មន្ត្រីមួយរូបមកពីប្រទេសសម្ព័ន្ធមិត្តលោកខាងលិចមួយទៀតបានធ្វើទស្សនកិច្ចដ៏ភ្ញាក់ផ្អើលទៅកាន់ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ ក្នុងពេលដែលកងទ័ពរុស្ស៊ីបានបន្តវាយប្រហារដោយមីស៊ីលនិងដ្រូនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវមួយថ្ងៃក្រោយមកបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានធ្វើទស្សនកិច្ចទៅទីនោះ។
លោករដ្ឋមន្ត្រីការពារជាតិទាំងពីរបាននិយាយថា ប្រទេសទាំងពីរនឹងជួយអ៊ុយក្រែនក្នុងអំឡុងរដូវរងាខាងមុខនេះដែលអាចប្រែប្រួលនិងត្រូវគេរំពឹងថាមានរយៈពេលវែងនិងត្រជាក់។
ប្រទេសអាល្លឺម៉ង់គឺជាប្រទេសផ្គត់ផ្គង់ជំនួយយោធាធំបំផុតទីពីរឱ្យប្រទេសអ៊ុយក្រែនបន្ទាប់ពីសហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចលើកទីពីររបស់លោក Pistorius ទៅកាន់ប្រទេសអ៊ុយក្រែននេះបានធ្វើឡើងក្នុងអំឡុងពេលអ៊ុយក្រែនប្រារព្ធទិវាបះបោរគាំទ្រប្រជាធិបតេយ្យខែវិច្ឆិកាឆ្នាំ ២០១៣ របស់ខ្លួន។
លោក Pistorius បាននិយាយនៅពេលលោកដាក់ផ្កានៅទីលាន Maidan នៅកណ្ដាលទីក្រុងកៀវថា៖ «ខ្ញុំមកទីនេះម្ដងទៀតហើយ ដោយដំបូងសន្យាផ្ដល់ការគាំទ្របន្ថែមទៀត ប៉ុន្តែក៏ចង់បង្ហាញនូវសាមគ្គីភាពនិងទំនាក់ទំនងជ្រាលជ្រៅរបស់យើងក៏ដូចជាការគោរពរបស់យើងចំពោះការប្រយុទ្ធដ៏អង់អាចក្លាហាននិងខាតបង់យ៉ាងច្រើនដែលកំពុងកើតឡើងនៅទីនេះផងដែរ»។
ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងសុន្ទរកថានៅថ្ងៃអង្គារនេះដោយភ្ជាប់បាតុកម្មឆ្នាំ ២០១៣ ដែលជាបាតុកម្មមានរយៈពេលរាប់ខែ ជាមួយនឹងសង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីនៅពេលនេះ។
ស្របពេលនេះដែរ រុស្ស៊ីនៅបន្តធ្វើការវាយប្រហារខ្លាំងក្លាលើអ៊ុយក្រែនដោយប្រើដ្រូននិងមីស៊ីល ដោយបានបំផ្លាញមន្ទីរពេទ្យមួយកន្លែង អគារមួយខ្នងនៅអណ្ដូងរ៉ែមួយកន្លែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀត៕