០០:៤៦
៤.១០.២០២២
ថ្ងៃចន្ទ ទី ៣ ខែតុលា៖
- អ្នកកាសែតរុស្ស៊ីដ៏ល្បីល្បាញគឺលោកស្រី Ksenia Sobchack បានប្រឈមការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌអំពីអត្ថបទមួយដែលប៉ូលិសសង្ស័យថា ជា«ព័ត៌មានមិនពិត»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS ដែលបានរាយការណ៍នៅថ្ងៃចន្ទ ដោយបានដកស្រង់ប្រភពអនាមិកនៅក្នុងទីភ្នាក់ងារពង្រឹងច្បាប់។
- លោកស្រី Sobchak ដែលខ្មោចឪពុករបស់លោកស្រីជាអភិបាលក្រុង St Petersburg ក្នុងទសវត្សរ៍១៩៩០ហើយបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក Vladimir Putin នោះ បានបង្កើតបណ្តាញ YouTube មួយដែលមានអ្នកចុះឈ្មោះចូលមើលជាង៣លាននាក់។ លោកស្រីក៏បានបង្កើតគណនីយ Telegram ដ៏មានប្រជាប្រីយ៍ភាពមួយដែលតែងតែផ្សាយអត្ថបទរិះគន់ការប្រមូលកងទ័ពរបស់លោក Putin។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- សភាជាន់ទាបរបស់រុស្ស៊ីបានបោះឆ្នោតនៅថ្ងៃចន្ទអនុម័តសន្ធិសញ្ញាឱ្យតំបន់ចំនួន៤របស់អ៊ុយក្រែនចូលជាមួយប្រទេសរុស្ស៊ី។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បាននិយាយថា ព្រំដែននៃតំបន់ Zaporizhzhia និង Kherson នៅតែបើក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
- ប្រធានាធិបតីប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា Lyman ដែលជាទីក្រុងដ៏សំខាន់មួយនៅតំបន់មួយនៃតំបន់៤របស់អ៊ុយក្រែនភ្ជាប់យកដោយរុស្ស៊ីនោះ លែងមានកងទ័ពរុស្ស៊ីហើយ។
- សភាពការណ៍ចុងក្រោយក្នុងការវាយបករបស់អ៊ុយក្រែនច្រើនសប្តាហ៍ប្រឆាំងនឹងការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូនោះ បានកើតមានឡើង នៅពេលដែលរុស្ស៊ីជំរុញបញ្ចូលទឹកដីអ៊ុយក្រែនជាមួយរុស្ស៊ី ថ្វីបើមានការថ្កោលទោសពីរដ្ឋាភិបាលក្រុងកៀវ និងប្រទេសលោកខាងលិចក៏ដោយ។
- កងទ័ពអ៊ុយក្រែនបានបញ្ជាក់ថា ខ្លួនបានចូលក្នុងទីក្រុង Lyman ដែលជាមជ្ឈមណ្ឌលផ្លូវរទេះភ្លើងយុទ្ធសាស្ត្រនៅក្នុងតំបន់ Donetsk ភាគខាងកើតកាលពីថ្ងៃសៅរ៍ ដែលបានបណ្តាលឱ្យរដ្ឋាភិបាលក្រុងមូស្គូប្រកាស«ដកកងទ័ពពីទីក្រុងនោះទៅកាន់ខ្សែត្រៀមដែលសំខាន់ជាង»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- សហភាពអឺរ៉ុបនៅថ្ងៃចន្ទបានកោះហៅអ្នកការទូតជាន់ខ្ពស់របស់រុស្ស៊ីនៅក្នុងទីក្រុងប្រ៊ុចសែលដែលជាផ្នែកមួយនៃចំណាត់ការរួមជាមួយរដ្ឋជាសមាជិកដើម្បីថ្កោលទោសការយកទឹកដីអ៊ុយក្រែនដោយខុសច្បាប់បន្ថែមទៀតដោយលោកប្រធានាធិបតី Vladimir Putin។ លោក Peter Stano អ្នកនាំពាក្យកិច្ចការបរទេសរបស់សហភាពអឺរ៉ុបបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «នេះជាការកិច្ចការរួមដ៏ធំរបស់សហភាពអឺរ៉ុប»។
