ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:៥០ ១៣.៩.២០២២

ថ្ងៃអង្គារ ទី ១៣ ខែកញ្ញា៖

  • សារព័ត៌មានThe Kyiv Independent រាយការណ៍​ថា ទី​ភ្នាក់ងារ​ការពារ​ព្រំដែន​រដ្ឋ​អ៊ុយក្រែន បាន​បង្ហោះ​វីដេអូ​នៅ​ថ្ងៃ​អង្គារ​នេះដោយ​បង្ហាញកងទ័ព​អ៊ុយក្រែន​កំពុងដោះ​ទង់ជាតិ​និង​ស្លាក​សញ្ញា​របស់​រុស្ស៊ី​ចេញ​ពី​អគារជា​ច្រើន​នៅ​ក្នុង​ទីក្រុង Vovchansk ដែល​ត្រូវ​បាន​រុស្ស៊ី​ដណ្តើម​គ្រប់គ្រង​តាំង​ពី​ពេល​ដំបូងនៃ​ការ​ចូល​លុកលុយ​របស់​កងទ័ព​រុស្ស៊ី​នោះ។ សេចក្តីរាយការណ៍​ព័ត៌មាន​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា​ កងទ័ព​រុស្ស៊ី​បាន​ដក​ខ្លួន​ចេញ​ពី​ទីក្រុង​នេះ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា។
  • វិមាន​ក្រឹមឡាំង​និយាយនៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​មិន​មាន​ការ​ពិភាក្សា​ពី​ការ​ប្រមូល​ផ្តុំថ្នាក់​ជាតិ​ណាមួយ ដើម្បី​ជំរុញ​យុទ្ធនាការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ​កើត​មាន​ឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីកងកម្លាំង​អ៊ុយក្រែនធ្វើការ​វាយបក​ប្រឆាំង​នឹង​កងទ័ព​រុស្ស៊ី​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ដែល​បណ្តាល​ឱ្យ​រុស្ស៊ីដក​កងទ័ព​របស់​ខ្លួនស្ទើរ​តែ​ទាំង​អស់​ចេញ​ពី​តំបន់ Kharkiv នោះ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ នៅ​ពេល​សួរ​ពី​ការ​រិះគន់​ទៅ​លើថ្នាក់ដឹកនាំ​ប្រទេស​រុស្ស៊ីនោះ អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov និយាយ​ថា​ប្រជាជន​រុស្ស៊ី​ទាំង​អស់​បន្តគាំទ្រលោក​ប្រធានាធិបតី Vladimir Putin។ «ប្រជាជន​រុស្ស៊ី​គាំទ្រ​លោក​ប្រធានាធិបតី​តាម​រយៈ​ទឹក​ចិត្ត​របស់​គេ។​ ប្រជាជន​រុស្ស៊ី​រួបរួម​គ្នា​គាំទ្រ​សេចក្តី​សម្រេចរបស់​ប្រមុខរដ្ឋ​ខ្លួន»។ ​
  • ថ្នាក់ដឹកនាំ​សហរដ្ឋអាមេរិក​ ចាប់​តាំង​ពី​ប្រធានាធិបតី​រហូតដល់​ថ្នាក់​ក្រោម​ មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការមិនប្រកាស​ភ្លាម​ៗ​ពី​ជ័យជម្នះ​របស់​កងទ័ព​អ៊ុយក្រែន​ ​ដែល​បាន​ធ្វើ​ការ​វាយបក​ប្រឆាំង​នឹង​ទាហាន​រុស្ស៊ី​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ដកថយ​យ៉ាង​ត្រហេបត្រហបនៅ​ភាគ​ខាង​ជើងប្រទេសអ៊ុយក្រែន​។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP ។ មន្ត្រី​កងទ័ព​សហរដ្ឋអាមេរិក​និយាយ​ថា​ ខ្លួន​កំពុងសម្លឹង​ទៅ​មើល​ការ​ប្រយុទ្ធគ្នា​ដែលនៅ​មិន​ទាន់ចប់នៅ​ឡើយ​ ហើយ​កំពុង​ដាក់​ផែន​ការ​ក្នុង​ការ​បន្ត​ផ្តល់អាវុធនិង​ការ​ហ្វឹកហ្វឺន​បន្ថែម​ទៀត​ដល់​កងទ័ព​អ៊ុយក្រែន​ ខណៈ​រង់ចាំប្រតិកម្ម​ឆ្លើយ​តប​របស់​រុស្ស៊ី​ពីភាព​បរាជ័យរបស់​ខ្លួន​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នោះ។​ បើ​ទោះ​បី​ជា​មាន​ការ​អបអរ​សាទរ​ចំពោះ​ការ​រុល​ទៅ​មុខដ៏​លឿន ​របស់​កងទ័ព​អ៊ុយក្រែន​កាល​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ក្តី​ ក៏​មន្ត្រី​សហរដ្ឋអាមេរិកដឹង​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin នៅ​តែ​មាន​កងទ័ព​របស់​លោក​ និង​ធនធាន​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​យក​មក​ប្រើប្រាស់​ ហើយ​កងកម្លាំងរុស្ស៊ី​នៅ​តែ​គ្រប់គ្រងភាគ​ច្រើន​បំផុត​នៃ​ទឹកដី​អ៊ុយក្រែន​នៅ​ភាគខាង​កើត​និង​ខាង​ត្បូង។
  • ការ​ប្រយុទ្ធ​គ្នា​កំពុង​បន្ត​កើត​មាន​យ៉ាង​ខ្លាំង​នៅតំបន់ Kharkiv ភាគ​ឦសាន​ប្រទេស​អ៊ុយក្រែន​ ហើយ​កងកម្លាំង​អ៊ុយក្រែន​កំពុង​រុល​ទៅ​មុខយ៉ាងលឿន ​ដោយ​សារ​តែ​ពួក​គេមាន​ទឹកចិត្ត​ខ្ពស់​ ហើយ​ប្រតិបត្តិការ​យោធា​ត្រូវ​បាន​រៀបចំដោយ​មាន​ផែន​ការ​ត្រឹមត្រូវ។​ នេះ​បើ​តាម​ការ​បញ្ជាក់របស់​អនុ​រដ្ឋមន្ត្រីការពារជាតិ​អ៊ុយក្រែន​ លោក​ស្រី​ Hanna Malyar​ ដែល​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មានReuters នៅ​ថ្ងៃ​អង្គារ​នេះ។ លោក​ស្រី​បន្ត​ទៀត​ថា៖​ «គោល​បំណង​របស់​យើង​ គឺ​ដើម្បី​រំដោះតំបន់ Kharkiv និង​ទីកន្លែង​ផ្សេងៗ​ទៀត ដែល​កំពុង​ត្រូវ​បាន​គ្រប់គ្រង​ដោយកងទ័ព​រុស្ស៊ី​។ ការ​ប្រយុទ្ធ​គ្នា​កំពុង​តែ​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់ Kharkiv ​ ហើយ​វា​ជា​រឿង​លឿន​ពេក​ ដែល​យើង​អាច​និយាយ​ថា​ កងទ័ព​អ៊ុយក្រែន​បាន​កាន់​កាប់​តំបន់​នោះ​ទាំង​ស្រុង​នោះ។​ នេះ​បើ​តាមអនុរដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​រូប​នេះ​ ដែល​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសមួយ។
  • ប្រទេស​អ៊ុយក្រែន​បាន​អំពាវនាវ​សុំ​ជំនួយ​កាំភ្លើងធំ​និង​គ្រាប់រំសេវ​បន្ថែម​ទៀតពី​ប្រទេស​អូស្ត្រាលី​ បន្ទាប់​ពី​កងកម្លាំង​របស់​ខ្លួន​បាន​ធ្វើ​ការ​វាយ​បក​ទៅ​លើ​កងកម្លាំង​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​ ​ដែល​គេ​មើល​ឃើញ​ថា រដ្ឋាភិបាលក្រុង​កៀវ​កំពុង​ដណ្តើមកាន់កាប់​បានទី​ប្រជុំជន​ដ៏​សំខាន់មួយ​ឡើងវិញ​ពី​កងទ័ព​រុស្ស៊ី​។​ អ្នក​ជំនាញ​យោធា​ជា​ច្រើន​និយាយ​ថា​ កងទ័ព​អ៊ុយក្រែន​ត្រូវការគ្រាប់រំសេវ​និង​កាំភ្លើង​ធំជា​ចាំបាច់​ ដើម្បី​អាច​រក្សា​នូវ​ទីតាំង​សំខាន់ៗរបស់​ខ្លួន​នោះ។​ អាជ្ញាធរ​អ៊ុយក្រែនបាន​និយាយ​ថា​ កងទ័ព​របស់​ខ្លួន​បានរុល​ទៅ​មុខ​គួរ​ឱ្យ​កត់​សម្គាល់​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ និង​បាន​រុញ​ច្រាន​កងកម្លាំង​រុស្ស៊ី​ឱ្យ​ចេញ​ពី​ទី​តាំង​កាន់កាប់របស់​គេ ​និង​បាន​ដណ្តើម​គ្រប់គ្រង​ទឹក​ដី​ឡើង​វិញ​ប្រមាណ​ជាង​៣ពាន់​គីឡូម៉ែត្រ​ក្រឡា​។
២៣:០៥ ៨.៩.២០២២

ថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា៖

  • រដ្ឋមន្ត្រី្ក​ការបរទេស​អាមេរិក​លោក Antony Blinken បាន​ជួប​ជា​មួយប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​មិន​បាន​ប្រកាសឱ្យ​ដឹង​ជា​មុន ទៅ​កាន់​រដ្ឋធានី​កៀវ​របស់​អ៊ុយក្រែន។ សេចក្តី​រាយការណ៍​ព័ត៌មានមួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុងជំនួប​នោះ​ លោក Zelenskyy និយាយ​ថា​ អ៊ុយក្រែនមាន​ការ​ដឹងគុណ​ចំពោះសហរដ្ឋអាមេរិក​ ដែល​បាន​គាំទ្រ​យ៉ាង​ខ្លាំងដល់​ប្រទេសនេះ។​ លោក​ក៏​បាន​សរសើរ​ដល់​ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden និង​សភា​សហរដ្ឋអាមេរិក​ផង​ដែរ។​ លោក Zelenskyy គូសបញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក​ កំពុង​ជួយ​ដល់​ប្រទេស​អ៊ុយក្រែន ដើម្បី​ឱ្យ​ទទួល​បាន​បូរណភាព​ទឹក​ដី​របស់​ខ្លួន​មក​វិញ។​

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ឈរនៅក្បែរសំណង់អគារលំនៅដ្ឋានដែលត្រូវបានបំផ្លាញ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Irpin ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ឈរនៅក្បែរសំណង់អគារលំនៅដ្ឋានដែលត្រូវបានបំផ្លាញ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Irpin ប្រទេសអ៊ុយក្រែន ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។

  • ប្រទេស​រុស្ស៊ី​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួន​បាន​បញ្ជា​ឱ្យ​អ្នក​ការទូត​រូម៉ានី​ម្នាក់​ចេញ​ពី​ប្រទេស​របស់​ខ្លួន ជា​ការ​ឆ្លើយតបទៅ​នឹង​ការ​បណ្តេញ​ចេញ​អ្នក​ការ​ទូត​រុស្ស៊ីម្នាក់​ពី​រដ្ឋធានី​ប៊ុយការ៉េស​នៃ​ប្រទេស​រូម៉ានី។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ប្រទេស​រូម៉ានីក៏​ដូច​ជា​រដ្ឋមួយ​ចំនួន​ទៀត​របស់​សហភាព​អឺរ៉ុប ត្រូវ​បាន​រុស្ស៊ីចាត់​ទុក​ថា​ជា​ប្រទេស​អមិត្ត​របស់​ខ្លួន​ ក្រោយប្រទេសទាំង​នោះ​ បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ បន្ទាប់​ពី​ខ្លួន​ចូល​ឈ្លានពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក។​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ រុស្ស៊ី​និង​ប្រទេស​មួយ​ចំនួន​របស់​សហភាព​អឺរ៉ុប​ បាន​បណ្តេញ​អ្នកការទូតរាប់រយនាក់​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក​ ចាប់តំាង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ទៅ​លើ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈកន្លង​ទៅ។
  • រដ្ឋមន្ត្រី្ក​ក្រសួង​ការពារជាតិប្រទេស​បេឡារុស​និយាយ​ថា​ កងទ័ព​របស់​ខ្លួន​នឹង​ធ្វើសមយុទ្ធ​យោធា​ នៅ​ក្នុង​តំបន់​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន​ និង​ប្រទេស​ប៉ូឡូញ​ ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​នៃ​ទីក្រុង Minsk និង​ទីក្រុង Vitsebsk របស់​បេឡារុស​ផង​ដែរ​ រហូត​ដល់​ថ្ងៃ​ទី​ ១៤​ ខែ​កញ្ញា​ខាង​មុខ។​ នាយ​អគ្គសេនាធិការរង​នៃ​កងទ័ព​អ៊ុយក្រែន​ លោក Leksii Hromov បាន​ឱ្យ​ដឹង​ថា​ សមយុទ្ធ​យោធា​ទាំង​នោះ​ នឹង​ផ្តោត​ទៅ​លើ​ការ​ឆ្លង​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​ ​និងយក​ផ្នែក​ខ្លះ​របស់​អ៊ុយក្រែន​ ដែល​ប្រទេស​បេឡារុស​ចាត់ទុក​ថា​ ជា​ទឹក​ដី​ដែល​ខ្លួន​បាត់បង់​នោះ។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​គំរាមថា នឹង​បិទ​ការ​បញ្ជូន​ថាមពល​ទាំង​អស់ទៅ​ឱ្យ​អឺរ៉ុប​ ប្រសិន​បើ​សហភាព​អឺរ៉ុប​ នឹងធ្វើ​តាម​គម្រោង​របស់​ខ្លួន​ក្នុង​ការ​កំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី​នោះ។​ លោក​បាន​ថ្លែង​ដូច​នេះ​នៅ​ក្នុង​សុន្ទរកថាវាយប្រហារ​មួយ​របស់​លោក​ ដែល​ប្រកាស​ថា​ រុស្ស៊ី​នឹង​មិន​ចាញ់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ឡើយ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​ សុន្ទរកថា​របស់​លោក Putin កើត​មាន​ឡើង​ ស្របពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy លើក​ឡើង​ពីដំណឹង​ល្អ​ពី​សមរភូមិមុខនៅ​ជិត​ទីក្រុង Kharkiv​ នៅ​ភាគ​ខាង​កើត ដោយ​និយាយ​ថា​ ទីតាំង​មួយ​ចំនួន​ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​ ដណ្តើម​បាន​មក​វិញ​ហើយ​ ខណៈពេលដែល​មាន​សេចក្តី​រាយការណ៍​ពីការ​ប្រយុទ្ធគ្នា​ដ៏​ខ្លាំង​ក្លានៅក្នុង​តំបន់​នោះ។
  • ប្រទេស​ប៉ូឡូញ និង​រដ្ឋ​ក្នុង​តំបន់​បាល់ទិក​បី​ទៀត និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពួក​គេ​នឹង​ដាក់ការ​រឹតបន្តឹង​ជា​បណ្តោះ​អាសន្នដល់​ពលរដ្ឋរុស្ស៊ី​ ដែល​កំពុងប្រើប្រាស់​ទិដ្ឋាការ​សហភាព​អឺរ៉ុប នៅ​ត្រឹម​ថ្ងៃ​ទី​ ១៩ ខែ​កញ្ញា​ខាង​មុខ​នេះ ដើម្បី​ដោះស្រាយ​ទៅ​លើ​ «ការ​គំរាមកំហែង​ខាង​ផ្នែក​សន្តិសុខ​ និង​នយោបាយ​សាធារណៈ»។ នាយករដ្ឋមន្ត្រីប្រទេសអេស្តូនី​ ឡេតូនី លីទុយអានី​ និង​ប្រទេស​ប៉ូឡូញ​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ថា​ ពួក​គេ​មាន​ការ​បារម្ភអំពីលំហូរ​នៃ​ពលរដ្ឋរុស្ស៊ីទៅ​ក្នុង​សហភាព​អឺរ៉ុប៕

០០:៤៩ ៨.៩.២០២២

ថ្ងៃពុធ ទី ៧ ខែកញ្ញា៖

  • ប្រទេស​រុស្ស៊ី​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​កំពុងដាក់​ទណ្ឌកម្ម​ដល់​មន្ត្រី​សហភាព​អឺរ៉ុប​មួយ​ចំនួន​ ជាការ​ឆ្លើយ​តប​ទៅ​នឹងអ្វី​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូលើក​ឡើង​ថា​ ជា​គោលនយោបាយ​អមិត្ត​ប្រឆាំង​នឹង​រុស្ស៊ីរបស់​ក្រុម​បស្ចិមប្រទេស​នោះ។ ក្រសួងការបរទេស​រុស្ស៊ីបាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ខ្លួន​កំពុងដាក់​បម្រាម​ដល់​មេដឹកនាំ​យោធា​ មន្ត្រី​សន្តិសុខ​ជាន់​ខ្ពស់​ និង​តំណាង​ក្រុមហ៊ុនអាវុធ​មួយ​ចំនួន​ មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​រុស្ស៊ី។ រុស្ស៊ី​មិន​បានបង្ហាញ​ឈ្មោះក្រុម​មន្ត្រី​ទាំង​នោះ​ឡើយ។​ ​
  • ប្រទេស​អ៊ុយក្រែន​កំពុង​សម្លឹង​មើលជម្រើស​មួយ​ ក្នុង​ការ​បិទ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែល​កំពុង​គ្រប់គ្រង​ដោយ​កងកម្លាំង​រុស្ស៊ី​ ​ដើម្បី​ហេតុផល​សុវត្ថិភាព​ ហើយ​អ៊ុយក្រែន​ក៏​ព្រួយបារម្ភពី​ប្រេងម៉ាស៊ូត​ដែល​ស្តុក​ទុក​សម្រាប់​ម៉ាស៊ីន​ភ្លើង​បម្រុង​ផងដែរ។ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ​នេះ ដែល​បាន​ស្រង់​សម្តីអ្នក​ជំនាញ​សុវត្ថិភាព​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អ៊ុយក្រែន។​ រដ្ឋាភិបាល​ក្រុង​មូស្គូ​និង​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​បាញ់​ផ្លោង​ដាក់រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះ​ ដែលប្រឈម​នឹង​ហានិភ័យនៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​ បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​ បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្លួន​អាច​ធ្វើ​បាន ដើម្បី​ធានា​ថា​ ប្រទេស​អ៊ុយក្រែនអាច​នាំចេញ​នូវ​គ្រាប់ធញ្ញជាតិ​របស់​ខ្លួន​បាន​។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ លោក Putin​ ​បាន​បញ្ជាក់​ថា បញ្ហា​ទី​ផ្សារ​ស្បៀង​អាហារ​ពិភពលោក​ទំនង​ជា​នឹងបន្តជួប​នូវ​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​គ្រោះ​មហន្តរាយ​មនុស្សធម៌​ក៏​នឹង​អាច​កើត​មានឡើង​ផង​ដែរ។
  • ប្រធានាធិបតី​តួកគី​ លោក Recep Tayyip Erdogan និយាយ​ថា​ រុស្ស៊ី​បាន​កាត់​ផ្តាច់ការ​បង្ហូរ​ឧស្ម័ន​ធម្មជាតិទៅ​កាន់​អឺរ៉ុប ជា​ការ​សងសឹក​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ខ្លួន និង​បាន​បន្ថែម​ថា​ អឺរ៉ុប​«កំពុង​ទទួល​ផលនូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ប្រទេស​រុស៊្សី​បានបញ្ឈប់​ការ​បញ្ជូន​ប្រេងតាម​បំពង់​បង្ហូរ​ប្រេង Nord Stream 1 ដោយ​មិន​កំណត់​ពេល​វេលា ហើយបាន​កាត់ផ្តាច់​ឬបិទ​ខ្ទប់​ការ​ផ្គត់ផ្គង់ឧស្ម័ន​តាម​បំពង់​បង្ហូរ​ឧស្ម័ន​បី​ដ៏​ធំ​បំផុតនៅ​ទិស​ខាង​លិច​របស់​ខ្លួន​ ចាប់​តាំងការ​ចូល​ឈ្លានពាន​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​មក។​ ​ការ​ផ្គត់ផ្គង់ប្រេង​ឥន្ធនៈ​របស់​រុស្ស៊ី​ត្រូវ​បាន​បង្វិល​ទៅ​ទិស​ខាង​កើត​វិញ។​ ​ លោក Erdogan និយាយ​ថា៖ ​«លោក Putin កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ និង​អាវុធ​ ហើយពិសេស​ខ្លាំង​បំផុតនោះ​គឺ​ឧស្ម័ន​ធម្មជាតិ។​ ជា​អកុសល​ យើង​មិន​ចង់​ឱ្យ​រឿង​នេះ​កើត​ឡើង​នោះ​ឡើយ ប៉ុន្តែ​ស្ថានភាព​បែប​នេះ​កំពុង​វិវត្ត​នៅក្នុង​ទ្វីប​អឺរ៉ុប។ ខ្ញុំ​គិត​ថា​អឺរ៉ុប​នឹងជួបបញ្ហាធ្ងន់ធ្ងរក្នុង​រដូវ​រងា​ខាង​មុខនេះ​។​ យើងមិន​មាន​បញ្ហា​នេះ​ឡើយ»។ ​
  • រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov និយាយ​នៅថ្ងៃ​ពុធ​នេះ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ធ្វើសំណើ​មួយ​ទៅ​ឱ្យ​ទី​ភ្នាក់ងារ​បរមាណូ​អន្តរជាតិ IAEA ដើម្បី​ធ្វើ​ការ​ពន្យល់​បន្ថែមទៅបញ្ហា​មួយ​ចំនួន​នៅក្នុង​របាយការណ៍​របស់​ពួកគេ​ បន្ទាប់​ពី​ពួកគេ​ទៅ​ត្រួតពិនិត្យ​មើល​ទីតាំង​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ។ នេះ​បើ​តាមសេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​បាន​ដក​ស្រង់​ការ​ផ្សាយពី​ទី​ភ្នាក់ងារ​ព័ត៌មាន Interfax ​របស់​រុស្ស៊ី។​
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយថា​ លោក​បាននិយាយ​ជា​មួយ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz​ កាល​ពី​ថ្ងៃ​អង្គារ​ ​ដើម្បី​ពិភាក្សាអំពី​ផែនការ​មួយ​ចំនួន​ ស្តី​ពី​ការ​ពង្រឹង​សមត្ថភាព​ការពារ​ជាតិបន្ថែម​ទៀត​របស់​ប្រទេស​អ៊ុយក្រែន​។
២២:៤៤ ៦.៩.២០២២

ថ្ងៃអង្គារ ទី ៦ ខែកញ្ញា៖

  • រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីលោក​ Sergei Lavrov​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​រិះគន់​ទៅលើ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ចក្រភព​អង់គ្លេស​ លោក​ស្រី Liz Truss ថា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​សម្របសម្រួល។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុង​រដ្ឋធានី​មូស្គូ​លោក Lavrov និយាយ​ថា​ យុទ្ធសាស្ត្រ​របស់​លោកស្រី Truss នឹង​មិន​ជួយ​ចក្រភព​អង់គ្លេស​នៅ​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ឆ្លើយ​តប​ទៅ​នឹង​ជ័យជម្នះ​របស់លោក​ស្រី Truss នៅ​ក្នុង​ការ​ប្រកួតប្រជែង​ ដើម្បី​ជំនួសនាយករដ្ឋមន្ត្រី​អង់គ្លេស​ លោក Boris Johnson​ ជាមួយ​នឹង​ការ​រិះគន់​ និង​បាន​វាយប្រហារ​ទៅ​លើលោកស្រី​ទៅ​លើ​អ្វី​ដែល​រុស្ស៊ី​មើល​ឃើញ​ថា​ ជា​ជំហរ​ប្រឆាំងនឹង​រុស្ស៊ី​របស់​លោក​ស្រី។​
  • អភិបាល​តំបន់ Kharkiv និយាយ​ថា​ មនុស្ស​៣​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារនេះ ដោយ​សារ​តែ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ ​កាល​ពីមួយ​ថ្ងៃ​មុន​នៅ​ក្នុង​តំបន់​នេះ ដែល​ក្នុង​នោះ​ក៏​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ផង​ដែរ​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Kharkiv។ នេះ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ទីក្រុង Kharkiv ​ជា​ទីក្រុង​ធំ​ផុត​ទី២របស់​អ៊ុយក្រែន​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ព្រំដែន​ជាមួយ​រុស្ស៊ី​ ហើយ​បាន​ទទួល​រង​ការ​វាយប្រហារដោយ​គ្រាប់​ផ្លោង​ឥត​ឈប់ឈរ ចាប់តាំង​ពីការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ីទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក។ ​រុស្ស៊ី​ហៅ​ការ​ឈ្លានពាន​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​ថា​ជា​បេសកកម្ម​យោធា​ពិសេសមួយ។
