ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាន​ទូត​អាមេរិក​ប្រាប់​ពល​រដ្ឋ​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​​​បំផ្ទុះ​គ្រាប់បែក​​​ពេល​បុណ្យ​ចូល​ឆ្នាំថ្មី


រូបឯកសារ៖ កង​​កម្លាំង​​នគរ​បាល ​ដើរ​ល្បាត​លើ​វិថី​តាម​បណ្ដោយ​មាត់​ទន្លេសាប​ក្នុង​ក្រុង​ភ្នំពេញ ​នៅ​​ថ្ងៃ​​ទី​​មួយ​​នៃ​​ពិធី​​បុណ្យ​​អុំ​​ទូក​​ឆ្នាំ​​២០១៦។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ កង​​កម្លាំង​​នគរ​បាល ​ដើរ​ល្បាត​លើ​វិថី​តាម​បណ្ដោយ​មាត់​ទន្លេសាប​ក្នុង​ក្រុង​ភ្នំពេញ ​នៅ​​ថ្ងៃ​​ទី​​មួយ​​នៃ​​ពិធី​​បុណ្យ​​អុំ​​ទូក​​ឆ្នាំ​​២០១៦។ (អូន ឆេងប៉រ/VOA)

​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ក៏​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ខ្លួន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​តំបន់​ផ្សេងៗ​ ​និង​បញ្ជាក់​ថា​ ​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជុំវិញ​វត្តភ្នំ ហើយ​ត្រូវ​ដឹង​ពី​បរិយាកាស​ជុំវិញ​ខ្លួន​​ជា​ទូទៅ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​ព្រមាន​ពី​សន្តិសុខ​ដល់​ពលរដ្ឋ​របស់​ខ្លួ​នដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្រែង​មាន​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប​ ​ជា​ពិសេស​ម្តុំ​វត្តភ្នំ​ ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ខាង​មុខ។​

បើតាម​សារ​បង្ហោះ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ ​កាល​ពី​យប់​ថ្ងៃ​ពុធ​នេះ​ ​បញ្ជាក់​ថា​ ​មាន​ការ​រាយការណ៍​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​ថ្មីៗ​នេះ​ថា​ ​ក្រុម​សកម្ម​ជន​មួយ​រូបអាច​ព្យាយាម​ដាក់​ឧបករណ៍​ផ្ទុះ​នៅ​ក្បែរ​វត្ត​ភ្នំ​ ​ឬ​ទីតាំង​ស្រដៀង​គ្នា​ផ្សេង​ទៀត​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ឬ​សៀមរាប​ ​នាអំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ចាប់ពី​ថ្ងៃទី​១២ ខែមេសា​ ​ដល់​ថ្ងៃទី១៦ ខែ​មេសា ឆ្នាំ​២០១៨។​ ​

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ក៏​បាន​ប្រាប់​ទៅ​ពលរដ្ឋ​ខ្លួន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​តំបន់​ផ្សេងៗ​ ​និង​បញ្ជាក់​ថា​ ​បុគ្គលិក​រដ្ឋាភិបាល​អាមេរិក​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជុំវិញ​វត្តភ្នំ ហើយ​ត្រូវ​ដឹង​ពី​បរិយាកាស​ជុំវិញ​ខ្លួនជា​ទូទៅ។​

សារ​ព្រមាន​ពី​សន្តិសុខដែល​ត្រូវ​បានបង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​តំបន់​ដែល​មាន​ហ្វូង​មនុស្ស​ច្រើន។​ ​ប្រសិនបើ​អ្នក​ឃើញ​វត្ថុ​ដែល​គួរ​ឲ្យ​សង្ស័យ ត្រូវ​ចាកចេញ​ពី​ទីកន្លែង​នោះ​ភ្លាម។​ ​ត្រូវ​តាមដាន​ព័ត៌មាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព។​ ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន»។​

ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​វត្តភ្នំ​ដែរ​នោះ​ ​ក៏​បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ទាក់ទង​ទៅ​ស្ថានទូត​គ្រប់​ពេល​ ​ប្រសិន​បើត្រូវ​ការ​ជំនួយ​ណាមួយ។​

សេចក្តី​ប្រកាស​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​អះអាងកាលពី​ថ្ងៃអង្គារ​ថា​ ​មាន​ការ​ប៉ុនប៉ង​រៀបចំ​គម្រោងបង្ក​ឲ្យ​មាន​អសន្តិសុខនៅ​រាជធានី​ភ្នំពេញ​ ​និង​នៅ​ខេត្ត​សៀមរាប​ ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ។​ ​ទោះ​យ៉ាង​ណា​លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា គម្រោង​នោះ​ត្រូវ​បាន​លោក​ដឹង​មុន​ ​និង​ទប់ស្កាត់​ទាន់​ពេល ព្រម​ទាំង​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្កើន​ការ​ការពារ​សន្តិសុខ​ ​និង​តាម​ចាប់​ជន​ដែល​ត្រូវ​បានគេ​បញ្ជា​នោះ​ផង​ដែរ។​

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​លោក​មាន​ការ​សោក​ស្តាយ​ដែល​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​ចេញសារ​ព្រមាន​ពី​សុវត្ថិភាព​ទៅ​ពលរដ្ឋ​អាមេរិក​នៅ​កម្ពុជា​បែប​នេះ។​ ​លោក​បន្ថែម​ថា​ ​សមត្ថកិច្ច​បាន​និង​កំពុង​ធ្វើការ​លើ​ការ​តាម​ចាប់​ជន​ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​រៀបចំ​គម្រោង​បំ​ផ្ទុះ​នោះ​ ​និង​ថា​ ​ក្នុង​ពិធី​ចូលឆ្នាំ​ខាងមុខ​នេះ​ ​នឹង​មិនមាន​ការ​បំផ្ទុះ​ណាមួយ​កើត​ឡើង​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​បាន​តាមដាន​មុខ​សញ្ញា​មួយ​ចំនួន​ដែល​យើង​ដឹង។​ ​ហើយ​នេះ​ជា​សមត្ថកិច្ច​របស់​ជំនាញ​ទេ​ ខាង​យើង​សួរ​ទៅ​ក៏​គេ​មិន​ឲ្យ​យើង​ដឹង​ដែរ។ ក៏ប៉ុន្តែ​គ្រាន់​តែ​សូម​អះអាង​ថា​ ​ប្រាកដ​ជា​អត់​មាន​អាច​អី​កើត​ឡើង​បាន​ទេ​ ​យើង​ប្រុងប្រយ័ត្ន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ក្នុង​កិច្ច​ការងារ​ហ្នឹង»។​

កម្ពុជា​នឹង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ​ចាប់ពីថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា​ខាង​មុខ​ ដោយមាន​ការ​ឈប់​សម្រាក​ ការ​ធ្វើដំណើរ​កំសាន្ត​ ​ពិធី​បុណ្យ​សង្ក្រាន្ត​នៅ​តាម​ខេត្ត​នា​នា​ផង​ដែរ។​ ​ អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប​ដែល​រៀបចំ​ដោយ​កូនប្រុស​ពៅ​ ​លោក​ ​ហ៊ុន សែន​ គឺ​ ​លោក​ ​ហ៊ុន ម៉ានី​ ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​សុក្រ​នេះ​ ​ដោយ​រំពឹង​ថា ​មាន​ពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ចូល​រួម៕

XS
SM
MD
LG