- សមាជិកសហភាពអឺរ៉ុបកាលពីថ្ងៃសុក្របានចាប់ផ្តើមកោះហៅបេសកជនរុស្ស៊ី បន្ទាប់ពីលោក Putin បានប្រកាសជាផ្លូវការយកតំបន់៤របស់អ៊ុយក្រែនដែលកាន់កាប់ដោយកងទ័ពរបស់លោក ចាប់តាំងពីការឈ្លានពានកាលពីខែ កុម្ភ:។
- រដ្ឋាភិបាលវិមានក្រឹមឡាំងកាលពីថ្ងៃចន្ទបានច្រានចោលការអំពាវនាវរបស់លោក Ramzan Kadyrow មេដឹកនាំ Chenchen ឱ្យប្រើអាវុធនុយក្លេអ៊ែរកម្រិតខ្សោយនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីកងទ័ពរដ្ឋាភិបាលក្រុងមូស្គូត្រូវកងទ័ពអ៊ុយក្រែនបណ្តេញចេញពីទីក្រុង Lyman ភាគខាងកើត។
- លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាលវិមានក្រុងក្រឹមឡាំងបាននិយាយថា «នេះពេលវេលាដ៏សំខាន់មួយ»។ លោកនិយាយសំដៅសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី Vladimir Putin។ លោកបាននិយាយទៀតថា «នៅក្នុងប្រទេសរបស់យើង ការប្រើអាវុធនុយក្លេអ៊ែរកើតមានឡើងដោយផ្អែកលើអ្វីដែលជឿថា ត្រឹមត្រូវ»។
២៣:៤១
៣០.៩.២០២២
ថ្ងៃសុក្រ ទី៣០ ខែកញ្ញា៖
- រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចោទប្រកាន់រុស្ស៊ីពីការដណ្តើមយកដីរបស់អ៊ុយក្រែន បន្ទាប់ពីការបោះឆ្នោតធ្វើប្រជាមតិនៅក្នុងប្រទេសនេះរួចមក ហើយបានសន្យាជាថ្មីថា សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់ការដាក់បញ្ចូលទឹកដីទាំងនោះដោយរដ្ឋាភិបាលក្រុងមូស្គូឡើយ។ «ការធ្វើប្រជាមតិក្លែងក្លាយរបស់វិមានក្រឹមឡាំងនោះ ជាការប្រឹងប្រែងដែលគ្មានន័យ ដើម្បីបិទបាំងអ្វីដែលជាការប៉ុនប៉ងបន្ថែមទៀត ដើម្បីដណ្តើមយកទឹកដីនៅក្នុងប្រទេសអ៊ុយក្រែននោះ»។ នេះបើតាមការបញ្ជាក់របស់លោក Blinken នៅក្នុងសេចក្តីថ្លែងការណ៍មួយ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss នៅថ្ងៃសុក្រនេះ បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាបានបំពានទៅលើច្បាប់អន្តរជាតិ ខណៈខ្លួនកំពុងរៀបចំដាក់ភ្ជាប់តំបន់ទឹកដីទាំង៤របស់អ៊ុយក្រែនដែលខ្លួនកាន់កាប់ទៅជាផ្នែកមួយរបស់រុស្ស៊ីជាផ្លូវការនោះ។ លោកស្រី Truss ក៏បានរិះគន់មេដឹកនាំរុស្ស៊ីរូបនេះផងដែរថា បានបង្ហាញភាពមិនយកចិត្តទុកដាក់យ៉ាងច្បាស់លាស់ទៅលើជីវិតពលរដ្ឋអ៊ុយក្រែន ដែលលោកអះអាងថា ធ្វើជាតំណាងនោះ។ នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបន្ថែមថា៖ «ចក្រភពអង់គ្លេស នឹងមិនព្រងើយកន្តើយដល់ឆន្ទៈឯករាជ្យរបស់ពលរដ្ឋអ៊ុយក្រែនទាំងនេះឡើយ ហើយនឹងមិនទទួលស្គាល់តំបន់ Donetsk Luhansk Kherson និងតំបន់ Zaporizhzhia ជាអ្វីក្រៅតែជាទឹកដីរបស់អ៊ុយក្រែននោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ចំថ្ងៃដែលរុស្ស៊ីមានគម្រោងនឹងរៀបចំពិធី ដើម្បីដាក់បញ្ជូនតំបន់ទឹកដីទាំង៤របស់អ៊ុយក្រែនទៅជាផ្នែកមួយរបស់រុស្ស៊ីនោះ ក្បួនរថយន្តមនុស្សធម៌មួយបានត្រូវគ្រាប់ផ្លោងរបស់កងកម្លាំងរុស្ស៊ីនៅជិតទីប្រជុំជន Zaporizhzhia។ ក្រុមមន្ត្រីនិយាយថា មានមនុស្សយ៉ាងហោចណាស់ក៏២៣នាក់ដែរ បានស្លាប់ និង២៨នាក់ផ្សេងទៀតទទួលរងរបួសនៅក្នុងហេតុការណ៍នោះ។ ក្បួនរថយន្តនេះ បានធ្វើដំណើរទៅកាន់តំបន់នោះដើម្បីដឹកជញ្ជូនក្រុមគ្រួសារចេញពីទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។ រុស្ស៊ីនៅថ្ងៃសុក្រនេះ មានគម្រោងនឹងរៀបចំការប្រកាសជាផ្លូវការដើម្បីដាក់បញ្ចូលតំបន់ទឹកដីអ៊ុយក្រែនចំនួន៤ ដែលមានតំបន់ Donetsk Luhansk Kherson និងតំបន់ Zaporizhzhia ជាផ្នែកមួយរបស់រុស្ស៊ី។ វិមានក្រឹមឡាំងរុស្ស៊ីនឹងរៀបចំប្រារព្ធអ្វីដែលមនុស្សជាច្រើនយល់ថាជាទង្វើខុសច្បាប់នោះ ជាមួយនឹងការប្រគំតន្ត្រីនិងការប្រមូលផ្តុំនៅក្នុងរដ្ឋធានីមូស្គូផងដែរ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបជាមួយក្រុមមេបញ្ជាយោធារបស់លោកនៅសុក្រនេះ ដើម្បីពិភាក្សាពីផែនការបន្ថែមទៀត ក្នុងការរំដោះទឹកដីអ៊ុយក្រែន ដែលកំពុងកាន់កាប់ដោយកងកម្លាំងរុស្ស៊ីនោះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ លោក Zelenskiyបាននិយាយនៅក្នុងសារតាមតេឡេក្រាមថា លោកនិងក្រុមមេបញ្ជាការយោធា ក៏បានពិភាក្សាគ្នាផងដែរ ពីការផ្គត់ផ្គង់អាវុធដល់កងកម្លាំងអ៊ុយក្រែន ក៏ដូចជាផែនការរបស់រុស្ស៊ីក្នុងពេលខាងមុខក្រោយការឈ្លានពានរបស់គេមកលើប្រទេសអ៊ុយក្រែននោះ។
- ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានដាក់សម្ពាធប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងការហៅទូរស័ព្ទមួយទៅកាន់លោកកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាត់វិធានការកាត់បន្ថយភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន និងបានជំរុញដល់ប្រធានាធិបតីរុស្ស៊ីរូបនេះ ឱ្យបន្តកិច្ចព្រមព្រៀងដើម្បីការពារការនាំចេញគ្រាប់ធញ្ញជាតិនៅតាមសមុទ្រខ្មៅ។ នេះបើតាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីតួកគី ហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានReuters។ លោក Erdogan ក៏បានស្នើដល់លោក Putin ឱ្យផ្តល់ឱកាសដល់ការពិភាក្សាសន្តិភាពជាថ្មីម្តងទៀត។ នេះបើតាមខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលតួកគីនោះ។
- នៅក្នុងរបាយការណ៍វាយតម្លៃចុងក្រោយរបស់ខ្លួនស្តីពីប្រទេសអ៊ុយក្រែន វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់អាមេរិក បាននិយាយថា កងកម្លាំងអ៊ុយក្រែន ហាក់ទំនងដូចជាជិតឡោមព័ទ្ធបានទាំងស្រុងហើយទៅលើក្រុមកម្លាំងរុស្ស៊ីនៅក្នុងទីក្រុង Lyman ដោយបានកាត់ផ្តាច់ខ្សែបណ្តាញទំនាក់ទំនងលើដីដ៏សំខាន់ ដែលបានជួយដល់ក្រុមទាហានរុស្ស៊ីក្នុងតំបន់ Drobysheve-Lyman នោះ។ កងកម្លាំងអ៊ុយក្រែន បានបន្តកំណត់គោលដៅទៅលើភ័ស្តុភារការដឹកជញ្ជូន និងទីតាំងយោធារុស្ស៊ីនៅក្នុងតំបន់រដ្ឋបាល Kherson ខណៈពេលដែលកម្លាំងរុស្ស៊ីកំពុងបន្តការវាយប្រហារតាមជើងគោកក្នុងតំបន់រដ្ឋបាល Donetsk ។
០២:២៣
៣០.៩.២០២២
ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកញ្ញា៖
- អគ្គលេខាធិការអង្គការអូតង់ លោក Jens Stoltenberg បាននិយាយនៅថ្ងៃព្រហ្បតិ៍នេះថា ការវាយប្រហារដោយចេតនាទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជាសម្ព័ន្ធមិត្តរបស់អូតង់នឹងត្រូវទទួលបានការឆ្លើយតបវិញដោយកំណត់មួយ បន្ទាប់ពីអ្វីដែលគេហៅថា សកម្មភាព«វិទ្ធង្សនា» ទៅលើបំពង់បង្ហូរប្រេង Nord Stream នោះ។ សេចក្តីថ្លែងការណ៍មួយរបស់អង្គការអូតង់បានលើកឡើងថា៖ «ព័ត៌មានដែលយើងមានទាំងអស់នៅពេលនេះបានបង្ហាញថា នេះជាលទ្ធផលនៃសកម្មភាពវិទ្ធង្សនាដោយចេតនា គ្មានការគ្រប់គ្រងនិងគ្មានការទទួលខុសត្រូវ»។
- ប្រទេសស៊ុយអែតបានរកឃើញការលេចធ្លាយចំណុចទី៤នៅលើបំពង់បង្ហូរប្រេងក្នុងបាតសមុទ្រដ៏សំខាន់មួយ ដែលបង្ហូរឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC។ ការលេចធ្លាយចំណុចទី៤នេះបន្ថែមទៅលើការលេចធ្លាយនៅទីតាំងចំនួន៣ផ្សេងទៀត ដែលប្រទេសដាណឺម៉ាក និងប្រទេសស៊ុយអែតបានរកឃើញនៅលើបំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 នោះ។ សហភាពអឺរ៉ុបនិយាយថា ការលេចធ្លាយនោះគឺកើតឡើងដោយសារសកម្មភាពវិទ្ធង្សនា។ ចំណែកប្រទេសរុស្ស៊ីវិញបានហៅការចោទប្រកាន់ដែលថា រុស្ស៊ីវាយប្រហារលើបំពង់បង្ហូរប្រេងខ្លួនឯងនោះគឺជារឿង«និយាយស្មានៗនិងល្ងង់ខ្លៅ»។
- បេក្ខជនសហរដ្ឋអាមេរិកលោក Doreen Bogdan-Martin នៅថ្ងៃព្រហស្បតិ៍នេះ បានយកឈ្នះទៅលើគូប្រជែងរបស់លោកដែលជាជនជាតិរុស្ស៊ីដើម្បីក្លាយជាអគ្គនាយកនៃសហជីពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union) នៅក្នុងការបោះឆ្នោតមួយ ដែលត្រូវគេមើលឃើញថា ជាការសាកល្បងឱ្យឃើញថា តើមានប្រទេសប៉ុន្មាន ដែលនៅតែគាំទ្រប្រទេសរុស្ស៊ីនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Bogdan-Martin បានជាប់ឆ្នោតទទួលបានតំណែងនេះដោយមានសំឡេងគាំទ្រចំនួន ១៣៩ នៃសន្លឹកឆ្នោតសរុបចំនួន១៧២ ដោយបានឈ្នះបេក្ខជនរុស្ស៊ី លោក Rashid Ismailov។ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ។
- កិច្ចព្រមព្រៀងអំពីទណ្ឌកម្មបន្ទាប់ប្រឆាំងនឹងរុស្ស៊ីត្រូវគេរំពឹងថា នឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបក្នុងសប្តាហ៍ក្រោយ ឬយ៉ាងហោចណាស់ក៏អាចសម្រេចនូវផ្នែកសំខាន់មួយចំនួននៃកិច្ចព្រមព្រៀងអំពីទណ្ឌកម្មនេះ។ នេះបើតាមមន្ត្រីសហភាពអឺរ៉ុបម្នាក់ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ មន្ត្រីរូបនោះនិយាយថា គេរំពឹងថា ជំនួបកំពូលនោះនឹងផ្តោតទៅលើការធ្វើប្រជាមតិរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ការដាក់បញ្ចូលតំបន់មួយចំនួនរបស់អ៊ុយក្រែនទៅជាផ្នែកមួយនៃទឹកដីរុស្ស៊ី ការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី និងការបង្អាក់បំពង់បង្ហូរប្រេង Nord Stream ជាដើម។
- ប្រធានសភាជាន់ខ្ពស់រុស្ស៊ីនិយាយថា សភារុស្ស៊ីអាចពិចារណាដាក់បញ្ចូលតំបន់ទាំង៤នៅក្នុងប្រទេសអ៊ុយក្រែនដែលបានធ្វើប្រជាមតិរួចហើយនោះ ឱ្យក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៊ីនៅថ្ងៃអង្គារគឺ៣ថ្ងៃមុនថ្ងៃខួបកំណើត៧០ឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- កាសែត The New York Times បានបង្ហោះក្នុងគេហទំព័ររបស់ខ្លួននូវសម្រង់កិច្ចសន្ទនាតាមទូរស័ព្ទរវាងកងទ័ពរុស្ស៊ី និងសាច់ញាតិជាទីស្រឡាញ់របស់ពួកគេ។ ភ្នាក់ងារអនុវត្តច្បាប់អ៊ុយក្រែនចាប់បានសំឡេងសន្ទនានោះ ដោយបង្ហាញថា កងទ័ពរុស្ស៊ីជាច្រើននាក់បានបង្ហាញអារម្មណ៍មួរម៉ៅប្រឆាំងសង្គ្រាម និងប្រឆាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តែម្តង។ នៅក្នុងកិច្ចសន្ទនាមួយដែលត្រូវចាប់សំឡេងបាន ទាហានរុស្ស៊ីម្នាក់ឈ្មោះ Sergue បានចោទជាសំណួរអំពីអំណងនៃសង្គ្រាមនេះ។ លោកសួរថា «ម៉ែ! យើងអត់ឃើញមានពួកហ្វាស៊ីសនៅទីនេះទេ សូម្បីតែម្នាក់ក៏គ្មានដែរ។ សង្គ្រាមនេះកើតឡើងដោយការធ្វើពើដ៏ខុសឆ្គង។ គ្មាននរណាម្នាក់ត្រូវការសង្គ្រាមនេះទេ។ ពេលយើងចូលមកដល់ទីនេះ មនុស្សម្នាគ្រប់គ្នារស់នៅក្នុងជីវភាពធម្មតា ល្អ សមរម្យ ដូចនៅក្នុងប្រទេសរុស្ស៊ីដែរ។ ប៉ុន្តែពេលនេះ ពួកគេត្រូវរស់នៅក្នុងបន្ទប់ក្រោមដី។ ស្ត្រីចំណាស់ម្នាក់ដែលនៅជិតយើង ត្រូវរស់នៅក្នុងបន្ទប់ស្តុកអីវ៉ាន់ក្រោមដី។ អ៊ីចឹងយើងស្រមៃមើលទៅតើវាយ៉ាងណានោះ?»
- នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi និយាយនៅថ្ងៃព្រហ្បតិ៍នេះថា ប្រទេសអ៊ីតាលីនឹងមិនទទួលស្គាល់លទ្ធផលធ្វើប្រជាមតិខុសច្បាប់ ដែលរៀបចំឡើងដោយរដ្ឋាភិបាលក្រុងមូស្គូនៅក្នុងតំបន់ដែលខ្លួនកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីតាលីរូបនេះលើកឡើងថា លោក Draghi បាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ហើយធានាថា រដ្ឋាភិបាលក្រុងរ៉ូមនឹងបន្តការគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន។ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីការធ្វើប្រជាមតិខុសច្បាប់របស់រុស្ស៊ី ដែលអ៊ីតាលីនឹងមិនគាំទ្រនោះឡើយ។នេះបើតាមរបស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីតាលី ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP៕
០០:១០
២៩.៩.២០២២
ថ្ងៃពុធ ទី ២៨ ខែកញ្ញា៖
- ក្រោយការធ្វើប្រជាមតិដ៏ប្រញាប់ប្រញាល់ ដែលក្រុមប្រទេសលោកខាងលិចបានថ្កោលទោសថា ជារឿងគួរឱ្យខ្មាសអៀន មិនត្រឹមត្រូវតាមច្បាប់នោះ មន្ត្រីរដ្ឋបាលដែលលើកបន្ទុបដោយរុស្ស៊ីក្នុងតំបន់ Luhansk របស់អ៊ុយក្រែន បាននិយាយនៅថ្ងៃពុធនេះថា លោកបានស្នើជាផ្លូវការឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាសដាក់បញ្ចូលតំបន់នេះទៅក្នុងទឹកដីរបស់រុស្ស៊ី។ មេដឹកនាំផ្តាច់ខ្លួន លោក Leonid Pasechnik បានលើកឡើងថា «ដោយទទួលយកការណ៍ពិតដែលពលរដ្ឋនៃសាធារណរដ្ឋ Luhansk បានបោះឆ្នោតយល់ព្រមតាមរយៈសេចក្តីសម្រេចនៃការធ្វើប្រជាមតិនោះ ខ្ញុំសូមស្នើលោកប្រធានាធិបតីពិចារណាប្រកាសដាក់បញ្ចូលសាធារណរដ្ឋ Luhansk ឱ្យក្លាយជាផ្នែកមួយរបស់សហព័ន្ធរុស្ស៊ី»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ធនាគារ៣ចុងក្រោយរបស់ប្រទេសតួកគី ដែលនៅតែដំណើរការប្រើប្រាស់ការទូទាត់តាមរយៈកាតធនាគារ Mir របស់រុស្ស៊ីនោះ បានដកចេញនូវកម្មវិធីនេះក្រោមការដាក់សម្ពាធពីសហរដ្ឋអាមេរិក។ នេះបើតាមមន្ត្រីជាន់ខ្ពស់តួកគីមួយរូបដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធនេះ។ ការសម្រេចដកចេញនូវប្រព័ន្ធទូទាត់របស់រុស្ស៊ីនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការដាក់សម្ពាធជាខ្លាំងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនឱ្យប្រទេសតួកគី ដែលជាសមាជិករបស់អង្គការអូតង់ផងដែរ ដាក់កំហិតនូវទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចដែលកំពុងតែកើនឡើងជាមួយប្រទេសរុស្ស៊ី។ ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានព្រមានកាលពីសប្តាហ៍មុនថា ធនាគារតួកគីដែលដំណើរការទូទាត់ហិរញ្ញវត្ថុតាមប្រព័ន្ធកាតរបស់ធនាគាររុស្ស៊ីនោះកំពុងប្រឈមនឹងហានិភ័យក្នុងការគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រុស្ស៊ីគេចវេសពីទណ្ឌកម្មរបស់អាមេរិក ហើយអាចទទួលរងនូវទណ្ឌកម្មខ្លួនឯង។
- វិមានក្រឹមឡាំងបាននិយាយនៅថ្ងៃពុធនេះថា ការអះអាងដែលថា រុស្ស៊ីនៅពីក្រោយការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័ន Nord Stream នោះគឺជាការអះអាងល្ងង់ខ្លៅ និងបានបន្ថែមថា រដ្ឋាភិបាលក្រុងមូស្គូមើលឃើញថា ក្រុមហ៊ុនអាមេរិកដែលផ្គត់ផ្គង់ឧស្ម័នទៅឱ្យអឺរ៉ុបនោះទទួលបានប្រាក់ចំណូលខ្ពស់។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃតាមទូរស័ព្ទជាមួយក្រុមអ្នកសារព័ត៌មានថា ឧប្បតិ្តហេតុនោះចាំបាច់ត្រូវតែមានការស៊ើបអង្កេត ហើយពេលវេលានៃការជួសជុលបំពង់បង្ហូរប្រេងនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ អឺរ៉ុបកំពុងស៊ើបអង្កេតអ្វីដែលអាល្លឺម៉ង់ ដាណឺម៉ាក និងស៊ុយអែតបាននិយាយថា ការវាយប្រហារដែលបានបណ្តាលឱ្យមានការលេចធ្លាយបំពង់បង្ហូរឧស្ម័នរុស្ស៊ីចំនួនពីរដ៏ធំចូលទៅក្នុងសមុទ្របាល់ទិក ចំពេលមានការប្រឈមមុខដាក់គ្នាលើបញ្ហាថាមពលនេះ។
- វិមានក្រឹមឡាំងនិយាយនៅថ្ងៃពុធនេះថា «ប្រតិបត្តិការយោធាពិសេស» នៅក្នុងប្រទេសអ៊ុយក្រែនត្រូវបន្តទៅមុខទៀតរហូតដល់ប្រទេសរុស្ស៊ីអាចគ្រប់គ្រងបានទាំងស្រុងនូវតំបន់ Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា យុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែននឹងបន្តកម្រិតអប្បរមារហូតទាល់តែរុស្ស៊ីរំដោះបានទាំងស្រុងនូវសាធារណរដ្ឋប្រជាមានិត Donetsk ដែលគាំទ្រដោយរុស្ស៊ីនោះ។
- ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃពុធនេះថា ភូមិដ្ឋានជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនមានភាពស្ងាត់ជ្រងុំដោយសារពលរដ្ឋអ៊ុយក្រែនបាននាំគ្នារត់គេចពីការដាក់តំបន់ទាំងនោះទៅជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី។ លោក Lyubomir Boyko អាយុ៤៣ឆ្នាំ និយាយទាំងអស់សំណើេចថា «គួរឱ្យចង់សើច។ ទោះបីគ្មាននរណាម្នាក់បោះឆ្នោត ក៏គេនៅតែចេញលទ្ធផល»។ លោក Boyko ជាអ្នកភូមិ Golo Pristan ក្នុងខេត្ត Kherson ដែលកាន់កាប់ដោយរុស្ស៊ី។ លោកកំពុងរង់ចាំនៅខាងមុខការិយាល័យផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិជាមួយគ្រួសាររបស់លោកនៅថ្ងៃពុធនេះក្នុងមជ្ឈមណ្ឌលទទួលជនភៀសខ្លួន។ ស្របពេលដែលរុស្ស៊ីកំពុងរៀបចំដាក់បញ្ចូលទឹកដីមួយផ្នែកធំរបស់អ៊ុយក្រែនដែលមានទំហំប្រហាក់ប្រហែលនឹងប្រទេសព័រទុយហ្គាល់ទៅជាផ្នែកមួយរបស់រុស្ស៊ីបន្ទាប់ពីបានរៀបចំនូវអ្វីដែលជាការបោះឆ្នោតធ្វើប្រជាមតិនៅក្នុងខេត្តចំនួន៤ដែលរុស្ស៊ីកាន់កាប់នោះ ពលរដ្ឋអ៊ុយក្រែនដែលបានរត់គេចខ្លួន បានព៌ណនាថា ប្រជាជនសើច បើមិនមានការគំរាមកំហែងដ៏ខ្លាំងនោះ។