ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​នឹង​បណ្ដុះបណ្ដាល​កងទ័ព​អ៊ុយក្រែន​អំពី​ការ​ប្រើ​ប្រព័ន្ធ​មីស៊ីល Patriot


រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​បាញ់​ប្រព័ន្ធមីស៊ីល Patriot ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ហ្វឹកហ្វឺន​នៅ​ទីបញ្ជាការដ្ឋាន McGregor Range Complex ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៤។
រូបឯកសារ៖ ទាហាន​សហរដ្ឋ​អាមេរិក​បាញ់​ប្រព័ន្ធមីស៊ីល Patriot ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ហ្វឹកហ្វឺន​នៅ​ទីបញ្ជាការដ្ឋាន McGregor Range Complex ក្នុង​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៤។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា កងទ័ព​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​កងទ័ព​អ៊ុយក្រែន​អំពី​ការ​ប្រើ​ប្រព័ន្ធ​មីស៊ីលPatriot នៅ​មូលដ្ឋាន​យោធា Fort Sill ក្នុង​រដ្ឋ Oklahoma សហរដ្ឋ​អាមេរិក នៅ​ពេល​ក្រោយ​នៅ​ក្នុង​ខែ​នេះ។ ការ​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី VOA និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេង​ទៀត​បាន​រាយការណ៍​អំពី​ព័ត៌មាន​នេះ​កាលពី​ថ្ងៃ​អង្គារ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ឧត្តមសេនីយ៍​ត្រី Pat Ryder បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​ពេល​សន្និសីទ​កាសែត​នៅ​ក្រសួង​ការពារ​ជាតិ​ថា ការ​បណ្ដុះបណ្ដាល​នៅ​មូលដ្ឋាន​យោធា Fort Sill នេះ​អាច​ចាប់ផ្ដើម «លឿន​បំផុត​នៅ​សប្ដាហ៍​ក្រោយ» សម្រាប់​ទាហាន​អ៊ុយក្រន​ប្រហែល​ពី ៩០ ទៅ ១០០ នាក់។

លោក Ryder បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​អាច​ស្វែងរក​វិធី​ដើម្បី «ពន្លឿន​ពេល​វេលា​នៃ​ការ​បណ្ដុះបណ្ដាល» នេះ​បាន ដើម្បី​ឱ្យ​កងទ័ព​អ៊ុយក្រែន​អាច​ត្រឡប់​ទៅ​សមរភូមិ​វិញ​ឱ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កាលពី​សប្ដាហ៍​មុន ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ជូន​រថពាស​ដែក​ប្រយុទ្ធ Bradley ៥០ គ្រឿង​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ជំនួយ​យោធា​ជុំ​ថ្មី​សម្រាប់​អ៊ុយក្រែន​ដើម្បី​ជួយ​កងទ័ព​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី។

ស្រប​ពេល​នោះ​ដែរ ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា កងទ័ព​រុស្ស៊ី​និង​ក្រុម Wagner Group ដែល​ជា​កង​ទាហាន​បារ៉ា​ស៊ីឈ្នួល​របស់​រុស្ស៊ី «ឥឡូវ​នេះ​ប្រហែល​ជា​ត្រួតត្រា» ផ្នែក​ភាគ​ច្រើន​នៃ​ក្រុង Soledar ដែល​ជា​ក្រុង​រោងចក្រ​អំបិល​ដ៏​តូច​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ដែលស្ថិត​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​បំផុត»។

ការ​ប្រយុទ្ធ​គ្នា​ដណ្តើមក្រុង Soledar នេះ​បាន​ធ្វើ​ឱ្យ​ភាគី​ទាំង​សង​ខាង​បាត់បង់​យ៉ាង​ធ្ងន់ធ្ងរ។

នៅ​ក្នុង​សុន្ទរកថា​ពេល​រាត្រី​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​ហៅ​ការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ក្រុង Soledar នេះ​ថា «[មាន​លក្ខណៈ​ខ្ទេចខ្ទី​ដោយ] ស្ទើរតែ​គ្មាន​ជញ្ជាំង​ទាំង​មូល​ណា​មួយ​នៅ​សេសសល់»៕

XS
SM
MD
LG