ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ថា​ទ្វីប​អាហ្រ្វិក ​ត្រូវ​ការ​បង្កើត​គោល​នយោបាយ​​​ត្រួតពិនិត្យ​​និង​ឆ្លើយតប​ទៅ​នឹង​ការ​បំពាន​ផ្សេងៗ


Residents flee fighting between M23 rebels and Congolese forces near Kibumba, some 20 kms ( 12 miles) North of Goma, Democratic republic of Congo, Oct. 29, 2022.

អ្នកស្រី Mausi Segun ជា​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំទ្វីបអាហ្រ្វិក ​និយាយ​ថា នៅ​បណ្តា​ប្រទេស​អាហ្វ្រិកជាច្រើន ពលរដ្ឋ​មួយ​ចំនួន​កំពុង​ជាប់គាំង​នៅ​ក្នុង​ជម្លោះ​ និង​មិនមាន​កន្លែងត្រូវ​ទៅ​នោះ​ទេ។

អ្នកស្រី​ថ្លែង​ដូច​នេះថា៖ «ការ​រំលោភបំពាន​ផ្នែក​សិទ្ធិ​មនុស្ស​ដ៏​អាក្រក់​មួយ​ចំនួន​បន្ត​កើត​មាន​នៅ​ក្នុង​បរិបទ​ជម្លោះ។ ជនស៊ីវិល​ត្រូវ​បន្ត​រងគ្រោះ​ពី​ជម្លោះ​ប្រដាប់​អាវុធ អំពើ​ហិង្សា​ក្នុង​សហគមន៍​ ភាព​ចលាចល​ផ្នែក​នយោបាយ​និង​សង្គម ក៏​ដូចជា​ការ​គាបសង្កត់​របស់រដ្ឋាភិបាល​ប្រឆាំង​នឹង​សំឡេង​រិះគន់​និង​ឯករាជ្យ​ នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្រ្វិក។ ទាំងអស់​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់ជីវិត​និង​បំផ្លាញជីវភាព​របស់​ពលរដ្ឋ»។

យោង​តាមគម្រោង​ទិន្នន័យ​ព្រឹត្តិការណ៍​និង​ទីតាំង​ជម្លោះ​ប្រដាប់​អាវុធ (ACLED)បាន​ឱ្យ​ដឹង​ថា​ យ៉ាង​ហោចណាស់​មាន​ព្រឹត្តិការណ៍​ហិង្សា​ចំនួន ៣៦.០០០​ករណី​ និង​ការ​ស្លាប់ប្រជាជន​ជាង ៥ម៉ឺននាក់​ បង្ក​ឡើង​ដោយ​អំពើ​ហិង្សា​នៅ​អាហ្វ្រិក​កាល​ពី​ឆ្នាំ​មុន។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watchបាន​និយាយ​ថា ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​យ៉ាង​ហោចណាស់​ក៏​ចំនួន​១៥​ នៅ​តំបន់ Sahel តំបន់​ Lake Chad តំបន់ Great Lake និង​តំបន់​ជ្រោយខាងកើត​នៃ​ទ្វីប​អាហ្វ្រិក​ (Horn of Africa) កងកម្លាំង​រដ្ឋាភិបាល​និង​ក្រុម​ប្រដាប់​អាវុធ​ ត្រូវ​បាន​បង្ហាញ​ថា​បាន​ប្រព្រឹត្ត​អំពើ​រំលោភបំពាន​ផ្សេងៗ​ប្រឆាំង​នឹង​ជនស៊ីវិល។

អ្នកស្រី​ Segun ថ្លែងបន្ថែម​ទៀតថា៖ «ក្រុម​បះបោរ​ប្រដាប់​អាវុធ​ ហើយ​ក្នុង​ករណី​ខ្លះ​មាន​កងកម្លាំង​រដ្ឋាភិបាល​ផងដែរ​ បាន​បង្ក​ភាព​ភ័យខ្លាច​និង​តក់ស្លុត​ដល់​ជនស៊ីវិល​ ដែល​ជាប់​គាំង​ក្នុង​ការ​ប្រយុទ្ធគ្នា និង​បាន​បង្ខំ​ឲ្យ​មនុស្ស​រាប់​សែននាក់​រត់ភៀសខ្លួន​ក្នុង​ស្រុក​និង​ចេញទៅ​ក្រៅ​ប្រទេស​ ​ហើយ​ដែល​ពួក​គេ​ជា​ច្រើនត្រូវ​ប្រឈមនឹង​ការ​រើសអើង​ ការ​បដិសេធ និង​ពេលខ្លះ​រងនូវអំពើ​ហិង្សា​ផង​ដែរ»។ ​

ភាព​មិន​អត់ឱន​ផ្នែក​នយោបាយ​ សាសនា និង​សង្គម​ក៏​បាន​កើនឡើង​ផងដែរ នេះ​បើ​យោង​ទៅ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​សិទ្ធិ​មនុស្ស។ របាយការណ៍​បាន​និយាយ​ថា ការ​ប្រើ​ប្រាស់​ភាសា​បង្ក​ឲ្យ​មាន​ការ​ស្អប់​គុំគួន​ ការ​វាយប្រហារ​ទៅ​លើ​បុគ្គល​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជន​ប្រឆាំង​ ការ​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ដើម្បី​យក​ធនធាន​ និង​កត្តា​ដទៃ​ទៀត​បាន​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង​នៅ​ក្នុង​សហគមន៍ ការ​បះបោរ​ និង​ការជ្រើសរើសក្រុម​ជ្រុលនិយម​នៅ​តាម​ប្រទេស​ខ្លះ​នៅ​អាហ្វ្រិក​ជា​ដើម។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ក៏បាន​សរសើរ​សហភាព​អាហ្រ្វិក និង​បណ្តា​ប្រទេស​ក្នុង​តំបន់​រួមទាំង​សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច ចំពោះ​ការ​ចាត់វិធានការ​ដូចជា ការ​សម្របសម្រួលជា​មួយក្រុម​ប្រយុទ្ធ​គ្នា​នៅ​អេត្យូពី ការ​ថ្កោលទោស​រដ្ឋប្រហារ​នានា​នៅ​តំបន់អាហ្វ្រិក​ភាគ​ខាងលិច ​និង​ការបដិសេធ​ទទួលស្គាល់​ការ​ប៉ុនប៉ង​ណា​មួយ​ក្នុង​ការ​ដណ្តើម​យក​អំណាច​ដោយ​ប្រើ​កម្លាំង​ជា​ដើម។

អ្នកស្រី Carine Kaneza Nantulya នាយិការរង​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch សម្រាប់​ទ្វីបអាហ្រិ្វក​បាន​និយាយ​ថា​ រដ្ឋ​អំណាច​នៅ​ក្នុង​ទ្វីប​នេះ​មិន​បាន​ប្រឹងប្រែងគ្រប់គ្រាន់​ដើម្បី​ស៊ើបអង្កេត​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​នោះឡើយ។

អ្នកស្រី​ថ្លែង​ដូច្នេះថា៖ «ពួកគេ​បាន​ធ្វើ​កិច្ចប្រជុំ​កំពូល​ និង​បាននិយាយ​អំពី​រឿង​ទាំង​នេះ។ ​ឧទាហរណ៍​ ពួកគេ​ចង់​បាន​សន្តិភាព​និង​សន្តិសុខ ដើម្បី​ធ្វើ​ការ​សិក្សា​និង​វាយតម្លៃ​ពី​ហេតុបង្ក​នៅពីក្រោយ​នៃវិបត្តិ​ផ្សេងៗ​។ ប៉ុន្តែ​ចន្លោះ​ប្រហោង​គឺ​ថា​ មិនមាន​ការ​សង្កត់ធ្ងន់​ពីបញ្ហា​យុត្តិធម៌ និង​ការ​ទទួលខុសត្រូវ ដែល​គួរ​ជា​ចំណុច​ផ្តោត​នៃ​ការ​ធ្វើ​សេចក្តីសម្រេច​ផ្នែក​នយោបាយនោះ​ទេ ដែល​ទីមួយ​គឺរក្សា​នូវ​ដំណើរការ​ទាំង​នេះ និង​ទីពីរ​ គឺផ្សះផ្សា​និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​រាប់លាន​នាក់​ដែល​បាន​រងការ​ប៉ះពាល់​ដោយសារ​វិបត្តិ​នេះ»។ ​

នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​និង​ហ្គីណេ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​មួយ​នេះ​ ក៏បាន​កត់សម្គាល់​ពី​ការ​វិវត្ត​ទៅ​មុខ​នៅ​ក្នុង​ការ​ធានា​យុត្តិធម៌​សម្រាប់​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ។ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុងក្រុង​ឡាអេ​បាន​ធ្វើ​សវនាការ​ប្រឆាំង​នឹង​មេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ នៅ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​ និង​ស៊ូដង់​ ដែលមេដឹកនាំ​ក្រុម​សកម្មប្រយុទ្ធ​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ បាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ជនស៊ីវិល។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាហ្វ្រិក​ ដែល​មាន​មូលដ្ឋាន​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋអាមេរិក​ ​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​អាហ្រ្វិក​ និង​រដ្ឋាភិបាល​នានា​ ឱ្យ​អនុវត្ត​គោលនយោបាយ​ដើម្បី​ត្រួតពិនិត្យ​មើល​និង​រាយការណ៍​ពី​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​នៅ​តាម​តំបន់​មាន​ជម្លោះ​។ ពួកគេបាន​និយាយ​ថា ការ​ធ្វើ​ដូច​នេះ​អាច​បញ្ចៀស​បាន​នូវ​ការ​ប្រព្រឹត្ត​អំពើ​ឃោឃៅនិង​វិបត្តិ​មនុស្សធម៌​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG