមួយបានផ្ទុះឡើងក្នុងតំបន់មមាញឹកកកកុញនៅខាងក្រៅអាគាររដ្ឋាភិបាលមួយកន្លែងនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងតិច ៩៥ នាក់ និងធ្វើឲ្យមនុស្សជាង ១៦៣ នាក់ទៀតរងរបួស។
សាក្សីបាននិយាយថា ពួកគេបានឃើញផ្សែងខ្មៅខ្មួលខ្មាញ់ដ៏ក្រាស់នៅលើអាកាសដែលហោះចេញពីចំណុចកណ្ដាលទីក្រុងកាប៊ុល បន្ទាប់គ្រាប់ផ្ទុះនេះបានផ្ទុះឡើងនៅជិតអាគារចាស់នៃក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Nasrat Rahimi បាននិយាយថា អ្នកដាក់គ្រាប់បែកអត្តឃាតបានប្រើរថយន្តពេទ្យសង្គ្រោះបន្ទាន់បំពាក់ដោយគ្រាប់ផ្ទុះ ដើម្បីធ្វើការវាយប្រហារនេះ។
ភ្លាមៗនោះ ពួកតាលីបង់បានចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ អ្នកនាំពាក្យនៃក្រុមតាលីបង់នេះបាននិយាយថា គោលដៅសំខាន់គឺសំដៅលើពួកកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
សេតវិមាន និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញនូវសេចក្ដីប្រកាសមួយកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញដើម្បីថ្កោលទោសការវាយប្រហារនេះ។
សេចក្ដីប្រកាសទាំងពីរបានបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់ដែលគាំទ្រប្រទេសអាហ្វហ្គានីស្ថាន គួរតែចាត់វិធានការដើម្បីបញ្ចប់ក្រុមតាលីបង់ និងក្រុមភេរវកម្មដទៃទៀតដែលគាំទ្រក្រុមតាលីបង់នេះ៕