ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យោធា​អ៊ុយក្រែន​ថា​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​រុស្ស៊ី​ចំនួន​ ១៤​គ្រឿង


រូបឯកសារ៖ រូបថតដែលមិនទាន់បានបញ្ជាក់នេះ ចេញផ្សាយដោយនាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្ររបស់យោធាអ៊ុយក្រែន បង្ហាញពីការបំផ្លិចបំផ្លាញនៃអ្វីដែលទីក្រុង Kyiv បានពណ៌នាថាជាដ្រូន Shahed របស់អ៊ីរ៉ង់ បានធ្លាក់នៅជិតទីក្រុង Kupiansk ប្រទេសអ៊ុយក្រែន។
រូបឯកសារ៖ រូបថតដែលមិនទាន់បានបញ្ជាក់នេះ ចេញផ្សាយដោយនាយកដ្ឋានទំនាក់ទំនងយុទ្ធសាស្ត្ររបស់យោធាអ៊ុយក្រែន បង្ហាញពីការបំផ្លិចបំផ្លាញនៃអ្វីដែលទីក្រុង Kyiv បានពណ៌នាថាជាដ្រូន Shahed របស់អ៊ីរ៉ង់ បានធ្លាក់នៅជិតទីក្រុង Kupiansk ប្រទេសអ៊ុយក្រែន។

អ៊ុយក្រែន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រុស្ស៊ី​បាន​វាយ​ប្រហារ​ដោយ​ដ្រូន​ចំនួន​១៤គ្រឿង​និង​កាំជ្រួច​មីស៊ីល Cruise ដែល​ជា​ផ្នែក​មួយ​នៃ​ការវាយ​ប្រហារ​នៅ​ពេល​ថ្មីៗនេះ​របស់​ខ្លួន។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ដ្រូន​ទាំង​អស់​ដែល​បាន​ហោះ​មក​កាន់​ទិសដៅ​នៅ​ផ្នែក​នានា​នៃ​តំបន់​ភាគ​កណ្តាល អាគ្នេយ៍​និង​ខាង​លិច​ប្រទេស​អ៊ុយក្រែន។

មិន​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​ពី​ការខូចខាត​ឬ​មនុស្ស​ស្លាប់​និង​រងរបួស​ទេ។

យោធា​អ៊ុយក្រែន​ក៏​បាន​និយាយ​ដែរ​ថា​កាំជ្រួច​មីស៊ីល​រុស្ស៊ី​ធុនX-22បាន​ធ្លាក់​នៅ​វាល​ក្នុង​តំបន់ Zaporizhzhiaដោយ​មិន​បាន​ហោះ​ទៅដល់​ទីដៅ​របស់​វា។

អ៊ុយក្រែន​បាន​កំណត់​អត្តសញ្ញាណ​ដ្រូន​រុស្ស៊ី​ទាំង​នោះ​ជា​ដ្រូន Shahedធ្វើ​នៅ​ប្រទេស​អ៊ីរ៉ង់ ហើយ​ការវាយ​ប្រហារ​នៅពេល​ថ្មីៗ​បំផុត​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ការព្រមាន​ដោយ​សហរដ្ឋ​អាមេរិក​ថា​អ៊ីរ៉ង់​អាច​ផ្តល់​ឱ្យ​រុស្ស៊ី​នូវ​កាំជ្រួច​បាល្លីស្ទិក​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Kirbyបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា«នៅ​ក្នុង​ការឆ្លើយតប​ដល់​ការជួយ​ឧបត្ថម្ភ​នេះ រុស្ស៊ី​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​វិញ​នូវ​កិច្ចសហប្រតិបត្តិការ​ខាង​ការពារ​ប្រទេស​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន រួម​មាន​កាំជ្រួច​មីស៊ីល អេឡិចត្រូនិក​និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស»។

លោកKirbyបាន​និយាយ​ទៀត​ថា​បន្ថែម​ពី​ដ្រូន អ៊ីរ៉ង់​បាន​ផ្តល់​ឱ្យ​រុស្ស៊ី​រួច​ហើយ​នូវ​គ្រាប់​បែក​ទម្លាក់​ពី​លើ​អាកាស​ដែល​មាន​ការបញ្ជា​និង​គ្រាប់​កាំភ្លើង​សម្រាប់​ប្រើ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFPនិង Reuters។

XS
SM
MD
LG