ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​លើក​​ពេល​ការ​សម្រេច​លើ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​លោក​​អ៊ុំ សំអាន


លោក ​អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា​​អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ​លោក អ៊ុំ សំអាន ​ត្រូវ​បានតុលាការ​ឧទ្ទរណ៏​​សាកសួរ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។​ (ឡេង ឡែន/VOA)
លោក ​អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា​​អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ​លោក អ៊ុំ សំអាន ​ត្រូវ​បានតុលាការ​ឧទ្ទរណ៏​​សាកសួរ​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦។​ (ឡេង ឡែន/VOA)

លោក​ អ៊ុំ​ សំអាន៖ ​«អ្នក​ការពារ​ព្រំដែន​ជាប់​គុក​ អ្នក​ដែល​កាត់​ដី​ឲ្យ​យួន​ បែរ​ជា​រួច​ខ្លួន»។​

លោក​ អ៊ុំ សំអាន ​អ្នក​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អ្នក​ការពារ​ព្រំដែន​ជាប់​ឃុំ​ ឯ​អ្នក​កាត់​ដី​ឲ្យ​ប្រទេស​វៀតណាម​បែរ​ជា​រួច​ខ្លួន។​ ការ​ស្រែក​របស់​លោក​កើត​មាន​ឡើង​ ក្រោយ​ពី​តុលាការ​កំពូល​មិន​ទាន់​សម្រេច​លើ​ការ​ស្នើ​សុំ​ឲ្យ​បាននៅ​ក្រៅឃុំ​របស់​លោក។​

តុលាការ​កំពូល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​សម្រេច​ពន្យារ​ពេល​ប្រកាស​សាលដីកា​ចំពោះ​សំណើ​សុំ​ស្ថិត​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំអាន​ សមាជិក​សភា​គណបក្ស​ប្រឆាំង ទៅ​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​ ២០១៦​វិញ។​ នេះ​បើ​យោង​តាម​ទៅ​ការ​ប្រកាស​ពី​អង្គ​សវនាការ​តុលាការ​កំពូល​ និង​អ្នក​ការពារ​ក្តី​លោក​ អ៊ុំ​ សំអាន។​

​លោក​ អ៊ុំ សំអាន​ ដែល​មាន​សញ្ជាតិ​អាមេរិកាំង និង​ជា​អ្នក​តំណាងរាស្ត្រមណ្ឌល​ខេត្ត​សៀមរាប​ បាន​រង​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ ពី​បទ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ»​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​អធិប្បាយ​នានា​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក អំពី​ការ​ប្រើប្រាស់​ផែន​ទី​ និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា​និង​វៀតណាម។​

នៅ​ក្នុង​អង្គ​សវនាការ​ដែល​ធ្វើ​ឡើង​ប្រហែល​ជា​មួយ​ម៉ោង​ នៅ​តុលាការ​កំពូល​នាព្រឹក​ថ្ងៃ​ពុធ​ ទី​១០​ ខែ​សីហា​នេះ​ លោក​ អ៊ុំ​ សំអាន​ បាន​បដិសេធ​មិន​និយាយ​ជាមួយ​តុលាការ​ ព្រោះ​លោក​សំអាង​ថា​ លោក​នៅ​ជា​អ្នក​តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ។​

បន្ទាប់​ពី​អង្គ​ជំនុំជម្រះ​បាន​ស្តាប់​ការ​ពន្យល់​ ​របស់​មេធាវី​អ្នកតំណាងរាស្ត្រ​ អ៊ុំ​ សំអាន​ អំពី​ភាព​គ្មាន​ការ​ប្រព្រឹត្ត​បទល្មើស​ របស់​លោក​ អ៊ុំ​ សំអាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ លោក​ ឈួន​ ចាន់ថា​ ព្រះ​រាជអាជ្ញា​ នៃ​តុលាការ​កំពូល​ បាន​រក្សា​ការ​សម្រេច​ឃុំ​ខ្លួន​លោក​ អ៊ុំ​ សំអាន​ ដោយតុលាការ​ដំបូង​ក្រុង​ភ្នំពេញ​ ដែល​បាន​យោង​ទៅ​លើ​មាត្រា​២០៥​ នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង​អំពី​មូល​ហេតុ​នៃ​ការ​ឃុំ​ខ្លួន​ ​បណ្តោះអាសន្ន។​

​លោក​ ស្រី​ គឹម​ សត្ថាវី​ ប្រធាន​អង្គ​ជំនុំជម្រះ​ ក៏​ប្រកាស​ប្រាប់​អង្គ​សវនាការថា​ ការ​សម្រេច​របស់​តុលាការ​ចំពោះ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ អ៊ុំ​ សំអាន​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​ក្រោយ។

