នៅថ្ងៃអង្គារនេះ ប្រទេសរុស្ស៊ីបាននិយាយថាសេចក្តីសម្រេចរបស់ប្រទេសអ៊ុយក្រែនក្នុងការដាក់កំហិតច្បាប់អាជ្ញាសឹកនៅក្រោយកងកម្លាំងរុស្ស៊ីបានរឹបអូសនាវាអ៊ុយក្រែននិងពួកនាវិកនៃកប៉ាល់ទាំងនេះនៅក្នុងសមុទ្រខ្មៅអាចនាំឱ្យមានកំណើនអរិភាពនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃចន្ទសភានៃប្រទេសអ៊ុយក្រែនបានបោះឆ្នោតយល់ព្រមឱ្យមានការប្រើច្បាប់អាជ្ញាសឹកនៅក្នុងតំបន់១០ក្នុងបណ្តាតំបន់ទាំងអស់២៧នៃប្រទេសនេះដោយចាប់ផ្តើមពីថ្ងៃពុធស្អែកនេះទៅ។
លោកប្រធានាធិបតី Petro នៃប្រទេសអ៊ុយក្រែនបានមានប្រសាសន៍ថា ច្បាប់អាជ្ញាសឹកនឹងជួយ«ពង្រឹងសមត្ថភាពខាងកិច្ចការពារប្រទេសនៃប្រទេសអ៊ុយក្រែននៅពេលមានកំណើនអំពើឈ្លានពានហើយបើតាមច្បាប់អន្តរជាតិវាជាសកម្មភាពឈ្លានពានគ្មានមេត្តាដោយសហព័ន្ធរុស្ស៊ី»។ លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះបាននិយាយបន្ថែមថា ប្រទេសអ៊ុយក្រែនចង់ «ធ្វើតាមកាតព្វកិច្ចអន្តរជាតិទាំងអស់»។
វិធានការនេះអំពាវនាវឱ្យមានការប្រើច្បាប់អាជ្ញាសឹកចំនួន៣០ថ្ងៃដែលជាការផ្តល់សម្បទានដល់ពួកប្រឆាំងដែលនឹងអនុញ្ញាតឱ្យមានការបោះឆ្នោតដែលមានកំណត់នឹងធ្វើក្នុងខែធ្នូខាងមុខនេះ។
កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបាញ់នាវាចម្បាំងអ៊ុយក្រែនពីរគ្រឿង ហើយបានបើកបុកកប៉ាល់ទីបីនៅក្នុងសមុទ្រខ្មៅ បានរឹបអូសនាវាទាំងនេះហើយបានចោទប្រកាន់ថាកប៉ាល់ចម្បាំងអ៊ុយក្រែនទាំងថាបានបើកចូលដោយខុសច្បាប់ក្នុងដែនទឹករុស្ស៊ី។
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំអ.ស.ប.បានថ្កោលទោសប្រទេសរុស្ស៊ីអំពី «ការរំលោភជាខ្លាំងដល់ទឹកដីអធិបតេយ្យនៃប្រទេសអ៊ុយក្រែន»៕