ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០១:១៩ ១៥.១០.២០២២

ថ្ងៃសុក្រ ទី ១៤ ខែតុលា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​សន្យា​ជ័យ​ជម្នះ​លើ​ប្រទេស​រុស្ស៊ី​នៅពេល​ដែល​ប្រទេស​របស់​លោក​ប្រារព្ធ​ទិវា​អ្នក​ការពារ​ជាតិ​លើក​ដំបូង​របស់​ខ្លួន​ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ ចាប់តាំង​ពី​ការចាប់ផ្តើម​នៃ​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាលពី​ជិត៨ខែ​មុន។ នេះ​បើ​តាម​សេចក្តីរាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក Zelenskyyបាន​និយាយ​នៅ​ក្នុង​សុន្ទរកថាតាម​វីដេអូ​ដើម្បី​កត់​សម្គាល់​ឱកាស​នោះ​ថា៖ «នៅ​ថ្ងៃ​ទី១៤ ខែ​តុលា​នេះ យើង​សូម​សម្តែងអំណរគុណ​ដល់​មនុស្ស​ទាំង​អស់​ដែល​បាន​ប្រយុទ្ធ​ដើម្បី​អ៊ុយក្រែន​ក្នុង​ពេល​កន្លង​មក។ ហើយ​នឹង​ថ្លែង​អំណរ​គុណ​ដល់​មនុស្ស​ទាំង​អស់​ដែល​កំពុង​ប្រយុទ្ធ​នៅពេល​ឥឡូវ​នេះ។ ដល់​មនុស្ស​ទាំង​អស់​ដែល​បាន​ទទួល​ជ័យ​ជម្នះ​នៅពេល​នោះ។ ហើយ​នឹង​ដល់មនុស្ស​គ្រប់​គ្នា​ដែល​នឹង​ប្រាកដ​ទទួល​បាន​ជ័យ​ជម្នះ​នៅពេល​ឥឡូវនេះ»។ លោក Zelenskyបាន​ដាក់​កម្រង​ផ្កា​ជាមួយ​ទង់ជាតិ​អ៊ុយក្រែនពណ៌​លឿង​និង​ពណ៌​ខៀវ​នៅ​ខាង​មុខ​វិមាន​គោរពវិញ្ញាណក្ខន្ធនៅ​ក្នុង​រដ្ឋធានី​កៀវ​ដែល​ឧទ្ទិស​ដល់​ទាហាន​ដែល​បាន​ត្រូវសម្លាប់​នៅ​សមរភូមិជួរ​មុខ​ចាប់តាំង​ពី​ឆ្នាំ២០១៤​មក​នៅ​ពេល​ដែល​ការប្រយុទ្ធ​បាន​ផ្ទុះ​ឡើង​រវាង​ពួក​ទាមទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត។ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «នេះ​នឹង​ក្លាយ​ជា​ជ័យ​ជម្នះ​មួយ​សម្រាប់​ពលរដ្ឋ​យើង​ទាំង​អស់»។ លោក​បាន​បន្ថែម​ទៀត​ដោយ​សំដៅ​ដល់​ការជួយ​ឧបត្ថម្ភ​ដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​មកពី​ប្រទេស​លោក​ខាង​លិច​ថា៖ «ពិភពលោក​សាមគ្គី​ជាមួយ​យើង។ សាមគ្គី​កាន់តែ​ខ្លាំង​ឡើង​ជាង​ពេល​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង»។
  • ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan គាំទ្រ​គំនិត​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​អំពីការបង្កើត​ក្លឹប​ឧស្ម័ន​អន្តរជាតិ​មួយ​នៅ​ក្នុង​ប្រទេស​តួកគី ហើយ​ចង់​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ដាក់​ស្នើ​ផែនការ​អនុវត្ត​ឱ្យ​បាន​ឆាប់​រហ័ស។ នេះ​បើ​តាម​បណ្តាញ​ព័ត៌មាន​តួកគី​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinបាន​ស្នើ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​តំបន់​អឺរ៉ុប​ខាង​ត្បូង​កាត់តាម​ប្រទេស​តួកគី​បន្ទាប់ពី​ការបង្អាក់​ស្ទើរតែ​ទាំង​ស្រុង​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់​រុស្ស៊ី​តាម​គម្រោង Nord Streamមក។ គំនិត​នោះ​បាន​ធ្វើ​ឱ្យ​មាន​ការភ្ញាក់ផ្អើល​ជា​បន្ទាន់​ដល់​ពួក​មហា​អំណាច​អឺរ៉ុប​ដូចជា​បារាំង​ ដោយ​ការិយាល័យ​របស់​លោក​ប្រធានាធិបតី Emmanuel Macronនិយាយ​ថា វាជា«ការមិន​សមហេតុផល»។ រុស្ស៊ី​កំពុង​ផ្គត់ផ្គង់​តួកគី​រួច​ទៅ​ហើយ​តាម​បំពង់ TurkStream នៅ​ក្រោម​បាត​សមុទ្រ​ខ្មៅ។ លោក Erdoganបាន​និយាយ​នៅពេល​លោក​បាន​វិលត្រឡប់​មកពី​ការចរចា​ជាមួយ​លោក Putinនៅ​ក្នុង​ប្រទេស​កាហ្សាក់ស្ថាន​ថា មជ្ឈមណ្ឌល​ចែកចាយ​ថ្មី​នោះ​ប្រហែល​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​តំបន់ Thrace ភាគ​ពាយព្យ​ជិត​ប្រទេស​ប៊ុលហ្គារី។ តម្លៃ​ឧស្ម័ន​បាន​ឡើង​កប់​ពពក​ចាប់តាំង​ពីការចាប់ផ្តើម​នៃ​សង្គ្រាម​របស់​រុស្ស៊ី​ហើយ​ទ្វីប​អឺរ៉ុប​បាន​ខិតខំ​ស្វែងរក​ការផ្គត់ផ្គង់​ថាមពល​ជំនួស​បន្ទាប់ពី​រុស្ស៊ី​បាន​បញ្ឈប់​ការផ្គត់ផ្គង់​នៅ​ក្នុង​ការឆ្លើយតប​ដល់​ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច។
