ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​កំពុង​ជម្លៀស​កងទ័ព​សេសសល់​របស់​ខ្លួន​ពី​ទីក្រុង Mariupol


ទាហានអ៊ុយក្រែនម្នាក់ដែលរងរបួសនិងដែលត្រូវបានជម្លៀសចេញពីរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol បានមកដល់តំបន់ Novoazovsk ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនម្នាក់ដែលរងរបួសនិងដែលត្រូវបានជម្លៀសចេញពីរោងចក្រដែកថែប Azovstal នៅទីក្រុង Mariupol បានមកដល់តំបន់ Novoazovsk ក្នុងប្រទេសអ៊ុយក្រែន ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២។

យោធា​របស់​អ៊ុយក្រែន​បាន​ធ្វើការ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ជម្លៀស​ក្រុម​អ្នក​ប្រយុទ្ធ​របស់​ខ្លួន ដែល​នៅ​សេសសល់ ចេញពី​រោងចក្រ​ដែក​ថែប Azovstal នៅ​ក្នុង​ទីក្រុង Mariupol ជា​ទីកន្លែង​ដែល​ការ​បាញ់​ផ្លោង​អស់​រយៈពេល ៣ ខែ​របស់​រុស្ស៊ី​បាន​បន្សល់​ទុក​នូវ​ភាព​ខ្ទេចខ្ទាំ​នៅ​ក្នុង​ទីក្រុង​ដែល​ត្រូវ​បាន​ឡោមព័ទ្ធមួយ​នេះ។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ក្រុម​អ្នក​ប្រយុទ្ធអ៊ុយក្រែន​ជាង ២៦០ នាក់ត្រូវ​បាន​ជម្លៀស​ចេញ​កាល​ពី​ថ្ងៃ​ចន្ទ។

ក្រុម​អ្នក​ប្រយុទ្ធដែល​រងរបួស​ធ្ងន់ធ្ងរ​ចំនួន ៥៣ នាក់​ ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Novoazosk នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង Mariupol។ នេះ​បើ​តាម​អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន លោក​ស្រី Anna Malyar។ ទីក្រុង Novoazovsk ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​រុស្ស៊ី​ និង​ក្រុម​ទាមទារ​បំបែករដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី។

លោក​ស្រី Malyar និយាយ​ថា ក្រុម​អ្នក​ប្រយុទ្ធ​ចំនួន ២១១ នាក់​ទៀតត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​ទីក្រុង Olenivka ជា​តំបន់​មួយ​ដែល​ត្រួតត្រា​ដោយ​ក្រុម​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​រុស្ស៊ី។ លោក​ស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា ក្រុម​អ្នក​ជម្លៀស​គឺ​ជា​ការ​ដោះដូរ​អ្នក​ទោស​ជាមួយ​រុស្ស៊ី។

ក្នុង​អំឡុង​នៃ​ការថ្លែង​សុន្ទរកថាតាម​វីដេអូ​នៅ​ពេល​យប់​របស់​លោក​ទៅកាន់​ប្រទេស​ជាតិ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ពី​ការ​ជម្លៀស​ទាហានអ៊ុយក្រែន​ចេញ​ពី​ទីក្រុង Mariupol។

លោក​ប្រធានាធិបតី Zelenskyy បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា អ៊ុយក្រែន​ត្រូវការ​វីរជន​អ៊ុយក្រែន​ទាំង​រស់​មក​វិញ។ ខ្ញុំ​គិត​ថា គ្រប់​មនុស្ស​ទាំង​អស់​នឹង​យល់​អំពី​ពាក្យ​សម្តី​ទាំង​នេះ។ កិច្ចប្រតិបត្តិការ​ដើម្បី​ជួយ​សង្គ្រោះ​ក្រុម​ប្រយុទ្ធ​ការពារ​ទីក្រុង Mariupol ត្រូវ​បាន​ចាប់ផ្តើម​ដោយ​ក្រុម​មន្ត្រី​យោធា​និង​ស៊ើបការណ៍​សម្ងាត់​របស់​យើង។ ដើម្បី​នាំ​យុទ្ធជន​ទាំង​នោះ​មក​ផ្ទះ​របស់​ពួកគេវិញ ការងារ​ត្រូវ​បន្ត​ធ្វើ​ ហើយ​ការងារ​នេះ​ត្រូវការ​ពេល​វេលា»។

លោក​ស្រី Malyar និយាយ​ទៀត​ថា កិច្ច​ប្រឹងប្រែង​នឹង​ត្រូវ​បន្ត​ធ្វើ​ឡើង​ដើម្បី​ជួយ​សង្គ្រោះ​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​នៅ​សេសសល់​ នៅ​ខាង​ក្នុង​រោងចក្រ​ដែក​ថែប​ដែល​ជា​ទីកន្លែង​ការតស៊ូ​ប្រយុទ្ធ​គ្នា​ដ៏​ស្វិតស្វាញ​បំផុត​មួយ នៅ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ដែល​រង​ការ​បំផ្លេច​បំផ្លាញ​នៅ​ភាគ​ខាង​ត្បូង។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា កងទ័ព​អ៊ុយក្រែន​បាន​ស្ថិត​នៅ​រវាង​បីឬបួន​គីឡូម៉ែត្រ​ពី​ព្រំដែន​របស់រុស្ស៊ី​តែ​ប៉ុណ្ណោះ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters

XS
SM
MD
LG