ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Zelenskyy និង​ប្រធាន​អង្គការ​អូតង់​ពិភាក្សា​អំពី​វិធី​ស្ដារ​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​អ៊ុយក្រែន


ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូល​រួម​ប្រជុំ​ជាមួយ​នាយករដ្ឋ​មន្ត្រី​អៀរឡង់លោក Leo Varadkar នៅ​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៣។(Clodagh Kilcoyne/Pool via AP)
ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចូល​រួម​ប្រជុំ​ជាមួយ​នាយករដ្ឋ​មន្ត្រី​អៀរឡង់លោក Leo Varadkar នៅ​ក្នុង​ទីក្រុងកៀវ ប្រទេស​អ៊ុយក្រែនកាលពីថ្ងៃទី​១៩ កក្កដា ឆ្នាំ២០២៣។(Clodagh Kilcoyne/Pool via AP)

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​នឹង​ប្រធាន​អង្គការ​អូតង់ (NATO) លោក Jens Stoltenberg អំពី​វិធី​ក្នុង​ការ​ស្ដារ​ការ​ឆ្លងកាត់​ដោយ​សុវត្ថិភាព​របស់​កប៉ាល់​ដឹក​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​កាត់​តាម​សមុទ្រ​ខ្មៅ។

នៅ​ក្នុង​សុន្ទរកថា​ជា​វីដេអូ​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក Zelenskyy បាន​និយាយ​ថា​លោក​បាន​ស្នើ​លោក Stoltenberg ឱ្យ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​អូតង់-អ៊ុយក្រែន ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ខែ​នេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ​នៅ​សមុទ្រ​ខ្មៅ ជា​ពិសេស​អំពី​ប្រតិបត្តិការ​នៃ​ច្រក​របៀង​សម្រាប់​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន។

អ្នក​នាំពាក្យ​អង្គការ​អូតង់​អ្នកស្រី Oana Lungescu បាន​និយាយ​ថា ក្រុមប្រឹក្សា​នេះ​នឹង​ពិភាក្សា​អំពី​ស្ថានភាព​នេះ បន្ទាប់ពី​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​គម្រោង​ផ្ដួចផ្ដើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ (Black Sea Grain Initiative)។

អ្នកស្រី Lungescu បាន​បន្ថែម​ថា លោក Zelenskyy និង​លោក Stoltenberg បាន​ពិភាក្សា​អំពី​ការ​ចាកចេញ​របស់​រុស្ស៊ី​ពី​កិច្ច​ព្រមព្រៀង​នេះ​និង​អំពី «ការ​ប៉ុនប៉ង​ជា​បន្ត» របស់​រុស្ស៊ី «នៅ​ក្នុង​ការ​យក​ស្បៀង​អាហារ​ធ្វើ​ជា​អាវុធ ដែល​ប៉ះពាល់​ដល់​ជន​ងាយ​រងគ្រោះ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក»។

នៅ​ក្នុង​ការវិវត្ត​លើ​សមរភូមិ​ ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ស្ដីពី​អ៊ុយក្រែន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា រុស្ស៊ី​ទំនង​ជា​រុល​ទៅមុខ​តិចតួចនៅ​ក្នុង​តំបន់ Luhansk និង​តំបន់ Kharkiv នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ុយក្រែន «ប៉ុន្តែ ស្ថានភាព​ត្រូវ​បាន​ធ្វើ​ឱ្យ​ច្រចូកច្របល់​ដោយសារ​ព័ត៌មាន​ប្រឌិត​របស់​រុស្ស៊ី»។

ក្រសួង​នេះ​បាន​លើកឡើង​ថា សកម្មភាព​នេះ​បង្ហាញ​អំពី​សារៈសំខាន់​នៃ​តំបន់​ភាគ​ខាង​ជើង​របស់​អ៊ុយក្រែន​សម្រាប់​រុស្ស៊ី នៅ​ពេល​ដែល​រុស្ស៊ី​កំពុង «ប្រឈម​នឹង​សម្ពាធ​ខ្លាំងក្លា​គួរសម​នៅ​តំបន់ Zaporizhzhia នៅ​ភាគ​ខាង​ត្បូង [អ៊ុយក្រែន]»។

ក្រសួង​នេះ​បាន​បន្ថែម​ថា កងទ័ព​រុស្ស៊ី «ទំនង​ជា» ត្រឡប់​ទៅ​តំបន់​ទន្លេ Oskil ឡើង​វិញ​ដើម្បី​បង្កើត​តំបន់​ទ្រនាប់​នៅ​ជុំវិញ​តំបន់ Luhansk ដោយសារតែ​ការ​កាន់កាប់​របស់​ខ្លួន​នូវ​តំបន់​នេះ​គឺ​«ស្ទើរតែ​ប្រាកដ​»​ថា​ជា​គោល​បំណង​ដ៏​សំខាន់​មួយ​របស់​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នេះ៕

XS
SM
MD
LG