ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចចរចា​អ៊ុយក្រែន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ថ្មី​ខណៈ​ការ​ប្រយុទ្ធ​នៅ​តែ​បន្ត


ទាហាន​អ៊ុយក្រែន​ឈរ​នៅ​ខាង​ក្រៅ​អការ​ក្រុម​ប្រឹក្សា​ក្រុង​នៅ​ក្នុង​ទីក្រុង​ Debaltseve ប្រទេស​អ៊ុយក្រែន​ កាលពី​ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០១៥។
ទាហាន​អ៊ុយក្រែន​ឈរ​នៅ​ខាង​ក្រៅ​អការ​ក្រុម​ប្រឹក្សា​ក្រុង​នៅ​ក្នុង​ទីក្រុង​ Debaltseve ប្រទេស​អ៊ុយក្រែន​ កាលពី​ថ្ងៃទី៣១ ខែមករា​ ឆ្នាំ២០១៥។

អាជ្ញាធរ​នៃ​ប្រទេស​អ៊ុយក្រែន​និង​ក្រុម​ឧទ្ទាម​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​រុស្សី​បាន​បើក​កិច្ចចរចា​សន្តិភាព​ថ្មី​មួយ​កាល​ពី​ថ្ងៃ​សៅរ៍ ទោះជា​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប៉ែក​ខាង​កើត​ប្រទេស​ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ទាំង​ទាហាន​និង​ទាំង​ជន​ស៊ីវិល​ក៏​ដោយ។​

បើ​តាម​លោក Vyacheslav Abroskin មេ​ប៉ូលីស​នៃ​តំបន់ Donetsk កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ថា​ការ​បាញ់​ផ្តក់​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​កន្លែង​យុទ្ធសាស្ត្រ Debaltseve បាន​បណ្តាល​ឱ្យ​ជន​ស៊ីវិល​១២នាក់​ស្លាប់។​ ក្រុង​ Debaltseve ឋិត​នៅ​ទិស​ឦសាន​ក្រុង​ Donetsk ហើយ​ជា​ព្រំប្រទល់​រវាង​ក្រុង​នេះ​និង​ក្រុង Luhansk ដែល​ជា​សំបុក​ធំមួយ​ទៀត​របស់​ក្រុម​ឧទ្ទាម។

រដ្ឋាភិបាល​នៅ​តែ​រក្សា​ការត្រួតត្រា​លើ​កន្លែង​ប្រសព្វ​ផ្លូវ​រទេះ​ភ្លើង​និង​ផ្លូវ​ទ្បាននេះ​ដែល​គ្មាន​ទឹក អគ្គិសនី​និង​ឧស្ម័ន​ជា​ច្រើន​ថ្ងៃ​មក​ហើយ។​

បន្ថែម​ពី​លើ​ការ​ស្លាប់​នៃ​ក្រុម​ជន​ស៊ីវិល​ លោក Stepan Poltorak រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ទាហាន​១៥នាក់​ក៏​បាន​ស្លាប់​ដែរ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ក្រុម​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​រុស្សី។

នៅ​ពេល​ដែល​ស្ថានការណ៍​នៅ​ក្នុង​ប៉ែក​ខាង​កើត​ប្រទេស​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​មុន ក្រុម​អ្នកតំណាង​មក​ពី​ប្រទេស​អ៊ុយ​ក្រែន​ ប្រទេស​រុស្សី​និងអ្នក​តំណាងឧទ្ទាម​បាន​ប្រជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី​មីនស្កិ៍ (Minsk) នៃ​ប្រទេស​បេឡារុស (Belarus) ដើម្បី​ធ្វើការ​ចរចា​ដែល​បាន​កំណត់​ធ្វើ​កាល​ពី​ថ្ងៃ​សុក្រ។ ​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​យល់ព្រម​កាល​ពី​ខែ​កញ្ញា​បាន​ត្រូវ​រំលោភ​ច្រើនដង​ហើយ​បាន​បរាជ័យ​ទាំង​ស្រុង​កាល​ពី​សប្តាហ៍​មុន​នៅ​ពេល​ក្រុម​ឧទ្ទាម​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្តើម​ការ​វាយ​លុក​ថ្មី​មួយ​ដែល​បាន​ត្រូវ​ធ្វើ​ទ្បើង​ដើម្បី​ពង្រីក​ដែនដី​ពួក​គេ។

វិបត្តិ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៥ពាន់​១រយនាក់​ស្លាប់​ចាប់តាំង​ពី​វា​បានកើត​មាន​ទ្បើង​កាល​ពី​ខែ​មេសា​នៅ​ក្រោយ​រុស្សី​ចូល​កាន់កាប់​ឧបទ្វីប​គ្រីម៉េ៕

XS
SM
MD
LG