ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​និយាយ​ថា​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយក្រែន​ត្រូវ​ចំ​ឃ្លាំង​​ប្រេង​ឥន្ធនៈ


រូបថតបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់នៅកន្លែងដែលមានភ្លើងឆេះនៅលើមូលដ្ឋាននៃអគារប្រេងឥន្ធនៈ និងថាមពលក្នុងទីក្រុង Kstovo ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (Handout / TELEGRAM / @glebnikitin_nn / AFP)
រូបថតបង្ហាញពីរថយន្តសង្គ្រោះបន្ទាន់នៅកន្លែងដែលមានភ្លើងឆេះនៅលើមូលដ្ឋាននៃអគារប្រេងឥន្ធនៈ និងថាមពលក្នុងទីក្រុង Kstovo ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (Handout / TELEGRAM / @glebnikitin_nn / AFP)

មន្ត្រី​រុស្ស៊ី​រាយការណ៍​ពី​ការ​វាយប្រហារ​ដោយ​ដ្រូនរបស់​អ៊ុយក្រែន​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយសំដៅ​ទៅ​លើ​រដ្ឋធានីមូស្គូ​និងតំបន់​មួយ​ចំនួន​នៅ​ភាគខាង​លិច​រុស្ស៊ី។ ​

លោក​Andrey Klychov​ អភិបាល​តំបន់ Oryol​ របស់​រុស្ស៊ី​និយាយ​ថា​ ដ្រូន​មួយ​គ្រឿង​បាន​ចំឃ្លាំងប្រេង​ឥន្ធនៈ​មួយ​កន្លែង​ ដោយ​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆេះ​ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។​

អភិបាល​តំបន់​រូប​នេះនិយាយ​ទៀត​ថា​ ដ្រូន​មួយ​គ្រឿង​ទៀត​របស់​អ៊ុយក្រែន​ ក៏​បានវាយប្រហារ​ផង​ដែរ​ ទៅ​លើ​តំបន់​ Belgorod​ របស់​រុស្ស៊ី ដែល​នៅ​ជាប់​នឹង​ព្រំដែនអ៊ុយក្រែន​ ដោយ​ផ្តាច់​ចរន្ត​អគ្គិសនី​ប្រើប្រាស់​របស់​ប្រជាជន​មួយ​ចំនួន​នៅ​ទីនោះ។ ​

ដោយ​ឡែក​អភិបាល​ក្រុង​មូស្គូ​ លោក​ Sergei Sobyanin និយាយ​ថា​ ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ីបានបាញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែន​មួយ​គ្រឿង​ ដែល​កំពុងហោះសំដៅ​មក​រដ្ឋធានី​មូស្គូ។ លោក​រាយការណ៍​ថា​ ​មិន​មាន​មនុស្ស​គ្រោះថ្នាក់​ឬ​ការ​ខូចខាត​អ្វី​ឡើយ​ពី​ការកម្ទេច​ដ្រូន​ដែល​ត្រូវ​បាន​បាញ់​ទម្លាក់​នោះ។ ​

ទន្ទឹម​នឹង​នេះ​ ក្រុម​មន្ត្រី​រុស្ស៊ី​នៅក្នុង​តំបន់ Tula និង​តំបន់ Kursk ក៏​បាន​រាយការណ៍ផង​ដែរ​ ពីការ​បាញ់​បំផ្លាញ​ដ្រូន​អ៊ុយក្រែន​ជា​ច្រើន​គ្រឿង​នៅ​លើតំបន់​ទាំង​នោះ​នៅ​ថ្ងៃ​អង្គារ​នេះ។​

នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឯណោះ​វិញ ​ក្រុម​អាជ្ញាធរ​បាន​ប្រកាស​សញ្ញាព្រមាន​តាម​អាកាស​ជា​ច្រើន​ដង​ នៅ​ក្នុង​តំបន់​មួយ​ចំនួន​កាល​ពី​យប់មិញ៕

ផ្នែក​ខ្លះ​នៃ​របាយការណ៍នេះត្រូវ​បានផ្តល់​ឱ្យដោយ​ទី​ភ្នាក់ងារសារព័ត៌មាន​Agence France-Presse និង​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Reuters។

XS
SM
MD
LG