ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ព្រមាន​រុស្ស៊ី​អំពី​ផល​វិបាក​ដ៏ «រន្ធត់» បើ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​គម្រោង​គាំទ្រ​ស្ត្រី​អាហ្គាន​នីស្ថាន​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ថ្លែង​អំពី​គម្រោង​គាំទ្រ​ស្ត្រី​អាហ្គាន​នីស្ថាន​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជា​សាធារណៈ​និង​ជា​លក្ខណៈ​ឯកជន​ចំពោះ​ប្រទេស​រុស្ស៊ី​ឱ្យ «បញ្ឈប់​ការ​និយាយ​មិន​ប្រយ័ត្នប្រយែង​អំពី​អាវុធ​នុយក្លេអ៊ែរ» នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន។

លោក​ថ្លែង​ដូច្នេះ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​លើកឡើង​កាលពី​សប្ដាហ៍​មុន​ថា លោក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី។

លោក Blinken បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ក្នុង​កម្មវិធី «60 Minutes» របស់​ទូរទស្សន៍ CBS News ដែល​បាន​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា៖ «វា​ជា​រឿង​សំខាន់​បំផុត​ដែល​រដ្ឋាភិបាល​រុស្ស៊ី​ស្ដាប់​និង​យល់​ពី​យើង​ថា ផល​វិបាក​នឹង​គួរ​ឱ្យ​រន្ធត់ [ប្រសិនបើ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន] ហើយ​យើង​បាន​បញ្ជាក់​អំពី​ចំណុច​នេះ​យ៉ាង​ច្បាស់​រួច​មក​ហើយ»។

លោក Blinken បាន​លើកឡើង​ថា ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ «ជា​ការពិត នឹង​មាន​ផល​ប៉ះពាល់​មហន្តរាយ​ដល់​ប្រទេស​ដែល​ប្រើ​អាវុធ​ទាំង​នេះ​ផង និង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ផង»។

ការ​ឆ្លើយតប​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​លោក Putin បាន​ផ្ដល់​សញ្ញា​កាលពី​សប្ដាហ៍​មុន​អំពី​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ នៅ​ពេល​ដែល​លោក​បាន​ប្រកាស​កេណ្ឌ​ទាហាន​ចំនួន ៣០០.០០០ នាក់​បន្ថែម​ទៀត​ដើម្បី​ជួយ​ប្រទេស​រុស្ស៊ី​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​នៃ​ការ​ឈ្លានពាន​របស់​ខ្លួន​រយៈពេល ៧ ខែ​កន្លង​មក​ក្នុង​ប្រទេស​អ៊ុយក្រែន។

ការ​កេណ្ឌ​ទ័ព​បន្ថែម​របស់​រុស្ស៊ី​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ការ​ប្រយុទ្ធ​របស់​រុស្ស៊ី​នៅ​សមរភូមិ​មាន​ដំណើរ​ថយក្រោយ​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​កងទ័ព​អ៊ុយក្រែន​បាន​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​ដែនដី​មួយ​ចំនួន​ធំ​នៅ​ភាគ​ឦសាន្ត​ប្រទេស​អ៊ុយក្រែន​ដែល​កងទ័ព​រុស្ស៊ី​បាន​ដណ្ដើម​ត្រួតត្រា​នៅ​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​សង្គ្រាម៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters

XS
SM
MD
LG