ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​សន្យា​ផ្ដល់​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​អ៊ុយក្រែន ដោយ​ពិចារណា​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី


ទាហាន​អ៊ុយក្រែន​ឈរ​លើ​រថក្រោះ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បំផ្លាញ នៅ​តំបន់​ Kharkiv ក្នុង​ប្រទេស​អ៊ុយក្រែន​ ជិត​ព្រំដែន​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ ២០២២។
ទាហាន​អ៊ុយក្រែន​ឈរ​លើ​រថក្រោះ​របស់​រុស្ស៊ី​ដែល​ត្រូវ​បាន​បំផ្លាញ នៅ​តំបន់​ Kharkiv ក្នុង​ប្រទេស​អ៊ុយក្រែន​ ជិត​ព្រំដែន​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ ២០២២។

លោក Josep Borrell ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប បាន​និយាយ​ថា រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​បាន​យល់ស្រប​គ្នា​នៅ​ក្នុង​ការ​បន្ត​និង​បង្កើន​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​ប្រទេស​អ៊ុយក្រែន និង​ពិចារណា​អំពី​កញ្ចប់​ទណ្ឌកម្ម​ថ្មី​មួយ​ដើម្បី​ដាក់​លើ​បុគ្គល​មួយ​ចំនួន​របស់​ប្រទេស​រុស្ស៊ី​និង​លើ​វិស័យ​ខ្លះ​នៃ​សេដ្ឋកិច្ច​របស់​រុស្ស៊ី។

លោក Borrell បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ក្រោយ​ការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ពិសេស​មួយ​នៅ​ក្នុង​ទីក្រុង New York សហរដ្ឋ​អាមេរិក​ថា សេចក្តី​លម្អិត​នៃ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​នេះ​នឹង​ត្រូវ​កំណត់​ដោយ​ក្រុម​អ្នក​តំណាង​នៃ​សហភាព​អឺរ៉ុប ប៉ុន្តែ​លោក​ប្រាកដ​ក្នុង​ចិត្ត​ថា​នឹង​មាន​ការ​គាំទ្រ​ជា​ឯកច្ឆន្ទ។

លោក​បាន​និយាយ​ថា វា​ជា​ការ​សំខាន់​សម្រាប់​រដ្ឋមន្ត្រី​ការបរទេស​ទាំង​នេះ​នៅ​ក្នុង​ការ​ជួប​ប្រជុំ​គ្នា​និង​បញ្ជូន «សារ​ដ៏​មាន​ឥទ្ធិពល» មួយ នៅ​ចំ​ថ្ងៃ​ដែល​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ប្រកាស​អំពី​ការ​កេណ្ឌ​ទ័ព​មួយ​ផ្នែក​បន្ថែម​ទៀត​ក្នុង​ចំណោម​ក្រុម​ទាហាន​បម្រុង​របស់​ប្រទេស​រុស្ស៊ី និង​ថា លោក Putin «កំពុង​ព្យាយាម​បំផ្លាញ​ប្រទេស​អ៊ុយក្រែន‍»។

លោក Borell បាន​លើកឡើង​បន្ត​ថា បន្ថែម​ពី​លើ «ទុក្ខ​វេទនា​ខ្លាំងក្លា​ដែល​បង្ក​ឡើង​ដោយសារ​ភាព​គឃ្លើន​របស់​រុស្ស៊ី​លើ​ប្រជាពលរដ្ឋ​អ៊ុយក្រែន រដ្ឋាភិបាល​រុស្ស៊ី​បាន​ជ្រើសរើស​ពង្រីក​ផលវិបាក​នៃ​សង្គ្រាម​នេះ​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ការ​លើកឡើង​របស់​លោក Putin ដែល​មាន​គោល​បំណង​សំដៅ​ដល់​ឆន្ទៈ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ប្រសិនបើ​ចាំបាច់​ដើម្បី​ការពារ​ខ្លួន​នោះ គឺ​ជា «ការ​ប៉ុនប៉ង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​និង​ក្នុង​បំណង​អាក្រក់​ដើម្បី​បំផ្លាញ​ការ​គាំទ្រ​គ្មាន​ងាករេ​របស់​យើង​ចំពោះ​ប្រទេស​អ៊ុយក្រែន‍»។

លោក Borrell បាន​ថ្លែង​ដូច្នេះ​ថា៖ «ការ​គំរាម​កំហែង​ទាំង​នេះ​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ។ ប៉ុន្តែ ការ​គំរាមកំហែង​ទាំង​នេះ​មិន​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង ការ​តាំងចិត្ត​របស់​យើង សាមគ្គីភាព​របស់​យើង​នៅ​ក្នុង​ការ​ឈរ​ជាមួយ​ប្រទេស​អ៊ុយក្រែន និង​ការ​គាំទ្រ​ដ៏​ទូលំទូលាយ​របស់​យើង​ចំពោះ​សមត្ថភាព​របស់​អ៊ុយក្រែន​នៅ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព​របស់​ខ្លួន​នោះ​ទេ មិន​ថា​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​នោះ​ឡើយ»៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG