ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាឧទ្ធរណ៍​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំអាន


លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា ​​អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។​​ លោក អ៊ុំ សំអាន ត្រូវបាន​​តុលាការ​ឧទ្ទរណ៍​ធ្វើការ​សាកសួរ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៦។ ​(ឡេង ឡែន/VOA)

មេធាវី​របស់​លោក ​អ៊ុំ សំអាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ តុលាការ​មិន​បាន​ពិចារណា​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​កូនក្ដី​របស់​លោក​ទេ​ ហើយ​តុលាការ​នៅ​តែ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ អ៊ុំ សំអាន​ ទាំង​មិន​មាន​ហេតុផល​សមស្រប​តាម​ច្បាប់។

សាលា​ឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ បាន​បដិសេធ​សំណើ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ អ៊ុំ សំអាន។

មេធាវី​របស់​លោក ​អ៊ុំ សំអាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ តុលាការ​មិន​បាន​ពិចារណា​លើ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​កូនក្ដី​របស់​លោក​ទេ​ ហើយ​តុលាការ​នៅ​តែ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ អ៊ុំ សំអាន​ ទាំង​មិន​មាន​ហេតុផល​សមស្រប​តាម​ច្បាប់។

លោក ជួង ជួងី មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ អ៊ុំ សំអាន​ បាន​ឲ្យ​ដឹង​ថា ​សភា​ស៊ើបសួរ​ បាន​បដិសេធ​ មិន​អនុញ្ញាត​អោយ​កូន​ក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​ ដោយ​ខ្លាច​ថា​លោក ​អ៊ុំ សំអាន ​នឹង​បន្ត​បង្ក​បញ្ហា​នៅ​ក្នុង​សង្គម​ បើ​សិន​លោក​ស្ថិត​នៅ​ក្រៅ​ពន្ធនាគារ។

«សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​សម្រេច​ មិន​ព្រម​ដោះលែង​លោក​ អ៊ុំ សំអាន​ ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ​ ដោយ​សំអាង​ថា​ ទី​មួយ​គាត់​ជា​តំណាងរាស្ត្រ គាត់​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ច្របូក​ច្របល់​ដល់​សង្គម។​ ទីពីរ ​ចៅក្រម​ស៊ើបសួរ​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​ មិន​ទាន់​បញ្ចប់​ការ​ស៊ើបសួរ​នៅឡើយ។ អីចឹង​ ការដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​អាច​ប៉ះពាល់​ទៅ​លើ​នីតិវិធី​ស៊ើបសួរ។ ដូច្នេះ​ សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ អត់​ព្រម​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ»។

លោក ​ជួង ជួងី​ និង​មេធាវី​ពីរ​នាក់​ផ្សេងទៀត ​អះអាង​តាម​ផ្លូវ​ច្បាប់​ថា​ ករណី​កូនក្ដី​របស់​លោក​មិនមែន​ជា​បទ​ល្មើស​ជាក់​ស្ដែង​ទេ តែ​ផ្ទុយទៅវិញ​ វា​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​យោបល់​របស់​បុគ្គល​មួយ​រូប​តែ​ប៉ុណ្ណោះ។

លោក​មេធាវី​ ជួង ជួងី​ និយាយ​ថា៖​«ខ្ញុំ​យល់​ថា​ គាត់​ជា​តំណាងរាស្ត្រ​ គាត់​អត់​គេច​ខ្លួន​ទៅ​ណា​ទេ។​ គាត់​នៅ​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ។ អីចឹង ​ការ​ដែល​ឃុំ​ខ្លួន​គាត់​ហើយ​ចោទ​ប្រកាន់​គាត់​ថា ​ប្រព្រឹត្តិ​បទ​ល្មើស​ជាក់​ស្ដែង​អីចឹង សម្រាប់​ខ្ញុំ​ជា​មេធាវី​ វា​មិន​មែន​ជា​បទ​ល្មើស ​ហើយ​វា​ក៏​មិន​ជា​ជាក់ស្ដែង​ដែរ ​ពីព្រោះ​ថា​ អា​ខ្លឹមសារ​ជាក់​ស្ដែង​ទាល់តែ​កំពុង​ប្រព្រឹត្ត ឬក៏​ប្រព្រឹត្ត​ភ្លាម។ ​ប៉ុន្តែ​ការ​ដែល​គាត់​បង្ហោះ​តាម​ហ្វ៊េសប៊ុក​តាំង​ពី ២០០៥​មក​ម្ល៉េះ។​ អីចឹង ម៉េច​ទៅ​ជា​ជាក់​ស្ដែង​កើត ហើយ​អាការ​បង្ហោះ​តាម​ហ្វេសប៊ុក​គ្រាន់​តែ​ជា​ការ​បញ្ចេញ​ទស្សនៈ​របស់​គាត់ ​និង​សកម្មភាព​របស់​គាត់។​ អីចឹង​ វា​មិនមែន​ជា​បទ​ល្មើស​ទី១។ ទី២​ វា​មិនមែន​ជាក់ស្ដែង​ទៀត»។

លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន ត្រូវបានតុលាការ​ឧទ្ទរណ៍​ធ្វើការ​សាកសួរ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៦។ ​(ឡេង ឡែន/VOA)
លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន ត្រូវបានតុលាការ​ឧទ្ទរណ៍​ធ្វើការ​សាកសួរ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ ទី១៧ ខែ​ឧសភា ឆ្នាំ២០១៦។ ​(ឡេង ឡែន/VOA)

បើ​ទោះ​ជា​មាន​ការ​បដិសេធ​ពី​តុលាការ​ជា​បន្តបន្ទាប់​យ៉ាងណា​ក្ដី ​ក្រុមមេធាវី​របស់​លោក ​អ៊ុំ សំអាន ​បាន​ប្ដេជ្ញា​ធ្វើ​បណ្ដឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ថែម​ទៀត​នៅ​សប្ដាហ៍​នេះ។

បន្ទាប់​ពី​ការ​សាកសួរ​របស់​តុលាការ​ អ៊ុំ សំអាន ​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ​ខណៈ​ដែល​លោក​ត្រូវ​បានអម​ដោយ​មន្ត្រី​ពន្ធនាគារ​ថា ​លោក​មិន​មាន​សង្ឃឹម​ថា​តុលាការ​នឹង​អនុញ្ញាត​ឲ្យ​លោក​នៅ​ក្រៅ​ឃុំ​បាន​ទេ។ លោក​ចោទ​ថា​ តុលាការ​បាន​រំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក។

«អ្នក​តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ ហើយ​សភា​បាន​អនុម័ត​៥០% បូក​មួយ​ដែល​រំលោភ​ទៅ​លើ​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ។​ អត់ទេ អត់​បាន​នៅ​ក្រៅ​ឃុំ​ទេ។ បាទ​យើង​សង្ឃឹម​ថា​អីចឹង​ តែ​ទោះ​ជា​យ៉ាងណា​ក៏ដោយ ​ទាំង​នាយក​រដ្ឋមន្ត្រី ​ក៏​រំលោភ​ទៅ​លើ​មាត្រា​៨០នៃ​រដ្ឋ​ធម្មនុញ្ញ​ បាទ។ យើង​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ មក​បំភ្លឺ​នៅ​រដ្ឋ​សភា»។

ព្រះ​រាជ​អាជ្ញា​នៃ​សាលា​ឧទ្ធរណ៍​លោក​ ង៉ែត​ សារ៉ាត ​បដិសេធ​មិន​អធិប្បាយ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ទេ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​វិញ។​

ប៉ុន្តែ VOA មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ ដើម្បី​សុំ​ការ​អធិប្បាយ​បាន​នៅ​ឡើយ​ទេ។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀមរាប​ លោក ​អ៊ុំ សំអាន ​ដែល​មាន​សញ្ជាតិ​អាមេរិក ត្រូវ​បាន​អាជ្ញាធរ​ ចាប់​ខ្លួន​នា​រាត្រី​ថ្ងៃ​អាទិត្យ ទី៩​ ខែមេសា តាម​អ្វី​ដែល​អាជ្ញាធរ​អះអាង​ថា ​ជា​បទ​ល្មើស​ជាក់ស្ដែង​ក្នុង​ការ​រិះគន់​ការ​ប្រើ​ប្រាស់​ផែនទី និង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម៕

XS
SM
MD
LG