  • ការចាប់​រំលោភ​សេពសន្ធវៈ​និង​ការបំពារ​បំពាន​ផ្លូវភេទ​ដែល​ត្រូវ​បាន​សន្មតថា​ធ្វើ​ឡើង​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូក្នុង​អ៊ុយក្រែនជា​ផ្នែក​មួយ​នៃ​«យុទ្ធសាស្ត្រយោធា»​របស់​រុស្ស៊ី​ហើយ​នឹង​ជា«កលល្បិច​ដោយចេតនាដើម្បី​ធ្វើ​ឱ្យ​បាត់បង់​លក្ខណៈ​ជា​មនុស្ស​ដល់​ជន​រងគ្រោះ»។ នេះ​បើ​តាម​លោក​ស្រី Pramila Patten បេសកជន​អង្គការ​សហប្រជាជាតិ​ដែល​បាន​និយាយ​នៅក្នុង​សម្ភាសន៍​មួយ​ជា​មួយទីភ្នាក់ងារ​ព័ត៌មាន AFP។ «ការចង្អុល​បង្ហាញ​ទាំង​អស់​មាន​នៅ​ទីនោះ»។ នេះ​បើ​តាម​អ្នក​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិស្តីពីអំពើ​ហិង្សា​ផ្លូវភេទ​រូបនេះបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAFP កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ត្រូវ​បាន​សួរ​ថា​តើ​ការចាប់រំលោភ​សេពសន្ធវៈត្រូវ​បាន​ប្រើប្រាស់​ជាអាវុធ​នៃ​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយក្រែន​ឬទេ។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «នៅពេល​ដែល​ស្ត្រី​ត្រូវ​បាន​គេ​ឃុំខ្លួន​អស់​ជា​ច្រើន​ថ្ងៃ​ហើយ​ត្រូវ​បាន​ចាប់​រំលោភ នៅពេល​ដែល​អ្នក​ចាប់ផ្តើម​ចាប់​រំលោភ​កុមារា​តូចៗ​និង​បុរស នៅពេល​អ្នក​ឃើញការកាត់​អង្គជាត​ជា​បន្ត​បន្ទាប់ នៅពេល​ដែល​អ្នក​ឮ​ស្ត្រី​ផ្តល់​កសិណសាក្សី​អំពី​ទាហាន​រុស្ស៊ី​ប្រើ​ថ្នាំ Viagra វា​ជា​យុទ្ធសាស្ត្រ​យោធា​ច្បាស់​ក្រឡែត»។ អង្គការ​សហប្រជាជាតិ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​«ករណី​ជាង​មួយ​រយ»នៃ​ការចាប់​រំលោភ​សេពសន្ធវៈឬ​ការបំពារ​បំពាន​ផ្លូវភេទ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ខែ​កុម្ភៈ​មក។ នេះ​បើ​តាម​លោក​ស្រី Pattenដែល​បាន​ថ្លែង​យោងដល់​របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញផ្សាយ​កាលពី​ចុង​ខែ​កញ្ញា។
  • ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ការជួសជុល​ស្ពាន​នៅ​ឧបទ្វីប Crimeaអាច​ចំណាយពេល​រាប់​សិប​ខែ​បន្ទាប់ពី​ការផ្ទុះ​លើ​ផ្លូវ​ផ្គត់ផ្គង់​ដ៏​សំខាន់​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​លើ​ប្រទេស​អ៊ុយក្រែន។ រយៈពេល​ជិត៨ខែ​នៅ​ក្នុង​ការវាយ​ប្រហារ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​យោធាដ៏​អង់អាច​ក្លាហាន​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​ប្រារព្ធ​ទិវា​អ្នក​ការពារ​ខណៈដែល​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថាកងទ័ព​រុស្ស៊ី​បាន​ប្រើប្រាស់​ការចាប់រំលោភសេពសន្ធវៈ​ជា​អាវុធ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ នៅ​ក្នុង​ក្រិត្យ​មួយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី Mikhail Mishustin គណៈរដ្ឋមន្ត្រីរបស់​រុស្ស៊ី​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​ការគូសប្លង់​និង​ជួស​ជុល​ឡើង​វិញ​ផ្នែក​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​ត្រូវ​បាន​បំផ្លាញ​នៃ​ស្ពាន Crimeaដើម្បី​បញ្ចប់​ការងារ​នៅ​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ២០២៣៕
០០:២៧ ១៤.១០.២០២២

ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា៖

  • អ៊ុយក្រែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​ដណ្តើម​កាន់កាប់​ទឹកដី​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ហើយ​បាន​ស្វាគមន៍​ការ​សន្យា​របស់​ប្រទេស​លោក​ខាង​លិច​ដើម្បី​ផ្តល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​«ឱ្យ​បាន​ឆាប់​រហ័ស​ដែល​យើង​អាច​ធ្វើ​បាន»​បន្ទាប់ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​ដ៏​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ក្រុម​ប្រទេស​ចំនួន​៥០​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការពិភាក្សា​គ្នា​នៅឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់​ក្នុង​ទីក្រុង​ប៊្រុចសែល​ហើយ​ក៏​បាន​សន្យា​ផ្តល់​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​មីស៊ីល​ថ្មី​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ដែរ។ អ៊ុយក្រែន​កំពុង​ទទួល​រងការវាយប្រហារ​ពី​រុស្ស៊ី​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់​និង​មួយ​ចំនួន​ទៀត​រងរបួស​ហើយ​ភូមិ​និង​ទីក្រុងគ្មាន​ភ្លើង​អគ្គីសនី​និង​ទឹក​ក្តៅ​នៅ​ទូទាំង​ប្រទេស។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ជំនួប​នោះ​ដោយ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ថា៖ «ប្រព័ន្ធ​ការពារ​ដែន​អាកាស​នោះ​នឹង​ត្រូវ​ផ្តល់​ឱ្យ​បាន​ឆាប់​រហ័ស​ដែល​យើង​អាច​ធ្វើ​បានដើម្បី​ពួកគេ​ទទួល​បាន​នៅ​ទីនោះ»។
  • រុស្ស៊ី​បាន​បាញ់​កាំជ្រួច​មីស៊ីល​យ៉ាង​ខ្លាំង​ទៅលើ​ទីក្រុង​និង​ទីប្រជុំជន​ជាង​៤០​របស់​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ពួក​មន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​សេចក្តីសម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ហៅ​ការកាន់កាប់​ទឹកដីអ៊ុយក្រែន​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា​ជា​«ការខុសច្បាប់» ហើយ​សម្ពន្ធមិត្ត​របស់​អ៊ុយក្រែន​បាន​តាំងចិត្ត​ផ្តល់​ជំនួយ​យោធា​កាន់តែ​ច្រើនថែម​ទៀត​ដល់​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ រុស្ស៊ី​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ជំហរ​របស់​ខ្លួន​ថា ប្រទេស​លោក​ខាង​លិច​ដែល​កំពុង​ជួយ​អ៊ុយក្រែន​បាន​ចង្អុល​បង្ហាញ​ថា​ «ពួកគេ​ជា​ភាគី​មួយ​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ជម្លោះ​នេះ»ហើយ​រុស្ស៊ី​បាន​ព្រមាន​ថា ការអនុញ្ញាត​ឱ្យ​អ៊ុយក្រែន​ចូល​ក្នុង​អង្គការ​អូតង់​អាច​ធ្វើ​ឱ្យ​មាន​សង្គ្រាម​លោក​លើក​ទី៣។ លោក Alexander Venediktov អនុ​ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​សហព័ន្ធ​រុស្ស៊ី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ TASSកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ដឹង​យ៉ាង​ច្បាស់​ថា វិធានការ​បែប​នេះ​មាន​ន័យ​ថា ពង្រីក​សង្គ្រាម​នោះ​ឱ្យ​ទៅ​ជា​សង្គ្រាម​លោក​លើក​ទី៣»។
  • ប្រទេស​កាណាដា​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​ផ្តល់​ជំនួយ​យោធា​ថ្មី​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៣៤,៦​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ប្រទេស​អ៊ុយក្រែន​ពាក់ព័ន្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី កញ្ចប់​ជំនួយ​នោះរួមមាន​កាំភ្លើង​ត្បាល់ គមនាគមន៍​ផ្កាយ​រណប សម្លៀក​បំពាក់​សម្រាប់​រដូវ​រងារ​និង​ម៉ាស៊ីនថត​ដ្រូន​និង​ជំនួយ​ផ្សេងៗទៀត។ រដ្ឋមន្ត្រី​ការពារ​ជាតិ​កាណាដា​លោក​ស្រី Anita Anand បាន​ប្រកាស​កញ្ចប់​ជំនួយ​នេះ​ថា មាន​តម្លៃ​ទាំង​អស់​ប្រហែល​៦០០​លាន​ដុល្លារ​កាណាដា​គិត​ជា​ឧបករណ៍​យោធា​ដែល​កាណាដា​បាន​ផ្តល់​ឱ្យ​ឬ​បាន​សន្យា​ផ្តល់​ឱ្យ​ចាប់តាំង​ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈមក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយ​ថា អឹរ៉ុប​ត្រូវតែ​ស្តីបន្ទោស​ខ្លួន​ឯង​ចំពោះ​វិបត្តិ​ថាមពលដោយសារ​គោលនយោបាយ​ដែលបាន​ធ្វើ​ឱ្យ​ជាប់គាំង​ការ​វិនិយោគ​ឧស្សាហកម្ម​ប្រេងនិង​ឧស្ម័ន​ហើយ​បាន​និយាយ​ទៀត​ថា ការកំណត់​តម្លៃ​ប្រេង​នឹង​ធ្វើ​ឱ្យ​បញ្ហា​នេះ​កាន់តែ​អាក្រក់​ឡើង នៅពេល​ដែល​បណ្តា​រដ្ឋ​នៅ​ក្នុង​សហភាព​អឺរ៉ុប​បាន​ព្យាយាម​អនុវត្ត​កិច្ច ព្រមព្រៀង​តាម​វិធី​នានា​ដើម្បី​ខ្ទប់​ការឡើង​ថ្លៃ​ថាមពល។ ការព្រួយ​កង្វល់​អំពី​សន្តិសុខ​នៃ​ការផ្គត់ផ្គង់​ថាមពល​នេះ​បាន​ឡើង​ខ្ពស់​កាលពី​ថ្ងៃ​ពុធ​នៅពេល​ដែល​មាន​លេចធ្លាយ​បំពង់​បង្ហូរ​ប្រេង​និង​ឧស្ម័នDruzhbaក្នុង​ប្រទេស​ប៉ូឡូញ ​មកពី​ប្រទេស​រុស្ស៊ី​ដែល​បាន​កាត់​បន្ថយ​លំហូរ​ប្រេង​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។ ប៉ូឡូញ​បាន​និយាយ​ថា ការលេចធ្លាយ​នេះ​ប្រហែល​បណ្តាល​មកពី​ឧបទ្ទវហេតុ ក៏ប៉ុន្តែ ការលេចធ្លាយ​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​ប្រទេស​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប​កំពុង​ស្វះស្វែង​បញ្ឈប់​ការពឹងផ្អែក​លើ​ថាមពល​របស់​រុស្ស៊ី​នៅក្នុង​ការឆ្លើយតប​ទៅនឹង​ការឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ខែ​កុម្ភៈ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​បារាំង​លោកEmmanuel Macron បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បារាំង​នឹង​ផ្តល់​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដល់​ប្រទេស​អ៊ុយក្រែន​បន្ទាប់ពី​ការវាយ​ប្រហារ ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​ដែល​លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា​មាន​គោល​បំណង​ដើម្បី​បំបាក់​ការតស៊ូ​របស់​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក​ប្រធានាធិបតី Macron បាន​ប្រាប់​ទូរទស្សន៍ France 2 ថា៖ «យើង​នឹង​ផ្តល់​ប្រព័ន្ធ​រ៉ាដា​និង​កាំជ្រួច​មីស៊ីល​ដើម្បី​ការពារ​ពួកគេ​ពី​ការវាយប្រហារ​ទាំង​នេះ»។ លោក​ប្រធានាធិបតី​បាន​បន្ថែម​ទៀត​ថា បារាំង​ក៏​បាន​ចរចា​ដើម្បី​បញ្ជូន​កាំភ្លើង​ធំ​ចល័ត Caesar ចំនួន​៦គ្រឿងថែម​ទៀត៕
១៨:១៣ ១៣.១០.២០២២

ថ្ងៃ ពុធ ទី ១២ ខែតុលា៖

  • រុស្ស៊ី​បាន​ឃុំខ្លួន​ជនសង្ស័យ៨នាក់​ទាក់ទិន​នឹង​ការបំផ្ទុះ​ស្ពាន​ដ៏​ប្រល័យ​ដែល​ភ្ជាប់​តំបន់ Crimea ​ត្រូវ​កាន់កាប់​ ទៅនឹង​ប្រទេស​រុស្ស៊ី។ ក្រសួង​សន្តិសុខ​រុស្ស៊ី FSB បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែង​ការណ៍ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​នានា​យក​មកចុះផ្សាយ​នៅ​ថ្ងៃ​ពុធ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​ផ្តល់​សេចក្តីលម្អិត​ថា ជន​សង្ស័យ​ទាំង​នោះ​រួមមាន​ជនជាតិ​រុស្ស៊ី៥នាក់​និង​ជនជាតិ​អ៊ុយក្រែន​និង​ពលរដ្ឋ​អាមេនី​៣នាក់។ សេចក្តីថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា«គ្រឿង​ផ្ទុះ​នោះ​ត្រូវ​បាន​លាក់​នៅ​ក្នុង​ដុំ​ប្លាស្ទិក​ចំនួន២២​ដែល​មាន​ទម្ងន់២២.៧៧០​គីឡូក្រាម។ តាម​ក្រសួង​សន្តិសុខ FSB បាន​ឱ្យ​ដឹង​ថា ដុំ​ប្លាស្ទិក​ទាំង​នោះ​ត្រូវ​បាន​ដាក់​នៅ​លើនាវាមួយ​គ្រឿង​កាលពី​ខែ​សីហា​ដែល​បាន​ធ្វើ​ដំណើរ​ពី​កំពង់ផែ Odessaនៃ​ប្រទេស​អ៊ុយក្រែន​ទៅកាន់​ប្រទេស​ប៊ុលហ្គារី។ បន្ទាប់​មក ត្រូវ​បាន​គេ​ដឹក​កាត់តាម​កំពង់ផែ Poti នៃ​ប្រទេស​ហ្សកហ៊្សី​ហើយ​ដឹក​តាម​ដីគោក​ទៅកាន់​ប្រទេស​អាមេនី​មុន​ទៅដល់​ប្រទេស​រុស្ស៊ី​ដឹក​តាម​ផ្លូវ​ថ្នល់។ ក្រសួង​សន្តិសុខ FSB បាន​ឱ្យ​ដឹង​ទៀត​ថា គ្រឿង​ផ្ទុះ​នោះ​បាន​ចូល​ក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ទី៤ ខែ​តុលា​តាម​រថយន្ត​កាមីញ៉ុងមួយ​មាន​ផ្លាកលេខ​ហ្សកហ្ស៊ី​ហើយ​បាន​ទៅដល់​តំបន់ Krasnodar កាលពី​ថ្ងៃ​ទី៦​ខែ​តុលា ២ថ្ងៃ​មុន​ការផ្ទុះ។ ស្ពាន​នេះ​មាន​សារៈសំខាន់ខាងភ័ស្តុភារ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​សំខាន់​មួយ​សម្រាប់​ដឹក​សម្ភារៈយោធា​ទៅ​ឱ្យ​កងទ័ព​រុស្ស៊ី​ដែល​កំពុង​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។
  • អ៊ុយក្រែន​បាន​ទទួល​ប្រព័ន្ធ​ការពារIRIS-Ts លើក​ដំបូង​មកពី​ប្រទេស​អាល្លឺម៉ង់។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន​លោកOleksiy Reznikov ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក Reznikov បាន​បញ្ជូន​សារ​តាមTwitter កាលពី​យប់​ថ្ងៃ​អង្គារ​ថា៖ «ប្រព័ន្ធ​ការពារ IRIS-Ts មកពី​ប្រទេស​អាល្លឺម៉ង់​បាន​មកដល់​ទីនេះ​ហើយ។ កាំជ្រួច NASAMS របស់​សហរដ្ឋ​អាមេរិក​កំពុង​មក។ នេះ​ជា​ការចាប់ផ្តើម​ប៉ុណ្ណោះ។ ហើយ​យើង​ត្រូវការ​ច្រើន​ទៀត។ ប្រព័ន្ធ​ការពារ​នេះជាការចាំបាច់ខាង​សីលធម៌​ដើម្បី​ការពារ​ផ្ទៃ​អាកាស​លើ​ប្រទេស​អ៊ុយក្រែន​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​របស់​យើង»។ អាល្លឺម៉ង់​បាន​សន្យា​ផ្តល់​ខែលការពារIRIS-Ts លើក​ដំបូង​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ បន្ទាប់ពី​រុស្ស៊ី​បាន​វាយប្រហារ​ដ៏​ប្រល័យ​នៅទូទាំង​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏១៩នាក់ ហើយ​បានធ្វើ​ឱ្យ​មនុស្ស​ជាង១០០​នាក់​ទៀត​រង​របួស។ ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា រុស្ស៊ី​បាន​បាញ់​កាំជ្រួច​មីស៊ីល៨៣គ្រាប់​ទៅលើ​អ៊ុយក្រែន​ដែល​ក្នុង​នោះ​ប្រព័ន្ធ​កាពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​ចំនួន៥២គ្រាប់​ក្នុង​ចំណោម​នោះ មាន​កាំជ្រួច​មីស៊ីល Cruise ៤៣ គ្រាប់​ផង។
  • បណ្តា​ប្រទេស​លោក​ខាង​លិច​ដែល​គាំទ្រ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ​បាន​ពិភាក្សា​«អាទិភាព​កំពូលៗ»​នៃ​ការផ្គត់ផ្គង់​ប្រព័ន្ធ​ការពារ​អាកាស​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ជំរុញ​ឱ្យ​បង្កើន​ការការពារ​ប្រឆាំង​នឹងការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោកOleksiy Reznikov បាន​និយាយ​ពាក្យ​បីម៉ាត់​នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា​ តើ​លោក​នឹង​សង្ឃឹម​ទទួល​បាន​អ្វី​មកពី​ជំនួប​នៅឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប៊្រុចសេល​នោះ។ លោក​និយាយ​ថា៖ «ប្រព័ន្ធ​ការពារ​អាកាស»។ ក្រុម​ដែល​មាន​ប្រទេស​ជិត៥០ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ពិភាក្សាគ្នានៅឯ​ទីស្នាក់ការ​ធំ​របស់​អង្គការ​អូតង់​នៅ​ក្នុង​ទីក្រុង​ប៊្រុចសែល​នៅ​ថ្ងៃ​ពុធ​ដោយ​ផ្តោត លើ​ការការពារ​ដែន​អាកាស​បន្ទាប់ពី​រុស្ស៊ី​បាន​បាញ់​កាំជ្រួច​មីស៊ីល​ទូទាំង​ប្រទេស​អ៊ុយ ក្រែន​បន្ទាប់ពី​ការបំផ្ទុះ​ស្ពាន​ភ្ជាប់​ពី​តំបន់ Crimea ទៅ​ប្រទេស​រុស្ស៊ី។ ប្រធាន​អង្គការ​អូតង់​លោក Jens Stoltenberg បាន​និយាយ​ថា ការពិភាក្សាគ្នានឹង​ដោះ ស្រាយ​ថាតើ​ត្រូវ​បង្កើន​ការជួយ​ឧបត្ថម្ភ​ដល់​អ៊ុយក្រែន​យ៉ាង​ដូចម្តេច​និង​អាទិភាព​សំខាន់ៗ​ខាង​វិស័យ​ការពារ​ដែន​អាកាស​បន្ទាប់ពី​ការវាយប្រហារ​នៅ​សប្តាហ៍​នេះ​ក្រោយ​ការបំផ្ទុះ​ស្ពាន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​មក។ ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelensky បាន​អំពាវនាវ​ដល់​មេដឹកនាំ​ក្រុម ប្រទេសG-7 កាលពី​ថ្ងៃ​អង្គារ​ឱ្យ​ជួយ​បង្កើត​ខែល​ការពារ​ដែន​អាកាស​នៅ​លើ​ប្រទេស​របស់​លោក។
  • ប្រទេស​អាល្លឺម៉ង់​នឹង​មិន​ទទួលយក​ឧស្ម័ន​របស់​រុស្ស៊ី​កាត់តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 ទៀត​ទេ។ នេះ​តាម​ការបញ្ជាក់​របស់​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ស្នើ​ផ្តល់​បន្ត​ការផ្គត់ផ្គង់​ឧស្ម័ន​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំពាក្យ​បាន​និយាយ​ទៀត​ថា ប្រសិន​បើ រុស្ស៊ី​ចង់​ បន្ត​ការផ្គត់ផ្គង់​ឧស្ម័ន ខ្លួន​អាច​ធ្វើ​ដូច្នេះ​បាន​តាម​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោកSergei Lavrovបាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​បើក​ចំហដើម្បី​ចរចា​ជាមួយ​ប្រទេស​លោក​ខាង​លិច​ស្តីពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ការអះអាង​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ជា«ពុតត្បុត»ពីព្រោះ​រុស្ស៊ី បាន​បន្ត​ការវាយប្រហារ​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ក្នុង​កិច្ចសម្ភាសន៍​មួយ​តាម​ទូរទស្សន៍​រដ្ឋ លោក Lavrov បាន​និយាយ​ថា រុស្ស៊ី​មាន​ឆន្ទៈ ធ្វើ​ការទាក់ទង​ជាមួយ​សហរដ្ឋ​អាមេរិក​ឬ​ជាមួយ​តួកគី​ដើម្បី​រក​មធ្យោបាយ​បញ្ចប់​សង្គ្រាម​ដែល​ឥឡូវនេះ​មាន​រយៈពេល​៨ខែ​ហើយ ក៏ប៉ុន្តែ មិន​ទាន់​បាន​ទទួល​សំណើ​ប្រាកដ​ប្រជា​ណាមួយ​ដើម្បី​ចរចា​ទេ៕
០១:៤២ ១២.១០.២០២២

ថ្ងៃ អង្គារ ទី ១១ ខែតុលា៖

  • ប្រទេស​រុស្ស៊ី​បាន​ឱ្យ​ដឹង​នៅថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំទៅលើ​ប្រទេស​អ៊ុយក្រែន ក្នុង​រយៈពេលប៉ុន្មាន​ម៉ោង​នៅ​មុន​ជំនួប​របស់​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង៧ឬ G-7 ដែល​ត្រូវ​គេ​រំពឹង​ថា​ កិច្ចប្រជុំ​នេះ​នឹង​ថ្កោលទោស​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​កាលពី​ពេល​ព្រឹក។ ក្រុម​សម្ពន្ធមិត្ត​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​និយាយ​ថា​ នេះ​ជា​ការ​បង្ហាញ​នូវ​ការ​អស់​សង្ឃឹម​របស់​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ពួក​មន្ត្រី​នៅ​ក្នុង​តំបន់ Lviv ភាគ​ខាង​លិច​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​ថា កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​យ៉ាង​តិច​ណាស់​ក៏៣គ្រាប់​ដែរ​បាន​បាញ់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល ​ហើយ​អភិបាល​ក្រុង Lviv ដែល​ជា​ក្រុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​នេះ បាន​និយាយ​ថា ទីក្រុង​នេះ​ប្រហែល១ភាគ៣មិន​មាន​អគ្គិសនី​ប្រើប្រាស់។ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ពី​ការ​វាយ​ប្រហារ​នេះ​ដោយ​និយាយ​ថា ខ្លួន​បាន​ធ្វើ​ការវាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ដោយ​ប្រើ​អាវុធ​វង់​ប្រតិបត្តិការ​បាញ់​បាន​ឆ្ងាយ​និង​ចំ​ទីដៅ​ហើយ​ទីដៅ​នៃ​ការវាយ​ប្រហារ​ទាំង​អស់​ត្រូវ​បាន​វាយ​ចំ​គោលដៅ។
  • ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdoganទំនង​ជា​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Puitn នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ក្នុង​តំបន់​នៅ​រដ្ឋធានី Astana នៃ​ប្រទេស​កាហ្សាក់ស្ថាន​នៅ​សប្តាហ៍​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ដំបូង​ថា ជំនួប​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ក៏ប៉ុន្តែ​ក្រោយ​មក​បាន​និយាយ​ថា លោក Erdogan ទំនង​ជា​ជួប​លោក Putin នៅ​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​តាម​កាល​វិភាគ​នៅ​ពេល​ថ្មីៗ​បំផុត​នេះ។ មន្ត្រី​តួកគី​ម្នាក់​បាន​និយាយ​ថា លោក Erdogan មាន​គម្រោង​ជិះយន្តហោះ​ទៅ​កាន់​រដ្ឋធានី Astana នៅ​ថ្ងៃ​ពុធ​ដើម្បី​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​កាហ្សាក់ស្ថាន​លោក Kassym-Jomart Tokayev។ តួកគី​ដែល​បាន​ស្ថិត​នៅ​អព្យាក្រឹត្យ​ក្នុង​ជម្លោះ​អ៊ុយក្រែន​និង​រុស្ស៊ី មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​រុស្ស៊ី​និង​អ៊ុយក្រែន​ដែល​ស្ថិត​នៅ​តំបន់​សមុទ្រ​ខ្មៅ។ លោក Erdogan មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​អំពី​ការវាយ​ប្រហារ​ដ៏​ធំ​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ ដែល​ទីភ្នាក់ងារ​គ្រាអាសន្ន​របស់​អ៊ុយក្រែន​បាន​និយាយ​ថា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​អស់​ចំនួន ១៩​នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​ជាង១០០នាក់​ទៀត​រងរបួស។
បុរស​ម្នាក់​កំពុង​សម្អាត​កម្ទេចកម្ទីនៅ​ហាង​លក់​រថយន្ដ​មួយ​កន្លែង​ដែល​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់​ពី​រុស្ស៊ី​បាន​វាយប្រហារ​ទៅ​លើ​ក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែតុលា​ ឆ្នាំ២០១១។
បុរស​ម្នាក់​កំពុង​សម្អាត​កម្ទេចកម្ទីនៅ​ហាង​លក់​រថយន្ដ​មួយ​កន្លែង​ដែល​ត្រូវ​បាន​បំផ្លាញ​ បន្ទាប់​ពី​រុស្ស៊ី​បាន​វាយប្រហារ​ទៅ​លើ​ក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន ថ្ងៃទី ១១ ខែតុលា​ ឆ្នាំ២០១១។
  • មេដឹកនាំ​ប្រទេស​បេឡារុស​លោក Alexander Lukashenko ដែល​ជា​សម្ពន្ធមិត្ត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putinបាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​លីទុយអានី ប៉ូឡូញ​និង​អ៊ុយក្រែន​បាន​ហ្វឹកហ្វឺន«ពួក​ជ្រុលនិយម»​បេឡារុស​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្ម បន្ទាប់ពី​ប្រកាស​ផែនការ​ដើម្បី​ដាក់​ពង្រាយ​កងទ័ព​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោកLukashenko បាន​និយាយ​នៅឯ​ជំនួប​ជាមួយ​ពួក​មន្ត្រី​យោធា​ថា«ការហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ លីទុយអានី​ និង​អ៊ុយក្រែន​ដល់​ពួក​កងជីវពល​ជ្រុលនិយម​បេឡារុស​ដើម្បី​ឱ្យ​ពួកគេ​ធ្វើវិទ្ធង្សនា ធ្វើ​ភេរវកម្ម​ និង​ដើម្បី​រៀបចំ​ការបះបោរ​យោធា​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ក្លាយ​ជា​ការគំរាម​កំហែង​ដោយ​ផ្ទាល់»។ ប្រទេស​ទាំង៣នោះ​ដែល​ក្នុង​នោះ​មាន​ប្រទេស​លីទុយអានី​និង​ប៉ូឡូញ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​និង​អង្គការ​អូតង់​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​បេឡារុស។ លោក Lukashenko ក៏​បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ប៊ែលហ្សិក​ថា​បាន​ផ្តល់​ទីជម្រក​ដល់«ពួក​ពិរុទ្ធជន»មកពី​ប្រទេស​បេឡារុស​ដើម្បី​ប្រែក្លាយ​ពួកគេ​ឱ្យ​ទៅ​ជា«កម្លាំង​នយោបាយ»​ផង​ដែរ។
