២១:៣៤
២៤.៨.២០២២
ថ្ងៃពុធ ទី ២៤ ខែសីហា៖
- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ប្រកាសផ្តល់នូវកញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដែលមានទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារ នៅទិវាបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែននៅថ្ងៃពុធនេះ។ នេះជាជំនួយយោធាដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការប្រឆាំងទប់ទល់នឹងសង្គ្រាមជាមួយរុស្ស៊ី។ នេះជាការប្រកាសផ្តល់ជំនួយគាំទ្រដ៏ច្រើនបំផុតក្នុងពេលតែមួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់រដ្ឋាភិបាលក្រុងកៀវ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសនេះកាលពី៦ខែមុនមក។ ការប្រកាសផ្តល់ជំនួយនេះកើតមានឡើងស្របពេលដែលមន្ត្រីអាមេរិកមួយចំនួនបានព្រមានថា រុស្ស៊ីហាក់ដូចជាកំពុងត្រៀមផែនការក្នុងការវាយប្រហារថ្មីៗទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងទីតាំងអគាររដ្ឋាភិបាលអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅថ្ងៃពុធនេះ បានធានាដល់រដ្ឋាភិបាលអ៊ុយក្រែនពីការគាំទ្ររបស់អាល្លឺម៉ង់ចំពោះប្រទេសមួយនេះក្នុងរយៈពេលយូរប៉ុណ្ណាក៏ដោយឱ្យតែចាំបាច់ ស្របពេលដែលអ៊ុយក្រែនកំពុងប្រារព្ធខួបឯករាជ្យជាតិរបស់ខ្លួន និងកត់សម្គាល់ពីការចូលឈ្លានពានរបស់រុស្ស៊ីទៅក្នុងប្រទេសនេះអស់រយៈពេល៦ខែកន្លងទៅ។ នៅក្នុងសារវីដេអូមួយរបស់អធិការបតីអាល្លឺម៉ង់រូបនេះនៅលើបណ្តាញ Twitter បានឱ្យដឹងថា៖ «ប្រទេសអាល្លឺម៉ង់ឈរយ៉ាងរឹងមាំជាមួយនឹងប្រទេសអ៊ុយក្រែន ដែលកំពុងត្រូវបានគំរាមកំហែងនៅពេលនេះ ហើយយើងនឹងឈរជាមួយប្រទេសនេះទោះយូរប៉ុណ្ណាក៏ដោយដរាបណាអ៊ុយក្រែននៅតែត្រូវការការគាំទ្ររបស់យើង។ យើងនឹងបន្តការដាក់ទណ្ឌកម្មរបស់យើងទៅលើរុស្ស៊ី ហើយយើងនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន និងជួយប្រទេសនេះកសាងឡើងវិញនូវទីក្រុងនិងភូមិនានាដែលត្រូវបានបំផ្លាញដោយការឈ្លានពានរបស់រុស្ស៊ី»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្កើនការព្រមានរបស់ខ្លួនថា រដ្ឋាភិបាលរុស្ស៊ីនិងក្រុមហ៊ុនជំនួញរបស់ប្រទេសនេះកំពុងប្រើប្រាស់ប្រទេសតួកគី ដើម្បីគេចចេញពីការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុនិងពាណិជ្ជកម្មរបស់ប្រទេសលោកខាងលិច ដែលត្រូវបានដាក់ទៅលើរដ្ឋាភិបាលក្រុងមូស្គូបន្ទាប់ពីរុស្ស៊ីចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពី៦ខែមុន។ ទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃនៃការនាំចេញរបស់ប្រទេសតួកគីទៅកាន់រុស្ស៊ីក្នុងចន្លោះពីខែឧសភាដល់ខែកក្កដានេះមានការកើនឡើងជិត៥០ភាគរយ បើប្រៀបធៀបនឹងតួលេខកាលពីឆ្នាំទៅ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោក Wally Adeyemo បានទៅធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់រដ្ឋធានីអង់ការ៉ានិងទីក្រុងអ៊ីស្ដង់ប៊ុលរបស់ប្រទេសតួកគីកាលពីខែមិថុនាកន្លងទៅ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលថាក្រុមអភិជនរុស្ស៊ីនិងក្រុមហ៊ុនជំនួញធំៗរបស់ប្រទេសនេះកំពុងប្រើប្រាស់ស្ថាប័នតួកគី ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ។
- សម្តេចប៉ាប Francis បានប្រើប្រាស់នូវជំនួបសវនាការទូទៅមួយរបស់ព្រះអង្គនៅថ្ងៃពុធនេះ ដើម្បីបន្តអំពាវនាវសុំសេចក្តីសុខដល់ប្រជាជនអ៊ុយក្រែន ដោយព្រះអង្គលើកឡើងថា ប្រជាជនអ៊ុយក្រែនបានទទួលរងនូវការឈឺចាប់នៃសង្រ្គាមដ៏តក់ស្លុតអស់រយៈពេល៦ខែកន្លងទៅហើយ។ នេះបើតាមគេហទំព័រព័ត៌មានរបស់វិមានវ៉ាទីកង់។ សម្តេចប៉ាបបានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមថាជំហានសំខាន់ៗនឹងត្រូវបានប្រកាន់យក ដើម្បីឈានទៅបញ្ចប់នូវភ្លើងសង្គ្រាម ក៏ដូចជាការបញ្ចៀសនូវគ្រោះមហន្តរាយដែលអាចកើតមានឡើង នៅទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ផងដែរ។
- មេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុសលោក Alexander Lukashenko នៅថ្ងៃពុធនេះ បានអបអរសាទរដល់ប្រទេសអ៊ុយក្រែន ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិរបស់ខ្លួន ដោយនិយាយថា ការខ្វែងគំនិតគ្នានាពេលបច្ចុប្បន្ននេះ មិនគួរបំផ្លាញនូវទំនាក់ទំនងក្នុងនាមប្រទេសជិតខាងដ៏យូរអង្វែងរវាងប្រទេសទាំងពីរនោះឡើយ។ ប្រធានាធិបតីបេឡារុសរូបនេះបានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីចូលទៅក្នុងទឹកដីរបស់ខ្លួន ក្រោមលេសនៃការធ្វើសមយុទ្ធយោធាក្នុងរយៈពេលប៉ុន្មានខែ មុនកងកម្លាំងរុស្ស៊ីចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
២៣:០៣
២៣.៨.២០២២
ថ្ងៃអង្គារ ទី ២៣ ខែសីហា៖
- ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះបានសម្តែងនូវក្តីបារម្ភអំពីផែនការរបស់អាជ្ញាធរដែលគាំទ្រដោយរុស្ស៊ីក្នុងការកាត់ទោសឈ្លើយសង្គ្រាមនៅក្នុងទីក្រុង Mariupol ដែលនឹងអាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយនិយាយថា ដំណើរការនេះ អាចនាំឱ្យខ្លួនជាប់ក្នុងបទឧក្រិដ្ឋកម្មសង្គ្រាមមួយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ «យើងមានក្តីកង្វល់ជាខ្លាំងអំពីរឿងនេះដែលកំពុងត្រូវបានរៀបចំឡើង។ មានរូបភាពជាច្រើននៅក្នុងសារព័ត៌មានស្តីពីទ្រុងធំៗ ដែលត្រូវគេដំឡើងនៅក្នុងសាលតន្ត្រីរបស់ទីក្រុង Mariupol ដែលទំនងដូចជាសម្រាប់ដាក់អ្នកទោសសង្គ្រាម។ ការណ៍នេះមិនអាចទទួលយកបានឡើយ។ វាជាការប្រមាថដល់មនុស្ស» នេះបើតាមលោកស្រី Ravina Shamdasani អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានថ្លែងប្រាប់កិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិ។
- ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Andrzej Duda បានទៅដល់ប្រទេសអ៊ុយក្រែននៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាទៅលើការជួយគាំទ្របន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះមានជំនួយយោធាជាដើម ខណៈដែលការឈ្លានពានរបស់រុស្ស៊ីបានឈ្លានដល់រយៈពេល៦ខែនៅថ្ងៃទី២៤ ខែសីហានេះ។ នេះបើតាមការឱ្យដឹងរបស់ការិយាល័យប្រធានាធិបតីប៉ូឡូញរូបនេះ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ រដ្ឋាភិបាលក្រុងវ៉ាសូវីជាអ្នកគាំទ្រដ៏ខ្លាំងមួយរបស់រដ្ឋាភិបាលក្រុងកៀវ ហើយជនភៀសខ្លួនអ៊ុយក្រែនប្រមាណជិត៦លាននាក់ បានឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសប៉ូឡូញ ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ប៉ូឡូញដែលជាសមាជិករបស់អង្គការអូតង់និងសហភាពអឺរ៉ុបនោះបានរិះគន់ជាញឹកញាប់ទៅលើបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន ដែលមិនបានធ្វើការឱ្យបានច្រើន ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន។
- ប្រទេសលីទុយអានីនឹងស្វះស្វែងរក«ដំណោះស្រាយថ្នាក់តំបន់»មួយ ដើម្បីដាក់បម្រាមដល់អ្នកទេសចររុស្ស៊ី ប្រសិនបើរដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបទាំងមូល បរាជ័យមិនអាចធ្វើដូចនេះបាន។ នេះបើតាមរដ្ឋមន្ត្រីការបរទេសលីទុយអានីលោក Gabrielius Landsbergis និយាយនៅថ្ងៃអង្គារនេះ។ រដ្ឋមន្ត្រីការបរទេសលីទុយអានីរូបនេះនិយាយថា លោកសង្ឃឹមថានឹងជួបពិភាក្សាជុំវិញរឿងនេះជាមួយប្រទេសឡេតូនី អេស្តូនី ហ្វាំងឡង់ និងប្រទេសប៉ូឡូញ នៅសប្តាហ៍ក្រោយ នៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ក្នុងទីក្រុងប្រាកនៃសាធារណរដ្ឋឆេក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
- កងកម្លាំងអ៊ុយក្រែនបានបាញ់ផ្លោងចំស្នាក់ការនៃអគាររដ្ឋបាលក្នុងស្រុកមួយ ដែលស្ថិតនៅកណ្តាលតំបន់ Donetsk ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនអ៊ុយក្រែននៅថ្ងៃអង្គារនេះ ជាមួយនឹងអាវុធដែលបានផ្តល់ឱ្យដោយប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS ដែលបានស្រង់សម្តីក្រុមមន្ត្រី ដែលលើកបន្តុបដោយរុស្ស៊ីនោះ។ មានមនុស្ស៣នាក់បានស្លាប់នៅក្នុងការវាយប្រហារ ក្នុងតំបន់ Donetsk នេះ ដែលត្រូវបានគ្រប់គ្រងដោយក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤មក។ នេះបើតាមអភិបាលក្រុង Donetsk ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី ហើយដែលបានបង្ហោះសារមួយនៅបណ្តាញតេឡេក្រាមរបស់លោក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសន្យានៅថ្ងៃអង្គារនេះថា ការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះប្រទេសអ៊ុយក្រែន ក្នុងការទប់ទប់ប្រឆាំងនឹងការចូលឈ្លានពានរបស់រុស្ស៊ី នឹងនៅតែបន្តទៅមុខ ក្នុងរយៈពេលយូរអង្វែង។ ក្នុងរយៈពេល៦ខែនៃការចូលឈ្លានពានរបស់រុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែននេះ «ការប្តេជ្ញាចិត្តរបស់យើងមិនបានប្រែប្រួលនោះឡើយ ហើយយើងបានត្រៀមខ្លួនដើម្បីរក្សានូវកិច្ចប្រឹងប្រែងរបស់យើងក្នុងរយៈពេលយូរ»។ នេះបើតាមការលើកឡើងរបស់លោក Macron នៅក្នុងសុន្ទរកថាជាវីដេអូទៅកាន់អ្នកចូលរួមនៅក្នុងវេទិកាសន្និសីទស្តីពី Crimea នៅក្នុងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
