ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ជ័យជម្នះរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងឈ្លានពានរុស្ស៊ី អាស្រ័យលើការជួយគាំទ្រពីបស្ចិមប្រទេស និងថា លោកមានភាពវិជ្ជមានលើក្តីរំពឹងនឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយពីក្រុមសម្ព័ន្ធមិត្តនិងដៃគូនានាដល់រដ្ឋាភិបាលរបស់លោក។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងរដ្ឋធានីកៀវកាលពីថ្ងៃអាទិត្យ លោក Zelenskyy ក៏បាននិយាយផងដែរថា លោកប្រាកដក្នុងចិត្តថា សភាអាមេរិកនឹងអនុម័តយល់ព្រមលើកញ្ចប់ជំនួយយោធាដ៏សំខាន់ថ្មីមួយនិងជំនួយហិរញ្ញវត្ថុ ប៉ុន្តែលោកបញ្ជាក់ថា អ៊ុយក្រែនត្រូវការសេចក្តីសម្រេចអនុម័តនោះ ក្នុង«រយៈពេលមួយខែ»។
សហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់ជាប្រទេសផ្តល់ជំនួយយោធានិងសេដ្ឋកិច្ចដ៏សំខាន់ដល់ប្រទេសអ៊ុយក្រែន។ ប្រទេសទាំងពីរនេះគាំទ្រអ៊ុយក្រែនឱ្យចូលជាសមាជិករបស់អង្គការអូតង់ ប៉ុន្តែក្រុមមន្ត្រីថា វាមិនទាន់ដល់ពេលនៅឡើយទេ សម្រាប់ប្រទេសនេះចូលជាសមាជិករបស់អង្គការអូតង់នៅពេលនេះ។
លោក Zelenskyy ក៏បានបង្ហាញជាលើកដំបូងថា យោធាអ៊ុយក្រែនចំនួន ៣ម៉ឺន ១ពាន់នាក់ បានស្លាប់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីរហូតមកដល់ពេលនេះ។
ទន្ទឹមនឹងនេះដែរ យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា កងកម្លាំងរុស្ស៊ីបានវាយប្រហារប្រទេសខ្លួនកាលពីយប់មិញដោយប្រើដ្រូនចំនួន ១៤ គ្រឿងនិងមីស៊ីល៦គ្រាប់។
កងកម្លាំងអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន ៩ គ្រឿងក្នុងចំណោម ១៤ គ្រឿង ដោយធ្វើឡើងនៅក្នុងតំបន់ Kharkiv និងតំបន់ Dnipropetrovsk។ យោធាអ៊ុយក្រែននិយាយទៀតថា កម្លាំងអ៊ុយក្រែនក៏បានបាញ់ទម្លាក់គ្រាប់មីស៊ីលរុស្ស៊ី ៣ គ្រាប់ផងដែរ។
ការវាយប្រហារចុងក្រោយរបស់រុស្ស៊ីកើតមានឡើង ខណៈដែលមេដឹកនាំអឺរ៉ុបកំពុងរៀបចំកិច្ចប្រជុំគ្នាមួយនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ជូនសារប្តេជ្ញាចិត្តរបស់ខ្លួនដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រឆាំងទៅនឹងការនិយាយរបស់វិមានក្រឹមឡាំងដែលថា រុស្ស៊ីកំពុងឆ្ពោះទៅរកជ័យជម្នះនៃសង្គ្រាមនេះ ដែលកំពុងឈានចូលដល់ឆ្នាំទី ៣ ហើយ។ នេះបើតាមការលើកឡើងរបស់ប្រទេសបារាំង។
ប្រធានាធិបតីបារាំង លោក Emmanue Macron បានអញ្ជើញសមភាគីអឺរ៉ុបរបស់លោកមកកាន់វិមានប្រធានាធិបតី Elysee ដើម្បីបើកកិច្ចប្រជុំការងារមួយតាមការជូនដំណឹងរយៈពេលខ្លី លើអ្វីដែលទីប្រឹក្សាប្រធានាធិបតីបារាំងនិយាយថា ជាការបង្កើនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងរយៈពេលពីរបីសប្តាហ៍ថ្មីៗនេះ។
សហរដ្ឋអាមេរិកនឹងត្រូវតំណាងដោយលោក Jim O’Brien ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអឺរ៉ុបនិងអាស៊ី-អឺរ៉ុប ហើយប្រទេសកាណាដាត្រូវតំណាងដោយរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនលោក Bill Blair។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងកោះប្រជុំមេដឹកនាំសភាកំពូល ៤ រូប នៅសេតវិមាននៅថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកញ្ចប់ជំនួយគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែននិងអ៊ីស្រាអែល និងដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅខែក្រោយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើមន្ត្រីសេតវិមានដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះអំពីការប្រជុំដែលមិនទាន់ប្រកាសជាសាធារណៈនេះ។
មេដឹកនាំសភាកំពូលទាំង ៤ រូបនោះ គឺប្រធានរដ្ឋសភាលោក Mike Johnson មេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភាលោក Chuck Schumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅរដ្ឋសភាលោក Hakeem Jeffries និងមេដឹកនាំគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាលោក Mitch McConnell។
រដ្ឋសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋកំពុងប្រឈមនឹងសម្ពាធជាច្រើនឱ្យអនុម័តកញ្ចប់ជំនួយដែលមានទឹកប្រាក់ ៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងអាទិភាពសន្តិសុខជាតិផ្សេងទៀត។
ក្រៅពីកញ្ចប់ជំនួយសន្តិសុខជាតិ ចំណែកដំបូងនៃថវិកាចំណាយរបស់រដ្ឋាភិបាលអាមេរិកនឹងអស់នៅថ្ងៃសុក្រខាងមុខ។ រីឯចំណែកថវិកាចំណាយសម្រាប់ស្ថាប័នផ្សេងៗទៀតរបស់រដ្ឋាភិបាលអាមេរិក ដែលក្នុងនោះរួមមានទាំងថវិកាចំណាយសម្រាប់ក្រសួងការពារជាតិ ក្រសួងសន្តិសុខមាតុភូមិ និងក្រសួងការបរទេសផងដែរ នឹងអស់នៅថ្ងៃទី ៨ ខែមីនាខាងមុខ៕
ប្រធានការិយាល័យវីអូអេប្រចាំអឺរ៉ុបខាងកើតអ្នកស្រី Myroslava Gongadze រួមចំណែកផ្តល់ព័ត៌មានដល់សេចក្តីរាយការណ៍នេះ។ ព័ត៌មានខ្លះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