- ដោយ Reuters
សហរដ្ឋអាមេរិកផ្ដល់ជំនួយសព្វាវុធបន្ថែមចំនួន ២០០ លានដុល្លារដល់អ៊ុយក្រែន
សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ខ្លួននឹងផ្ដល់ជំនួយសព្វាវុធបន្ថែមទៀតជាបន្ទាន់ចំនួន ២០០ លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ ជំនួយបន្ថែមទាំងនេះមានដូចជា អាវុធធុនស្រាល អាវុធបាញ់រថក្រោះ និងអាវុធបាញ់យន្ដហោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការផ្ដល់ជំនួយនេះគឺជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលស្នើសុំសព្វាវុធបន្ថែមទៀតដើម្បីការពារប្រទេសទប់ទល់នឹងការបាញ់ផ្លោងខ្លាំងក្លារបស់កងកម្លាំងរុស្ស៊ី។
សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុញ្ញាតឲ្យផ្ដល់ជំនួយសន្ដិសុខបន្ថែមនេះកាលពីថ្ងៃសៅរ៍ ដោយបើកផ្លូវឲ្យមានការបញ្ជូនសព្វាវុធយោធាថ្មីៗ «ជាបន្ទាន់» ទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលរបស់លោក Biden។
ការសម្រេចរបស់លោក Biden ក្នុងការផ្ដល់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែននេះធ្វើឲ្យជំនួយយោធាសរុបរបស់សហរដ្ឋអាមេរិកដែលផ្ដល់ឲ្យអ៊ុយក្រែនកើនដល់ ១.២០០ លានដុល្លារ ចាប់តាំងពីខែមករា ឆ្នាំ ២០២១ មក និងកើនដល់ ៣.២០០ លានដុល្លារចាប់តាំងពីឆ្នាំ ២០១៤ មក ដែលជាពេលដែលរុស្ស៊ីភ្ជាប់យកតំបន់ Crimea របស់អ៊ុយក្រែន។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោក Biden៕
- ដោយ Reuters
រុស្ស៊ីថា ទ្រព្យបម្រុងទុករបស់ខ្លួនជិតពាក់កណ្ដាលត្រូវបានបង្កក ហើយខ្លួនត្រូវពឹងលើចិន
រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនកំពុងពឹងផ្អែកលើចិនដើម្បីជួយទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយសារការដាក់ទណ្ឌកម្មរបស់ក្រុមបស្ចិមប្រទេស ដែលបានបង្កកមាស និងរូបិយប័ណ្ណបរទេសបម្រុងទុករបស់ខ្លួនជិតពាក់កណ្ដាល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Anton Siluanov រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី បានថ្លែងថា៖ «យើងមានមាសនិងរូបិយប័ណ្ណបរទេសបម្រុងទុកមួយចំនួនជាប្រាក់យ៉ន់របស់ចិន។ យើងឃើញថា បណ្ដាបស្ចិមប្រទេសកំពុងតែដាក់សម្ពាធលើចិនឲ្យរឹតត្បិតពាណិជ្ជកម្មទ្វេភាគី [របស់យើង] ជាមួយនឹងចិន។ ពិតណាស់ ពិតជាមានការដាក់សម្ពាធឲ្យរឹតត្បិតលើការទទួលបានទ្រព្យសម្បត្តិបម្រុងទុកទាំងនោះមែន»។
ការលើកឡើងរបស់លោក Siluanov នៅក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍នេះ គឺជាការបញ្ជាក់យ៉ាងច្បាស់បំផុតរបស់រដ្ឋាភិបាលរុស្ស៊ីដែលថា ខ្លួននឹងស្វែងរកជំនួយពីចិនដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលកើតចេញពីទណ្ឌកម្មរបស់បស្ចិមប្រទេស។
បណ្ដាបស្ចិមប្រទេសបានដាក់ទណ្ឌកម្មមិនធ្លាប់មានពីមុនមកលើសាជីវកម្មនិងប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី ចាប់តាំងពីពេលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក៕
- ដោយ Reuters
សហរដ្ឋអាមេរិកថា ចិននឹងប្រឈមនឹងផលវិបាកបើហ៊ានជួយរុស្ស៊ីបញ្ចៀសពីទណ្ឌកម្ម
លោក Jake Sullivan ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានព្រមានដល់រដ្ឋាភិបាលក្រុងប៉េកាំងថា ចិននឹងប្រឈមនឹងផលវិបាក «យ៉ាងពិតប្រាកដ» ប្រសិនបើហ៊ានជួយរដ្ឋាភិបាលក្រុងមូស្គូបញ្ចៀសពីទណ្ឌកម្មទាក់ទិននឹងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដី រាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Sullivan គ្រោងនឹងជួបជាមួយនឹងមន្ត្រីការទូតកំពូលរបស់ចិនលោក Yang Jiechi នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទនេះ។
លោក Sullivan បានថ្លែងប្រាប់បណ្ដាញព័ត៌មាន CNN ថា សហរដ្ឋអាមេរិកជឿថា ចិនបានដឹងថារុស្ស៊ីមានគម្រោងធ្វើសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែន នៅមុនការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកើតឡើងទៅទៀត បើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំងប្រហែលជាមិនបានដឹងលម្អិតអំពីសកម្មភាពដែលគ្រោងនឹងធ្វើនោះក៏ដោយ។
លោក Sullivan បានបញ្ជាក់ថា ឥឡូវនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ថាតើរដ្ឋាភិបាលក្រុងប៉េកាំងនឹងផ្ដល់ការគាំទ្រផ្នែកសេដ្ឋកិច្ចឬផ្នែកយោធាដល់រុស្ស៊ីក្នុងកម្រិតណា ហើយបន្ទាប់មក សហរដ្ឋអាមេរិកនឹងធ្វើឲ្យចិនមានផលវិបាកប្រសិនបើរឿងនេះកើតឡើងមែននោះ៕
អាមេរិកថា សង្គ្រាមកំពុងតែពង្រីកទៅប៉ែកខាងលិចអ៊ុយក្រែនដូចការរំពឹងទុក
រុស្ស៊ីកាលពីថ្ងៃអាទិត្យកំពុងតែបង្កើនការវាយប្រហាររបស់ខ្លួនទៅលើប៉ែកខាងលិចប្រទេសអ៊ុយក្រែន ដែលស្ថិតនៅក្បែរព្រំប្រទល់ប្រទេសប៉ូឡូញ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា នេះគឺជាអ្វីដែលពួកគេបានរំពឹងទុកជាមុន។
លោក Jake Sullivan ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានថ្លែងប្រាប់បណ្ដាញព័ត៌មាន CNN កាលពីព្រឹកថ្ងៃអាទិត្យថា៖ «នេះមិនមែនជាអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក និងសហគមន៍សន្ដិសុខជាតិ»។
លោកបានបន្ថែមទៀតថា៖ «អ្វីដែលបង្ហាញគឺថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កំពុងតែមិនសប្បាយចិត្តដែលកងកម្លាំងរបស់លោកមិនអាចសម្រេចបានទៅតាមការគ្រោងទុក»។
មនុស្សយ៉ាងហោចណាស់ចំនួន ៣៥ នាក់បានស្លាប់ និង ១៣៤នាក់បានរងរបួសកាលពីព្រឹកថ្ងៃអាទិត្យ នៅពេលដែលរុស្ស៊ីបានបាញ់គ្រាប់មីស៊ីលទៅលើមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កិច្ចការរក្សាសន្ដិភាពនិងសន្ដិសុខ ដែលជាមូលដ្ឋានយោធានៅប៉ែកខាងលិចប្រទេសអ៊ុយក្រែន៕
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