ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ និង​សហភាព​អឺរ៉ុប​នឹង​បើក​កិច្ចប្រជុំ​កំពូល​នៅថ្ងៃ​ទី៣ ​ខែកុម្ភៈ​នៅ​ទីក្រុងកៀវ


រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែនលោក Zelenskyy និង​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុបអ្នកស្រី Ursula von der Leyen ចាប់​ដៃ​ស្វាគមន៍​គ្នា​នៅ​មុន​កិច្ចប្រជុំ​របស់​អ្នក​ទាំងពីរ​ក្នុង​អំឡុងពេល​ដែល​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​អ៊ុយក្រែនលោក Zelenskyy និង​ប្រធាន​គណៈកម្មការ​សហភាព​អឺរ៉ុបអ្នកស្រី Ursula von der Leyen ចាប់​ដៃ​ស្វាគមន៍​គ្នា​នៅ​មុន​កិច្ចប្រជុំ​របស់​អ្នក​ទាំងពីរ​ក្នុង​អំឡុងពេល​ដែល​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២។

ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃចន្ទ​ថា ​ប្រទេស​អ៊ុយក្រែន​ និង​សហភាព​អឺរ៉ុប​នឹង​បើក​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុងកៀវ ​នៅ​ថ្ងៃទី ៣ ​ខែកុម្ភៈ ​ដើម្បី​ពិភាក្សា​អំពី​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ​និង​យោធា។

សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ លោក​ Zelenskyy​ បាន​ពិភាក្សា​លម្អិត​អំពី​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ជាមួយ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ លោកស្រី​ Ursula von der Leyen​ នៅក្នុង​ការហៅ​ទូរសព្ទ​ជាលើក​ដំបូង​របស់​លោក​ក្នុង​ឆ្នាំ​នេះ។

សេចក្តី​ថ្លែងការណ៍​បានបន្ថែម​ថា៖ «ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​លទ្ធផល​រំពឹងទុក​នៃ​កិច្ចប្រជុំ​កំពូល​អ៊ុយក្រែន​-សហភាព​អឺរ៉ុប​បន្ទាប់​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី ​៣​ ខែកុម្ភៈ​ក្នុង​ទីក្រុងកៀវ​ ហើយ​បាន​យល់ព្រម​ក្នុង​ការពង្រឹង​ការងារ​រៀបចំ»។

មេដឹកនាំ​ទាំងពីរ​ក៏​បាន​និយាយ​អំពី​ការផ្គត់ផ្គង់​អាវុធ​ «សមស្រប» ​និង​កម្មវិធី​ជំនួយ​ហិរញ្ញវត្ថុ​ ចំនួន​១៩​ពាន់​លាន​ដុល្លារ​ថ្មី​ដល់​អ៊ុយក្រែន​ ដោយ លោក​ Zelenskyy​ បាន​ជំរុញ​ឱ្យ​មាន​ការបញ្ជូន​អាវុធ​កញ្ចប់​ដំបូង​គេ​ក្នុង​ខែ​នេះ។

កាល​ពី​ខែ​មុន សហភាព​អឺរ៉ុប​បាន​បើក​ផ្លូវ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​ក្នុង​អ្វី​ដែល​ហៅ​ថា «កិច្ចព្រមព្រៀង​ដ៏​ធំ»​ ដែល​រួម​បញ្ចូល​ការ​អនុម័ត​អត្រា​ពន្ធ​សាជីវកម្ម​សកល​យ៉ាង​តិច ១៥%។

ចំណាត់ការ​នេះ​បាន​ធ្វើ​តាម​ការអំពាវនាវ​យ៉ាង​ខ្លាំង​ពី​ លោក ​Zelenskyy​ ដែល​សុំ​កុំឱ្យ​ជម្លោះ​ផ្ទៃក្នុង​នៅក្នុង​ប្លុក​ប្រទេស​ទាំង​២៧​ រារាំង​ដល់ការគាំទ្រ​ទីក្រុង​កៀវ៕

XS
SM
MD
LG