  • ក្រសួង​ការពារ​ជាតិរុស្ស៊ីបាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អ៊ុយក្រែន​បាន​បាញ់គ្រាប់​ផ្លោង​ប្រមាណ​២០​គ្រាប់​ដាក់​តំបន់​ប្រជុំជន Enerhodar និង​តំបន់​នៅ​ជិត​ក្បែរ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ក្នុង​រយៈពេល​២៤​ម៉ោង​ចុងក្រោយ​នេះ។ មាន​គ្រាប់​ផ្លោង​៣​គ្រាប់​ បាន​ធ្លាក់​នៅ​ជិត​ទីតាំង​ស្ថានីយ​រោងចក្រ​នុយក្លេអ៊ែរនោះ​ ដោយ​មួយ​គ្រាប់​បាន​ផ្ទុះ​ជិត​បង្គោល​ភ្លើង​លេខ​២​ផង​ដែរ។ នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​យោធា​ប្រជុំ​ថ្ងៃ​របស់​ខ្លួន។ កម្រិត​វិទ្យុសកម្មនៅ​ទីតាំង​រោងចក្រ​នោះ​នៅ​មាន​សភាព​ធម្មតា​នៅ​ឡើយ​ទេ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី។ ទី​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​មិន​ទាន់​អាច​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ពី​របាយការណ៍​នេះ​នៅ​ឡើយ​ទេ។​ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ។
  • ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan នៅ​ថ្ងៃ​អង្គារ​នេះ បាន​ស្តី​បន្ទោសអឺរ៉ុប​ ចំពោះ​វិបត្តិ​ថាមពល​ ដោយ​សារ​តែ​ខ្លួន​បានដាក់​ទណ្ឌកម្ម​ទៅ​លើ​រុស្ស៊ីទាក់ទិន​នឹង​ការ​ឈ្លានពានរបស់​ប្រទេស​នេះទៅ​លើ​អ៊ុយក្រែន។ លោក Erdogan បាន​រក្សា​ទំនាក់ទំនង​ការងារ​ល្អ​ជា​មួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ខណៈ​ពេល​ដែល​លោក​ព្យាយាមរក្សាជំហរ​អព្យាក្រឹត្យនៅ​ក្នុង​ជម្លោះ​នេះ​ និង​បានផ្តល់ឱ្យ​អ៊ុយក្រែន​នូវ​អាវុធ​និង​យន្តហោះ​ដ្រូន​ប្រយុទ្ធ​មួយ​ចំនួន​ផង​ដែរ។​ ​លោក​បន្ថែម​ទៀត​ថា៖​ «ជំហរ​របស់​អឺរ៉ុបចំពោះ​លោក Putin ជា​មួយ​នឹង​ការ​ដាក់​ទណ្ឌកម្មនោះ​ បាន​នាំ​ឱ្យ​លោក​ Putin ឈាន​ដល់​ចំណុច​មួយដែល​ហាន​និយាយ​ថា​ ប្រសិន​បើ​អ្នក​ធ្វើ​រឿង​នេះ​ដាក់​ខ្ញុំ ខ្ញុំ​នឹងធ្វើ​រឿង​មួយ​ទៀត​ដាក់​អ្នក​វិញ»។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ លោក​សង្ឃឹម​ថា ប្រធាន គណបក្សអភិរក្ស ថ្មី​របស់​ចក្រភព​អង់គ្លេស​ គឺ​លោក​ស្រី​ Liz Truss នឹង​បន្ត​ជួយដល់​រដ្ឋាភិបាល​ក្រុង​កៀវ​ ដើម្បី​ទប់ទល់ប្រឆាំង​នឹង​រុស្ស៊ី។ ​លោក​ស្រីត្រូវ​បាន​បញ្ជាក់​អះអាង​ថា​ នឹង​ក្លាយ​ជា​មេដឹកនាំ​គណបក្សអភិរក្ស​របស់​ចក្រភព​អង់គ្លេស​ ជំនួស​នាយករដ្ឋមន្ត្រី​លោក Boris Johnson ដែលជា​អ្នកគាំទ្រ​ដ៏​ខ្លាំងក្លា​មួយ​រូប​របស់​លោក Zelenskyy។ លោក​ Zelenskyy ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​លោក​ថា លោក​ទន្ទឹង​រង់ចាំចាប់​ផ្តើមកិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​លោក​ស្រី Truss។ ចក្រភព​អង់គ្លេសជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយរបស់​អ៊ុយក្រែន​ ចាប់តំាង​ពី​រុស្ស៊ី​ចូល​ឈ្លាន​ពាន​ប្រទេស​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មក។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG