ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រាប់​ផ្លោង​​​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ផ្សារ​មួយ​ខាង​កើត​អ៊ុយ​ក្រែន


ស្រ្តី​ម្នាក់​ដើរ​កាត់​ផ្ទះ​ឆេះ​មួយ​ក្នុង​តំបន់​ Mariupol ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មករា ឆ្នាំ​២០១៥។
ស្រ្តី​ម្នាក់​ដើរ​កាត់​ផ្ទះ​ឆេះ​មួយ​ក្នុង​តំបន់​ Mariupol ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មករា ឆ្នាំ​២០១៥។

ប៉ូលីស​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា ​គ្រាប់​រ៉ុកកែត​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​នៅ​ក្នុង​ទីក្រុង​កំពង់​ផែ Mariupol ​ប៉ុន្មាន​ម៉ោងបន្ទាប់​ពី​មេដឹកនាំ​ឧទ្ទាម​កំពូល​ម្នាក់​នៅ​ក្នុង​តំបន់ Donetskបាន​និយាយ​ថា​នឹង​គ្មាន​ការចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​គាវ​ (Kyiv)ទៀត​ទេ។

​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters ​បាន​ដក​ស្រង់​សម្តី​ប្រធាន​ប៉ូលីស​មក​ចុះ​ផ្សាយ​ថា ​ក្រុម​ឧទ្ទាម​បាន​បាញ់​ផ្លោង​តំបន់​មាន​លំនៅដ្ឋាន​នៅក្នុង​ទី​ក្រុង​នោះ។

​កាល​ពី​ថ្ងៃ​សុក្រ​លោកAlexander Zakharchenko គាំទ្រ​ដោយ​ប្រទេសរុស្ស៊ី ដែលប្រកាស​ខ្លួន​ឯង​ថា​ជា​មេដឹកនាំ​សាធារណរដ្ឋ​ប្រជាមានិត​ Donetsk ​បាន​និយាយ​ថា កងទ័ព​របស់​លោក​នឹង​វាយ​ប្រហារ​កងទ័ព​រដ្ឋាភិបាល​រហូត​ទាល់​តែ​ទៅ​ដល់​ព្រំដែន​នៃ​តំបន់ Donetsk។​ លោក​បាន​និយាយ​ទៀត​ថា ​ក្រុម​ប្រយុទ្ធ​របស់​លោក​បាន​រុញ​ច្រាន​ប្រឆាំង​កងទ័ព​អ៊ុយក្រែន ​បន្ទាប់​ពី​បាន​កាន់​កាប់​ព្រលាន​យន្តហោះ​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​យូរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

ឥឡូវនេះ​ក្រុម​ទាម​ទារ​បំបែក​រដ្ឋ​បាន​ត្រួតត្រា​ទឹក​ដី​សំខាន់​ៗ​នៅ​ក្នុង​តំបន់ Donetsk ​និង​តំបន់ Luhansk ​នៅ​ជិត​ព្រំដែន​ប្រទេស​រុស្ស៊ី ​បន្ទាប់​ពី​ការចាប់​ផ្តើម​បះ​បោរ​របស់​ខ្លួនកាល​ពី​៩​ខែ​មុន​ ប្រឆាំង​នឹង​ការគ្រប់គ្រង​របស់​អ៊ុយក្រែន។

​លោក Zakharchenko ត្រូវ​បាន​សារព័ត៌មាន​រុស្ស៊ី​ដកស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា ​លោក​មើល​ឃើញ​ថា ​«គ្មាន​ចំណុច​ណា​» នៅ​ក្នុង​ការចរចា​សន្តិភាព​បន្ត​ទៀត​ទេ។​លោក​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារព័ត៌មាន Interfax ថា​ការចរចា​សន្តិភាព​ទីក្រុង Minsk ​ដែល​បាន​ព្រម​ព្រៀង​គ្នា​កាលពី​ឆ្នាំ​ទៅ​នោះ​ គឺ​ជា​ «កំហុស​មួយ​» ដែល «​យើង​នឹង​មិន​ធ្វើ​ម្តងទៀត»​ ។

នៅ​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែក​មួយ ​ទីភ្នាក់​ងារ​សារព័ត៌មាន​ Interfax ​របស់​រុស្ស៊ី ​បាន​ដក​ស្រង់​សម្តី​លោក Eduard Basurin ​មន្រ្តី​យោ​ធា​របស់​ក្រុម​ឧទ្ទាម​មក​ចុះ​ផ្សាយ​ថា ​កងទ័ព​អ៊ុយក្រែន​ជាង​៧៥០​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​ការប្រយុទ្ធ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង Donesskដែល​ឥឡូវនេះ​ត្រូវ​បាន​បំផ្លាញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG