ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា និង​អឺរ៉ុប​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​នៅ​អ៊ុយក្រែន​


លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា (ខាងលើ) ​និង​ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​គំរាម​កំហែង​​ដាក់​ទណ្ឌកម្មថ្មីៗ​លើ​ប្រទេស​រុស្សី​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​លម្អៀង​ទៅ​ខាង​រុស្សី​បាន​​ធ្វើការ​វាយ​ប្រហារ​រ៉ូកែតដ៏​ប្រល័យ​មួយ​ទៅ​លើ​ក្រុង​កំពង់ផែ​ Mariupol ប្រទេស​អ៊ុយក្រែន។​
លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា (ខាងលើ) ​និង​ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​គំរាម​កំហែង​​ដាក់​ទណ្ឌកម្មថ្មីៗ​លើ​ប្រទេស​រុស្សី​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​លម្អៀង​ទៅ​ខាង​រុស្សី​បាន​​ធ្វើការ​វាយ​ប្រហារ​រ៉ូកែតដ៏​ប្រល័យ​មួយ​ទៅ​លើ​ក្រុង​កំពង់ផែ​ Mariupol ប្រទេស​អ៊ុយក្រែន។​

លោក​ប្រធានាធិបតី​ស.រ.អា.បារ៉ាក់ អូបាម៉ា (Barack Obama) ​និង​ក្រុម​មេដឹកនាំ​អឺរ៉ុប​បាន​គំរាម​កំហែងដាក់​ទណ្ឌកម្មថ្មីៗ​លើ​ប្រទេស​រុស្សី​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​លម្អៀង​ទៅ​ខាង​រុស្សី​បានធ្វើការ​វាយ​ប្រហារ​រ៉ូកែតដ៏​ប្រល័យ​មួយ​ទៅ​លើ​ក្រុង​កំពង់ផែ​ Mariupol ប្រទេស​អ៊ុយក្រែន។​

កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ លោកអូបាម៉ា​បានមាន​ប្រសាសន៍​ថា​លោកនឹង «បង្កើន» គំនាបសង្កត់​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​នៅ​ក្រោយ​ការ​វាយ​ប្រហារ​មួយ​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​ដែល​បានបណ្តាល​ឲ្យ​មនុស្សយ៉ាង​តិច​ណាស់​៣០​ស្លាប់​និង​ជាង៨០​នាក់​ទៀត​រង​របួសនៅ​ពេល​គ្រាប់​រ៉ូកែត​បានធ្លាក់​ទៅ​ក្នុង​ផ្សារ​មួយ​និង​អាគារ​ផ្ទះ។

កាលពី​ពេលថ្មីៗនេះ​មាន​ក្រុម​មេដឹកនាំ​ខ្លះ​ក្នុង​ទ្វីប​អឺរ៉ុប​បាននិយាយ​អំពីការ​បន្ធូរ​បន្ថយ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ។​ក៏​ប៉ុន្តែលោក​Donald Tusk អតីត​នាយ​ករដ្ឋមន្ត្រីប្រទេស​ប៉ូទ្បូញ ដែល​នៅ​ពេល​នេះ​កាន់​តំណែង​ជា​ប្រធាន​នៃ​ការ​ប្រជុំ​សន្និសីទកំពូលសហភាព​អឺរ៉ុប​បានផ្ញើសារ​តាម​ Tweeter ថា «ជា​ម្តង​ទៀត​ ការ​សម្រន់​ចិត្ត​នឹង​លើក​ទឹក​ចិត្ត​ក្រុម​ឈ្លាន​ពាន​ឲ្យ​ធ្វើសកម្មភាព​ហិង្សា​ខ្លាំង​ជាង​មុន។​ដល់​ពេល​វេលា​ហើយ​ដែល​យើង​ត្រូវ​បង្កើន​គោលនយោបាយ​ដោយ​ផ្អែក​លើ​ការ​ពិ​ត​ជាក់ស្តែង​ មិន​មែន​លើ​ការ​ស្រមើស្រមៃ​ទេ»។

លោក​ប្រធានា​ធិបតី​អ៊ុយ​ក្រែន Petro Poroshenko បានមាន​ប្រសាសន៍​ថា​ការស្ទាក់​ការ​សន្ទនា​គ្នា​តាម​វិទ្យុ​និង​ទូរស័ព្ទ​ដោយ​រដ្ឋាភិបាល​ក្រុង​ Kyiv បង្ហាញ​ថា​ក្រុម​ទាមទារបំបែក​រដ្ឋ​គាំទ្រ​ដោយ​រុស្សីជាអ្នកទទួល​ខុសត្រូវ​ដល់​ការ​វាយ​ប្រហារ​លើ​ក្រុង​ Mariupol។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​រដ្ឋមន្ត្រី​ការបរទេសរុស្សី Sergei Lavrov បាននិយាយ​ថាកង​កម្លាំង​រដ្ឋាភិបាល​ក្រុង​ Kyiv ជាអ្នកទទួល​ខុស​ត្រូវ​លើ​កំណើន​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេសអ៊ុយក្រែន​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗនេះ។​លោក​ Lavrov បាននិយាយ​ប្រាប់លោកស្រី​ Federica Mogherini ប្រធាន​ផ្នែក​គោល​នយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការ​ហៅ​តាម​ទូរស័ព្ទ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូចង់​ឲ្យ​សហភាព​អឺរុប​ដាក់​សម្ពាធ​លើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ធ្វើការ​ចរចា​ជាមួយ​ពួក​ឧទ្ទាម​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀងឈប់បាញ់​គ្នា​មួយកាល​ពី​ខែកញ្ញា​ដែល​បាន​ត្រូវ​រំលោភ​ជា​ញឹកញយ។​

នៅ​ក្រោយ​ការ​វាយ​ប្រហារលើ​ក្រុង​ Mariupol លោកស្រី​ Mogherini បានមាន​ប្រសាសន៍​ថា​លោក​ស្រី​នឹង​កោះ​ប្រជុំ​ក្រុម​រដ្ឋមន្ត្រី​ការបរទេសសហភាពអឺរ៉ុប​នៅ​ថ្ងៃព្រហស្បតិ៍​ដើម្បី​ពិភាក្សា​គ្នា​អំពីអំពើ​ហិង្សា​ថ្មី​នៅ​ក្នុង​ប្រទេសអ៊ុយក្រែន៕

XS
SM
MD
LG