ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេឡារុស​​ថា​សម្ពាធ​​​​​បស្ចិម​ប្រទេស​នាំ​ឱ្យ​ខ្លួន​​​ទទួល​ដាក់​​អាវុធ​នុយក្លេអ៊ែរ​​​រុស្ស៊ី


រូបឯកសារ៖ រុស្ស៊ី​បាញ់​គ្រាប់​មីស៊ីល​ក្នុង​អំឡុងពេល​នៃ​សមយុទ្ធ​យោធា​មួយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (Russian Defense Ministry Press Service via AP)
រូបឯកសារ៖ រុស្ស៊ី​បាញ់​គ្រាប់​មីស៊ីល​ក្នុង​អំឡុងពេល​នៃ​សមយុទ្ធ​យោធា​មួយ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២២។ (Russian Defense Ministry Press Service via AP)

ប្រទេស​បេឡារុសបាន​និយាយ​នៅថ្ងៃ​អង្គារ​នេះ​ថា​សម្ពាធនយោបាយ​និង​សេដ្ឋកិច្ចពី​សហរដ្ឋ​អាមេរិក​ ចក្រភព​អង់គ្លេស​ អង្គការអូតង់និង​សហភាព​អឺរ៉ុប​បណ្តាលឱ្យ​ខ្លួន​សម្រេច​ចិត្ត​ទទួល​ដាក់​អាវុធ​នុយក្លេអ៊ែរ​រុស្ស៊ី​លើ​ដែន​ដី​ខ្លួន។

ក្រសួងការបរទេស​បេឡារុសបាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍មួយថា៖«ដោយសារ​ស្ថានភាព​ក្នុងកាលៈទេសៈ​នេះ​និង​កង្វល់ត្រឹមត្រូវ​តាម​ច្បាប់ ព្រមទាំង​ការប្រថុយ​ប្រថានខាង​សន្តិសុខ​ជាតិ​កើត​មានឡើង​ដោយសារ​បញ្ហា​ទាំង​នេះ​ ប្រទេស​បេឡារុសត្រូវ​បាន​បង្ខំឱ្យ​ឆ្លើយ​តប​ដោយ​ពង្រឹងសន្តិសុខនិងសមត្ថភាព​ការពាររបស់​ផង​ខ្លួន​ផ្ទាល់‍»។

បេឡារុសបាន​និយាយ​ថែម​ទៀត​ថាផែនការ​របស់​រុស្ស៊ីក្នុង​ការ​ដាក់អាវុធ​នុយក្លេអ៊ែរកលយុទ្ធ​ក្នុង​ប្រទេស​បេឡារុសមិន​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​មិន​រីកសាយ​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ​ទេ ហើយ​ថា​រដ្ឋាភិបាល​បេឡារុសមិន​គ្រប់គ្រង​អាវុធ​ទាំង​នេះ​ទេ។

លោក Putin ​បាន​ប្រកាសកាលពី​ថ្ងៃ​សៅរ៍អំពីការ​ដាក់អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ ដោយ​និយាយ​ថាការធ្វើ​ដូច្នេះ​ជា​ការធ្វើ​ត្រូវដោយសារ​កំណើន​ការគាំទ្រយោធា​របស់ពួក​ប្រទេស​លោក​ខាង​លិច​ដល់​កង​កម្លាំង​អ៊ុយក្រែន​ ​មានរួមសេចក្តី​សម្រេច​របស់​អង់គ្លេសកាលពី​សប្តាហ៍​មុន​ថា​នឹង​បញ្ជូនគ្រាប់​កាំភ្លើង​មាន​សារធាតុ​កាក​អ៊ុយរ៉ានីញ៉ូមអាច​បាញ់ទម្លុះរថពាស​ដែកបាន​ទៅឱ្យ​អ៊ុយក្រែន។​

ប្រធានាធិបតី​អ៊ុយក្រែនលោក Volodymyr Zelenskyy​ មាន​កំណត់​នឹងថ្លែង​សុន្ទរកថាក្នុងការប្រជុំ​មួយតាម​វីដេអូ​នៅ​ថ្ងៃអង្គារ​នេះ ​ដែល​ចាត់ចែង​ដោយ​ស.រ.អ.​ដើម្បី​ពិភាក្សា​អំពី​អ្វី​ដែល​លោក​យល់​ថា​ជាមាគ៌ាទៅ​កាន់​សន្តិភាពឋិត​ថេរ​មួយ។​

ក្រសួង​ការបរទេស​ស.រ.អ.​បាន​និយាយ​ថា​លោក​រដ្ឋមន្ត្រី​ការបរទេស​ Antony Blinken ​នឹង​រៀបចំការប្រជុំ​នេះ​ដោយ​មាន​ពួក​រដ្ឋមន្ត្រី​ការបរទេសមក​ពីប្រទេស​ជាតិនានា​ចូល​រួម ​ដើម្បី​ផ្តល់​ទស្សនៈ​វិស័យ​របស់​ពួកគេ​អំពីអ្វី​ដែលជាការចាំ​បាច់​ដើម្បីបញ្ឈប់សង្គ្រាម​ដែលរុស្ស៊ី​បាន​ធ្វើ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​នេះ។

ការប្រជុំ​នៅថ្ងៃ​អង្គារនេះមាន​ធ្វើ​មុនសន្និសីទ​កំពូល​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ប្រទេស​អ៊ុយក្រែន​ក៏​នឹង​ចូល​រួម​ដែរ៕



ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​AP, AFP និង​Reuters។

XS
SM
MD
LG