២១:០៧
៣០.៨.២០២២
ថ្ងៃអង្គារ ទី ៣០ ខែសីហា៖
- ក្រុមអាជ្ញាធរដែលរុស្ស៊ីលើកបន្តុបនៅក្នុងទីក្រុង Enerhodar ប្រទេសអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែននៅថ្ងៃអង្គារនេះ ថាបានបាញ់ផ្លោងជាថ្មីដាក់តំបន់នៅក្បែរទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS របស់រុស្ស៊ី។ អាជ្ញាធរក្នុងទីក្រុងនេះនិយាយថា គ្រាប់ផ្លោង២គ្រាប់ បានផ្ទុះនៅជិតកន្លែងស្តុកប្រេងរបស់រោងចក្រនេះ។
- បណ្ដាញព័ត៌មាន CNN រាយការណ៍ថា អ្នកជំនាញមួយក្រុមដែលមានគ្នា១៤នាក់ មកពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានមកដល់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនហើយ មុននឹងធ្វើដំណើរបន្ដទៅត្រួតពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះ។ បេសកកម្មត្រួតពិនិត្យដែលដឹកនាំដោយប្រធានរបស់ទីភ្នាក់ងារនេះគឺលោក Rafael Grossi កើតមានឡើងក្រោយពីមានការបន្តបាញ់ផ្លោងនៅជុំវិញរោងចក្រនេះ និងការបារម្ភពីគ្រោះថ្នាក់ដោយយថាហេតុណាមួយទៅលើរោងចក្រនុយក្លេអ៊ែរនេះ។
- ប្រទេសអ៊ុយក្រែនបាននាំចេញស្បៀងអាហារប្រមាណ១លាន៥សែនតោនហើយរហូតមកដល់ពេលនេះ នៅក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលឡើងដោយអង្គការសហប្រជាជាតិនិងប្រទេសតួកគី ដើម្បីបើកកំពង់ផែសមុទ្ររបស់ប្រទេសនេះឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានReuters។ ការនាំចេញស្បៀងរបស់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីរុស្ស៊ីបានចូលឈ្លានពានប្រទេសនេះកាលពីចុងខែកុម្ភៈកន្លងទៅ នឹងបានបិទកំពង់ផែនានារបស់អ៊ុយក្រែននៅតំបន់សមុទ្រខ្មៅនោះ។ ការបិទខ្ទប់នេះបានធ្វើឱ្យតម្លៃស្បៀងអាហារនៅជុំវិញពិភពលោកមានការកើនឡើងខ្ពស់ និងធ្វើឱ្យមានការខ្វះខាតស្បៀងអាហារនៅផ្នែកខ្លះក្នុងតំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្រ្វិក។
- បើទោះបីជាសង្គ្រាមកំពុងកើតមានជាមួយរុស្ស៊ីក្តី ក៏សាលារៀនជាច្រើននៅក្នុងប្រទេសអ៊ុយក្រែននឹងបើកទ្វារទទួលសិស្សចូលរៀនឡើងវិញនៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Kyiv Independent។ សារព័ត៌មាននេះបានចុះផ្សាយថា៖ «ខណៈពេលដែលការបើកសាលារៀនជិតចូលមកដល់ កងកម្លាំងរុស្ស៊ីកំពុងបន្តបង្កើនការវាយប្រហាររបស់ខ្លួននៅភាគខាងកើតនិងខាងត្បូងអ៊ុយក្រែន»។ សារព័ត៌មាននេះបានចុះផ្សាយទៀតថា៖ «បើទោះបីជាភាពប្រក្រតីបានត្រឡប់មកវិញនៅក្នុងទីក្រុងនានាដែលស្ថិតនៅឆ្ងាយពីទីតាំងជួរមុខនៃសមរភូមិប្រយុទ្ធ ដូចជារដ្ឋធានីកៀវ និងទីក្រុង Lviv ជាដើមក្តី ក៏ការវាយប្រហារមិនរើសមុខរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅតែអាចកើតមាននៅទូទាំងប្រទេសអ៊ុយក្រែនដដែល»។
- រដ្ឋាភិបាលរុស្ស៊ី នៅថ្ងៃអង្គារនេះ បានរិះគន់ទៅលើការអំពាវនាវរបស់មេដឹកនាំអឺរ៉ុបមួយចំនួន ដែលបានស្នើឱ្យមានការដាក់បម្រាមលើទិដ្ឋាការសម្រាប់ទេសចរជនជាតិរុស្ស៊ី ដោយហៅថាជារឿងមិនសមហេតុផល និងជាការបង្ហាញនូវរបៀបវារៈប្រឆាំងរុស្ស៊ីរបស់បស្ចិមប្រទេស។ រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួននៅភាគខាងកើតនិងខាងជើងបានស្នើដាក់បម្រាមលើការផ្តល់ទិដ្ឋាការដល់អ្នកទេសចររុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការចូលឈ្លានពានរបស់ប្រទេសនេះទៅលើអ៊ុយក្រែន ដោយនិយាយថា ការធ្វើដំណើរទៅលេងអឺរ៉ុបរបស់ក្រុមអ្នកទេសចររុស្ស៊ី ជាកិត្តិយសមួយ មិនមែនជាសិទ្ធិដែលគេមានឡើយ ប៉ុន្តែប្រទេសជាសមាជិកសភាពអឺរ៉ុបសំខាន់ៗដូចជាបារាំងនិងអាល្លឺម៉ង់ជាដើម បានប្រឆាំងទៅលើសំណើនេះ ដោយលើកឡើងថា ទង្វើនេះអាចជះផលមិនល្អទៅលើពួកគេវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- យ៉ាងហោចណាស់មានមនុស្ស៥នាក់បានស្លាប់នៅថ្ងៃអង្គារនេះ នៅពេលដែលគ្រាប់ផ្លោងរុស្ស៊ី បានធ្លាក់ចំកណ្តាលទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី២របស់អ៊ុយក្រែន។ នេះបើតាមការឱ្យដឹងរបស់អភិបាលក្រុងនេះ គឺលោក Igor Terekhov។ អភិបាលក្រុងរូបនេះក៏បាននិយាយនៅក្នុងសារបង្ហោះលើតេឡេក្រាមរបស់លោកដែរថា មានមនុស្ស៧នាក់ ក៏បានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់ផ្លោងនោះផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
២២:១៤
២៩.៨.២០២២
ថ្ងៃចន្ទ ទី ២៩ ខែសីហា៖
- ថ្លែងក្នុងសន្និសីទស្តីពីឧស្ម័ននិងថាមពលក្នុងប្រទេសន័រវែសតាមរយៈវីដេអូមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីកំពុងព្យាយាមរារាំងប្រទេសអឺរ៉ុបមួយចំនួនមិនឱ្យបូមប្រេងស្តុកក្នុងឃ្លាំងរបស់គេឱ្យបានគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងរដូវរងាខាងមុខនេះឡើយ។ នេះបើយោងាតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អគ្គនាយកនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC លោក Robert Mardini កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះ ដើម្បីធ្វើសកម្មភាពមនុស្សធម៌។ នេះបើយោងតាមការបញ្ជាក់របស់ ICRC នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ។ ក្នុងអំឡុងពេលស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន លោក Mardini នឹងជួបជាមួយសហគមន៍អ៊ុយក្រែន ដែលទទួលបានការគាំទ្ររបស់ ICRC ក៏ដូចជាក្រុមគ្រួសាររបស់ឈ្លើយសឹកអ៊ុយក្រែនផងដែរ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Mardini ក៏នឹងមានគម្រោងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីផងដែរ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបន្តការងាររបស់អង្គការមនុស្សធម៌មួយនេះ ស្តីពី«ការពិភាក្សាទ្វេភាគីជុំវិញបញ្ហាមនុស្សធម៌»។
- នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បាននិយាយនៅថ្ងៃចន្ទនេះថាប្រទេសស៊ុយអែតនឹងផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ដែលមានទឹកប្រាក់ប្រមាណជិត ៤៧ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសនេះការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោកស្រី Andersson បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយទទួលជួបរដ្ឋមន្ត្រីការបរទេសការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅក្នុងជំនួបមួយ ដែលរដ្ឋាភិបាលរបស់លោកស្រីនឹងផ្តល់កញ្ចប់ប្រាក់ជំនួយបន្ថែម ដែលមានតម្លៃសរុបប្រមាណជិត៩៤លានដុល្លារអាមេរិក ដែលជាជំនួយយោធានិងជំនួយស៊ីវិលដល់ប្រទេសអ៊ុយក្រែននោះ។ លោក Kuleba បានស្នើសុំប្រទេសស៊ុយអែតនូវអាវុធមួយចំនួន ដូចជាកាំភ្លើងធំ howitzer និងគ្រាប់ផ្លោងជាដើម។
- កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅក្នុងរដ្ឋធានីប្រាក សាធារណរដ្ឋឆែកនៅសប្តាហ៍នេះ នឹងពិភាក្សាគ្នាពីជម្រើសនានាស្តីពីការបង្កើតបេសកកម្មបណ្តុះបណ្តាលយោធារបស់សហភាពអឺរ៉ុបសម្រាប់កងកម្លាំងអ៊ុយក្រែន ក៏ដូចជាការពិនិត្យមើលទៅលើការអំពាវនាវរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួន ដែលបានស្នើសុំឱ្យដាក់បម្រាមទៅលើអ្នកទេសចររុស្ស៊ី ដែលចង់ទៅលេងប្លុកមួយនេះ។ ប្រទេសសហភាពអឺរ៉ុបមួយចំនួនកំពុងបង្វឹកកងកម្លាំងអ៊ុយក្រែនមួយរយៈហើយ ដែលភាគច្រើនគឺជួយពួកគេឱ្យចេះពីរបៀបប្រើប្រាស់អាវុធ ដែលបានផ្តល់ឱ្យដោយប្រទេសលោកខាងលិច ដើម្បីឱ្យអ៊ុយក្រែនអាចធ្វើការប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបាន។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើកម្មវិធីបណ្តុះបណ្តាលរបស់សហភាពអឺរ៉ុប នឹងមានមូលដ្ឋាននៅក្នុងប្រទេសណា ហើយមានអាណត្តិរយៈពេលប៉ុន្មាននោះឡើយ។ នេះបើតាមមន្រ្តីការទូតសហភាពអឺរ៉ុបមួយចំនួន ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនៅថ្ងៃចន្ទនិងថ្ងៃអង្គារនេះ។
- កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមធ្វើការវាយបកដើម្បីដណ្តើមយកទីក្រុង Kherson ដែលស្ថិតភាគខាងត្បូងប្រទេសអ៊ុយក្រែនមកវិញ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលមូលដ្ឋានម្នាក់ ដែលបាននិយាយនៅថ្ងៃចន្ទនេះ។ អនុប្រធានក្រុមប្រឹក្សាតំបន់ Kherson លោកSergey Khlan បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Pryamyi ថា «ថ្ងៃនេះ មានការវាយប្រហារដោយគ្រាប់ផ្លោងយ៉ាងខ្លាំងទៅលើទីតាំងខ្មាំងសត្រូវ នៅក្នុងទឹកដីនៃតំបន់ទីក្រុង Kherson ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសហូឡង់បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួននឹងបញ្ជូនក្រុមអ្នកស៊ើបអង្កេត៣ក្រុមបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីគាំទ្រដល់ការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាម ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានទៅក្នុងប្រទេសនេះ។ បេសកកម្មនេះត្រូវបានគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ បន្ទាប់ពីការបញ្ជូនអ្នកស៊ើបអង្កេតហូឡង់ជាច្រើននាក់ទៅកាន់ប្រទេសអ៊ុយក្រែន កាលពីខែឧសភាកន្លងទៅ ដែលជាផ្នែកមួយនៃការបញ្ជូនក្រុមអ្នកស៊ើបអង្កេតដ៏ធំបំផុតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
- អ្នកថ្មើរជើងម្នាក់និងពលរដ្ឋមួយចំនួនទៀតដែលគេមិនបានដឹងចំនួនច្បាស់បានស្លាប់បន្ទាប់ពីមានការបាញ់ផ្លោងដាក់លំនៅដ្ឋានជាច្រើនខ្នងក្នុងទីក្រុង Mykolaiv នៅថ្ងៃចន្ទនេះ ដោយកងកម្លាំងរុស្ស៊ី។ នេះបើតាមសារបង្ហោះនៅលើបណ្តាញតេឡេក្រាមរបស់អភិបាលតំបន់លោក Vitaliy Kim។ សារបង្ហោះរបស់លោកនិយាយថា៖ «កណ្ដាលទីក្រុងនេះកំពុងទទួលរងនូវការបាញ់ផ្លោងយ៉ាងខ្លាំងក្លា។ មានគ្រាប់រ៉ុក្កែតជាច្រើនកំពុងបាញ់ចេញ។ សូមកុំចេញពីទីជម្រករបស់អស់លោកអ្នក»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
២២:២៥
២៦.៨.២០២២
ថ្ងៃសុក្រ ទី ២៦ ខែសីហា៖
- វិស្វករអ៊ុយក្រែនមួយរូបដែលធ្វើការក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី ៤ ខែមីនាមកនោះ បានប្រាប់វីអូអេថា កងកម្លាំងរុស្ស៊ីបានដាក់កាំភ្លើងធំ និងគ្រាប់មីស៊ីលជាច្រើននៅជិតរោងចក្រនុយក្លេអ៊ែរនេះ ហើយបានធ្វើឱ្យមានការផ្ទុះនៅទីនោះ ទំនងជាមានគោលបំណងទម្លាក់កំហុសលើកងទ័ពអ៊ុយក្រែនថា ជាអ្នកធ្វើ។ នេះបើតាមការផ្សាយរបស់វីអេអូជាភាសាហ្សកហ្ស៊ី។
- រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលរុស្ស៊ីកំពុងគ្រប់គ្រងនោះ នៅពេលនេះបានដំណើរការផ្តល់អគ្គិសនីទៅឱ្យប្រទេសអ៊ុយក្រែនឡើងវិញហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីម៉ាស៊ីនរ៉េអាក់ទ័រមួយក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំង ៦ ត្រូវបានភ្ជាប់ឡើងវិញទៅនឹងបណ្តាញចែកចាយភ្លើងរបស់ប្រទេសអ៊ុយក្រែន។ នេះបើតាម Energoatom ដែលជាក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋអ៊ុយក្រែន។ រដ្ឋាភិបាលក្រុងកៀវបាននិយាយថា រោងចក្រថាមពលនុយក្លែអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែននេះត្រូវបានកាត់ផ្តាច់ពីបណ្តាញចែកចាយអគ្គិសនីរបស់អ៊ុយក្រែនជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអគ្គិភ័យបណ្តាលមកពីការបាញ់ផ្លោងបានធ្វើឱ្យខូចខាតបង្គោលភ្លើងមួយកន្លែង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko និយាយនៅថ្ងៃសុក្រថា យន្តហោះចម្បាំងប្រភេទ SU-24 របស់ប្រទេសលោកត្រូវបានកែសម្រួលដើម្បីបំពាក់អាវុធនុយក្លេអ៊ែរ ហើយរដ្ឋាភិបាលទីក្រុងមីនស្កិ៍អាចធ្វើការឆ្លើយតបភ្លាមៗ ប្រសិនបើប្រទេសលោកខាងលិចចង់បង្កបញ្ហាជាមួយប្រទេសលោក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Belta របស់បេឡារុសឱ្យដឹងថា លោក Lukashenko និយាយថា លោកបានយល់ព្រមជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើទំនើបកម្មយន្តហោះចម្បាំង។ លោកថា៖ «វាមិនស្រួលទេបង្ករឿងជាមួយប្រទេសបេឡារុស ពីព្រោះវានឹងបង្ករឿងជាមួយរដ្ឋសម្ពន្ធមិត្ត ដែលមានរុស្ស៊ី និងបេឡារុស ដែលមានអាវុធនុយក្លេអ៊ែរ។ ប្រសិនបើគេបង្កើតបញ្ហា ការឆ្លើយតបរបស់យើងនឹងត្រូវធ្វើឡើងយ៉ាងឆាប់រហ័ស»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែកបាននិយាយនៅថ្ងៃសុក្រថា ប្រទេសរបស់លោកក្នុងនាមជាប្រធានសហភាពអឺរ៉ុបនឹងកោះប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាអំពីវិបត្តិថាមពលនាពេលបច្ចុប្បន្ន បន្ទាប់ពីរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានបង្ហោះសារលើ Twitter ថា ក្នុងនាមជាប្រធានសហភាពអឺរ៉ុប ប្រទេសឆែកនឹងកោះប្រជុំរដ្ឋមន្ត្រីថាមពលជាបន្ទាន់មួយដើម្បីពិភាក្សាលើវិធានការបន្ទាន់ជាក់លាក់ដើម្បីដោះស្រាយស្ថានភាពថាមពលនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតួកគីបានប្រាប់ក្រុមអ្នកជំនួញនៅក្នុងប្រទេសតួកគីនៅថ្ងៃសុក្រថា ពួកគេមិនគួរព្រួយបារម្ភអំពីការគំរាមកំហែងដាក់ទណ្ឌកម្ម ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមាននោះទេ ប្រសិនបើពួកគេធ្វើពាណិជ្ជកម្មជាមួយជនជាតិរុស្ស៊ីដែលទទួលរងទណ្ឌកម្មនោះ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Wally Adeyemo បានព្រមានថា ធនាគារ និងក្រុមហ៊ុនតួកគីអាចនឹងប្រឈមទណ្ឌកម្មបន្ទាប់បន្សំ ប្រសិនបើគេសហការជាមួយជនជាតិរុស្ស៊ីដែលរងទណ្ឌកម្ម ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន៕
២១:១៧
២៥.៨.២០២២
ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែសីហា៖
- ចំនួនអ្នកស្លាប់សរុបដោយសារការវាយប្រហារដោយគ្រាប់រ៉ុកក្កែតរបស់រុស្ស៊ី នៅថ្ងៃបុណ្យឯករាជ្យជាតិអ៊ុយក្រែន បានកើនឡើងដល់ចំនួន ២៥ នាក់ហើយ។ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ទាំងនោះ ក៏មានកុមារអាយុ ១១ ឆ្នាំម្នាក់ ដែលបានស្លាប់ក្នុងកម្ទេចបាក់បែកនៃផ្ទះមួយខ្នង និងកុមារម្នាក់ទៀតអាយុ ៦ ឆ្នាំ ដែលបានស្លាប់ក្នុងរថយន្តដែលត្រូវបានឆាបឆេះ នៅជិតស្ថានីយរថភ្លើងមួយកន្លែង ដែលទទួលរងការវាយប្រហារផ្ទាល់ដោយគ្រាប់រ៉ុកក្កែតរុស្ស៊ីនោះ។ ការវាយប្រហារដែលបណ្តាលឱ្យមានមនុស្សស្លាប់នេះ បានកើតឡើងកាលពីថ្ងៃពុធ ក្នុងតំបន់ប្រជុំជន Chaplyne ដែលមានប្រជាជនរស់នៅសរុបប្រមាណ ៣ ពាន់ ៥ រយនាក់ នៅកណ្តាលតំបន់ Dnipropetrovsk។
- ក្រសួងការពារជាតិរុស្ស៊ីបានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសម្លាប់កងទ័ពអ៊ុយក្រែនជាង២០០ នាក់ នៅក្នុងការវាយប្រហារទៅលើស្ថានីយរថភ្លើងមួយកន្លែង នៅតំបន់ស្ថិតចំកណ្តាលប្រទេសអ៊ុយក្រែន ដែលរដ្ឋាភិបាលក្រុងកៀវថា មានអ្នកស្លាប់ ២៥ នាក់ ក្នុងនោះមានកុមារផងដែរនោះ។ សហភាពអឺរ៉ុបបានថ្កោលទោសការវាយប្រហារដ៏ឃោរឃៅនេះទៅលើជនស៊ីវិល ដែលត្រូវបានធ្វើឡើងចំទិវាខួបឯករាជ្យជាតិរបស់អ៊ុយក្រែន និង ៦ ខែនៃការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
- សេដ្ឋកិច្ចអ៊ុយក្រែនអាចមានស្ថិរភាពនិងអាចពង្រីករហូតដល់ចំនួន ១៥,៥ ភាគរយ នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ អាស្រ័យទៅលើការវិវត្តន៍នៃស្ថានភាពយោធានៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដែលបានចាប់ផ្តើមឡើងតាំងពីថ្ងៃទី ២៤ ខែកុម្ភៈមក។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងកិច្ចសម្ភាសន៍មួយ។ លោកស្រី Yulia Svyrydenko ដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រីទី ១ របស់អ៊ុយក្រែនផងនោះ បានថ្លែងថា មន្ត្រីរដ្ឋាភិបាលកំពុងប្រមូលចងក្រងព្យាករណ៍សេដ្ឋកិច្ចម៉ាក្រូ នៅមុនការចាប់ផ្តើមកិច្ចចរចារជាមួយមូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF នៅខែក្រោយ ស្តីពីគម្រោងកម្ចីប្រាក់ថ្មីមួយ។
- ទីភ្នាក់ងារត្រួតពិនិត្យនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ កំពុងខិតទៅជិតដល់ការអនុញ្ញាតឱ្យចូលទៅត្រួតពិនិត្យមើលទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែនហើយ។ នេះបើតាមប្រធានទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Rafael Grossi ដែលបានប្រាប់ទូរទស្សន៍បារាំងប៉ុស្តិ ២៤ នៅថ្ងៃព្រហស្បតិ៍នេះ។ នៅពេលសួរថាតើការពិភាក្សាជុំវិញការអនុញ្ញាតឱ្យទៅមើលរោងចក្រនុយក្លេអ៊ែរនោះ ទទួលបានជោគជ័យឬយ៉ាងណានោះ លោក Rafael បញ្ជាក់ថា ទីភ្នាក់ងាររបស់លោកនឹងទៅកាន់រោងចក្រនោះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបន្ថែមដូចនេះថា៖ «យើងជិតឈានដល់ដំណាក់កាលនោះមែនទែនហើយ»។
- ចក្រភពអង់គ្លេសនឹងចែករំលែកជំនាញបច្ចេកទេសជាមួយប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយគាំទ្រថ្មីដើម្បីជួយប្រទេសនេះ ក្នុងការស្ថាបនាបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធដឹកជញ្ជូនឡើងវិញ បន្ទាប់ពីការចូលឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនចាប់តាំងពីដើមឆ្នាំនេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលអង់គ្លេសនៅថ្ងៃព្រហស្បតិ៍នេះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចក្រភពអង់គ្លេសលោក Grant Shapps បាននិយាយនៅក្នុងសេចក្តីថ្លែងកាណ៍ថា អ្នកជំនាញអង់គ្លេសនឹងផ្តល់ចំណេះដឹងខាងបច្ចេកទេស ក្នុងការសាងសង់ព្រលានយន្តហោះ ផ្លូវចុះចតរបស់យន្តហោះនិងកំពង់ផែ ក៏ដូចជាការជួយរកវគ្គបណ្តុះបណ្តាលដល់បុគ្គលិកអាកាសចរណ៍អ៊ុយក្រែនផងដែរ។ េនះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters៕