ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យន្តហោះ​ដ្រូន​អ៊ុយក្រែន​វាយប្រហារ​រោងចក្រ​ចម្រាញ់​ប្រេង​រុស្ស៊ី


ផ្សែងខ្មៅបានហុយឡើងនៅរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ក្រោយការ​វាយប្រហារ​ដោយដ្រូនរបស់អ៊ុយក្រែន នៅតំបន់ Ryazan ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (Video Obtained By Reuters/via REUTERS)
ផ្សែងខ្មៅបានហុយឡើងនៅរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ក្រោយការ​វាយប្រហារ​ដោយដ្រូនរបស់អ៊ុយក្រែន នៅតំបន់ Ryazan ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ (Video Obtained By Reuters/via REUTERS)

យោធា​អ៊ុយក្រែន​បានប្រើប្រាស់​ដ្រូន​ដើម្បី​វាយប្រហារ​រោងចក្រ​ចម្រាញ់ប្រេង​របស់​រុស្ស៊ី​កាលពី​ថ្ងៃពុធ ​ដោយបាន​ធ្វើឱ្យ​ខូចខាត​ទីតាំង​មួយ​នៅក្នុង​តំបន់ Ryazan ។

លោក Pavel Malkov ​អភិបាល​តំបន់​ Ryazan បាន​និយាយ​ថា ​ការវាយប្រហារ​នៅ​រោងចក្រ​ចម្រាញ់ប្រេង​មួយ​នៅទីនោះ​បណ្តាល​ឱ្យ​មាន​អគ្គិភ័យ​និង​មនុស្ស​មួយ​ចំនួន​រងរបួស។ នេះ​បើយោង​តាម​របាយការណ៍​បឋម។

មន្ត្រី​នៅក្នុង​តំបន់ Leningrad ​បាន​និយាយ​ថា ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រុស្ស៊ី ​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន​មួយ​គ្រឿង ​នៅពេល​ដែល​វាចូល​ទៅជិត​រោងចក្រ​ចម្រាញ់​ប្រេង ​ហើយ​ថា​គ្មាន​ការខូចខាត​អ្វី​ឡើយ។

ការវាយប្រហារ​នេះ​ជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​ដោយ​យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន​ចូលក្នុង​ទឹកដី​រុស្ស៊ី ​ក្នុង​រយៈពេល​២ថ្ងៃ​ជាប់ៗគ្នា។

លោក Alexander Gusev ​អភិបាល​តំបន់ Voronezh ​ដែល​នៅ​ជាប់​ព្រំដែន​អ៊ុយក្រែន​បាន​និយាយ​នៅថ្ងៃពុធ​ថា ​ប្រព័ន្ធ​ការពារ​ដែនអាកាស​បាន​បាញ់​ទម្លាក់​យន្តហោះដ្រូន​របស់​អ៊ុយក្រែន​ជាង៣០ ​គ្រឿង​កាលពី​យប់មិញ។

កាលពី​ថ្ងៃ​អង្គារ ​យន្តហោះ​ដ្រូន​របស់​អ៊ុយក្រែន​បាន​បំផ្លាញ​ទីតាំង​ប្រេង​របស់​រុស្ស៊ី​ចំនួន​ពីរ​កន្លែង។

មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​បានវាយប្រហារ​អគារ​លំនៅឋានមួយ​នៅទីក្រុង Kryvyi Rih ​កាលពី​ថ្ងៃអង្គារ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់ ៣ នាក់ ​និង​ធ្វើឱ្យ​មនុស្ស​របួស​យ៉ាងហោចណាស់ ​៣៨ ​នាក់។

លោក Oleksandr Vilkul ​ប្រធាន​រដ្ឋបាល​យោធា​របស់​ទីក្រុង Kryvyi Rih ​បាន​និយាយ​ថា ​ការវាយប្រហារ​លើ​អគារ​នេះ​ធ្វើឡើង​ដោយ​កាំជ្រួច​មីស៊ីល​មួយ​ក្នុង​ចំណោម​មីស៊ីល​ចំនួន​បី ​ដែល​បាន​វាយប្រហារ​លើ​ទីក្រុង ​ដែលជា​ស្រុកកំណើត​របស់​លោក​ប្រធានាធិបតី Volodymyr Zelenskyy ​និង​ជា​គោលដៅនៃ​ការវាយប្រហារ​របស់​រុស្ស៊ី​ជាញឹកញាប់។

លោក Zelenskyy ​បាន​សម្តែង​ការរំលែកទុក្ខ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​បាន​អរគុណ​អ្នកជួយ​សង្គ្រោះ​ដែល​បាន​ផ្តល់​ជំនួយ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះត្រូវបានដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ Agence France-Presse និង​ Reuters

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG