បណ្តាមេដឹកនាំ ២៧ ប្រទេស របស់សហភាពអឺរ៉ុបបានព្រមព្រៀងលើកិច្ចព្រមព្រៀងមួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវកញ្ចប់ជំនួយដែលមានទឹកប្រាក់ ៥៤ ពាន់លានដុល្លារ ថ្វីបើមានការគំរាមកំហែងអស់រាប់សប្តាហ៍ពីប្រទេសហុងហ្គារី ដើម្បីបោះឆ្នោតវ៉េតូប្រឆាំងនឹងចំណាត់ការនេះក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានប្រកាសកិច្ចព្រមព្រៀងនេះប្រហែលមួយម៉ោងប៉ុណ្ណោះ នៅក្នុងជំនួបកំពូលរបស់បណ្តាមេដឹកនាំនៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។
លោក Michel បានថ្លែងនៅក្នុងការចុះផ្សាយលើប្រព័ន្ធ X ថា៖ «យើងសម្រេចបានកិច្ចព្រមព្រៀងហើយ»។ លោកបាននិយាយទៀតថា កិច្ចព្រមព្រៀងនោះ«ជាការផ្តល់ថវិកាមិនប្រែប្រួលរយៈពេលយូរ អាចព្យាករណ៍បានសម្រាប់អ៊ុយក្រែន» ហើយបានបង្ហាញថា«សហភាពអឺរ៉ុបកំពុងដឹកនាំនិងមានការទទួលខុសត្រូវនៅក្នុងការជួយឧបត្ថម្ភអ៊ុយក្រែន។ យើងដឹងពីអ្វីដែលជាបញ្ហា»។
គេមិនទាន់ដឹងភ្លាមៗនៅឡើយថា តើមានការផ្តល់សម្បទានណាមួយដែលត្រូវធ្វើដើម្បីទទួលបានការយល់ព្រមពីនាយករដ្ឋមន្ត្រីហុងហ្គារីលោក Viktor Orban នោះ។
នៅពេលធ្វើដំណើរចូលរួមជំនួប មេដឹកនាំជាច្រើនបានរិះគន់លោក Orban ដោយបានចោទប្រកាន់លោកពីការគំរាមរកប្រយោជន៍និងកំពុងលេងល្បែងនយោបាយ ដែលធ្វើឱ្យអន្តរាយដល់ការជួយឧបត្ថម្ភអ៊ុយក្រែន និងសេដ្ឋកិច្ចដែលត្រូវបានបំផ្លិចបំផ្លាញសង្គ្រាមរបស់អ៊ុយក្រែន។
ជិត ២ ឆ្នាំ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនមក សង្គ្រាមនេះបានធ្វើឱ្យសេដ្ឋកិច្ចរបស់អ៊ុយក្រែនពាក់កណ្តាលជាប់គាំងដែលចាំបាច់ជួយទ្រទ្រង់។ ក៏ប៉ុន្តែ ការប្រយុទ្ធខាងនយោបាយនៅក្នុងសហភាពអឺរ៉ុបនិងនៅក្នុងសហរដ្ឋអាមេរិកបានបង្អាក់ប្រភពផ្តល់ថវិកាយូរអង្វែង។
ការព្រួយកង្វល់បានកើនឡើងថាការគាំទ្រសាធារណៈដើម្បីបន្តចាក់ប្រាក់ចូលក្នុងប្រទេសអ៊ុយក្រែនបានចាប់ផ្តើមធា្លក់ចុះ ទោះបីជ័យជម្នះរបស់រុស្ស៊ីអាចគំរាមកំហែងសន្តិសុខនៅទូទាំងអឺរ៉ុបក៏ដោយ៕
វេទិកាបញ្ចេញមតិ