២៣:២២
២២.៨.២០២២
ថ្ងៃចន្ទ ទី ២២ ខែសីហា៖
- សភារុស្ស៊ីនិយាយថា ខ្លួននឹងកោះប្រជុំពិសេសមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីពិភាក្សាពីស្ថានភាពរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលត្រូវបានផ្សព្វផ្សាយនៅចន្ទនេះ សភារុស្ស៊ីនិយាយថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សារដ្ឋសភា Duma នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី ២៥ ខែសីហានេះ ដើម្បីពិភាក្សាពីការគំរាមកំហែងទៅលើសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋាភិបាលអ៊ុយក្រែនបានដាក់បម្រាមមិនឱ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែសីហានេះ ដោយបារម្ភខ្លាចមានការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី នៅជិតថ្ងៃបុណ្យឯករាជ្យជាតិអ៊ុយក្រែននៅថ្ងៃទី២៤ ខែសីហា។ នេះបើតាមសារព័ត៌មានThe Kyiv Independent ។ អាជ្ញាធរយោធាក៏បានរំឭកដល់ពលរដ្ឋអ៊ុយក្រែនឱ្យរង់ចាំស្តាប់ស៊ីរ៉ែនប្រកាសអាសន្នស្តីពីការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីផងដែរ។ ទិវាបុណ្យឯករាជ្យជាតិអ៊ុយក្រែននៅឆ្នាំនេះ កើតឡើងជួនគ្នានឹងខួប៦ខែ នៃការចូលឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។
- សហភាពអឺរ៉ុបនឹងពិភាក្សាពីការបើកឱ្យមាននូវបេសកកម្មបណ្តុះបណ្តាលដ៏សំខាន់មួយដល់កងកម្លាំងអ៊ុយក្រែននៅក្បែរប្រទេសជិតខាងរបស់ខ្លួន។ នេះបើតាមការឱ្យដឹងរបស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell នៅថ្ងៃចន្ទនេះ។ សំណើនេះនឹងត្រូវលើកយកទៅពិភាក្សានៅសប្តាហ៍ក្រោយ នៅក្នុងកិច្ចប្រជុំមួយនៃរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប ក្នុងទីក្រុងប្រាក សាធារណរដ្ឋឆែក។ នេះបើតាមលោក Borrell ដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីក្រុង Santander ដែលស្ថិតនៅភាគខាងជើងប្រទេសអេស្ប៉ាញ។ លោកបន្ថែមទៀតថា «ខ្ញុំសង្ឃឹមថា សំណើនេះនឹងត្រូវបានយល់ព្រម។ ជាការពិតណាស់ វាជាបេសកកម្មដ៏ធំមួយ។ បេសកកម្មណាមួយ ត្រូវមានកម្រិតស្របទៅតាមជម្លោះ»។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
- កងកម្លាំងយោធាអ៊ុយក្រែនប្រមាណជិត៩ពាន់នាក់ បានស្លាប់នៅក្នុងសង្គ្រាមជាមួយរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់ប្រធានកងកម្លាំងយោធាអ៊ុយក្រែននៅថ្ងៃចន្ទនេះ។ នេះជាលើកទី១ហើយ ដែលឧត្ដមសេនីយ៍ Valeriy Zaluzhnyi អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានផ្តល់តួលេខសរុបនៃកងយោធាអ៊ុយក្រែន ដែលបានស្លាប់ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ បើទោះបីជាយ៉ាងនេះក្តី ក៏អគ្គមេបញ្ជាការយោធាអ៊ុយក្រែនរូបនេះ មិនបានប្រាប់ពីចំនួនជនស៊ីវិលអ៊ុយក្រែនដែលបានស្លាប់ ឬកងកម្លាំងរុស្ស៊ីប៉ុន្មាននាក់ដែលរដ្ឋាភិបាលក្រុងកៀវប៉ាន់ស្មានថា បានស្លាប់នៅក្នុងសង្គ្រាមនោះឡើយ ប៉ុន្តែអគ្គសេនាធិការកងកម្លាំងអ៊ុយក្រែន ធ្លាប់បានប៉ាន់ស្មានថា កងទ័ពរុស្ស៊ីសរុបប្រមាណ៤៥.៤០០នាក់ បានស្លាប់នៅក្នុងសង្គ្រាមឈ្លានពានក្នុងប្រទេសរបស់ខ្លួន។
- ទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB បាននិយាយនៅថ្ងៃចន្ទថា អ៊ុយក្រែនជាអ្នកនៅពីក្រោយ នៃការដាក់គ្រាប់បំផ្ទុះរថយន្តនៅជាយក្រុងមូស្គូ ដែលបានសម្លាប់លោកស្រី Daria Dugina ដែលជាកូនស្រីរបស់ជនមនោគមវិជ្ជារុស្ស៊ីដ៏តឹងរ៉ឹងលោក Alexander Dugin។ ទីភ្នាក់ងារសន្តិសុខរុស្ស៊ីនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឧក្រិដ្ឋកម្មនេះត្រូវបានរៀបចំនិងប្រព្រឹត្តទៅដោយភ្នាក់ងារសន្តិសុខពិសេសរបស់អ៊ុយក្រែន ហើយអ្នកប្រព្រឹត្តនូវសកម្មភាពនេះ បានរត់គេចខ្លួនទៅកាន់ប្រទេសអេស្តូនី ដែលជាសមាជិករបស់សហភាពអឺរ៉ុប» ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ប្រទេសរុស្ស៊ីអាចនឹងបង្កហេតុក្នុងរឿងមួយទៀតដោយកាត់ទោសកងកម្លាំងអ៊ុយក្រែនដែលរុស្ស៊ីចាប់ខ្លួនបានក្នុងអំឡុងពេលសង្រ្គាម ខណៈដែលរដ្ឋាភិបាលក្រុងកៀវកំពុងប្រុងប្រៀបរៀបចំទិវាបុណ្យខួបឯករាជ្យជាតិលើកទី៣១របស់ខ្លួននោះ។ នេះបើតាមការព្រមានឱ្យដឹងរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃអាទិត្យ។ «ប្រសិនបើរឿងនេះកើតឡើងមែននោះ ហើយយោធារបស់អ៊ុយក្រែនត្រូវបានគេនាំទៅកាត់ទោស ដែលរំលោភទៅលើកិច្ចព្រមព្រៀងទាំងអស់ និងបទបញ្ញត្តិអន្តរជាតិទាំងអស់ នោះជាការរំលោភមួយ។ នេះបើតាមការព្រមានរបស់លោក Zelensky នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃអាទិត្យ។ លោកបន្ថែមថា «នេះជារឿងមួយដែលនឹងមិនធ្វើឱ្យកិច្ចចរចាណាមួយ អាចកើតមានឡើងនោះឡើយ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
- ការនាំចេញផលិតផលកសិកម្មរបស់ប្រទេសអ៊ុយក្រែនទំនងជានឹងមានការកើនឡើងរហូតដល់ប្រមាណ៤លានតោននៅក្នុងខែសីហានេះ ដែលកើនឡើងពី៣លានតោនកាលពីខែកក្កដាកន្លងទៅ ដោយសារតែមានកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ដែលបានបើកកំពង់ផែសមុទ្ររបស់អ៊ុយក្រែន។ នេះបើតាមការលើកឡើងរបស់អនុប្រធានក្រុមប្រឹក្សាកសិកម្មអ៊ុយក្រែននៅថ្ងៃចន្ទនេះ។ ប៉ុន្តែបើទោះបីជាមានការបើកកំពង់ផែរបស់អ៊ុយក្រែនឡើងវិញក្តី ក៏ការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន នៅតែមានកម្រិតទាបគួឱ្យកត់សម្គាល់ជាងកាលពីមុនសង្គ្រាមកើតឡើង ពោលគឺអ៊ុយក្រែនអាចនាំចេញគ្រាប់ធញ្ញជាតិ រហូតដល់ទៅប្រមាណ៦លានតោន ក្នុងមួយខែៗ កាលពីមុនសង្គ្រាម។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
២១:៥៣
១៩.៨.២០២២
ថ្ងៃសុក្រ ទី ១៩ ខែសីហា៖
- អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយនៅថ្ងៃសុក្រថា វត្តមានកងទ័ពរុស្ស៊ីនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែននោះ ជាការធានាមួយមិនឱ្យមាននូវអ្វីដែលលោកហៅថា ជា«ស្ថានភាពដូចរោងចក្រនុយក្លេអ៊ែរ Chernobyl » ដែលបានបង្កមហន្តរាយនៃការលេចធ្លាយវិទ្យុសកម្មនុយក្លេអ៊ែរកាលពីឆ្នាំ ១៩៨៦។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោក Ivan Nechaev បាននិយាយកាលពីម្សិលមិញថា ការស្នើរបស់អង្គការសហប្រជាជាតិដើម្បីដកកងទ័ពចេញពីតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរនោះ «មិនអាចទទួលយកបានឡើយ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីតូកគីលោក Tayyip Erdogan បាននិយាយថា លោកនឹងពិភាក្សារឿងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy រួចមក។ នេះបើតាមអត្ថបទនៃកិច្ចសម្ភាសន៍របស់លោក។ លោក Zelenskyy បាននិយាយថា រុស្ស៊ីត្រូវតែដោះគ្រាប់មីនទាំងអស់ចេញពីតំបន់រោងចក្រនោះ។ នេះបើតាមលោក Erdogan ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅពេលលោកធ្វើដំណើរត្រឡប់ទៅប្រទេសតួកគីវិញពីទីក្រុង Lviv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។ លោក Erdogan និយាយទៀតថា «យើងនឹងពិភាក្សាបញ្ហានេះជាមួយប្រធានាធិបតីរុស្ស៊ីលោក Putin ហើយសួរលោកចំៗថា តើរុស្ស៊ីត្រូវធ្វើអ្វីខ្លះដែលជាជំហានដ៏សំខាន់សម្រាប់សន្តិភាពពិភពលោកនោះ»។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- កងទ័ពរុស្ស៊ីកំពុងបន្តបាញ់ផ្លោងឥតឈប់ឈរលើទីតាំងជួរមុខរបស់ទីក្រុង Kharkiv ភាគឦសាន ដើម្បីបិទខ្ទប់កងកម្លាំងអ៊ុយក្រែនមិនឱ្យធ្វើការវាយបកប្រឆាំងនឹងខ្លួននៅតំបន់ផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃសុក្រ។ មនុស្ស ១៧ នាក់បានស្លាប់និង ៤២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារ ២ ថ្ងៃជាប់ៗគ្នារបស់កងទ័ពរុស្ស៊ីកាលពីពុធ និងថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Kharkiv ដែលជាទីក្រុងធំបំផុតទី ២ របស់អ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់អ៊ុយក្រែនហើយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
- អ្នកភូមិរុស្ស៊ីចំនួន ២ ត្រូវបានជម្លៀសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានអគ្គិភ័យដ៏ខ្លាំងមួយនៅឃ្លាំងផ្ទុកគ្រាប់រំសេវ ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ នេះបើតាមការឱ្យដឹងរបស់អាជ្ញាធរមូលដ្ឋាន។ អគ្គិភ័យនោះកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់នៅបន្ទាយយោធារុស្ស៊ីមួយកន្លែង និងឃ្លាំងផ្ទុកគ្រាប់រំសេវនៅក្នុងតំបន់ Crimea ដែលត្រូវបានដាក់បញ្ជូលជាផ្នែកមួយនៃទឹកដីរបស់រុស្ស៊ី ហើយដែលរស្ស៊ីហៅការផ្ទុះនោះ ថាជាសកម្មភាពវិទ្ធង្សនាមួយ ដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងកៀវ។ គេនៅមិនទាន់ឃើញសេចក្តីរាយការណ៍ណាមួយជុំវិញការឆេះនេះឡើយ ក៏ប៉ុន្តែអ្នកភូមិ Timonovo និងភូមិ Soloti ដែលស្ថិតនៅក្បែរនោះ ត្រូវបានគេជម្លៀសទៅកាន់ទីកន្លែងដែលមានសុវត្ថិ ភាព។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP៕