២១:៤៦
៥.៩.២០២២
ថ្ងៃចន្ទ ទី ៥ ខែកញ្ញា៖
- សមាជិក២រូបនៃក្រុមបេសកកម្មរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ត្រូវគេរំពឹងថា នឹងបន្តស្នាក់នៅជាអចិន្ត្រៃយ៍នៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកំពុងគ្រប់គ្រងដោយកងទ័ពរុស្ស៊ី។ នេះបើតាមការឱ្យដឹងរបស់ក្រុមហ៊ុននុយក្លេអ៊ែរ Energoatom របស់រដ្ឋនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទនេះ។ ក្រុមហ៊ុននេះបន្ថែមថា តំណាង៤នាក់នៃទីភ្នាក់ងារ IAEA បានចាកចេញពីទីតាំងរោងចក្រនេះហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ មន្ត្រីមូលដ្ឋានមួយរូបដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីគឺលោក Vladimir Rogov បានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍មួយតាមវិទ្យុនៅថ្ងៃចន្ទនេះថា អ្នកសង្កេតការណ៍២រូបនៃទីភ្នាក់ងារ IAEA កំពុងបន្តស្ថិតនៅទីតាំងរោងចក្រនុយក្លេអ៊ែរនោះនៅឡើយ ប៉ុន្តែលោកមិនបានប្រាប់ពីរយៈពេលប៉ុន្មាន ដែលអ្នកសង្កេតការណ៍ទាំងពីរនោះត្រូវស្ថិតនៅនោះឡើយ។
- តម្លៃប្រេងអឺរ៉ុបបានហក់ឡើងខ្ពស់ខ្លាំងជាង៣០ភាគរយនៅថ្ងៃចន្ទនេះ បន្ទាប់ពីរុស្ស៊ីបាននិយាយថា បំពង់បង្ហូរប្រេងផ្គត់ផ្គង់មួយរបស់ខ្លួនទៅកាន់អឺរ៉ុបនឹងត្រូវបន្តបិទផ្អាកដោយគ្មានពេលកំណត់ ដែលធ្វើឱ្យមានការបារម្ភកើនឡើងខ្លាំងទៅលើកង្វះខាតឧស្ម័ន និងការបែងចែកឧស្ម័នក្នុងចំនួនកំណត់ណាមួយក្នុងសហភាពអឺរ៉ុប នៅក្នុងរដូវរងាខាងមុខនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ សហភាពអឺរ៉ុបបានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់ការផ្គត់ផ្គង់ថាមពលធ្វើជាអាវុធ ដើម្បីសងសឹកទៅលើការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចទៅលើខ្លួនដែលបានចូលឈ្លានពានអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ការរាំងស្ទះប្រតិបត្តិការបំពង់បង្ហូរប្រេងនេះ គឺដោយសារតែទណ្ឌកម្មនិងសង្គ្រាមសេដ្ឋកិច្ច ដែលក្រុមបស្ចិមប្រទេសដាក់មកលើខ្លួន។
- មន្ត្រីកំពូលនៃអង្គនិតិបញ្ញតិ្តចិនលោក Li Zhanshu នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីក្នុងសប្តាហ៍នេះ ដែលនឹងធ្វើឱ្យលោកក្លាយជាអ្នកនយោបាយចិនដែលមានឋានៈខ្ពស់បំផុតនៃគណបក្សកុម្មុយនីស្តចិន ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ចាប់តាំងពីប្រទេសនេះចូលឈ្លានពានប្រទេសអ៊ុយក្រែនមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។ លោក Li ដែលមានឋានៈលំដាប់ទី៣នៅក្នុងរដ្ឋាភិបាលចិននោះ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ម៉ុងហ្គោលី នេប៉ាល់ និងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃពុធទី៧ ខែកញ្ញា រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា។ នេះបើតាមទីភ្នាក់ងារព័ត៌មានផ្លូវការចិន Xinhua។
