ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០១:៣៤ ៨.១០.២០២២

ថ្ងៃសុក្រ ទី៧ ខែតុលា៖

  • ការិយាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ប្រជាពលរដ្ឋ​អ៊ុយក្រែន​ដែល​ស្ថិត​នៅ​ក្រោម​ការវាយ​ប្រហារ​របស់​រុស្ស៊ី​ចាប់តាំង​ពី​ខែ​កុម្ភៈ​មក​ជា «ស្ថាបត្យករសន្តិភាព» ​បន្ទាប់ពី​អង្គការ​មិនមែន​រដ្ឋាភិបាល NGO មួយ​របស់​អ៊ុយក្រែន​បាន​ក្លាយ​ជា​សហ​អ្នក​ទទួល​រង្វាន់​ណូបែល​សន្តិភាព។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ នាយក​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Andriy Yermak បាន​និយាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម​ថា «ប្រជាពលរដ្ឋ​អ៊ុយក្រែន​ជាស្ថាបត្យករសន្តិភាព​ដ៏​សំខាន់​មួយ​ដែល​យើងអាច​ស្ថិត​នៅ​បាន​ដោយ​គ្មាន​ការឈ្លានពាន»។ អ្នក​ជំនួយ​ការ​ជាន់​ខ្ពស់​របស់​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyyបាន​សម្តែងការមិន​ពេញចិត្ត​ដែល​រង្វាន់​នេះ​ត្រូវ​បាន​ចែក​ជាមួយ​អង្គការ​មកពី​ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​ប្រឆាំង​នឹង​អ៊ុយក្រែន​ដូច​ជា​ប្រទេស​រុស្ស៊ី​និង​បេឡារុស។
  • ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំរុញ​ឱ្យ​ប្រធានាធិបតី​តួកគី​លោកRecep Tayyip Erdogan ធ្វើការ​វាយបក​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ដោយការដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​អំពី​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក Macron បាន​សង្កត់​ពី​សារៈសំខាន់នៃ​ការដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការបញ្ឈប់​ការពង្រីក​សង្គ្រាម​របស់​រុស្ស៊ី ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រយុទ្ធ​ដើម្បី​បង្អាក់​យុទ្ធសាស្ត្រទាំង​នេះ»។ នេះ​តាម​បើ​តាម​ការបញ្ជាក់​របស់​ការិយាល័យ​ប្រធានាធិបតី​បារាំង​បន្ទាប់ពី​ការចរចា​នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​នៅ​ក្នុង​រដ្ឋធានី​ប្រាក។ មាន​ការព្រួយកង្វល់​នៅ​ក្នុង​តំបន់​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ថា តួកគី​ដែល​មិន​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ទីកន្លែង​ជ្រកពួន​សម្រាប់​អ្នក​ដែល​ស្វះស្វែង​បញ្ចៀស​ការដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច។ ពាណិជ្ជកម្ម​របស់​តួកគី​ជាមួយ​រុស្ស៊ី​បាន​រីក​ធំឡើង​ក្នុង​អំឡុង​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ ក្រែន​ដែល​កំពុង​ធ្វើ​ឱ្យ​មាន​រកាំចិត្ត​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ព្រួយ​បារម្ភ​ថា ពួក​អភិជន​និង​ក្រុមហ៊ុន​ធំៗរបស់​រុស្ស៊ី​កំពុង​ប្រើប្រាស់​អង្គភាព​របស់​តួកគី​ដើម្បី​បញ្ចៀស​ការដាក់​ទណ្ឌកម្ម។
  • តម្លៃ​ម្ហូបអាហារ​លើ​ពិភពលោក​បាន​ធ្លាក់ចុះ​នៅ​ក្នុង​ខែ​ទី៦នៅ​ក្នុង​ខែ​កញ្ញា។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គការ​សហប្រជាជាតិ​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នៅពេល​ដែល​តម្លៃ​ម្ហូប​អាហារ​បាន​បន្ត​ធ្លាក់ចុះ​ចាប់តាំងពី​បាន​ឡើង​ថ្លៃ​ខ្លាំង​បំផុត​បន្ទាប់ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ អង្គការ​ចំណី​អាហារ​និង​កសិកម្ម​បាន​បញ្ជាក់​ថា សន្ទស្សន៍​តម្លៃ​របស់​ខ្លួន​ដែល​តាមដាន​ការប្រែប្រួល​ប្រចាំ​ខែ​នៅ​ក្នុង​តម្លៃ​អន្តរជាតិ​នៅ​ក្នុង​ផលិតផល​ម្ហូបអាហារបាន​ធ្លាក់​ចុះ ១,១ភាគរយ​ចាប់តាំង​ពី​ខែ​សីហា​មក។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សន្ទស្សន៍​នោះ​មាន៥,៥ភាគរយ​ខ្ពស់​ជាង​កាលពី​ខែ​កញ្ញា ឆ្នាំ២០២១។
  • ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ការគំរាម​របស់​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ប្រើ​អាវុធ​នុយក្លេអ៊ែរជា​ការគំរាម​កំហែង​ដ៏​ធំ​បំផុត​ចាប់តាំងពី​វិបត្តិ​មីស៊ីល​គុយបា​នៅពេល​ដែល​មេដឹកនាំ​យោធា​រុស្ស៊ី​បាន​ប្រឈមការរិះគន់​ជា​សាធារណៈ​ដ៏​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​អំពី​សង្គ្រាមនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា កំណត់​សម្គាល់​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskiy ​ថា អង្គការ​អូតង់​គួរ​ធ្វើការ​វាយប្រហារបង្ការ​លើ​ប្រទេស​រុស្ស៊ី​«បញ្ជាក់ឱ្យ​ឃើញសេចក្តី​ត្រូវការ»​អ្វី​ដែល​រុស្ស៊ី​ហៅ​ថា «កិច្ចប្រតិបត្តិការ​ពិសេស»ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។ បើ​តាម​សេចក្តីរាយ ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ នៅ​ក្នុង​ការពិភាក្សា​ជាមួយ​វិទ្យាស្ថាន Lowy ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​របស់​ប្រទេស​អូស្ត្រាលី លោក​ប្រធានាធិបតី Zelenskiy បាន​និយាយ​ថា លោក​ជឿជាក់​ថា ការវាយ​ប្រហារ​នោះ​ជា​ការចាំបាច់​ដើម្បី​រារាំងជា​មុន​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​ណាមួយ​។ លោក​មិន​បាន​និយាយ​លម្អិត​អំពី​ប្រភេទ​នៃ​ការវាយ​ប្រហារ​ដែល​លោក​ចង់​និយាយ​នោះ​ទេ​ហើយ​លោក​មិន​បាន​និយាយ​សំដៅ​ដល់​ភាពចាំបាច់​នៃ​ការវាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែទេ៕
២២:៥៤ ៦.១០.២០២២

ថ្ងៃព្រហស្បតិ៍ ទី ៦ ខែតុលា៖

  • ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ដោយដកស្រង់​ការផ្សាយ​របស់​កាសែត The New York Timesថា ​ទី​ភ្នាក់ងារ​ស៊ើបអង្កេត​សហរដ្ឋ​អាមេរិក​ជឿ​ថា ផ្នែក​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​អ៊ុយក្រែនបាន​យល់ព្រម​ទៅលើ​ការវាយ​ប្រហារ​លើ ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​នៅ​ជិត​ទីក្រុង​មូស្គូ កាលពី​ខែសីហា​កន្លង​ទៅ​ដែល​បាន​សម្លាប់លោក​ស្រី Darya Dugina ដែល​ជាកូនស្រី​របស់​អ្នក​ជាតិ​និយម​រុស្ស៊ី​ដ៏​ល្បី​មួយ​រូប។ ទីភ្នាក់ងារ​ព័ត៌មាន Reuters មិន​អាចធ្វើការ​ផ្ទៀងផ្ទាត់បាន​ភ្លាមៗ​នៅ​ឡើយទេ​ជុំវិញ​សេចក្តីរាយកាណ៍​នេះ។ សហរដ្ឋ​អាមេរិក​ មិន​បាន​ពាក់ព័ន្ធ​ក្នុង​ការវាយប្រហារ​នេះឡើយ​ ហើយ​ក៏​មិនបាន​ដឹង​មុន​ពី​គម្រោងការ​នេះ​ជា​មុន​ផង​ដែរ។ នេះ​បើយោង​ទៅ​លើ​កាសែត The New York Times ។ ក្រុមមន្ត្រីអាមេរិក​បាន​ស្តី​បន្ទោស​ដល់​មន្ត្រី​អ៊ុយក្រែន​ជុំវិញ​ការ​ធ្វើ​ឃាត​នេះ។ នេះ​បើតាម​សារព័ត៌ដដែល​នេះ។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​ថា កងទ័ព​អ៊ុយក្រែន​ បាន​ដណ្តើម​កាន់កាប់ទីតាំង​បន្ថែម​ទៀត​ជា​ច្រើន​ទៀត​ក្នុង​តំបន់ Kherson ដែល​ជា​តំបន់មួយ​ក្នុង​ចំណោម​តំបន់​ភាគខាង​ត្បូង​មួយ​ចំនួន​របស់​អ៊ុយក្រែន ដែលត្រូវ​បាន​គ្រប់គ្រង​មួយ​ផ្នែក​ដោយ​កងទ័ព​រុស្ស៊ី ហើយ​ដែល​ត្រូវ​បានរដ្ឋាភិបាល​ក្រុង​មូស្គូ​ដាក់​បញ្ចូល​ជាទឹកដី​របស់​ខ្លួន។ នៅ​ក្នុង​សុន្ទរកថា​វីដេអូប្រចាំ​រាត្រី លោក Zelenskyy និយាយ​ថា លោក​បាន​ជួប​ជាមួយ​មេដឹកនាំយោធា​ជាន់ខ្ពស់​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ពុធ ដើម្បីពិភាក្សា​ពីការ​ដណ្តើម​យកមកវិញ​នូវទឹក​ដី​ទាំង​អស់​របស់​អ៊ុយក្រែន​ដែល​រុស្ស៊ី​កំពុង​កាន់កាប់។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាកងារ​ព័ត៌មាន Reuters។
  • នៅឯ​អង្គការ​សហប្រជាជាតិ ប្រទេស​រុស្ស៊ី​កំពុង​បញ្ចុះបញ្ចូលឱ្យ​មាន​ការបោះ​ឆ្នោត​សម្ងាត់​មួយ ដោយ​ជំនួស​ការបោះឆ្នោត​ជា​សាធារណៈ​នៅ​ពេល​ដែលមហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែលមាន​ប្រទេស​ជា​សមាជិក​ចំនួន​១៩៣​ប្រទេស​កំពុង​ពិចារណា​ការបោះឆ្នោត​នៅ​សប្តាហ៍​ក្រោយថា ​តើ​គួ​ថ្កោលទោសរុស្ស៊ី​ដែរ​ឬ​អត់​នោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិដែល​ដាក់​តំបន់ Donetsk និង Luhansk នៅភាគ​ខាងកើត​ និង​តំបន់ Kherson និង​តំបន់ Zaporizhzhia នៅ​ភាគ​ខាង​ត្បូងរបស់​ប្រទេស​អ៊ុយក្រែន​ ទៅ​ជា​ទឹកដី​របស់​ខ្លួន​នោះ។ នេះ​បើតាម​សេចក្តី​រាយកាណ៍របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​រំពឹង​ថា​ស្ថានភាពក្នុង​តំបន់​អ៊ុយក្រែន​ដែល​រុស្ស៊ី​ប្រកាស​ដាក់​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ​នឹង​មាន​ស្ថិរភាព បន្ទាប់ពីកងទ័ព​រុស្ស៊ី​កំពុង​ប្រឈម​នឹង​ការបក