អ្នកនាំពាក្យយោធានៃប្រទេសអ៊ុយក្រែននិយាយថា ក្រុមបំបែករដ្ឋគាំទ្រដោយរុស្ស៊ីបានបាញ់មកលើទីតាំងរបស់អ៊ុយក្រែន ជាច្រើនលើកច្រើនសារកាលពីយប់រំលងអាធាត្រ ទោះបីជាមានបទឈប់បាញ់មួយ ដែលបានចូលជាធរមានកាលពី៥ថ្ងៃមុនក៏ដោយ។
លោក Anatoliy Stelmakh បាននិយាយនៅថ្ងៃសុក្រនេះថា ក្រុមឧទ្ទាមផ្តោតការវាយប្រហារទៅលើម្តុំទីក្រុង Donetsk ដោយបានផ្លោងគ្រាប់ចូលភូមិ Kurakhove ដែលស្ថិតនៅភាគខាងលិច។ លោកក៏បានថ្លែងផងដែរថាភូមិ Berdyansk នៅជិតទីក្រុងកំពង់ផែ Mariupol ក៏ត្រូវរងគ្រាប់កាំភ្លើងត្បាល់កាលពីយប់មិញដែរ។
លោក Stelmakh បាននិយាយថា រុស្ស៊ីក៏កំពុងតែដឹកឧបករណ៏យោធាចូលទៅក្នុងប្រទេសអ៊ុយក្រែន ដោយរួមមានទាំងរថក្រោះ ដែលសំដៅទៅតំបន់ក្រុមឧទ្ទាមកាន់កាប់នៅ Novoazovsk ផងដែរ៕