  • ប្រធាន​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​កាន់តែ​ច្រើន​ឡើង​នឹង​ត្រូវ​បង្ខំចិត្ត​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បន្ទាប់ពី​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​បាន​ត្រូវ​បាញ់​ដូច​គ្រាប់​ទឹកភ្លៀង​ទៅ​លើ​រដ្ឋធានី​កៀវ​និង​ទីក្រុង​ផ្សេង​ទៀត​របស់​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ រដ្ឋាភិបាល​រុស្ស៊ី​បានប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ​នឹង​មាន​ការ​វាយ​ប្រហារ​ដ៏​ធំ​បំផុត​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ដើម្បី​ជា​ការសងសឹក​ទៅ​នឹង​ការបំផ្ទុះ​កាល​ពី​ចុង​សប្តាហ៍​មុន ដែល​បាន​ធ្វើ​ឱ្យ​ខូចខាតស្ពាន​ដ៏​សំខាន់​មួយ​ដែល​ភ្ជាប់​ពី​ប្រទេស​រុស្ស៊ី​ទៅ​ឧបទ្វីប Crimea។ ស្ពាន​នេះ​ជា​និមិត្តរូប​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ដែល​បាន​យក​តំបន់ Crimea ជា​ឧបសម្ពន្ធ​របស់​ខ្លួន​កាល​ពី​ឆ្នាំ២០១៤។ អគ្គស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ​លោក Filippo Grandi បាន​ប្រាប់​ពួក​អ្នក​កាសែត​ថា៖ «ភាពតក់ស្លុត​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការមិន​អាច​ដោះសារ​បាន»។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ការបាញ់​ផ្តក់​លើ​ជន​ស៊ីវិល ផ្ទះ​និង​ហេដ្ឋារចនាសម្ព័ន្ធ​មិន​មែនយោធា​ក្នុង​លក្ខណ:មិន​រើស​មុខ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​មាន​ន័យ​ថា សង្គ្រាម​នេះ​កំពុង​ក្លាយជា​ទុក្ខ​លំបាក​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ជន​ស៊ីវិល»។
  • ការវាយ​ប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​របស់​រុស្ស៊ី​លើ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​នៅ​សប្តាហ៍​នេះ​បាន​បណ្តាល​ឱ្យ​មាន​ការអំពាវនាវ​ផ្តល់​ជំនួយ​យោធា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ប៉ុន្តែ​ពួក​អ្នក​វិភាគ​បានព្រមានថា មិន​មាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ណា​អាច​ការពារ​ទឹកដី​អ៊ុយក្រែន​បាន​ទាំង​ស្រុង​នោះ​ទេ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ រដ្ឋាភិបាល​ក្រុង​កៀវ​និយាយ​ថា ការវាយ​ប្រហារ​គ្រប់​ទិសទី​របស់​រុស្ស៊ី​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ចន្ទ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិចណាស់​ចំនួន ១៩ នាក់ ធ្វើ​ឱ្យ​មនុស្ស​រងរបួស​ជាង ១០០នាក់​ និង​ធ្វើ​ឱ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន។ កាំជ្រួច​មីស៊ីល​ទាំង​នោះ​រួមមាន​កាំជ្រួច​មីស៊ីល Cruise ដែល​បាន​បាញ់​ស្រោច​ដូច​ទឹក​ភ្លៀង​ទៅលើ​ទីក្រុង​នានា​ក្នុង​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ការ​វាយ​ប្រហារ​ដ៏​កម្រ​ទៅលើ​រដ្ឋធានី​កៀវ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​សមរភូមិ​នៅ​តំបន់​ភាគ​ខាង​កើត​និង​ខាង​ត្បូង​ផង​ដែរ។ អ៊ុយក្រែន​ក៏​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឬ​ដ្រូន​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុងប្រទេស​អ៊ីរ៉ង់ ​ដែល​បាន​បង្ហោះ​ពី​ប្រទេស​បេឡារុស​និង​តំបន់ Crimea ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី​ផងដែរ។ ខណ:​ដែល​រដ្ឋាភិបាល​ក្រុង​កៀវ​និយាយ​ថា កងទ័ព​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​ដ្រូន​ទាំង​នោះ​ជាង​ពាក់​កណ្តាល លោក​នាយករដ្ឋមន្ត្រី Deny Schmygal បាន​អំពាវនាវ​សុំ​អាវុធ​ទំនើបៗ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ការពារ​ផ្ទៃ​អាកាស​និង​ពលរដ្ឋ​ស៊ីវិល។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG