ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃចន្ទថា វាជាកំហុសឆ្គងដែលបស្ចិមប្រទេសមួយចំនួន រួមទាំងសហរដ្ឋអាមេរិកផងដែរ បញ្ជូនមន្ត្រីការទូតរបស់ពួកគេចេញពីរដ្ឋធានីកៀវ ដោយភ័យខ្លាចការវាយលុករបស់រុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោក Zelensky បានបញ្ជាក់ថា៖ «វាគឺជាកំហុសដ៏ធំមួយដែលស្ថានទូតមួយចំនួនសម្រេចប្ដូរទីតាំងទៅភាគខាងលិចប្រទេសអ៊ុយក្រែន»។ លោកនិយាយដូច្នេះ បន្ទាប់ពីស្ថានបេសកកម្មអន្តរជាតិមួយចំនួនបានបើកការិយាល័យរបស់ខ្លួននៅក្នុងទីក្រុង Lviv។
លោកបានបន្ថែមថា៖ «ដោយសារតែភាគខាងលិចប្រទេសអ៊ុយក្រែនក៏នៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែនដដែល ដូច្នេះបើមានរឿងអ្វីកើតឡើង នោះវានឹងកើតឡើងគ្រប់ទីកន្លែងទាំងអស់»។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបានព្រមានថា ប្រទេសរុស្ស៊ីដែលបានប្រមូលផ្តុំកងទ័ពជាង ១០០.០០០ នាក់នៅតាមបណ្ដាយព្រំដែនជាប់ប្រទេសអ៊ុយក្រែន អាចឈ្លានពានអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃទៀត ហើយមន្ត្រីមួយចំនួនខ្លាចមានការវាយប្រហារភ្លាមៗលើរដ្ឋធានីអ៊ុយក្រែន។
ប្រទេសមួយចំនួនបានដកមន្ត្រីការទូតរបស់ខ្លួនចេញពីរដ្ឋធានីអ៊ុយក្រែន និងបានជំរុញពលរដ្ឋរបស់ពួកគេឱ្យចាកចេញពីប្រទេសអ៊ុយក្រែន។
សហរដ្ឋអាមេរិកបានបញ្ជាឱ្យបុគ្គលិកការទូតរបស់ខ្លួនភាគច្រើននៅក្នុងទីក្រុងកៀវចាកចេញ ហើយរក្សាស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង Lviv នៅភាគខាងលិចប្រទេសអ៊ុយក្រែន។ ចំណែកឯប្រទេសកាណាដានិងប្រទេសអូស្ត្រាលីវិញបានបិទស្ថានទូតរបស់ខ្លួនក្នុងទីក្រុងកៀវជាបណ្តោះអាសន្ន ដោយប្តូរប្រតិបត្តិការការទូតរបស់ខ្លួនទៅទីក្រុង Lviv៕
អ៊ុយក្រែនថា ការបញ្ជូនមន្ត្រីការទូតរបស់បស្ចិមប្រទេសមួយចំនួនចេញពីទីក្រុងកៀវគឺជា «កំហុសឆ្គង»
ទីក្រុងកៀវ ប្រទេសអ៊ុយក្រែន —