អ្នកបោះឆ្នោតនៅប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួននៅនាទីចុងក្រោយ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ពួកគេនៅថ្ងៃអាទិត្យនេះ។
ពួកគេនឹងត្រូវជ្រើសរើសលោក Petro Poroshenko ប្រធានាធិបតីកំពុងកាន់តំណែង ឬលោក Volodymyr Zelenskiy ដែលបានសម្តែងការលេងកំប្លែងប្រធានាធិបតីប្រឌិត នៅក្នុងការផ្សាយតាមទូរទស្សន៍ដ៏ពេញនិយម។
ការស្ទាបស្ទង់មតិបង្ហាញថា លោក Zelenskiy វ័យ៤១ ឆ្នាំ ដែលគ្មានបទពិសោធន៍នយោបាយត្រូវបានគេពេញចិត្តយ៉ាងខ្លាំង ក្នុងការយកឈ្នះលោក Poroshenko ។ ការព្យាយាមដ៏យូររបស់លោក Zelenskiy សម្រាប់តំណែងប្រធានាធិបតីចាប់ផ្តើមមានសន្ទុះ ខណៈដែលអ្នកបោះឆ្នោតខកចិត្តនឹងអំពើពុករលួយ វិបត្តិសេដ្ឋកិច្ចនិងជម្លោះដែលកំពុងកើតមាននៅភាគខាងកើតប្រទេសនេះ។
លោក Poroshenko បានប្រឹងប្រែងពង្រឹងអ្នកគាំទ្ររបស់លោក នៅក្នុងការជួបជុំគ្នាកាលពីថ្ងៃសុក្រនៅទីលានឯករាជ្យរបស់ក្រុងកៀវ តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលបេក្ខជនដេញដោលគ្នាតាមទូរទស្សន៍ជាតិនៅពហុកីឡដ្ឋានអូឡាំពិក។
ប្រធានាធិបតីវ័យ ៥១ ឆ្នាំរូបនេះបានប្រាប់អ្នកគាំទ្ររាប់ពាន់នាក់ថា លោក Zelenskiy នឹងត្រូវលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីកេងប្រវ័ញ្ច ប្រសិនបើលោកបានជាប់ឆ្នោត និងបាននិយាយថា ជ័យជម្នះរបស់លោក Zelenskiy នឹងធ្វើឱ្យរាំងស្ទះដល់ឱកាសរបស់អ៊ុយក្រែនចូលក្នុងសហភាពអឺរ៉ុប៕