​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ហែម សុជាតិ​ មេធាវី​ការពារ​ក្តី​សមាជិក​សភា​គណបក្ស​ប្រឆាំង​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា​ លោក​ព្រះរាជអាជ្ញា ឈួន​ ចាន់ថា​ យល់​ថា​ ​ដោយសារ​តែ​លោក​ អ៊ុំ សំអាន​ ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ ​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ប្រមាណ​បួន​ម៉ឺន​នាក់ដើម្បី​ក្លាយ​ជា​អ្នក​តំណាងរាស្ត្រ​នោះ​ ធ្វើ​ឲ្យ​លោក អ៊ុំ​ សំអាន​ អាច​មាន​ឥទ្ធិពល​លើ​ប្រជារាស្ត្រ​ ដែល​អាច​បង្ក​ភាពវឹកវរ​នៅ​ក្នុង​សង្គម។​

មាត្រា​២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ បាន​ចែង​អំពី​ហេតុផល​ចំនួន​ប្រាំ​មួយ​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។​ នៅ​ត្រង់​ហេតុផល​ទី​៦នៃ​មាត្រា​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អាច​ត្រូវ​បាន​បង្គាប់​ កាល​ណា​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​ ជា​ការ​ចាំបាច់​ ដើម្បី​ធានា​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​កុំ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​ ដែល​បណ្តាល​មកពី​បទ​ល្មើស។​

យ៉ាងណា​ក៏​ដោយ​ ក្រុម​មេធាវី​ការពារ​ក្តី​ លោក​ អ៊ុំ​ សំអាន​ ក្នុង​នោះ​មាន​លោក​ ហែម​ សុជាតិ​ បាន​ពន្យល់​តុលាការ​ថា​ លោក​ អ៊ុំ​ សំអាន​ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។​

លោក​បន្តថា​ ការ​ថ្លែង​របស់​លោក​ អ៊ុំ​ សំអាន​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ គឺ​ជា​ការ​បញ្ចេញ​មតិ​ តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ ដែល​អាច​អនុញ្ញាត​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ចោទពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ»​ និង​«ញុះញង់​ឲ្យ​មានការ​រើស​អើង» ​បាន​នោះ​ឡើយ។​

ថ្លែង​នៅ​ក្នុង​បរិវេណ​នៃ​តុលាការ​កំពូល លោក​ ហែម សុជាតិ​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ក្រុម​មេធាវី​នៅ​មាន​ក្តី​សង្ឃឹមថា​ នឹង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ​កំពូល។​

«ខ្ញុំ​សង្ឃឹម​ថា​ ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ តុលាការ​កំពូល​នឹង​ពិចារណា​ ព្រោះ​នៅ​ក្នុង​ពេល​នេះ​ គឺ​តុលាការ​កំពូល​គាត់​មិន​បាន​ប្រកាស​សាលដីកា​ភ្លាម​ទេ​ គឺ​គាត់​ពន្យារ​ពេល​រហូត​ទៅដល់​ថ្ងៃ​ទី​១៧»។​

លោក​ អ៊ុំ​ សំអាន​ ក្នុង​សម្លៀកបំពាក់​ជា​អ្នក​ទោស​ពណ៌​ទឹក​ក្រូច​ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ លោក​ពិបាក​ប៉ាន់ស្មាន​ថា​ តុលាការ​នឹង​អនុញ្ញាត​ឲ្យ​លោក​ បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​បន្ត​មាន​ភាព​តានតឹង។​

លោក​ថ្លែង​បន្ថែម​ថា៖​

​«អ្នក​ការពារ​ព្រំដែន​ជាប់​គុក​ អ្នក​ដែល​កាត់​ដី​ឲ្យ​យួន​ បែរ​ជា​រួច​ខ្លួន»។​

លោក​ អ៊ុំ ​សំអាន​ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​សៀម​រាប​ ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី​៩​ខែ​មេសា​ ឆ្នាំ​២០១៦​ គឺ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ ក្រោយ​ពី​លោក​ត្រឡប់​មក​ពី​ ស.រ.អា.​ វិញ។​ លោក​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១០ ​ខែ​មេសា​ ហើយ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ» ​និង​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»។​

​ក្រៅ​ពី​លោក​ អ៊ុំ​ សំអាន ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ បច្ចុប្បន្ន​នេះ ​មាន​សមាជិក​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​យ៉ាង​ហោច​ណាស់១៧រូប​ហើយ ​បាន​ជាប់​ឃុំឃាំង ​ក្នុង​នោះ​ក៏​មាន​លោក​ ហុង ​សុខហួរ​ សមាជិក​ព្រឹទ្ធសភា​ ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង​ផែនទី ​និង​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដូច​លោក​ អ៊ុំ សំអាន​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG