ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ទាហាន​អ៊ុយ​ក្រែន​៧​នាក់​បាន​ស្លាប់


ជន​ជាតិ​អ៊ុយក្រែន​សែង​មឈូស​នៃ​សាកសព​របស់​ Olga Abdurashitiva អាយុ​២៧​ឆ្នាំ ដែល​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ ក្នុង​អំឡុង​ពេល​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ Mariupol ប្រទេស​អ៊ុយ​ក្រែន​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០១៥។

យោធា​នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ទាហាន៧​នាក់​របស់​ខ្លួន​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ក្នុង​អំឡុង​ពេល​នៃ​ការប្រយុទ្ធ​ជាមួយ​ក្រុម​ទាមទារ​បំបែក​រដ្ឋក្នុង​តំបន់​ខាង​កើត ​ដែល​ហែក​ហួរ​ដោយ​សារ​សង្គ្រាម។

​ក្រុម​មន្រ្តី​និយាយ​ថា ​ទាហាន​យ៉ាង​ហោច​ណាស់​២៤​នាក់​បាន​រង​របួស​នៅ​ក្នុង​អំពើ​ហិង្សា​នេះ។

​ការប្រយុទ្ធ​រវាង​កងទ័ព​អ៊ុយក្រែន​និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បាន​ស្ថិត​ក្នុង​កម្រិត​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀងស្តី​ពី​ការឈប់​បាញ់​គ្នា​នៅ​ខែ​កញ្ញា​ឆ្នាំ​ទៅ​មក។

​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា ​និង​មេដឹកនាំ​អឺរ៉ុប​បាន​គំរាម​ដាក់​ទណ្ឌកម្ម​ថ្មីប្រឆាំង​ប្រទេស​រុស្ស៊ី ​បន្ទាប់​ពី​ក្រុមឧទ្ទាម​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​គ្រាប់​រ៉ុកកែត​ដ៏​ប្រល័យ​លើ​ទីក្រុង​កំពង់​ផែ Mariupol ​នៃ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​សៅរ៍​មក។

​លោក​ប្រធានា​ធិបតី​អូបាម៉ា ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យថា ​លោក​នឹង​បង្កើន​សម្ពាធ​លើ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ បន្ទាប់​ពី​ការវាយ​ប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៣០​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​៨០​នាក់​ទៀត​រង​របួសនៅពេល​ដែល​គ្រាប់​រ៉ុកកែត​នោះ​បាន​ធ្លាក់​ចូល​ក្នុង​ផ្សារ​មួយ​កន្លែង​និង​អគារ​នៃ​តំបន់​ដែល​មាន​មនុស្ស​រស់​នៅ​។

កាល​ពី​ពេល​ថ្មី​ៗ​នេះ មេដឹកនាំ​អឺរ៉ុប​មួយ​ចំនួន​បាន​ធ្វើ​ការចរចា​ដើម្បី​បន្ធូរ​បន្ថយ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ៕

XS
SM
MD
LG