- កងទ័ពអ៊ុយក្រែនបានអះអាងថាខ្លួនកំពុងទទួលបានលទ្ធផលក្នុងការវាយបកប្រឆាំងនឹងទាហានរុស្ស៊ី នៅក្នុងតំបន់ភាគខាងត្បូងអ៊ុយក្រែន ដោយនិយាយថា ពួកគេបានដណ្តើមកាន់កាប់តំបន់មួយចំនួនឡើងវិញ និងបានបំផ្លាញទីតាំងនានារបស់សត្រូវ ដែលក្នុងនោះក៏មានស្ពានបណ្តែតទឹកមួយកន្លែងផងដែរ។ ទីបញ្ជាការដ្ឋានកងកម្លាំងអ៊ុយក្រែននៅភាគខាងត្បូង បានបង្ហោះសារលើហ្វេសប៊ុកកាលពីយប់ថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនក៏បានវាយប្រហារចំទីតាំងឃ្លាំងគ្រាប់ និងមជ្ឈមណ្ឌលគ្រប់គ្រងកងកម្លាំងរុស្ស៊ីមួយកន្លែងផងដែរ នៅភាគអាគ្នេយ៍នៃទីក្រុង Kherson ដែលជាទីក្រុងមួយ ដែលរុស្ស៊ីបានដណ្តើមគ្រប់គ្រង នៅពេលដែលខ្លួនចូលឈ្លានពានអ៊ុយក្រែនកាលពីដំបូងមក។ ដោយឡែកនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោកកាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសពីការដណ្តើមបានមកវិញនូវភូមិចំនួន២ នៅភាគខាងត្បូងនិងភាគខាងកើតអ៊ុយក្រែន ដោយមិនបានប្រាប់ឈ្មោះនៃភូមិទាំងពីរនោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
- នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal នៅថ្ងៃចន្ទនេះ បានជំរុញឱ្យសហភាពអឺរ៉ុបអនុវត្តទៅតាមការសន្យារបស់ខ្លួនក្នុងការផ្តល់ជំនួយយោធានិងហិរញ្ញវត្ថុដល់ប្រទេសរបស់លោក ក៏ដូចជាការរក្សានូវការគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវក្នុងការប្រឆាំងទប់ទល់នឹងប្រទេសរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់ប្រធានសភាអឺរ៉ុប។ លោក Shmyhal បានជួបជាមួយសមាជិកសភាសហភាពអឺរ៉ុបមួយចំនួននៅថ្ងៃចន្ទនេះ ដែលក្នុងនោះក៏រួមមានប្រធានសភាសហភាពអឺរ៉ុប លោកស្រី Roberta Metsola ផងដែរ។ លោកស្រី Metsola បាននិយាយថា ការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះ គឺផ្តោតទៅលើថាតើការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនោះមានប្រសិទ្ធភាពឬទេ ហើយថាតើគេគួរពង្រីកទណ្ឌកម្មនោះទៅដល់សេដ្ឋកិច្ចឌីជីថល សកម្មភាពក្រុមហ៊ុនរបស់សហភាពអឺរ៉ុបមួយចំនួនដែលកំពុងបន្តនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចថាតើគេគួរអនុញ្ញាតឱ្យអ្នកទេសចររុស្ស៊ីចូលក្នុងប្លុកសហភាពអឺរ៉ុបឬមួយក៏យ៉ាងណាជាដើម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានពិភាក្សាពីលទ្ធផលនៃបេសកកម្មត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃចន្ទនេះ។ នេះបើតាមសារបង្ហោះលើ Twitter របស់លោក Zelenskyy។ លោក Zelenskyy បន្ថែមទៀតថា៖ «លោកបាននិយាយជាមួយប្រធានាធិបតីបារាំងពីស្ថានភាពនៅសមរភូមិមុខ ការវាយបកប្រឆាំងទៅលើការឈ្លានពានរបស់រុស្ស៊ី ការសម្របសម្រួលការគាំទ្រផ្នែកការពារជាតិបន្ថែមពីប្រទេសបារាំង និងការផ្លាស់ប្តូរការវាយតម្លៃនៃលទ្ធផលបេសកកម្មរបស់ទីភ្នាក់ងារបរមាណូ IAEA លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
២៣:៣៤
២.៩.២០២២
ថ្ងៃសុក្រ ទី ២ ខែកញ្ញា៖
- បណ្តាប្រទេសសេដ្ចកិដ្ឋជឿនលឿនទាំង ៧ ហៅថា G7 ត្រៀមខ្លួនដើម្បីយល់ព្រមលើតម្លៃកំណត់លើការទិញប្រេងពីរុស្ស៊ី ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រដ្ឋាភិបាលរុស្ស៊ីពីការនាំចេញប្រេង និងកាត់បន្ថយសមត្ថភាពរុស្ស៊ីក្នុងការផ្តល់មូលនិធិទ្រទ្រង់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ ការកំណត់នេះនឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នាជាមួយនឹងការដាក់ទណ្ឌកម្មផ្ទាល់របស់សហភាពអឺរ៉ុប លើការនាំចូលប្រេងពីរុស្ស៊ី។ មន្ត្រីពីរនាក់បាននិយាយថា វិធានការនេះនឹងចូលជាធរមាននៅថ្ងៃទី ៥ ខែធ្នូ សម្រាប់ប្រេងឆៅ និងថ្ងៃទី ៥ ខែកុម្ភៈ សម្រាប់ផលិតផលចម្រាញ់។ នេះបើយោងតាមសារព័ត៌មាន The Financial Times។
- ការវាយតម្លៃចុងក្រោយអំពីអ៊ុយក្រែន របស់វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ដែលជាស្ថាប័នស្រាវជ្រាវរបស់សហរដ្ឋអាមេរិក បង្ហាញថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារលើដីនៅភាគពាយព្យនៃទីក្រុង Slovyansk ភាគខាងត្បូង និងភាគឦសាននៃទីក្រុង Bakhmut និងភាគពាយព្យ និងភាគនិរតីនៃទីក្រុង Donetsk។ អង្គភាពកងទ័ពទី៣ របស់រុស្ស៊ីកំពុងបន្តត្រៀមដាក់ពង្រាយទៅកាន់តំបន់ Donbas។
- មជ្ឈមណ្ឌលសម្របសម្រួលប្រតិបត្តិការរួមបានអនុម័តឲ្យនាវាចំនួន ៨ គ្រឿង ដែលផ្ទុកគ្រាប់ធញ្ញជាតិសរុបចំនួន ១៥៨.០៧៥ តោន និងផលិតផលអាហារផ្សេងទៀតចាកចេញពីអ៊ុយក្រែន នៅថ្ងៃសុក្រនេះ។
- ប្រទេសហ្វាំងឡង់កាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយចំនួនទិដ្ឋាការដែលចេញឱ្យពលរដ្ឋរុស្ស៊ីមកត្រឹមមួយភាគដប់នៃចំនួនធម្មតា ដែលការណ៍នេះត្រូវបានគេមើលឃើញថាជាការបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន។ ប្រទេសហ្វាំងឡង់ ដែលមានព្រំដែនវែងជាងគេជាមួយរុស្ស៊ីក្នុងចំណោមបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ បានប្រកាសសេចក្តីសម្រេចកាលពីខែសីហា ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងពីអ្នកនយោបាយ និងប្រជាពលរដ្ឋសាមញ្ញ ក្នុងការរឹតបន្តឹងចលនាអ្នកទេសចររុស្ស៊ីឆ្លងកាត់ប្រទេសហ្វាំងឡង់ ខណៈដែលរដ្ឋាភិបាលរុស្ស៊ី បន្តសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- ទូរទស្សន៍ NBC នៅទីក្រុង New York បានរាយការណ៍ថា ភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានឆែកឆេរអចលនទ្រព្យនៅទីក្រុងញូវយ៉កដែលមានទំនាក់ទំនងជាមួយលោក Viktor Vekselberg ដែលជាមហាសេដ្ឋីជនជាតិរុស្សីដែលត្រូវបានដាក់ទណ្ឌកម្ម ខណៈដែលរដ្ឋាភិបាលអាមេរិកព្យាយាមប្រើទណ្ឌកម្មនិងការរឹបអូសទ្រព្យសម្បត្តិដើម្បីដាក់សម្ពាធលើទីក្រុងម៉ូស្គូឱ្យបញ្ឈប់ការឈ្លានពានអ៊ុយក្រែន។
- ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយបានផ្ទុះឡើងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ US Open កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលកីឡាការិនី Marta Kostyuk ជនជាតិអ៊ុយក្រែនបានបដិសេធការចាប់ដៃតាមទម្លាប់នៅពេលដែលកីឡាការិនី Victoria Azarenka ជនជាតិបេឡារុស្សបានយកឈ្នះនាងក្នុងលទ្ធផល ៦-២ ៦-៣ ក្នុងជុំទីពីរ។ អ្នកទាំងពីរគ្រាន់តែដាក់រ៉ាកែតវាយកូនបាល់ប៉ះគ្នាមួយភ្លែតលើទីលានប្រកួតលេខ ១៧ តែប៉ុណ្ណោះ។ ព្រឹត្តិការណ៍នេះ បានកត់សម្គាល់ពីភាពមិនសប្បាយចិត្តចុងក្រោយបំផុត នៅក្នុងការប្រកួតកីឡាវាយកូនបាល់ដ៏សំខាន់ចុងក្រោយប្រចាំឆ្នាំ ដែលជនជាតិរុស្ស៊ី បេឡារុស្ស និងអ៊ុយក្រែនប្រកួតប្រជែងជាមួយគ្នា ខណៈពេលសង្គ្រាមកំពុងបន្ត៕
២២:៤៣
១.៩.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១ ខែកញ្ញា៖
- ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅច្រកសមុទ្រខ្មៅ កំពុងមានដំណើរការជាធម្មតា បើទោះបីជារដ្ឋាភិបាលក្រុងកៀវ បានធ្វើការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនៅភាគត្បូងប្រទេសអ៊ុយក្រែនក្តី។ នេះបើតាមការឱ្យដឹងរបស់អ្នកនាំពាក្យទីបញ្ជាការយោធាអ៊ុយក្រែននៅភាគខាងត្បូងលោក ស្រី Natalia Humeniuk តាមប្រព័ន្ធវីដេអូ។ នៅពេលសួរថា តើផ្លូវដឹកជញ្ជូននោះអាចទទួលរងនូវការប៉ះពាល់ដោយសារតែការវាយបកដ៏ខ្លំាងក្លាមួយរបស់កងទ័ពអ៊ុយក្រែននៅភាគខាងត្បូងនោះ អ្នកនាំពាក្យរូបនេះបានលើកឡើងថា «ដំណើរការនៃការដឹកជញ្ជូនតាមច្រកផ្លូវនោះ កំពុងប្រព្រឹត្តិទៅជាធម្មតា ទៅតាមផែនការដែលបានព្រមព្រៀងគ្នាក្នុងពេលកន្លងទៅ»។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិមួយក្រុម បានទៅដល់ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia រួចហើយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃ ពីហានិភ័យនៃមហន្តរាយវិទ្យុសកម្មរបស់វា បន្ទាប់ពីពួកគេត្រូវបានពន្យាពេលអស់ជាច្រើនម៉ោង ដោយសារតែមានការបាញ់ផ្លោងនៅជិតទីតាំងរោងចក្រនោះ។ អ៊ុយក្រែននិងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានព្យាយាមធ្វើវិទ្ធង្សនា មិនឱ្យក្រុមបេសកកម្មរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានទៅដល់ទីតាំងរោងចក្រ ដែលស្ថិតនៅកណ្តាលភាគខាងត្បូងអ៊ុយក្រែននោះ។ រោងចក្រថាមពលនុក្លេអ៊ែរនេះ ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី ប៉ុន្តែដំណើរការដោយបុគ្គលិកជនជាតិអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់លើទីភ្នាក់ងារព័ត៌មាន Reuters។
- មន្ត្រីមួយរូបដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន ដែលត្រូវបានគ្រប់គ្រងដោយរុស្ស៊ីនោះនិយាយថា កងទ័ពរុស្ស៊ីបានចាប់ខ្លួនទាហានអ៊ុយក្រែន ៣ នាក់នៅថ្ងៃព្រហ្បតិ៍នេះ ដែលបានធ្វើការវាយប្រហារទៅលើទីតាំងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ីTASS បានស្រង់សម្តីមន្ត្រីនោះដែលមានឈ្មោះ Vladimir Rogov និយាយថា កម្រិតវិទ្យុសកម្មនៅក្នុងរោងចក្រនុយក្លែអ៊ែរនេះ មានលក្ខណធម្មតា។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ខ្លួនបានវាយច្រានកងកម្លាំងអ៊ុយក្រែន ដែលបានប៉ុនប៉ងដណ្តើមកាន់កាប់រោងចក្រនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនការមកដល់នៃគណៈប្រតិភូរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- សេដ្ឋកិច្ចប្រទេសរុស្ស៊ីធ្លាក់ចុះចំនួន ០,៤ ភាគរយក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ប៉ុន្តែទុនវិនិយោគ ដែលជាកម្លាំងចលកដ៏សំខាន់ក្នុងការជម្រុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើននោះ បានកើនចំនួន ៧,៨ ភាគរយ។ នេះបើតាមទិន្នន័យនៃសេវាស្ថិតិសហព័ន្ធរុស្ស៊ី Rosstat ដែលបានបង្ហាញកាលពីថ្ងៃពុធម្សិលមិញ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ ការនាំចេញរបស់រុស្ស៊ី ដែលជាបង្អែកសេដ្ឋកិច្ចមួយនោះ មានការធ្លាក់ចុះ ដោយសារតែការដាក់ទណ្ឌកម្មជាទូទៅ ដោយប្រទេសលោកខាងលិច ទៅលើអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូហៅថា ជាបេសកកម្មយោធាពិសេសមួយនៅក្នុងប្រទេសអ៊ុយក្រែនប៉ុន្តែការធ្លាក់ចុះខ្លាំងនៃសេដ្ឋកិច្ចរបស់រស្ស៊ី មិនមានទំហំធំដូចអ្វី ដែលគេបានគិតទុកពីដំបូងនោះឡើយ។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងបន្តសន្ទនាជាមួយប្រទេសរុស្ស៊ី ដើម្បីជួយកុំឱ្យសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនកាន់តែរីកធំឡើង ប៉ុន្តែលោកបានសន្យាពីការគាំទ្រមិនងាករេរបស់ប្រទេសបារាំងទៅលើរដ្ឋាភិបាលអ៊ុយក្រែន ចំពោះអ្វីដែលលោកហៅថា ជាសង្រ្គាមមួយដ៏យូរអង្វែងនោះ។ ប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបខាងកើតក្នុងពេលកន្លងទៅ បានធ្វើការរិះគន់ទៅលើលោក Macron ចំពោះអ្វីដែលគេយល់ឃើញថាជាការគាំទ្រមិនច្បាស់លាស់របស់បារាំងចំពោះប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសនេះ ក៏ដូចជាការសន្ទនាជាច្រើនលើកច្រើនសារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters៕
២២:២០
៣១.៨.២០២២
ថ្ងៃពុធ ទី ៣១ ខែសីហា៖
- ប្រទេសរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នតាមរយៈផ្លូវបញ្ជូនដ៏សំខាន់របស់អឺរ៉ុបនៅថ្ងៃពុធនេះ។ នេះបើយោងទៅលើការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ការផ្អាកនេះបានបង្កើនឱ្យមានការតស៊ូផ្នែកសេដ្ឋកិច្ច រវាងរដ្ឋាភិបាលក្រុងមូស្គូនិងសហភាពអឺរ៉ុប ក៏ដូចជាការបង្កើននូវភាពរំពឹងទុកជាមុននៃសេដ្ឋកិច្ចធ្លាក់ចុះ និងការផ្តល់ថាមពលដែលមានចំនួនកំណត់ ទៅដល់ប្រទេសដែលរីកចម្រើនខ្លាំងបំផុតមួយចំនួននៅក្នុងតំបន់អឺរ៉ុប។ រដ្ឋាភិបាលប្រទេសអឺរ៉ុបមួយចំនួនបារម្ភថា រដ្ឋាភិបាលក្រុងមូស្គូអាចបន្តផ្អាកការផ្តល់ថាមពល ជាការសងសឹកទៅលើការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចមកលើខ្លួន ដែលបានចូលឈ្លានពានប្រទេសអ៊ុយក្រែន និងបានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់ការផ្គត់ផ្គង់ថាមពលធ្វើជា«អាវុធសង្គ្រាម» ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ការកាត់ផ្តាច់នេះគឺដោយសារតែបញ្ហាបច្ចេកទេសតែប៉ុណ្ណោះ។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជួបប្រជុំជាមួយសមាជិកព្រឹទ្ធសភាអាមេរិកពីររូបគឺលោក Rob Portman និងលោកស្រី Amy Klobuchar នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែននៅថ្ងៃអង្គារម្សិលមិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ លោក Zelenskyy និយាយថា នយោបាយដាក់ទណ្ឌកម្មទៅលើរុស្ស៊ីមានប្រសិទ្ធភាព តែមិនទាន់បានទាំងស្រុងនោះឡើយ។ លោកបន្ថែមថា ការដាក់ទណ្ឌកម្មនោះបានធ្វើឱ្យប៉ះពាល់យ៉ាងឆាប់រហ័សនឹងមានឥទ្ធិពលទៅលើសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ដែលជារដ្ឋភេរវករមួយ។ នៅចុងបញ្ចប់នៃជំនួបពិភាក្សានោះ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បានផ្តល់មេដាយការងារកិត្តិយសដល់សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីររូបនេះផងដែរ។
- មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសរុស្ស៊ីលោក Alexey Navalny និយាយថា លោកត្រូវបានគេបញ្ជូនទៅឃុំខ្លួននៅក្នុងទីកន្លែងមួយដាច់ស្រយាលជាលើកទី៣នៅក្នុងខែនេះ ដើម្បីជាការដាក់ទណ្ឌកម្មដល់រូបលោកដែលបានធ្វើសកម្មភាពនយោបាយនោះ។ នេះបើតាមការផ្សាយរបស់វិទ្យុអឺរ៉ុបសេរី។ ការដាក់ទណ្ឌកម្មនេះត្រូវបានធ្វើឡើងតែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រុមការងាររបស់មេបក្សប្រឆាំងរុស្ស៊ីរូបនេះបានចេញផ្សាយនូវបញ្ជីឈ្មោះចុងក្រោយមួយដែលរួមមានមន្ត្រីរុស្ស៊ី អ្នកសារព័ត៌មាន និងតារាសម្តែងជាដើម ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងការចូលឈ្លានពានដោយគ្មានមូលហេតុរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈនោះ។ នេះបើយោងទៅលើក្រុមនៃមេដឹកនាំបក្សប្រឆាំងរុស្ស៊ីរូបនេះ។
- សហភាពអឺរ៉ុបនឹងផ្អាកកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ីស្តីពីការសម្រួលដល់ការចេញទិដ្ឋាការដល់អ្នកទេសចររុស្ស៊ី ប៉ុន្តែនឹងមិនមានការដាក់បម្រាមទូទៅណាមួយទៅលើការផ្តល់ទិដ្ឋាការនោះឡើយ ដោយសារតែពុំមានការយល់ព្រមជាឯកច្ឆន្ទទៅលើបញ្ហានេះ។ នេះបើយោងតាមសារបង្ហោះរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Szijjarto នៅលើហ្វេសប៊ុកនៅថ្ងៃពុធនេះ។ រដ្ឋមន្ត្រីការបរទេសហុងគ្រីរូបនេះក៏បាននិយាយផងដែរថា ប្រទេសហុងគ្រីនិងរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបមួយចំនួនទៀត បានប្រឆាំងទៅលើការដាក់បម្រាមសម្រាប់អ្នកទេសចររុស្ស៊ី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រទេសរុស្ស៊ីស្វាគមន៍ចំពោះយោបល់ ដែលចង់ឱ្យអ្នកជំនាញនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA ស្នាក់នៅជាអចិន្ត្រៃយ៍នៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់លោក Mikhail Ulyanov តំណាងរបស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស ដែលបាននិយាយនៅថ្ងៃពុធនេះ។ ប្រធានទីភ្នាក់ងារ IAEA លោក Rafael Grossi បាននិយាយថា ទីភ្នាក់ងាររបស់លោកសង្ឃឹមថានឹងអាចបង្កើតនូវបេសកកម្មអចិន្ត្រៃយ៍មួយនៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរនេះ។ ក្រុមអ្នកត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានចេញដំណើរទៅកាន់ទីតាំងរោងចក្រនុយក្លេអ៊ែរនេះហើយ នៅព្រឹកថ្ងៃពុធនេះ។