អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Valeriy Zaluzhnyi បានដាក់ចេញអាទិភាពមួយចំនួនសម្រាប់អ៊ុយក្រែន និងការប្រឈមនានាដែលអាចធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ប្រទេសនេះ នៅក្នុងអត្ថបទវិភាគមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសារព័ត៌មានជាច្រើនរាយការណ៍ថា លោកអាចនឹងត្រូវបានបណ្តេញចេញពីតំណែង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកនាយឧត្តមសេនីយ៍ Zaluzhnyi មិនបានបញ្ជាក់ក្នុងអត្ថបទវិភាគនោះទេ ពីជម្លោះរវាងលោកនិងលោកប្រធានាធិបតី Volodymyr Zelenskyy ឬក៏លើកឡើងពីលទ្ធភាពដែលលោកអាចចាកចេញពីតួនាទីនេះ នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ CNN ។ ទូរទស្សន៍អាមេរិកមួយនេះផ្សាយថា លោក Zaluzhnyi បានសរសេរអត្ថបទវិភាគមួយនេះ មុនពេលដែលលោកត្រូវបាន«ប្រកាសបណ្តេញចេញពីតំណែង តាមការរំពឹងទុក»។
ទូរទស្សន៍ CNN បានស្រង់ប្រភពមួយក្នុងពេលកន្លងទៅដោយនិយាយថា លោក Zelenskyy មានកំណត់នឹងប្រកាសបណ្តេញមេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនរូបនេះក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងអ្វីដែលជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ ក្នុងអំឡុងពេលកំពុងមានការឈ្លានពានដ៏ពេញទំហឹងរបស់រុស្ស៊ីនៅពេលនេះ។
មន្ត្រីជាន់ខ្ពស់មួយរូបនៃខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា គេនៅមិនទាន់ឃើញមានសេចក្តីសម្រេចបណ្តេញនាយឧត្តមសេនីយ៍រូបនេះនៅឡើយទេរហូតមកដល់ថ្ងៃនេះ និងបានស្នើសុំកុំឱ្យយករឿងនេះធ្វើជាបញ្ហានយោបាយ។
នៅក្នុងអត្ថបទវិភាគរបស់លោក លោក Zaluzhnyi និយាយថា ប្រទេសអ៊ុយក្រែនត្រូវតែរកវិធីថ្មីៗនិងសមត្ថភាពមួយចំនួន ដើម្បីយកប្រៀបទៅលើរុស្ស៊ី ខណៈសង្គ្រាមនេះកំពុងជិតឈានចូលដល់ឆ្នាំទី៣ហើយ។
លោកសរសេរថា៖ «គេមិនអាចមើលស្រាលការប្រឈមរបស់កងកម្លាំងយើងឡើយ។ គេត្រូវបង្កើតឱ្យមានប្រព័ន្ធរដ្ឋទាំងស្រុងថ្មីមួយ ដែលបំពាក់អាវុធយុទ្ធភ័ណ្ឌដែលមានបច្ចេកវិទ្យាខ្ពស់»។
លោកបន្ថែមទៀតថា៖ «យើងត្រូវគិតគូដល់បញ្ហាគ្រប់យ៉ាងក្នុងពេលនេះ។ យើងគិតថា ការបង្កើតប្រព័ន្ធថ្មីមួយដូចនេះអាចរៀបចំធ្វើហើយក្នុងរយៈពេល៥ខែ។ ដៃគូរបស់យើងក៏មានទស្សនៈដូចយើងដែរ»។
លោកក៏បានលើកបញ្ជាក់ពីការចាំបាច់របស់អ៊ុយក្រែន ក្នុងការផលិតយន្តហោះដ្រូនឱ្យបានច្រើនថែមទៀត៕
វេទិកាបញ្ចេញមតិ