ប្រទេសអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យោធារុស្ស៊ីបានវាយប្រហារលើខ្លួនកាលពីយប់មិញដោយប្រើដ្រូន ៣៥ គ្រឿងនិងមីស៊ីលបញ្ជា ២ គ្រាប់សំដៅលើតំបន់ជាច្រើន។
កងទ័ពជើងអាកាសរបស់អ៊ុយក្រែនបានលើកឡើងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបំផ្លាញដ្រូនចំនួន ១៥ គ្រឿងក្នុងចំណោមនោះ ដែលនៅក្នុងនោះការស្ទាក់បាញ់បំផ្លាញដ្រូនខ្លះបានធ្វើឡើងនៅលើតំបន់ Mykolaiv តំបន់ Sumy តំបន់ Cherkasy តំបន់ Dnipropetrovsk តំបន់ Kharkiv តំបន់ Kherson និងតំបន់រដ្ឋធានីកៀវ។
កងទ័ពជើងអាកាសអ៊ុយក្រែនបានបន្ថែមថា ការវាយប្រហារមួយផ្នែករបស់រុស្ស៊ីនេះផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យឥន្ធនៈនិងថាមពល។
រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានរារាំងការវាយប្រហារដោយដ្រូន២១ គ្រឿងរបស់អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរបស់រុស្ស៊ីបានរាយការណ៍ថា យោធារុស្ស៊ីបានស្ទាក់បំផ្លាញដ្រូនរបស់អ៊ុយក្រែនលើឧបទ្វីបគ្រីមា (Crimea) ដែលរុស្ស៊ីបានភ្ជាប់យកពីអ៊ុយក្រែននៅឆ្នាំ ២០១៤ ក៏ដូចជាលើតំបន់ Belgorod តំបន់ Bryansk តំបន់ Kaluga និងតំបន់ Tula នៃប្រទេសរុស្ស៊ីផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានព្រមានកាលពីថ្ងៃចន្ទថា សង្គ្រាមការពារខ្លួនរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ីកំពុងជួបហានិភ័យ ប្រសិនបើសភាអាមេរិកមិនអនុម័តជំនួយថ្មីសម្រាប់អ៊ុយក្រែន។
អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បានបង្ហាញទំនុកចិត្តថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែន ដោយលោកបានបញ្ជាក់ថា វាគឺជាផលប្រយោជន៍របស់អាមេរិកនៅក្នុងការធានាថារុស្ស៊ីមិនឈ្នះនៅក្នុងសង្គ្រាមនេះ។
លោក Stoltenberg ក៏បានបញ្ជាក់ផងដែរថា ការផ្ដល់ជំនួយដល់អ៊ុយក្រែនគឺជាកិច្ចប្រឹងប្រែងរួមជាមួយនឹងសម្ព័ន្ធមិត្តអង្គការអូតង់ និងថាគេមិនយល់ឃើញថាជំនួយនេះជារឿងសប្បុរសធម៌នោះទេ ប៉ុន្តែជា «ការវិនិយោគលើសន្តិសុខផ្ទាល់ខ្លួនរបស់យើង»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