និង​បាន​បង់ទី​ប្រជុំជន​សំខាន់ៗ​មួយ​ចំនួនទៅ​ក្នុង​កណ្តាប់​ដៃ​របស់កងទ័ព​អ៊ុយក្រែន។ សមាជិក​សភា​ជាន់ខ្ពស់​រុស្ស៊ី​មួយ​រូបបាន​អំពាវនាវ​ឱ្យមន្ត្រីយោធា​រុស្ស៊ីប្រាប់​ពី​ការពិត​នៃ​ស្ថាន ភាព​វិវត្តន៍លើ​សមរភូមិ​ក្នុង​ប្រទេស​អ៊ុយក្រែន បន្ទាប់​ពី​កងទ័ព​រុស្ស៊ី​បាន​បាត់បង់​ទី​តាំង​កាន់កាប់​ជា​ច្រើនរបស់​ខ្លួន​នោះ។ «យើង​ត្រូវ​តែ​ឈប់​និយាយ​កុហក»។ នេះ​បើតាម​ការ​លើក​ឡើង​របស់​លោក Andrei Kartapolov ដែល​ជា​ប្រធាន គណៈកម្មាធិការ​ការពារ​ជាតិនៃ​រដ្ឋសភា​រុស្ស៊ី​ ដែល​បាន​ថ្លែង​ប្រាប់​អ្នក​កាសែតមួយរូប​នៃ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារព័ត៌មាន AFP។
  • មេដឹកនាំ ChechnyaលោកRamzan Kadyrov ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​រូប​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នោះ​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​ លោក​ត្រូវ​បាន​ផ្តល់​ឋាន្តរស័កិ្ត​កំពូល​មួយ​នៅក្នុង​កងទ័ព​រុស្ស៊ី ខណៈពេល​ដែល​កងកម្លាំង​រុស្ស៊ីកំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ទី​តាំង​ជាច្រើននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។ លោក Kadyrov ដែល​ជា​អតីត​មេទ័ព​សង្រ្គាម​មួយ​រូបនេះ​និងកំពុង​គ្រប់គ្រង​សាធារណរដ្ឋ​ Chechnya ជាមួយនឹង​ការ​រំលោភសិទ្ធិមនុស្ស​ជា​ច្រើននោះ​ បាន​និយាយ​ថា​លោកPutin បាន​ប្រាប់លោក​ដោយ​ផ្ទាល់​ពី​ការ​តំឡើង​ឋានន្តរស័ក្តិក្នុងកងកម្លាំងយោធា​រុស្ស៊ីនេះ។ មេដឹកនាំ Chechnya​រូប​នេះ​ បាន​បង្ហោះសារ​លើ​តេឡេក្រាម​ថា​ ប្រធានាធិបតីរុស្ស៊ី​បានផ្តល់ឋានន្តរស័ក្តិ​ជា​នាយឧត្តមសេនីយយោធា​ដល់​រូប​លោក ដែល​ជា​ឋានានុក្រម​កម្រិត​ទី៣ខ្ពស់​បំផុត​ ក្នុង​ជួរ​កង​កម្លាំង​រុស្ស៊ី​ទាំង​មូល។ ក្រុម​អង្គភាព​យោធាChechnya ជា​ច្រើន កំពុង​ចូលរួម​ប្រយុទ្ធជា​មួយ​កងទ័ព​រុស្ស៊ី​នៅក្នុង​ប្រទេស​អ៊ុយក្រែន។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។

6/ មន្ត្រី​អ៊ុយក្រែន​ម្នាក់​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ ការបាញ់​ផ្លោង​របស់​រុស្ស៊ីបាន​ចំ​ទៅ​លើ​អគារ​លំនៅ​ដ្ឋានមួយ​ចំនួននៅក្នុង​តំបន់ Zaporizhzhia ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏២​នាក់​ផង​ដែរ។ អភិបាល​តំបន់​ Zaporizhzhia លោក Oleksandr Starukh បាន​បង្ហោះសារ​នៅ​លើ​តេឡេក្រាម​ថា​ មាន​មនុស្ស​៥​នាក់​ បាន​ជាប់ក្នុង​គំនរ​ថ្ម​បាក់បែកនៃ​អគារ​ដែល​ទទួលរង​ការវាយ​ប្រហារនោះ។ កងកម្លាំង​អ៊ុយក្រែន​គ្រប់គ្រង​ក្នុងទីក្រុង​ ប៉ុន្តែ​តំបន់ Zaporizhzhia ស្ទើរតែទាំង​អស់គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី។

២១:៥៣ ៥.១០.២០២២

ថ្ងៃពុធ ទី ៥ ខែតុលា៖

  • មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ត្រូវ​គេ​រំពឹង​ថា​នឹង​បោះឆ្នោត​នៅ​សប្តាហ៍​ក្រោយទៅ​លើ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​ថ្កោលទោស​រុស្ស៊ី​ក្នុង​ការ​ដាក់​បញ្ចូលទឹកដី​អ៊ុយក្រែន​ដែល​រុស្ស៊ី​គ្រប់គ្រង​ ទៅ​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​នោះ។​ រុស្ស៊ី​បាន​ប្រើប្រាស់​សិទ្ធិ​វេតូ​ប្រឆាំង​របស់​ខ្លួន​ ដើម្បី​បញ្ឈប់​នូវ​វិធាន​ការ​ប្រហាក់​ប្រហែល​គ្នា​នេះ​មួយ​ផង​ដែរ​ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ កាល​ពី​សប្តាហ៍​មុន។​ ​
  • រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស​លោក​ James Cleverly ​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ចក្រភព​អង់គ្លេស​បាន​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​គំរាម​កំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​ប៉ុន្តែ​លោកថា​ លោក​ Putin ​មាន​ប្រវត្តិ​ធ្លាប់តែ​គំរាម​កំហែង​ដោយ​បង្ហាញ​កម្លាំង។ ​នៅ​ពេល​សួរ​ថា​ តើគេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​គំរាម​កំហែង​ប្រើ​អាវុធ​នុយក្លេអ៊ែររបស់​រុស្ស៊ី​នោះ​ឬ​ទេ ​លោក​ Cleverly ​បាន​ប្រាប់​វិទ្យុ ​BBC​ របស់​អង់គ្លេស​ថា​ «យើង​តែង​តែ​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែលលោក Vladimir Putin ​បាន​និយាយ។ ​យើង​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ លោក Putin ​ធ្លាប់​មាន​ប្រវត្តិ​គំរាម​កំហែង​ដោយ​បង្ហាញ​កម្លាំង​ផង​ដែរ»។
  • ក្រុម​រដ្ឋាភិបាលនៃ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​មាន​គម្រោង​នឹង​សម្រេច​កិច្ច​ព្រមព្រៀង​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ ទៅ​លើ​សំណើ​ដាក់ទណ្ឌកម្មជា​ថ្មី​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី​ ចំពោះការឈ្លានពានប្រទេស​អ៊ុយក្រែន​នោះ។​ ​នេះបើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​ដែល​បាន​ស្រង់​សម្តីប្រធាន​គោល​នយោបាយការ​បរទេស​សហភាព​អឺរ៉ុប​ ​លោក Josep Borrell។ ​ក្រុម​រដ្ឋាភិបាល​ប្រទេសក្នុង​សហភាព​អឺរ៉ុប​ ដែល​ជា​ក្រុម​ប្រឹក្សា​រួម​គ្នា​នោះ ​បាន​ពិភាក្សា​គ្នា​ចាប់​តាំង​ពី​សប្តាហ៍​មុន​មក​ ក្នុង​ការ​ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​ជាលើក​ទី​៨ប្រឆាំង​នឹង​ប្រទេសរុស្ស៊ី។​
  • កង​កម្លាំង​អ៊ុយក្រែន​ បាន​រុល​ទៅ​មុខ​ក្នុង​ចម្ងាយ​២០​គីឡូម៉ែត្រ​ទៀត​ ហួស​ពី​ទន្លេរ​ Oskil​ ក្នុង​តំបន់ Kharkiv ​ភាគ​ឦសាន្ត​នៃ​ប្រទេស​អ៊ុយក្រែន​ ចូល​ទៅ​ក្នុង​តំបន់​ការពារ​របស់​រុស្ស៊ី​ ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទី​ប្រជុំជន ​Svatove ​ក្នុង​តំបន់ ​Luhansk។ ​នេះ​បើ​តាមការ​បញ្ជាក់​របស់​ប្រទេស​អង់គ្លេស​នៅ​ថ្ងៃ​ពុធ​នេះ។​ ក្រសួង​ការពារ​ជាតិ​អង់គ្លេស​បាន​និយាយ​នៅ​ក្នុង​ព្រឹតិ្តប័ត្រ​ស៊ើប​ការណ៍​សម្ងាត់របស់​ខ្លួន​ថា ​ «តាមន័យ​នយោបាយ​ មេ​ដឹកនាំ​រុស្ស៊ី​ទំនងជា​កំពុង​បារម្ភថា​ ​អង្គភាព​កង​កម្លាំង​អ៊ុយក្រែន​ដែល​កំពុង​រុល​ទៅ​មុខ​ ឥឡូវ​នេះកំពុង​ខិត​ទៅ​ជិត​ព្រំដែន​នៃ​តំបន់​រដ្ឋបាល​ Luhansk ​ដែល​រុស្ស៊ី​បានអះអាង​ថា​ បាន​ដាក់​បញ្ចូល​ទៅក្នុងទឹកដី​របស់​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន​នោះ។
  • ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហ​រដ្ឋ​អាមេរិក​ លោក​ Anatoly Antonov ​បាន​និយាយ​ថា​ ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​បញ្ជូនជំនួយ​យោធា​បន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​នោះ ​កំពុង​បង្កើត​នូវ​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​រុស្ស៊ី ​និងបង្កើន​នូវហានិភ័យ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​ខាង​ផ្នែក​យោធារវាង​ប្រទេស​រុស្ស៊ី​និង​ប្រទេស​លោក​ខាងលិច។​ នេះ​បើតាមសេចក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​ លោក​ Antonov​ បាន​និយាយ​សារ​ក្នុង​តេឡេក្រាម​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ «យើង​ចាត់​ទុក​ថា រឿង​នេះ​ជា​ការ​គំរាម​កំហែង​ជា​បន្ទាន់​មួយ​ទៅលើ​ផល​ប្រយោជន៍​យុទ្ធសាស្ត្រ​នៃ​ប្រទេស​របស់​យើង»។​
  • ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​នៅថ្ងៃ​ពុធ​នេះ​ថា​ រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ Zaporizhzhia នឹង​ត្រូវ​ដំណើរការ​នៅ​ក្រោម​ការ​គ្រប់គ្រង​ថ្មីរបស់​ទី​ភ្នាក់ងារមួយ​ចំនួន​របស់​រុស្ស៊ី​ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បាន​ដាក់​បញ្ចូល​តំបន់​ Zaporizhzhia ​ជា​ផ្លូវការ​ទៅ​ជា​ផ្នែក​មួយ​នៃ​ទឹកដីរុស្ស៊ី​នៅ​សប្តាហ៍​នេះ។​ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋរុស្ស៊ី ​RIA។​ ដោយ​ឡែកទី​ភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ីមួយ​ទៀត​ដែល​មាន​ឈ្មោះ​ TASS ​ក៏​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ផង​ដែរ​ថា​ លោក​Rafael Grossi ​ដែល​ជា​ប្រធាន​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ (IAEA)​ នឹង​ទៅ​ធ្វើ​ទស្សន​កិច្ច​ក្នុង​ទីក្រុង​មូស្គូក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាពនៅ​រោង​ចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នេះ​ផង​ដែរ។
០០:៣៦ ៥.១០.២០២២

ថ្ងៃ​អង្គារ ទី ៤ ខែតុលា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy​ បាន​ចុះ​ហត្ថលេខា​លើច្បាប់​មួយ​នៅ​ថ្ងៃ​អង្គារដែល​ប្រកាស​ថា ​ការ​ចរចា​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​គឺ​ «មិន​អាច​ធ្វើ​បាន»​ បន្ទាប់ពីលោក ​Putin ​ព្យាយាម​យក​តំបន់​ចំនួន​៤​របស់​អ៊ុយក្រែនភ្ជាប់ជាមួយ​រុស្ស៊ី។ អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លោក​ Dmitry Peskov​ បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា​ រុស្ស៊ី​នឹង​រង់ចាំ​រហូត​ទាល់​តែ​លោក ​Zelenskyy​ ប្តូរ​គំនិត ឬ​រហូត​ទាល់តែ​ប្រធានាធិបតី​ថ្មី​ចូល​កាន់​តំណែង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ សភា​ជាន់​ខ្ពស់​របស់​រុស្ស៊ី​បាន​បោះឆ្នោត​អនុម័ត​យក​តំបន់​ចំនួន​៤​របស់​អ៊ុយក្រែន​ជា​ផ្នែក​មួយ​នៃ​ទឹកដីរុស្ស៊ី ​ដោយជំរុញ​ដំណើរ​ការ​នេះ​ដែល​ត្រូវ​បានថ្កោល​ទោស​ដោយអ៊ុយក្រែន​ និង​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ​ហើយអគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ​លោក ​Antonio Guterres ​ហៅ​ថា​ ជា​«ការ​បង្កើន​ភាព​តាន​តឹង​ដ៏​គ្រោះ​ថ្នាក់»​ និង​«មិន​មាន​តម្លៃ​ខាង​ផ្លូវ​ច្បាប់»។​
  • រដ្ឋមន្ត្រី​ការ​បរទេស​ចក្រភព​អង់គ្លេស​លោក ​James Cleverly ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ថា​ ចក្រភព​អង់គ្លេស​មាន​ «អំណត់​ជាយុទ្ធសាស្ត្រ»​ឱ្យ​អ៊ុយក្រែន​«ទទួល​ជ័យ​ជម្នះ»​លើ​ប្រទេស​រុស្ស៊ី។​ ក្នុង​សុន្ទរកថា​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​គណបក្ស​អភិរក្ស​និយម​របស់​លោក​ លោក Cleverly ​និយាយ​ថា ​អ៊ុយក្រែន​មាន​ការ​គាំទ្រ​គ្មាន​ងាក​រេ​របស់​ចក្រភព​អង់គ្លេសក្នុង​ការ​ប្រឹង​ប្រែង​រុញច្រាន​កងទ័ព​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin។​ លោក​ Cleverly ​ថ្លែង​ដូច​ការ​ប្តេជ្ញា​របស់​លោក​ស្រី​នាយក​រដ្ឋមន្ត្រី​ Liz Truss​ ថា ​ចក្រភព​អង់គ្លេស​នឹង​មិន​ទទួល​ស្គាល់​ការ​ទាមទារ​របស់​លោក​ Putin ​យក​តំបន់ ​Donetsk ​ Lugansk, Kherson, Zaporizhzhia ​ឬ ​Crimea​ នោះ​ទេ។ ​នេះ​បើតាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។​
  • កងទ័ព​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ​នៅ​តំបន់​ Kherson ​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដណ្តើម​យក​នោះ​ បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ពី​កងទ័ព​អ៊ុយក្រែនប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។​ នេះ​បើ​តាម​អភិបាល​តំបន់​នេះ​ដែល​លើក​បន្តុក​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ផ្សាយ​នៅថ្ងៃ​អង្គារ។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​ Kherson ​ជា​តំបន់​មួយ​នៃ​តំបន់ដំបូង​គេ​របស់​អ៊ុយក្រែន​ធ្លាក់​ក្នុងការ​កាន់កាប់​របស់​រុស្ស៊ី​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​កាលពី​ខែ​កុម្ភ:។ ​តំបន់​នេះ​ត្រូវ​បាន​រុស្ស៊ី​ភ្ជាប់​យក​កាលពី​សប្តាហ៍​មុន​ ទោះ​ជា​យ៉ាងណា​ កងទ័ព​រុស្ស៊ី​មិន​បាន​កាន់​កាប់​តំបន់​នេះ​ទាំង​មូល​ទេ។​ ពួក​អ្នក​សង្កេត​មើល​ការ​ប៉ះ​ទង្គិចគ្នា​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​និយាយ​ថា​ កងទ័ព​អ៊ុយក្រែន​កំពុង​រុល​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​ទឹកដី​ដែល​កាន់​កាប់​ដោយ​រុស្ស៊ី ​ជាពិសេស​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់​តាមក្បែរ​មាត់​ទន្លេ ​ Dniepr។​
  • ប្រទេស​កូរ៉េ​ខាង​ជើង​ នៅ​ថ្ងៃ​អង្គារ បាន​ប្រកាសគាំទ្រ​ប្រទេស​រុស្ស៊ី​ដែល​យក​តំបន់​នានា​របស់​អ៊ុយក្រែន​កាន់​កាប់​ដោយ​កងទ័ពរុស្ស៊ី​ ហើយ​បាន​ចោទ​ថា​ សហ​រដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​ធ្វើ​ដូចជា​ក្រុម​ជន​ពាល​ ដោយ​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅអង្គការ​សហ​ប្រជាជាតិ។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។ កាលពី​សប្តាហ៍​មុន​ ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បាន​ប្រកាស​ថា ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ភ្ជាប់​យកតំបន់​ចំនួន​៤​របស់​អ៊ុយក្រែន ​ដែល​បាន​ធ្វើ​ប្រជា​មតិរៀបចំ​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​លើ​ទឹក​ដី​ដែល​កាន់កាប់​ដោយ​យោធា​រុស្ស៊ី។​ សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​បាន​និយាយ​ថា​ ប្រជា​មតិ​នេះ​គួរ​ឱ្យខ្មាស​អៀន​ ព្រោះធ្វើ​ឡើង​ក្រោម​ការ​គំរាម​កំហែង​ដោយ​ចុង​កាណុង​ ​ហើយ​ប្តេជ្ញា​ថា​ នឹង​មិន​ទទួល​ស្គាល់​ការ​ដណ្តើម​យក​នេះ​ទេ។​
  • មនុស្ស​ជាង​២​សែន​នាក់​បាន​ត្រូវ​កេណ្ឌ​ឱ្យ​ធ្វើ​ទាហាន​រុស្ស៊ី​ចាប់​តាំង​ពី​លោក​ប្រធានាធិបតី ​Vladimir Putin ​បាន​ប្រកាស​យុទ្ធនាការ​ប្រមូល​កងទ័ព​កាលពី​ថ្ងៃ​ទី២១ ​ខែ​កញ្ញា។​ នេះ​បើ​តាម​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ​លោក​ Sergei Shoigu ​កាលពី​ថ្ងៃ​អង្គារ​ ហើយ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​ នៅ​ក្នុង​ជំនួប​ផ្សាយ​តាម​ទូរទស្សន៍​ លោក​ Shoigu ​ថ្លែង​ថា ​«រហូត​មក​ទល់​ថ្ងៃ​នេះ ​មនុស្ស​ជាង​២​សែន​នាក់​បាន​ចូល​បម្រើ​កងទ័ព»។​ ការ​កេណ្ឌ​កងទ័ព​របស់​រុស្ស៊ី​នេះ​មាន​គោល​បំណង​បង្កើន​កម្លាំង​រដ្ឋាភិបាល​ក្រុង​មូស្គូ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG