ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy ថា លោក​គិត​ថា​លោក Putin មិន​មែន​កម្លា​លេង​រឿង​អាវុធ​នុយក្លេអ៊ែរ​ទេ


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា លោក​គិត​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin មិន​មែន​និយាយ​កម្លា​លេង​រឿង​អាវុធ​នុយក្លេអ៊ែរ​នោះ​ទេ នៅ​ពេល​ដែល​លោក Putin និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​ត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី​នោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Putin បាន​លើកឡើង​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​រុស្ស៊ី​នឹង «ប្រើ​គ្រប់​មធ្យោបាយ» ទាំងអស់​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី​និង​ប្រជា​ពលរដ្ឋ​របស់​ខ្លួន ប្រសិនបើ​បូរណភាព​ទឹកដី​របស់​ខ្លួន​រង​ការ​គំរាម​កំហែង។

លោក Zelenskyy ដែល​កាលពី​ពេល​មុន​ហាក់​មិន​បាន​ចាត់ទុក​ការ​ព្រមាន​បែប​នេះ​ថា​ជា​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​នោះ បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍ CBS News កាលពី​ថ្ងៃអាទិត្យ​ថា៖ «កាលពី​មុន​វា​ប្រហែល​គ្រាន់តែ​ជា​ការ​កម្លា​លេង។ ប៉ុន្តែ​ឥឡូវ​នេះ វា​អាច​ក្លាយជា​ការពិត»។

លោក Zelenskyy បាន​បន្ថែម​ថា៖ «ខ្ញុំ​មិន​គិត​ថា លោក Putin កំពុង​កម្លា​លេង​នោះ​ទេ»។

លោក Zelenskyy បាន​ថ្លែង​បន្ត​ទៀត​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ទៅ​លើ​ឬ​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយក្រែន ២ កន្លែង​កន្លង​មក​អាច​ត្រូវ​បាន​ចាត់ទុក​ថា​ជា «ការ​គំរាមកំហែង​នុយក្លេអ៊ែរ»។

រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​អំពី​ការ​បាញ់​ផ្លោង​ម្តង​ហើយ​ម្តង​ទៀត​ដាក់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhiaដែល​ត្រួតត្រា​ដោយ​រុស្ស៊ី​ក្នុង​អំឡុង​ពេល​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​ថា​បាន​វាយ​ប្រហារ​ដោយ​មីស៊ីល​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ Pivdennoukrainska។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​បាញ់ផ្លោង​ដាក់​រោងចក្រ Zaporizhzhia នោះ​ទេ ដោយ​បាន​ចោទ​រដ្ឋាភិបាល​អ៊ុយក្រែន​វិញ​ថា​ជា​អ្នក​ធ្វើ ហើយ​រដ្ឋាភិបាល​រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​អំពី​ការ​វាយ​ប្រហារ​នៅ​ឯ​រោងចក្រ​នុយក្លេអ៊ែរ Pivdennoukrainska នោះ​ឡើយ៕

XS
SM
MD
LG