ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅច្រើនឡើង ទោះបីរុស្ស៊ីគំរាម


កសិករម្នាក់​កំពុង​ប្រមូលគ្រាប់​ធញ្ញជាតិ​ដាក់​ក្នុង​រថយន្ត នៅតំបន់ Sumy ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
កសិករម្នាក់​កំពុង​ប្រមូលគ្រាប់​ធញ្ញជាតិ​ដាក់​ក្នុង​រថយន្ត នៅតំបន់ Sumy ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាវា​កាន់តែ​ច្រើន​ឡើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​របស់​ប្រទេស​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ​និង​ធ្វើ​ដំណើរ​ចេញ​ពី​កំពង់ផែ​ទាំង​នោះ​ដោយ​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ លោហធាតុ និង​ទំនិញ​ផ្សេង​ទៀត ទោះបីជា​មាន​សញ្ញាណ​គ្រោះថ្នាក់​នៃ​ការ​វាយ​ប្រហារ​និង​គ្រាប់​មីន​ផ្ទុះ​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ស្ថានការណ៍​នេះ​កើតឡើង​នៅ​ក្រោម​គម្រោង​ច្រក​របៀង​ដឹក​ជញ្ជូន​ថ្មី​ស្រឡាង​មួយ​ដែល​បាន​ចាប់ផ្ដើម​អនុវត្ត​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដែល​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​កាលពី​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ ដែល​កិច្ច​ព្រមព្រៀង​នោះ​អនុញ្ញាត​ឱ្យ​មាន​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ដោយ​សុវត្ថិភាព​ពី​អ៊ុយក្រែន​ក្នុង​អំឡុង​ពេល​សង្គ្រាម។

ការ​នាំចេញ​ទាំង​នេះ​បាន​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​កសិកម្ម​របស់​ប្រទេស​អ៊ុយក្រែន និង​នាំ​យក​មក​វិញ​នូវ​ប្រភព​ដ៏​សំខាន់​នៃ​ស្បៀង​អាហារ​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​កើនឡើង។

អគ្គនាយក​ក្រុមហ៊ុន Agroprosperis Group លោក Ihor Osmachko ដែល​ជាក្រុមហ៊ុន​ផលិតកម្ម​និង​នាំចេញ​ផលិតផល​កសិកម្ម​ដ៏​ធំ​បង្អស់​មួយ​របស់​ប្រទេស​អ៊ុយក្រែន បាន​និយាយ​ថា លោក​មាន​អារម្មណ៍​វិជ្ជមាន​អំពី​អនាគត​ដោយសារតែ​កាលពី​ពីរ​ខែ​មុន «វា​មាន​លក្ខណៈ​ស្រពិច​ស្រពិល​ទាំង​ស្រុង​ដោយ​មិន​ដឹង​ថា​អាច​រស់​បាន​ត​ទៅ​មុខ​ទៀត​តាម​របៀប​ណា»។

តាំងពី​ពេល​ដែល​នាវា​ដំបូង​របស់​ក្រុមហ៊ុន​នេះ​បាន​ចាកចេញ​ពី​អ៊ុយក្រែន​កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា​មក ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ខ្លួន​បាន​ដឹក​ជញ្ជូន​គ្រាប់​ធញ្ញជាតិ​ជាង ៣០០.០០០ តោន​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប អេស្ប៉ាញ ចិន បង់ក្លាដែស ហូឡង់ ទុយនេស៊ី និង​តួកគី។

បន្ទាប់ពី​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​តួកគី ប្រទេស​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​កំពង់ផែ​របស់​អ៊ុយក្រែន​នៅ​សមុទ្រ​ខ្មៅ​ដែល​ជា​ការ​ត​ភ្ជាប់​ដ៏​សំខាន់​ទៅ​កាន់​ពាណិជ្ជកម្ម​ពិភពលោក និង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ធញ្ញជាតិ ដោយ​បំផ្លាញ​ស្បៀង​អាហារ​ក្នុង​បរិមាណ​ល្មម​គ្រប់គ្រាន់​ដែល​អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​មនុស្ស​ជាង​មួយ​លាន​នាក់​សម្រាប់​រយៈពេល​មួយ​ឆ្នាំ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស៕

XS
SM
MD
LG